ផលិតករភាពយន្តឯកសារស្តីពីក្បាលម៉ាស៊ីនកាប់សម្លាប់ក្នុងរបបខ្មែរក្រហមគឺលោក ថេត សម្បត្តិបានបញ្ជាក់ថា លោកសុខចិត្តសហការជាមួយនឹងសាលាក្តីខ្មែរក្រហមហើយចូលរួមផ្តល់សក្ខីកម្មប្រសិនបើសាលាក្តីនេះទុកពេលវេលាឱ្យលោកបានបំភ្លឺឱ្យគ្រប់ជ្រុងជ្រោយពីការកាប់សម្លាប់ក្នុងរបបវាលពិឃាតនៅកម្ពុជា។
ការឆ្លើយតបរបស់លោក ថេត សម្បត្តិផលិតករភាពយន្តឯកសាររឿង«សត្រូវរបស់ប្រជាជន» បានធ្វើឡើងបន្ទាប់ពីសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមដែលមានការគាំទ្រដោយអង្គការសហប្រជាជាតិបានសម្រេចអញ្ជើញលោកឱ្យចូលរួមផ្តល់សក្ខីកម្មទាក់ទងនឹងសំណុំរឿង០០២ វគ្គទី២ ប៉ុន្តែនៅ មិនទាន់កំណត់ថាត្រូវចូលពេលណាទេ។
«ដូចខ្ញុំបានប្រកាន់ខ្ជាប់នូវគោលជំហរពីខាងដើមមកគឺថាឱ្យតែ ដើម្បីរកការពិតរកយុត្តិធម៌សម្រាប់ជនរងគ្រោះខ្មែរយើង ជនជាប់ចោទក៏ដោយ ឱ្យតែធ្វើសម្រាប់យុត្តិធម៌ទាំងអស់គ្នាខ្ញុំនឹងធ្វើហើយឱ្យធ្វើម៉េចការធ្វើហ្នឹងឱ្យទូលំទូលាយ។ ពាក្យដែលខ្ញុំថាទូលំទូលាយមិនមែនយកបួនដប់សំណួរឬ២០សំណួរមកសួរខ្ញុំទេ។ បើសិនជាយកតែប៉ុណ្នឹងមករកយុត្តិធម៌ឱ្យជនរងគ្រោះជនជាប់ចោទអត់ឃើញទេ»។
លោក ថេត សម្បត្តិបានចំណាយពេលជិត១០ឆ្នាំស្រាវជ្រាវពីរបបខ្មែរក្រហមដោយក្នុងនោះមានការជួបសម្ភាសមេដឹកនាំខ្មែរក្រហម នួន ជា ហើយបានផលិតជាខ្សែភាពយន្តដែលមានចំណងជើងថា«សត្រូវរបស់ប្រជាជន» និងបោះពុម្ភសៀវភៅដែលមានចំណងជើងថា «នៅពីក្រោយវាលពិឃាត»។ ភាពយន្តនិងសៀវភៅនេះរៀបរាប់ពីក្បាលម៉ាស៊ីននិងខ្សែសង្វាក់របស់របបខ្មែរក្រហមក្នុងការសម្លាប់ពលរដ្ឋខ្មែរនិងការបោសសម្អាតផ្ទៃក្នុងនៃរបបដ៏មហាប្រល័យនេះ។
សាលាក្តីខ្មែរក្រហមបញ្ជាក់ក្នុងឯកសារសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ភស្តុតាងរបស់លោកថេត សម្បត្តិ អាចជួយដល់ការបញ្ជាក់ការពិតពាក់ព័ន្ធនឹងបញ្ហាផ្សេងៗដែលសហព្រះរាជអាជ្ញានិងមេធាវីការពារក្តី នួន ជា លើកឡើងនៅក្នុងសំណើររបស់គាត់»។ នេះបើតាមឯកសារដែលវីអូអេទទួលបាន។
លោកនេត្រ ភ័ក្ត្រា អ្នកនាំ ពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់បន្ថែមប្រាប់វីអូអេដែរថា៖
«ឯកសាររបស់គាត់ត្រូវបានដាក់ចូលទៅក្នុងសំណុំរឿងជាពិសេសព្រះរាជអាជ្ញាក៏បានលើកឡើងពីការសារភាពមួយចំនួនរបស់លោកនួន ជានៅក្នុងឯកសាររបស់លោកថេត សម្បត្តិហ្នឹងគឺបង្ហាញពីការទទួលផ្នែកព្រហ្មទណ្ឌរបស់គាត់នៅចំពោះមុខឧក្រិដ្ឋកម្មអញ្ចឹងហើយបានជាសហព្រះរាជអាជ្ញាទាមទារឱ្យមានការកោះហៅ ហើយយើងសង្ឃឹមថាលោកថេត សម្បតិ្តនឹងឆ្លើយតបទៅនឹងការកោះហៅរបស់អង្គជំនុំជម្រះសាលាដំបូង»។
ឯកសាររបស់សាលាក្តី ក៏បានបន្ថែមទៀតថា៖«បើទោះបីជាសក្ខីកម្មលោក ថេត សម្បត្តិពាក់ព័ន្ធខ្លាំងបំផុតទៅនឹងអង្គហេតុដែលត្រូវបានគ្រោងសម្រាប់ពេលក្រោយៗនៅក្នុងសំណុំរឿង០០២ វគ្គពីរ ក៏ដោយក៏អង្គជំនុំជម្រះយល់ឃើញថាវាជាការសមស្របដែលត្រូវស្តាប់សក្ខីកម្មរបស់លោកថេត សម្បត្តិក្នុងអំឡុងពេលពិនិត្យលើអង្គហេតុដំបូងៗប្រសិនបើគាត់អាចចូលរួមបាននោះ»។
សាលាក្តីខ្មែរក្រហមក៏បានបញ្ជាក់ពីចេតនាចង់បានឯកសារភាពយន្តផ្សេងៗទៀតដែលលោកថេត សម្បត្តិនិងសហផលិតកររ៉ប់ លឹមគីន ដែលជាជនជាតិអង់គ្លេសមានផងដែរ។
ពេលនេះ លោកថេត សម្បត្តិ កំពុងតែបន្តការសិក្សាស្រាវជ្រាវនៅ សហរដ្ឋអាមេរិកនិងផលិតខ្សែភាពយន្តឯកសារទីពីរ។ លោកបានបញ្ជាក់ថាលោកមិនជំទាស់អ្វីទេ៖
«បើសិនឯកសារខ្ញុំចេញមិនទាន់ បើសិនជាតុលាការត្រូវការខ្ញុំមុនហើយចាំបាច់ត្រូវឱ្យខ្ញុំបំភ្លឺហ្នឹងហើយចាំបាច់ឱ្យខ្ញុំទូលំទូលាយក្នុងការនិយាយ។ នេះទីមួយ។ ប៉ុន្តែបើសិនជារង់ចាំឱ្យឯកសារខ្ញុំទីពីរចេញសិន។ នេះជាការពិសេសណាស់ខ្ញុំនឹងពេញចិត្តនឹងការនិយាយឯកសារទីពីរខ្ញុំចេញខ្ញុំប្រគល់ឱ្យអ្នកឯងយកទៅមើលហើយខ្ញុំនឹងសហការបង្ហាញទៀតថាតើការសម្លាប់រង្គាលសម័យ៧៥-៧៩នេះបងប្អូននឹងបានជ្រាបហើយខ្ញុំថាតុលាការបើសិនជាយុត្តិធម៌មែនក៏នឹងសប្បាយចិត្តហើយដែលបានឃើញឯកសារដែលខ្ញុំធ្វើនេះ»។
កន្លងមកសាលាក្តីក៏ធ្លាប់បានអញ្ជើញលោកថេត សម្បតិ្តទៅផ្តល់សក្ខីកម្មក្នុងសំណុំរឿង០០២វគ្គ១ដែរប៉ុន្តែលោកមិនបានឆ្លើយតបតាមការអញ្ជើញ។ សំណុំរឿង០០២វគ្គមួយនេះបានផ្តន្ទាទោសនួន ជា អតីតប្រធានសភានិងខៀវ សំផនអតីតប្រមុខរដ្ឋឱ្យជាប់ពន្ធនាគារមួយជីវិតប៉ុន្តែត្រូវបានមេធាវីការពារក្តីប្តឹងជំទាស់។
បច្ចុប្បន្នមានមេដឹកនាំខ្មែរក្រហមតែពីររូបប៉ុណ្ណោះដែលសាលាក្តីខ្មែរក្រហមកំពុងជំនុំជម្រះ ទោសគឺនួន ជា និងខៀវ សំផន។ រីឯមេដឹកនាំដទៃទៀតបានស្លាប់និងម្នាក់មានជំងឺវង្វេងវង្វាន់បាត់បង់ស្មារតី។
របបខ្មែរក្រហមដែលកាន់កាប់ប្រទេសកម្ពុជាពីខែមេសាឆ្នាំ១៩៧៥ ដល់ខែមករាឆ្នាំ១៩៧៩បានបណ្តាលឱ្យពលរដ្ឋកម្ពុជាយ៉ាងហោចណាស់១,៧លាននាក់ស្លាប់បាត់បង់ជីវិត៕