ថ្វីបើសព្វថ្ងៃមានសាលាក្តីខ្មែរក្រហមកំពុងដំណើរការនិងមានការបញ្ចូលកម្មវិធីសិក្សាខ្លះអំពីប្រវត្តិសាស្ត្រខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ក្តី ក៏អ្នកស្រាវជ្រាវមួយរូបយល់ថា យុវជនខ្មែរដែលកើតក្រោយរបបប្រល័យពូជសាសន៍នេះ មិនទាន់មានការយល់ដឹងស៊ីជម្រៅគ្រប់គ្រាន់នៅឡើយទេ។ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្ររូបនេះនិយាយថា នៅ៤០ឆ្នាំក្រោយថ្ងៃដែលខ្មែរក្រហមបានឡើងកាន់កាប់អំណាចនៅកម្ពុជា យុវជនកម្ពុជាដែលកើតក្រោយរបបនេះ គួរមានការយល់ដឹងច្បាស់ជាងមុនអំពីសម័យកាលប្រកបដោយសោកនាដកម្មមួយនៃប្រវត្តិសាស្ត្រខ្មែរ។
លោក ឌី ខាំបូលី នាយកសាលាប្រល័យពូជសាសន៍ ជម្លោះ និង សិទ្ធិមនុស្សនៃវិទ្យាស្ថានស្លឹករឹត និងជាអ្នកនិពន្ធសៀវភៅ«ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានថ្លែងក្នុងកម្មវិធី«សំឡេងជំនាន់ថ្មី»កាលពីថ្ងៃច័ន្ទ ទី២០ ខែមេសា កន្លងទៅនេះ ថា ការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហមអស់ច្រើនទសវត្សរ៍មកនេះមិនបានជួយឲ្យសិស្សយល់ដឹងច្រើនទេអំពីមូលហេតុដែលបាននាំឲ្យមានការកើតរបបប្រល័យពូជសាសន៍នៅកម្ពុជា។
«យើងឃើញថា ការរៀនប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យគឺស្ថិតនៅក្នុងកម្រិតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មិនទាន់មានការវិភាគឲ្យបានស៊ីជម្រៅឲ្យបានទូលំទូលាយ។ ហើយការវិភាគ ការស្រាវជ្រាវ ការវាយតម្លៃឲ្យបានស៊ីជម្រៅនិងទូលំទូលាយទៅលើប្រវត្តិសាស្ត្រនេះគឺមានសារៈសំខាន់»។
ការសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហមជាប្រធានបទរសើបមួយនៅក្នុងប្រទេសកម្ពុជាដោយសារវាជាប់ទាក់ទងនឹងប្រព័ន្ធនយោបាយ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ មិនមានការសិក្សាស៊ីជម្រៅណាមួយត្រូវបានគេបញ្ចូលទៅក្នុងកម្មវិធីសិក្សាតាមសាលារៀនទេ។ នៅក្រោយការដួលរលំរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ភ្លាមៗ ប្រវត្តិសាស្ត្រខ្មែរក្រហមត្រូវបានបង្រៀនជាលក្ខណៈនយោបាយ ហើយសៀវភៅប្រវត្តិសាស្ត្រដែលទើបត្រូវបានបញ្ជូនក្នុងកម្មវិធីមធ្យមសិក្សាកាលពីឆ្នាំ២០១១ មានកម្រិតត្រឹមជាការសិក្សាអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប៉ុណ្ណោះ។
លោក ឌី ខាំបូលី ថ្លែងថា ថ្វីបើប្រធានបទខ្មែរក្រហមនេះជាប្រធានបទដែលមានការពិបាកក្នុងការពិភាក្សាក្តី ក៏លោកថា ការយល់ដឹងច្រើនជាងមុនអំពីប្រវត្តិសាស្ត្រដ៏គួរឲ្យបាក់ស្បាតក្នុងអារម្មណ៍នេះ នឹងជួយដល់ដំណើរការផ្សះផ្សាជាតិ ជាមេរៀនសម្រាប់កូនចៅជំនាន់ក្រោយ ហើយជាពិសេសជាមធ្យោបាយក្នុងការទប់ស្កាត់មិនឲ្យកើតមានរបបនេះជាថ្មីទៀត។
«ទោះបីសព្វថ្ងៃយើងមានសន្តិភាព ប៉ុន្តែសន្តិភាពនេះ អាចធ្លាក់ទៅក្នុងអន្លង់នៃសង្គ្រាម ឬក៏អាចធ្លាក់ដល់អំពើប្រល័យពូជសាសន៍នៅថ្ងៃណាមួយប្រសិនបើយើងមិនបានក្រឡេកមើលទៅអតីតកាលដ៏ឈឺចាប់របស់យើង»។
លោក ញ៉ែម បូរ៉ាដែន សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់ការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញយល់ស្របថា មេរៀនប្រវត្តិសាស្ត្រខ្មែរក្រហមគួរតម្រូវឲ្យមានក្នុងកម្មវិធីសិក្សាផ្លូវការ។ ប៉ុន្តែលោកថា តាមបទពិសោធន៍របស់លោក វិធីបង្រៀនមេរៀនទាំងនេះតម្រូវឲ្យមានសកម្មភាពទាក់ទងដូចជាការចុះធ្វើទស្សនកិច្ចសិក្សាជាដើមដើម្បីឲ្យប្រធានបទនេះមានភាពទាក់ទាញជាងមុនសម្រាប់យុវជនខ្មែរ ដែលមិនបានឆ្លងកាត់សម័យនោះហើយកំពុងរស់ក្នុងប្រទេសមួយដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ការស្ទង់មតិមិនផ្លូវការមួយតាមហ្វេសប៊ុករបស់ VOA រកឃើញថា មានពលរដ្ឋកម្ពុជាវ័យក្មេងជាច្រើនយល់ថា ការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហមមានសារៈសំខាន់ ប៉ុន្តែពួកគេមានការបារម្ភថាឥទ្ធិពលនយោបាយនឹងរារាំងមិនឲ្យសិស្សអាចដឹងពីការពិតបាន។ ទស្សនៈបែបនេះក៏ត្រូវបានលើកឡើងដោយប្រិយមិត្តម្នាក់ឈ្មោះ«ស្រីម៉ៅ»ដែលបានទូរស័ព្ទចូលក្នុងកម្មវិធី«សំឡេងជំនាន់ថ្មី»ពេលនោះ៖
«ការសិក្សាប្រវត្តិសាស្ត្រពី(១៩)៧៥ដល់៧៩ ត្រឹមរបបខ្មែរក្រហម ខ្ញុំចង់សួរថាវាគ្រប់គ្រាន់ដែរអត់? ព្រោះថា ប្រវត្តិសាស្ត្រ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ តាមពិតងាយយល់ទេ ប៉ុន្តែខ្ញុំគិតថាអ្វីដែលពិបាកយល់ហើយគួរតែសិក្សាគឺមុខ(១៩)៧៥ គឺជារឿងមួយដែលត្រូវឲ្យប្រជាជនសិក្សា»។
លោក ឌី ខាំបូលី យល់ស្របជាមួយស្រីម៉ៅថា សៀវភៅសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហមនៅតាមសាលារៀនក្នុងពេលបច្ចុប្បន្នគួរត្រូវពង្រីកទំហំនៃការសិក្សាដោយបញ្ចូលរឿងរ៉ាវនយោបាយក្នុងស្រុកនិងកត្តាភូមិសាស្ត្រនយោបាយតំបន់និងសាកលលោកនិងការជាប់ទាក់ទងរបស់ប្រទេសមហាអំណាចដូចជាចិននិងសហរដ្ឋអាមេរិក។
ទាក់ទងនឹងបញ្ហាជាតិនិយមជ្រុលរបស់ខ្មែរក្រហម ដែលអាចជាមេរៀនមួយពីរបបខ្មែរក្រហម នៅក្នុងបទសម្ភាសន៍មួយជាមួយ VOA នៅក្រោយកម្មវិធីសំឡេងជំនាន់ថ្មី លោក ឌី ខាំបូលី បាន បកស្រាយអំពីការលើកឡើងរបស់ប្រិយមិត្ត«ស្រីម៉ៅ»ដែលថាអ្នកនាងមិនយល់ស្របថាប្រជាជនខ្មែរនាពេលបច្ចុប្បន្ននេះមានទស្សនៈជាតិនិយមជ្រុលនោះទេ ដោយលោកក៏យល់ដូច្នេះដែរ។
«ខ្ញុំមិនបានចោទប្រកាន់ថា នាពេលបច្ចុប្បន្នយើងមានទស្សនៈជាតិនិយមជ្រុលហួសហេតុនិងការរើសអើងពូជសាសន៍ទេ»។
ប៉ុន្តែ លោក ឌី ខាំបូលី ពន្យល់ថា អ្វីដែលធ្វើឲ្យលោកមានការបារម្ភនិងយល់ថាពលរដ្ឋខ្មែរមិនគួរមើលស្រាលនោះ គឺ «ទម្រង់» (patterns) នានាដែលអាចឈានដល់ការរើសអើងពូជសាសន៍ជាពិសេសចំពោះជនជាតិវៀតណាមដែលបានកើតឡើងជាពិសេសក្នុងអំឡុងពេលក្រោយការបោះឆ្នោតឆ្នាំ២០១៣កន្លងទៅនេះ។
«អ្វីដែលខ្ញុំចង់លើកឡើងគឺថា មានទម្រង់មួយចំនួន គឺកត្តាតូចៗមួយចំនួនដែលអាចនឹងឈានទៅដល់ការរើសអើងពូជសាសន៍ ដែលអាចឈានទៅដល់គំនិតទស្សនៈជាតិនិយមជ្រុលហួសហេតុប្រសិនបើយើងមិនបានយល់ មិនបានគិតគូរ ហើយមិនបានធ្វើការទប់ស្កាត់។ អញ្ចឹងការរៀនសូត្រពីសម័យខ្មែរក្រហមគឺជាមេរៀនមួយដែលអាចបំភ្លឺឲ្យយើងឃើញអំពីគ្រោះថ្នាក់នៃទស្សនៈជាតិនិយមជ្រុលហួសហេតុ និងការរើសអើងពូជសាសន៍»។
ទម្រង់មួយនៃជាតិនិយមជ្រុលរបស់ខ្មែរក្រហមគឺការស្រមើស្រមៃរបស់ចលនាកុម្មុយនិស្តម៉ៅនិយមនេះអំពីលទ្ធភាពដ៏អស្ចារ្យលើសគេរបស់កម្ពុជាក្នុងការអាចសម្រេចបានភាពឯករាជ្យនិងម្ចាស់ការទាំងស្រុងដោយមិនពឹងលើកម្លាំងបរទេស និងនាំឲ្យមានការលុបបំបាត់ចោលទាំងស្រុងឥទ្ធិពលបរទេសក្នុងសង្គមខ្មែរ។ អ្នកនិពន្ធរូបនេះបានលើកឡើងពីចំណុចទាំងនេះនៅអត្ថបទមួយក្នុងទំព័រទស្សនៈរបស់កាសែត Phnom Penh Post នាពេលថ្មីៗនេះ ដោយលើកឡើងពីសារៈសំខាន់នៃការសិក្សាបែបវិភាគអំពីអំពើប្រល័យពូជសាសន៍នានាដែលបានកើតឡើងនៅជុំវិញពិភពលោក។
លោក ឌី ខាំបូលីថ្លែងថា បរិយាកាសនយោបាយនៅកម្ពុជានៅក្នុងពេលបច្ចុប្បន្ននេះមានលក្ខណៈអំណោយផល ហើយលោកគិតថា មិនមានឧបសគ្គអ្វីធំដុំដែលរារាំងយុវជនខ្មែរជំនាន់ក្រោយមិនឲ្យយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមនោះទេ៕
សម្គាល់៖ កម្មវិធីសំឡេងជំនាន់ថ្មីតម្រូវឲ្យភ្ញៀវកិត្តិយសណែនាំសៀវភៅឬឯកសារសិក្សាល្អៗណាមួយសម្រាប់ប្រិយមិត្ត ហើយលោក ឌី ខាំបូលី បានណែនាំសៀវភៅប្រវត្តិសាស្ត្រខ្មែរក្រហមមួយសេរសេរដោយលោក David Chandler ដែលមានចំណងជើងថា The Tragedy of Cambodian History: Politics, War and Revolution Since 1945។