ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​​​ប្រកាស​ពី​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយ​ជំងឺ​កូវីដ​១៩​​​ខ្ពស់​បំផុត​ រាប់​ទាំង​អ្នក​ឆ្លង​ជំងឺ​ថ្មី​ផង


រូបឯកសារ៖ ប្រជាជន​អ៊ីរ៉ង់​នាំ​គ្នា​ពាក់ម៉ាស់​​នៅ​តាម​ទីសាធារណៈ​​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រជាជន​អ៊ីរ៉ង់​នាំ​គ្នា​ពាក់ម៉ាស់​​នៅ​តាម​ទីសាធារណៈ​​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។

ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា ក្នុង​រយៈ​ពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​ ប្រទេសនេះ​មានអ្នក​ស្លាប់​ពី​ជំងឺ​កូវីដ១៩​ក្នុងមួយ​ថ្ងៃ​ខ្ពស់​បំផុត​ គឺ​ចំនួន​២៧២​នាក់។​

អ្នកនាំ​ពាក្យក្រសួង​សុខាភិបាលអ៊ីរ៉ង់​លោក​ស្រី​ Sima Sadat Lari បាន​ប្រកាស​ថា ប្រទេស​អ៊ីរ៉ង់​ក៏​មានករណី​អ្នកឆ្លង​ជំងឺ​កូវីដ​ថ្មី​ក្នុងមួយ​ថ្ងៃ​ខ្ពស់​បំផុត​ផង​ដែរ គឺចំនួន​៤.២០៦​នាក់។ ​

ប្រទេស​អ៊ីរ៉ង់​ បាន​ទទួល​រងពី​ការផ្ទុះ​រាតត្បាត​នៃជំងឺ​កូវីដ​១៩​ខ្លាំងជាង​គេ​នៅ​តំបន់​មជ្ឈិមបូព៌ា​ ដោយ​មាន​អ្នក​ឆ្លង​ដោយ​សារ​ជំងឺ​នេះ​សរុប​ជាង៥០០.០០០​នាក់​រហូត​មក​ដល់​ពេល​នេះ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ជាង​២៨.៨០០​នាក់​ និង​មាន​អ្នក​ជា​សះ​ស្បើយ​វិញ​ចំនួន​៤០៩.០០០​នាក់។

ស្ថានភាព​ជំងឺ​កូវីដ១៩​ក្នុង​រដ្ឋធានី​តេហេរ៉ង់​ កាន់​តែ​ធ្លាក់​ដុនដាប ដោយបាន​បង្ខំ​ឲ្យ​មន្រ្តី​អាជ្ញាធរ​ បង្កើន​ភាព​រឹត​បន្តឹងនៅ​ដើម​ខែ​តុលា​នេះ​ ដែល​ក្នុង​នោះ​រួម​មាន​វិធានការបិទ​សាកលវិទ្យាល័យ​ សាលារៀន​ បណ្ណាល័យ​ ព្រះវិហារ​សាសនា​ រោងកុន សារមន្ទីរ​ និងហាង​កែ​សម្ផស្ស​ជា​ដើម។ កាល​ពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាលអ៊ីរ៉ង់​ បាន​បញ្ជា​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​ទាំង​អស់​ត្រូវ​តែ​ពាក់​ម៉ាស់​នៅ​ពេល​ចេញ​ក្រៅតាម​ទី​សាធារណៈ​ ហើយព្រមាន​ថា អ្នក​ដែល​រំលោភ​លើ​បទបញ្ជា​នេះ​ នឹង​ត្រូវ​ផាក​ពិន័យ។

ទន្ទឹម​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​ការ​ឆ្លង​ក្នុង​ប្រទេស​កំពុង​មាន​សន្ទុះ​ហក់​ឡើង​ខ្លាំង​នោះ អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​លោក Ali Rabiei សន្យា​ថា​ អ្នក​ដែលធ្វើ​តេស្ត​វិជ្ជមាន​ថា​មាន​កូវីដ​១៩នោះ​ នឹង​ត្រូវ​គេ​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់៕

XS
SM
MD
LG