រដ្ឋាភិបាលកម្ពុជាបានយល់ព្រមតាមសំណើរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងការអនុវត្តផែនការកែលម្អតំបន់ឆ្នេរខ្សាច់លំហែកម្សាន្តក្នុងខេត្តព្រះសីហនុ។ នេះបើយោងទៅតាមសេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចេញផ្សាយជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
សេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺធ្វើទៅតាមការយល់ព្រមរបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងបន្ទាប់ពីមានការតវ៉ារបស់ក្រុមអាជីវករលក់ដូរនៅតាមតំបន់ឆ្នេរចំនួនបី នៅក្នុងខេត្តព្រះសីហនុដែលបានកើតឡើងកាលពីខែមីនាកន្លងទៅ។ ការកើតឡើងនៃតវ៉ានោះ គឺបណ្តាលមកពីអាជ្ញាធរខេត្តនេះ បានឲ្យដឹងពីផែនការចុះរុះរើសំណង់អាជីវកម្មរបស់ក្រុមអាជីវករ ក្នុងរយៈពេលមួយខែ តែផែនការនេះបានស្ងប់ស្ងាត់ទៅវិញ។
យោងទៅតាមសេចក្តីសម្រេចចុះហត្ថលេខានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹង អំពីផែនការកសាងផ្លូវថ្មី នៅមុខដីរបស់ក្រុមហ៊ុនសុខា អូតែល អតីតអារីស្តុន ការរៀបចំដីចំណីឆ្នេរ និងការតម្រូវឲ្យក្រុមហ៊ុន សុខា អូតែល បើករបាំងរបងឲ្យសាធារណជនចេញ-ចូលទៅឆ្នេរខ្សាច់កម្សាន្តនៅមុនបុណ្យចូលឆ្នាំប្រពៃខ្មែរខាងមុខ។
លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ថ្លែងប្រាប់ VOA ថា អាជ្ញាធរខេត្តនឹងត្រូវអនុវត្តផែនការនេះ តែលោកមិនអាចបញ្ជាក់ថា ផែនការនេះនឹងត្រូវអនុវត្តនៅពេលណានោះទេ។ លោកក៏សុំមិនធ្វើអធិប្បាយទៅលើផលប៉ះពាល់ នៅពេលអនុវត្តផែនការនេះដែរ។
VOA ពុំទាន់អាចទាក់ទងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានទេ នៅថ្ងៃសុក្រនេះ។
យ៉ាងណាក៏ដោយ ក្រុមអាជីវករលក់ដូរនៅក្នុងតំបន់ឆ្នេរអូរឈើទាល ទល់មុខដីក្រុមហ៊ុនសុខា អូតែល សម្តែងក្តីបារម្ភចំពោះលទ្ធភាពនៃការបាត់បង់កន្លែងរកស៊ី។ ពួកគេធ្លាប់បានបើកយុទ្ធនាការទាមទារសុំឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង។
អ្នកស្រី ភឿក សុខេន តំណាងអាជីវករចំនួន១៤តូបនៅក្នុងតំបន់ឆ្នេរអូរឈើទាល ទល់មុខដីក្រុមហ៊ុន សុខា អូតែល មានប្រសាសន៍ថា ក្រុមអាជីវករនៅតែរក្សាជំហរសុំធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង ព្រោះថា ពួកគេនឹងពិបាករកទីតាំងផ្សេងដើម្បីប្រកបអាជីវកម្ម។
«ឲ្យអាជ្ញាធរគេរៀបចំទៅ ស្តង់របៀបម៉េច អីរបៀបម៉េច ឲ្យយើង១៤គ្រួសារ ដែលជាជនក្រីក្រ ហ្នឹងណា៎ លក់ទៅយើងបង់លុយចូលរដ្ឋទៅ ព្រោះអ្វីដីនៅសល់ច្រើនដែរ ធ្វើសួនច្បារទៅ ហើយបើដេញប្រជាពលរដ្ឋមិនឲ្យមានមុខរបររកស៊ីអញ្ចឹង យើងមិនដឹងទៅរស់របៀបណា? ចាំមើលរដ្ឋាភិបាលគាត់គិត របៀបម៉េច»។
តំណាងអាជីវកររូបនេះ ថ្លែងថា ក្រុមអាជីវករនឹងស្វះស្វែងរកការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ដើម្បីឲ្យពួកគេ បានប្រកបរបររកស៊ីនៅទីតាំងបច្ចុប្បន្ន។
ផែនការរៀបចំតំបន់ឆ្នេរដែលប្រមុខរដ្ឋាភិបាលបានផ្តល់ការអនុញ្ញាត ឲ្យដឹងបន្ថែមថា លោក ឧកញ៉ាសុខ គង់ ម្ចាស់ក្រុមហ៊ុនសុខា អូតែល ត្រូវផ្តល់ដីដែលប៉ះនឹងគម្រោងផ្លូវថ្មី និងត្រូវទទួលបន្ទុកចំណាយលើការសាងសង់ផ្លូវ ការរៀបចំសួនច្បារលើដីចំណីឆ្នេរ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឯទៀត ព្រមទាំងការគ្រប់គ្រង ថែទាំផ្លូវ សួនច្បារ និងឆ្នេរខ្សាច់ឲ្យមានសោភណភាព និងបរិស្ថានស្អាត សម្រាប់ឲ្យសាធារណជន និងទេសចរចេញចូលកម្សាន្ត។
នៅក្នុងផែនការនោះ ឆ្នេរឯករាជ្យ នឹងត្រូវបានអភិវឌ្ឍឲ្យទៅជាឆ្នេរ ដែលមានអត្តសញ្ញាណ នគរូបនីយកម្ម និងស្ថាបត្យកម្មប្រកបដោយសោភណភាពល្អឯក។ ចំពោះ តូបលក់ដូរទាំង១១ ដែលដំណើរការលើឆ្នេរនេះ នឹងត្រូវអនុញ្ញាតឲ្យដំណើរការដើម្បីបម្រើសាធារណជន និងទេសចរ ក្នុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ ក៏ប៉ុន្តែបន្ទាប់ពីក្រុមការងារពិសេសរៀបចំប្លង់ប្រើប្រាស់ដី ប្លង់អភិវឌ្ឍន៍ និងប្លង់គំរូតូបថ្មីសម្រាប់តំបន់ឆ្នេរនេះរួច ទើបត្រូវរុះរើតូបទាំង១១ចេញ។
លោកឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុនសុខា អូតែល បានបញ្ជាក់នៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនលោក នឹងធ្វើទៅតាមការចង់បានរបស់រដ្ឋាភិបាល បើទោះបីជាក្រុមហ៊ុនលោក ពុំទាន់ទទួលបានសេចក្តីសម្រេចនេះយ៉ាងណាក្តី។
«ខ្ញុំអត់ដឹងមានការតវ៉ាម៉េច បើរដ្ឋាភិបាលគាត់សម្រេចម៉េច ធ្វើតាមហ្នឹងទៅ ធ្វើម៉េចធ្វើអញ្ចឹង»។
លោកមានប្រសាសន៍បន្ថែម ថា ប្រសិនបើការអនុវត្តផែនការរៀបចំឆ្នេរនេះ បង្កផលប៉ះពាល់ទៅដល់អាជីវករ អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ជាអ្នកទទួលខុសត្រូវ។
កាលពីខែកុម្ភៈ លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាន ស្នើឲ្យអាជីវករដែលធ្វើអាជីវកម្មលក់ដូរនៅឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុន សុខា អូតែល អតីតដីអារីស្តុន) និងឆ្នេរមុខព្រះរាជដំណាក់ចាស់កំពង់សោម រុះរើសំណង់អាជីវកម្មរបស់ពួកគេចេញពីដីចំណីឆ្នេរនៅក្នុងតំបន់ទាំងបីនេះ ក្នុងរយៈពេលមួយខែ។ កាលបរិច្ឆេទកំណត់ឲ្យមានការរុះរើនេះ បានផុតទៅកាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅនេះ។
រហូតមកទល់នឹងពេលនេះ ក្រុមអាជីវករលក់ដូរក្នុងតំបន់ឆ្នេរទាំងបីនៅបន្តការរកស៊ីរបស់ពួកគេដដែល ដោយមិនទាន់មានការចេញបញ្ជាណាមួយពីអាជ្ញាធរមានសមត្ថកិច្ចឲ្យធ្វើការរុះរើ។ នេះបើយោងទៅតាមការបញ្ជាក់ពីតំណាងអាជីវករ និងអាជីវករលក់ដូរនៅទីនោះ៕