ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទូទាំង​ពិភពលោក​កើន​ឡើង​ដល់​ជាង ៣៧ លាន​ករណី


អ្នក​ជំងឺ​កូវីដ១៩ ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​មួយ​នៅ​មន្ទីរពេទ្យ Severo Ochoa ជាយក្រុង​ម៉ាឌ្រីដ ប្រទេស​អេស៉្បាញ ថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២០។
អ្នក​ជំងឺ​កូវីដ១៩ ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​មួយ​នៅ​មន្ទីរពេទ្យ Severo Ochoa ជាយក្រុង​ម៉ាឌ្រីដ ប្រទេស​អេស៉្បាញ ថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២០។

សាកលវិទ្យាល័យ Johns Hopkins នៅ​ក្នុង​សហរដ្ឋអាមេរិក បាន​រាយការណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា នៅ​ទូទាំង​ពិភពលោក មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ៣៧ លាន ២ សែន​ករណី និង​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​ចំនួន​ជាង ១ លាន​ករណី។

សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង ៧ លាន ៧ សែន​ករណី ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​ផ្នែក​សុខភាព​សាធារណៈ​រំពឹង​ថា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ឥណ្ឌា​នឹង​កើនឡើង​លើស​សហរដ្ឋអាមេរិក​ទៅ​ទៀត។ ឥណ្ឌា​បាន​រាយការណ៍​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​មាន​ករណី​ឆ្លង​ជំងឺ​នេះ​សរុប​ចំនួន​ជាង ៧ លាន​ករណី។

ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្នុង​រយៈពេល ២៤ ម៉ោង​កន្លង​មក​នេះ មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៧៤.៣៨៣ ករណី។

ប្រទេស​ប្រេស៊ីល​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន​ជាង ១ សែន ៥ ម៉ឺន​ករណី។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ប្រេស៊ីល។ បើ​យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins មានតែ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ដែល​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ចំនួន​ជាង ២១៤.០០០ ករណី ដែល​ច្រើន​ជាង​ប្រទេស​ប្រេស៊ីល​នោះ។

ប្រធានាធិបតី​ប្រេស៊ីល​ដែល​ប្រកាន់​ទស្សនៈ​ស្ដាំ​និយម​លោក Jair Bolsonaro បាន​និយាយ​សម្រាល​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ ខណៈ​ដែល​ខ្លួន​លោក​ផ្ទាល់​ក៏​បាន​ឆ្លង​ជំងឺ​នេះ​ផង​ដែរ៕

XS
SM
MD
LG