លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃអាទិត្យនេះ បានថ្លែងប្រាប់ VOA ថា ស្ថានភាពទឹកសមុទ្រដែលបានប្រែពណ៌ទៅជាបៃតងនៅក្នុងភូមិសាស្ត្រខេត្តកែបនោះ នឹងប្រែមកជាស្ថានភាពធម្មតាវិញ នៅក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។
«ល្ងាចម្សិលមិញហ្នឹងគឺ ខាងក្រុមការងារយើងនៅឯខេត្តកែប បានរាយការណ៍មកឃើញថា វាចុះដល់ជាង៨០%ហើយ។ អញ្ចឹង យើងសង្ឃឹមថា អាចថ្ងៃនេះ ឬក៏ថ្ងៃស្អែកហ្នឹង អាចវិវត្តន៍ទៅរកស្ថានភាពដើមវិញ»។
ទឹកសមុទ្រនៅខេត្តកែប បានប្រែទៅជាពណ៌បៃតង ចាប់តាំងពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយសារការកើនឡើងនៃកម្រិតជាតិស្លែខុសពីប្រក្រតី។ ស្ថានភាពនេះអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយជាសាធារណៈ ដោយក្រសួងបរិស្ថានកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
ស្របពេលមានសេចក្ដីរាយការណ៍អំពីការប្រែពណ៌ទឹកសមុទ្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីល្ងាចសៅរ៍ បានស្នើតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ឲ្យប្រជាពលរដ្ឋខ្មែរ ផ្អាកទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រនៅក្នុងខេត្តកែប។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖
«ទន្ទឹមនឹងមានសេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២ ខែមេសានេះ អំពីកំណើននៃកម្រិតជាតិស្លែដែលធ្វើឲ្យទឹកសមុទ្រនៅកែប មានពណ៌បៃតងដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលរស់នៅក្នុងភូមិសាស្ត្រកែប ជាពិសេសទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅទីនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការទទួលទានគ្រឿងសមុទ្រ និងផ្អាកឈប់ចុះងូតទឹកសមុទ្រនៅទីនេះមួយរយៈ»។
លោក ឆាយ ធឿន អនុប្រធាននាយកដ្ឋានទទួលបន្ទុកឆ្នេរនៃគណៈកម្មការតំបន់ឆ្នេរ ថ្លែងថា ស្ថានភាពទឹកសមុទ្រនៅក្នុងភូមិសាស្ត្រខេត្តកែបនេះ មិនត្រឹមតែបានប្រែទៅជាពណ៌បៃតងនោះទេ វាថែមទាំងមានសភាពធំក្លិនស្អុយ ដែលពិបាកស្មានថា ក្លិននោះ នឹងរលាយបាត់ទៅនៅពេលណានោះ។
លោកមានប្រសាសន៍ថា វាជារឿងកម្រចំពោះការលេចឡើងនៃបាតុភាពនេះ។
«មិនងាយមានទេអាហ្នឹង ទើបមានម្ដងហ្នឹង។ ពីមុនមក ដូចខ្ញុំប្រាប់ទៅព្រឹកមិញហ្នឹងថា វាស្អុយដែរ។ ស្អុយសម័យសង្គ្រាម គេយកអាគ្រាប់បែកហ្នឹងទៅបោកយកត្រី។ ក្រែងលោ វាងាប់ត្រី វាស្អុយអណ្ដែតមកណាស់ ដោយសារឥឡូវនេះ វាអត់មានគ្រាប់បែកស្អីយើងបោកទៀតទេ តែវាស្អុយមក ថែមទាំងទឹកខ្មៅហ្មង តែឥឡូវអន់ខ្មៅហើយទឹក»។
យ៉ាងណាក៏ដោយ លោកថ្លែងថា ស្ថានភាពធំក្លិនស្អុយនេះ នឹងបាត់ទៅក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក ឆាយ ធឿន ឲ្យដឹងបន្ថែមថា ក្រុមការងារអន្តរក្រសួង រួមមានក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចុះមកពិនិត្យមើលស្ថានភាពមិនប្រក្រតីនេះនៅខេត្តកែប កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
លោកបន្ថែមថា ក្រុមការងារនេះក៏បន្តដំណើរទៅព្រំដែនកម្ពុជា វៀតណាម ដើម្បីសិក្សារកមូលហេតុបន្ថែមលើការប្រែពណ៌ទឹកសមុទ្រដែលកម្រកើតមាននេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចុះថ្ងៃទី២ ខែមេសាឆ្នាំ ២០១៦ បានអំពាវនាវស្រដៀងគ្នាទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរដោយបានស្នើឲ្យសាធារណជនគ្រប់រូប ជាពិសេស ប្រជាពលរដ្ឋរស់នៅតាមតំបន់សមុទ្រខេត្តកែប និងភ្ញៀវទេសចរណ៍ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការចុះលេងទឹកសមុទ្រ និងផ្អាកបរិភោគគ្រឿងសមុទ្រដែលបាននេសាទពីតំបន់កំពុងកើតមានបញ្ហានេះមួយរយៈពេលខ្លី។
សេចក្ដីប្រកាសព័ត៌មានដដែលនោះបន្តថា ក្រសួងនឹងតាមដានបញ្ហានេះ ដោយយកចិត្តទុកដាក់បំផុត និងធ្វើសេចក្ដីជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបជាព័ត៌មានជាបន្តបន្ទាប់៕