ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរក្រហម​រៀបរាប់​អំពី​ការ​បែក​បាក់​ក្នុង​​សម័យ​​ប៉ុល ពត


សាក្សី​គឺ​លោក​ ប៉ិច ជឹម អតីត​ចៅហ្វាយ​ស្រុក​ត្រាំកក់​ក្នុង​របប​ខ្មែរក្រហម​​ផ្តល់​សក្ខីកម្ម​នៅ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (សាលាក្តី​ខ្មែរក្រហម) ក្នុង​សំណុំ​រឿង​០០២​វគ្គទី​២​ប្រឆាំង​នឹង​ នួន ជា និង​ ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។ (ECCC/Nhet Sok Heng)
សាក្សី​គឺ​លោក​ ប៉ិច ជឹម អតីត​ចៅហ្វាយ​ស្រុក​ត្រាំកក់​ក្នុង​របប​ខ្មែរក្រហម​​ផ្តល់​សក្ខីកម្ម​នៅ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (សាលាក្តី​ខ្មែរក្រហម) ក្នុង​សំណុំ​រឿង​០០២​វគ្គទី​២​ប្រឆាំង​នឹង​ នួន ជា និង​ ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៥។ (ECCC/Nhet Sok Heng)

លោក​ ពេជ្រ ជឹម ​អតីត​គណៈ​ស្រុក​ត្រាំកក់ ​ខេត្ត​តាកែវ ​បាន​ប្រាប់​សវនាការក្នុង​សំណុំ​រឿង​០០២​វគ្គ​ទី​២​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប៉ុល ពត ​មេ​ស្ថាបនិក​របប​ខ្មែរក្រហម​ និង​តា ម៉ុក​ គណៈ​ភូមិភាគ​និរតី​ប្រចាំ​នៅ​ខេត្ត​តាកែវ ​មាន​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយ​គ្នា។​

អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម​ដដែល​នេះ​បញ្ជាក់​ថា ​ជម្លោះ​បាន​ផ្ទុះ​ឡើង​នៅដើម​ឆ្នាំ​១៩៧៩​ ហើយ​នួន ជា ​បងធំ​ទី​២​ និង ​ខៀវ សំផន ​ប្រមុខ​រដ្ឋ​ខ្មែរក្រហម​មិន​បាន​ធ្វើ​អន្តរាគមន៍​ក្នុង​រឿង​នេះ​ទេ។​

«ទី​បំផុត ​តាម៉ុក​ និង​ប៉ុល ពត​ទាស់​គ្នា។ ​មហា​យក្ស​ជល់​គ្នា។ ​បង​នួន ​និង​បង​ភា​ឱប​ដៃ​មើល។​ មាន​ផ្ទុះ​អាវុធ​ម៉ាប្រ៉ាវ។​ បាន​ទប់​ទាន់​ទៅ​ប៉ុល ពត​ប្រគល់​អំណាច​ឲ្យ​តាម៉ុក​ទាំង​អស់។ ​ទាំង​យោធា​ ទាំង​នយោបាយ​ ទាំង​បក្ស ​តាម៉ុក ឡើង​រៀបចំ»។​

កាល​ពី​ថ្ងៃ​ពុធ​ សាក្សី​ដដែល​បាន​បញ្ជាក់​ថា បរាជ័យ​របស់​ពួក​កុម្មុយនិស្ត​ខ្មែរក្រហម​គឺ​ដោយ​សារការ​កាប់​សម្លាប់​ផ្ទៃ​ក្នុង។​

លោក​ពេជ្រ ជឹម​រៀប​រាប់ថា​ មាន​ការ​ប្រជែង​អំណាច​គ្នា​រវាង​តាម៉ុក ​គណៈ​តំបន់​នីរតី​ដែល​ក្នុង​នោះ​មាន​ខេត្ត​តាកែវ​ និង​ឈ្មោះ​ស៊ី ​ដែល​ជា​អនុប្រធាន​ភូមិភាគ ​និង​ការ​បោស​សំអាត​ខ្សែ​បណ្តាញ​ដទៃ​ទៀត​បាន​ធ្វើ​ឲ្យ​មាន​ការ​កាប់​សម្លាប់​ជា​ប្រព័ន្ធដែល​ជា​លទ្ធផល​នៃ​ការ​បង្កើត​ឲ្យ​មាន​តុលាការ​កាត់​ទោស​បទ​ឧក្រិដ្ឋ​រហូត​ដល់​រាល់​ថ្ងៃ​នេះ។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សាក្សី​ដដែល​បាន​បន្ត​រៀបរាប់​បន្ថែម​ថា​ មេ​ដឹកនាំ​យោធា​គឺ​តាម៉ុក​មាន​ជម្លោះ​ដណ្តើម​អំណាចជាមួយ​សមមិត្ត​របស់​ខ្លួន។​

«រឿង​តាម៉ុក ​និង​ជូ ជេត​អត់​ត្រូវ​គ្នា​នាំ​ឲ្យ​បំបែក​(ភូមិ)​ភាគ​ឲ្យ​នៅ​មួយ​ម្នាក់។ ​បំបែក​ហើយ​សែ​នៅ​កំពត ​(ត្រូវ​ចោទ)​ថា​ ខ្ញុំ​យួន​ទាក់ទង​ខ្សែ​យួន​ ​ហើយ​ត្រូវ​ដក​ទៅ​សៀមរាប។​ ​ដល់​សៀមរាប​ចាប់(ខ្លួន)​បាត់។​ ហើយ​គ្នា​យើង​យូរៗ​ទៅ​ ដណ្តើម​គ្នា​ធ្វើ​ធំ។​ ខ្មែរ​យើង​អញ្ចឹង។ ​ខ្ញុំ​និយាយ​ត្រង់​ហើយ»។​

លោក ​ថេត សម្បត្តិ ​សហ​ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​អំពី​របប​ខ្មែរក្រហម​រឿង​សត្រូវ​របស់​ប្រជាជន​ឬ Enemies of People ហើយ​លោក​កំពុង​រៀប​ចំ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​លើក​ទី២​ស្តី​ពី​ទំនាស់​ផ្ទៃ​ក្នុង​របស់​ពួក​ខ្មែរក្រហម​នេះ​ បាន​បញ្ជាក់​ថា ​ទំនាស់​ផ្ទៃ​ក្នុង​របស់​ក្រុម​មេ​ដឹក​នាំ​ខ្មែរក្រហម​បាន​នាំ​ឲ្យ​មាន​ការ​បែក​បាក់​ចុះ​ខ្សោយ​នៃ​របប​ដឹក​នាំ​កុម្មុយនិស្ត​របស់​ខ្លួន។​

«សាច់​រឿង​ដែល​គាត់​និយាយ​ហ្នឹង​ វា​មាន​ចូល​មួយ​ផ្នែក​ខ្លះ។​ ការ​ស៊ី​ជម្រៅ​ ដូច​ខ្ញុំ​បាន​និយាយ​រួច​ហើយ ​វា​មាន​ជាប់​ទាក់ទិន​នឹង​អតីត​កម្មាភិបាល​ខ្មែរក្រហម​ក្នុង​រដ្ឋាភិបាល​ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្នុង​រដ្ឋាភិបាល​រាល់​ថ្ងៃ​ និង​ទាក់ទិន​នឹង​ប្រទេស​ក្រៅ ​ប៉ុន្តែ​ខ្ញុំ​សុំ​មិន​បញ្ចេញ​ថា ​ប្រទេស​ណា​ទេ​ ប៉ុន្តែ​គឺ​អ្នក​ទាក់ទង​អស់​នោះ​ហើយ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ការ​កាប់​សម្លាប់​រង្គាល​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ហ្នឹង​បាទ»។​

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ខ្មែរក្រហម​ត្រូវ​ផ្ដួល​រំលំ​ដោយ​កង​ទ័ព​តស៊ូ​ប្រឆាំង​របស់​កម្ពុជា​ ដោយមាន​ការ​គាំទ្រ​ពី​កង​ទ័ព​វៀតណាម​នៅ​ថ្ងៃ​ទី​៧​មករា ​ឆ្នាំ​១៩៧៩។​

របបកុម្មុយនិស្ត​ខោ​អាវ​ខ្មៅ​នេះបាន​បង្ក​ឲ្យ​មាន​ការ​ស្លាប់ ​ការ​សម្លាប់​ប្រជា​ពលរដ្ឋ​យ៉ាង​តិច១,៧​លាន​នាក់​ក្នុង​ការ​គ្រប់​គ្រង​អំណាច​ជាង​បី​ឆ្នាំ។

មេ​ដឹកនាំ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរក្រហម​ចំនួន​ពីរ​នាក់​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ទោស​ក្នុង​សំណុំ​រឿង​០០២​គឺ​នួន ជា​ អតីត​ប្រធាន​សភា​ខ្មែរក្រហម​ និង​ ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ។​ ជនជាប់​ចោទ​ទាំង​ពីរ​ត្រូវ​ផ្តន្ទា​ទោស​ម្តង​ហើយ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ការ​កាត់​ទោស​លើក​ទី១៕

XS
SM
MD
LG