អង្គភាពប្រឆំាងអំពើពុករលួយ បន្តការសាកសួរនិងកសាងសំណុំរឿងពុករលួយរបស់មន្ត្រីក្រសួងការបរទេសមួយរូប ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ពេលកំពុងប្រព្រឹត្តបទល្មើសពុករលួយ។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆំាងអំពើពុករលួយ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆំាងអំពើពុករលួយបានប្រាប់ VOA នាថ្ងៃសុក្រនេះថាពេលនេះអង្គភាពរបស់លោក កំពុងធ្វើការជាមួយព្រះរាជអាជ្ញា និងសួរចម្លើយពីមន្ត្រីដែលជាប់សង្ស័យរូបនោះ មុននឹងអាចបញ្ជូនខ្លួនមន្ត្រីរបស់ក្រសួងការបរទេសនេះទៅតុលាការ។
«នៅពេលដែលយើងចាប់ហ្នឹង គឺគាត់កំពុងតែប្រព្រឹត្តបទល្មើស ដែលទារលុយហើយនិងទទួលយកប្រាក់អំពីខាងរោងចក្រ ក្នុងការមកធ្វើបែបបទេ ហើយខ្ញុំនៅសល់ពេលតិចតួចដើម្បីបញ្ចប់»។
លោកក៏បានឲ្យដឹងផងដែរថា៖ «បាទយើងឃើញថា មានភស្តុតាងរឹងមាំច្រើន។ ហើយយើងកំពុងធ្វើបែបបទ ដើម្បីបញ្ជូនទៅតុលាការ។ ហើយយើងមានពេល៤៨ម៉ោង យើងនៅសល់ពេលមួយថ្ងៃទៀត»។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ មន្ត្រីមានសមត្ថកិច្ចរបស់អង្គភាពប្រឆំាងអំពើពុករលួយបានចុះឃាត់ខ្លួនមន្ត្រីមួយរូបពីទីស្តីការក្រសួងការបរទេស ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងក្រសួងនោះ។
យ៉ាងណាក៏ដោយ លោក ឱម យ៉ិនទៀង នៅមិនទាន់អាចបញ្ចេញឈ្មោះនិងតួនាទីរបស់មន្ត្រីក្រសួងការបរទេសរូបនេះនៅឡើយនោះទេ ដោយសារករណីពុករលួយនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។
រីឯលោក ជុំ សុន្ទរី អ្នកនាំពាក្យរបស់ក្រសួងការបរទេស ក៏សុំមិនធ្វើការអធិប្បាយលើករណីនេះផងដែរ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសដែល VOA បានទទួលឲ្យដឹងថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាក់ កុំឲ្យមន្ត្រីរបស់លោកមាន«ការភ្ញាក់ផ្អើល ចំពោះករណីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់មន្ត្រីក្រសួងការបរទេសមួយរូប» នេះដោយសារតែមានភស្តុតាងគ្រប់គ្រាន់ អំពីការទទួលលុយពីក្រុមហ៊ុនឯកជនមួយ។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីរូបនេះមិនបានបញ្ជាក់ពីឈ្មោះនិងតំណែងមន្ត្រីរូបនោះទេ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងប្រាប់ VOA នាថ្ងៃសុក្រនេះថា ការបង្ក្រាបអំពើពុករលួយនេះគឺជាករណីមួយក្នុងចំណោមករណីជាច្រើនផ្សេងទៀត ដែលមន្ត្រីកម្ពុជាបានសំណូកឬទាមទារប្រាក់កាសពីអ្នកវិនិយោគមុនពេលអនុញ្ញាតឲ្យធ្វើការវិនិយោគក្នុងប្រទេស។
«បាទ! នៅពេលដែល ACU គេមានភស្តុតាងរឹងមាំ ហើយវាអាចជាការអនុវត្តការងារហ្នឹង។ វាគឺជាដំណើរការទៅមុខផងដែររបស់ ACU ក្នុងការចាត់វិធានការហ្នឹងដែរ ជាពិសេសគឺការចាត់វិធានការទៅលើមន្ត្រីរដ្ឋាភិបាលតែម្តង»។
លោក សន ជ័យ ក៏បានសាទរចំពោះការបង្ក្រាបលើបញ្ហាពុករលួយនេះ ដែលកំពុងធ្វើឲ្យកម្ពុជាបាត់បង់ថវិកាឬផលចំណេញជាច្រើ់នពីការវិនិយោគ ព្រោះជារឿយៗធ្វើឲ្យអ្នកវិនិយោគដកការទុកចិត្ត ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា ដោយសារតែមន្ត្រីពុករលួយទាំងនោះ។
គេដឹងផងដែរថា នេះគឺជាមន្ត្រីកម្ពុជាទី១ក្នុងឆ្នាំ២០១៦នេះ ដែលអង្គភាពប្រឆំាងអំពើពុករលួយបានឃាត់ខ្លួន៕