ក្រសួងបរិស្ថាននៅថ្ងៃច័ន្ទនេះ បន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ផ្អាកការចុះលេងទឹកសមុទ្រ និងទទួលទានអាហារសមុទ្រនៅក្នុងខេត្តកែប ទោះបីជាស្ថានភាពទឹកសមុទ្រ មានភាពរងថ្លា និងឈានទៅរកភាពប្រក្រតីឡើងវិញក៏ដោយ។
យោងទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ក្រសួងបានអំពាវនាវដល់សាធារណជនគ្រប់រូប ជាពិសេសប្រជាពលរដ្ឋរស់នៅតាម តំបន់ឆ្នេរសមុទ្រខេត្តកែប និងភ្ញៀវទេសចរណ៍ ដែលអញ្ជើញទៅកម្សាន្តនៅតំបន់ឆ្នេរសមុទ្រ ខេត្តកែប ឲ្យបន្តការប្រុងប្រយ័ត្ន ដោយគួរបន្តការផ្អាកចុះមុជទឹកសមុទ្រកម្សាន្ត រហូតដល់ចុងសប្ដាហ៍នេះ ដើម្បីជាការបង្ការបញ្ហាគ្រោះថ្នាក់ជាយថាហេតុ ក៏ដូចជាទុកឱកាសឲ្យមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកែប ធ្វើការបោសសម្អាតឆ្នេរឲ្យបានស្អាតបាតជាមុនសិន។
នៅក្នុងការសន្និដ្ឋានរបស់ខ្លួនចំពោះការប្រែពណ៌ទឹកសមុទ្រទៅជាពណ៌បៃតង ក្រសួងបរិស្ថានបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះថា៖
«តាមការសន្និដ្ឋានបឋម ការកើនឡើងនៃកម្រិតស្លែនៅក្នុងទឹកសមុទ្រ គឺបណ្ដាលមកពីការកើនឡើងនូវសីតុណ្ហភាព ពន្លឺ និងការប្រែប្រួលនូវជីវជាតិចិញ្ចឹមនៅក្នុងទឹកសមុទ្រ»។
ទាក់ទិនសកម្មភាពនេសាទ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានបានបន្តថា ចំពោះការនេសាទសមុទ្រនៅខេត្តកែប ប្រជានេសាទ អាចបន្តប្រកបមុខរបររបស់ខ្លួននៅតាមតំបន់ទឹក ដែលមានរយៈចម្ងាយពីឆ្នេរប្រមាណ៥០០ម៉ែត្រឡើងទៅ។
ក្រសួងបរិស្ថាន បានបន្ថែមថា ក្រសួងនឹងបន្តពិនិត្យតាមដានបញ្ហានេះ និងសិក្សាលម្អិតអំពីប្រភព ដែលបង្កឲ្យមានហេតុការណ៍នេះ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ប្រាប់ VOA នៅរសៀលថ្ងៃច័ន្ទនេះថា ក្រសួងនៅបន្តជំហរស្នើសុំឲ្យប្រជាពលរដ្ឋ និងអ្នកទៅទស្សនាខេត្តកែប ផ្អាកសកម្មភាពចុះមុជទឹកសមុទ្រ និងបរិភាគគ្រឿងសមុទ្រនៅទីនោះ។
លោកនិយាយថា ប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកទេសចរ គួរទុកពេលឲ្យមន្ត្រីបច្ចេកទេស ក្រសួងធ្វើការតាមដាន និងធ្វើពិសោធន៍លើតម្រូវការអុកស៊ីហ្សែនតាមបែបគីមីដែលមានកម្រិតខ្ពស់នៅចំណុចកំពង់ផែកោះទន្សាយ និងចំណុចសហគមន៍នេសាទលក ហើយនិងរកហេតុផលផ្សេងទៀតនៃការប្រែប្រួលពណ៌ និងក្លិននៃទឹកសមុទ្រនេះ។
«អញ្ចឹងហើយបានយល់ថា យើងគួរទុករយៈពេលតាមដាន ហើយអ្នកចុះមុជទឹកកម្សាន្តហ្នឹង បើសិនជាមិនចាំបាច់ គឺត្រូវ ឬក៏គួរតែបន្តផ្អាករហូតដល់ចុងសប្ដាហ៍។ អាហ្នឹងគឺយើងចង់នៅអញ្ចឹង»។
លោកបន្ថែមថា ក្រសួងបរិស្ថានបានបញ្ជូនក្រុមការងារជំនាញគាំពារបរិស្ថានចុះទៅស្រាវជ្រាវលើករណីមិនប្រក្រតីនេះបន្ថែមទៀត។
លោកបញ្ជាក់ថា ទឹកសមុទ្រក្នុងភូមិសាស្ត្រខេត្តកែបអាចមានផ្ទុកសារធាតុគីមីសរីរាង្គ ដែលតម្រូវអ្នកចង់ចុះងូតទឹកកម្សាន្តត្រូវមានអត់ធ្មត់មួយរយៈ។
បន្ទាប់ពីសេចក្ដីរាយការណ៍ថា ទឹកសមុទ្រនៅក្នុងភូមិសាស្ត្រខេត្តកែប បានប្រែទៅជាពណ៌បៃតងនោះ ក្រុមការងារអន្តរក្រសួងមួយក្រុមមកពីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ត្រូវបានបញ្ជូនឲ្យចូលធ្វើការពិនិត្យពិច័យពីឫសគល់នៃការកើតមានបាតុភាពដែលកម្រកើតមាននេះ។ នេះបើយោងទៅតាមការបញ្ជាក់ របស់លោក ឆាយ ធឿន អនុប្រធាននាយកដ្ឋានទទួលបន្ទុកឆ្នេរនៃគណៈកម្មការតំបន់ឆ្នេរ។
លោក ឆាយ ធឿន បានប្រាប់ VOA ថា លោកមិនទាន់មានព័ត៌មានបន្ថែមពីក្រុមការងារដែលបានចេញទៅពិនិត្យស្ថានភាពមិនប្រក្រតីនេះ នៅឯព្រំដែនកម្ពុជា វៀតណាមនោះទេ។
យ៉ាងណាក៏ដោយ លោកថ្លែងថា ស្ថានភាពដែលបានកើតឡើងនៅក្នុងខេត្តកែប មានលក្ខណៈខុសគ្នាឆ្ងាយទៅនឹងអ្វីដែលបានកើតឡើងនៅឆ្នេរសមុទ្រប៉ាតាយ៉ាប្រទេសថៃ ជាកន្លែងដែលមានសណ្ឋាគារធំៗ បានបង្ហូរទឹកស្អុយចូលទៅសមុទ្រ។
លោកអះអាងថា ប្រតិបត្តិការសណ្ឋាគារ និងផ្ទះសំណាក់តូចៗនៅក្នុងខេត្តកែប មិនអាចបង្កឲ្យមានការប្រែប្រួលពណ៌ និងក្លិនទឹកសមុទ្របានទេ បើធៀបទៅនឹងឆ្នេរសមុទ្រប៉ាតាយ៉ាប្រទេសថៃ។
«កាលនៅប៉ាតាយ៉ាប្រទេសថៃ វាកើតអញ្ចឹងដែរ។ កាលហ្នុងគណៈកម្មការខ្ញុំចុះទៅមើលដែរ តែមិនដូចនេះពេក។ នៅនោះគេមានសណ្ឋាគារគេធំៗ ហើយគេបង្ហួរអាទឹកសម្អុយចូលទៅក្នុងសមុទ្រ។ តែយើង យើងអត់មានសណ្ឋាគារធំបង្ហូរទឹកសម្អុយចូលទេ។ វាមានតែផ្ទះសំណាក់តូចៗល្មមៗហ្អាណ៎ា។ នៅថៃវាមាន ១០០០នាក់អីនោះ ១០០បន្ទប់ ២០០បន្ទប់អីនោះ»។
លោក ឆាយ ធឿន បន្ថែមថា ស្ថានភាពប្រែប្រួលពណ៌ទឹកសមុទ្រ និងការកើនឡើងនៃកម្រិតស្លែនេះកម្រកើតមាននៅក្នុងខេត្តកែបនេះ។
លោកមិនទាន់ហ៊ានសន្និដ្ឋានទុកជាមុនអំពីមូលហេតុពិតប្រាកដ ដែលនាំឲ្យមានបាតុភូតនេះទេ ដោយលោកថា ត្រូវរង់ចាំលទ្ធផលស្រាវជ្រាវចុងក្រោយរបស់ក្រសួងបរិស្ថានសិន។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងបរិស្ថានឲ្យដឹងថា បាតុភូតធម្មជាតិនេះក៏បានកើតឡើងនៅក្នុងប្រទេសផ្សេងទៀតដែរ ពោលគឺមិនមែនមានតែនៅប្រទេសកម្ពុជានោះទេ៕