ក្រុមសហព្រះរាជអាជ្ញាបានបង្ហាញឯកសារភស្តុតាងជាច្រើននៅថ្ងៃច័ន្ទនេះដែលបញ្ជាក់អំពីអំពើប្រល័យពូជសាសន៍ទាក់ទងទៅនឹងអំពីការកាប់សម្លាប់ពលរដ្ឋខ្មែរកម្ពុជាក្រោម រួមទាំងការបោសសម្អាតមន្ត្រីរដ្ឋការនៃរបប លន់ នល់។
លោក សេង ប៊ុនឃាង តំណាងសហព្រះរាជអាជ្ញាជាតិលើកពីឯកសារដែលខ្មែរក្រហមបានស្រង់បញ្ជីឈ្មោះប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅតាមឃុំនានានៃស្រុកត្រាំកក់ ខេត្តតាកែវ ហើយពួកគេមួយចំនួនត្រូវសម្លាប់ចោល។
«ឯកសារបានបង្ហាញថា មានអ្វីកើតឡើងចំពោះប្រជាជនខ្មែរកម្ពុជាក្រោមនៅឃុំសំរោង។ ឯកសារនេះចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៧៧។»
បញ្ជីឈ្មោះរាយការណ៍ទៅអង្គការអំពីប្រជាជនថ្មីនេះមានឈ្មោះថា វុត វីន ដែលធ្លាប់បានប្រាប់ស្ត្រីខ្មែរកម្ពុជាក្រោមម្នាក់រស់នៅភូមិតាភឹមថា រាល់ខ្មែរកម្ពុជាក្រោមត្រូវបានអង្គការយកទៅអស់ហើយ គ្មានសល់មួយទេ នៅឃុំសំរោង។ នៅតែឃុំតាភឹមមិនទាន់យក។ ថ្ងៃក្រោយអង្គការគង់តែយកទេ»។
ការយកនេះមានន័យថា ចាប់ខ្លួន ឬយកទៅសម្លាប់ចោល។
ការបង្ហាញឯកសារភស្តុតាងនេះធ្វើឡើងនៅក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី២ ដែលមានជនជាប់ចោទនួន ជា អតីតប្រធានសភាខ្មែរក្រហមនិង ខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម។ ជនជាប់ចោទទាំងពីរត្រូវផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិតម្ដងហើយ កាលពីការកាត់ទោសសំណុំរឿង០០២ វគ្គទី១។
តំណាងសហព្រះរាជអាជ្ញាអន្តរជាតិ លោក ដេល ឡៃសាក់ បានថ្លែងតាមរយៈអ្នកបកប្រែភាសាថា ពួកខ្មែរក្រហមបានបោកប្រាស់អតីតទាហាន និងមន្ត្រីនៃរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់ នល់ ឲ្យចូលបម្រើការងារវិញ ក្រោយពីពួកខ្មែរក្រហមឡើងកាន់អំណាច។ ប៉ុន្តែក្រោយមកទាហាន និងអតីតមន្ត្រីទាំងនោះត្រូវសម្លាប់ចោលក្នុងមន្ទីរឃុំឃាំងក្នុងវត្តអារ៉ាម ឬត្រូវបាញ់សម្លាប់ចោលក្នុងព្រៃ។
«ភាគច្រើនក្នុងចំណោមអ្នកដែលត្រូវគេចាប់ខ្លួននៅពាក់កណ្តាលឆ្នាំ១៩៧៥ និង១៩៧៦គឺជាទាហាន និងប៉ូលិសលន់ នល់។ ក្រោយឆ្នាំ១៩៧៦ក្រុមនេះបានពង្រីកការចាប់ខ្លួននេះដល់ប្រជាជនជាទូទៅ។ ប្រជាជនជាច្រើនដែលត្រូវបានសម្ភាសក្នុងការស្រាវជ្រាវនេះបានឃើញការចាប់ខ្លួននិងការសម្លាប់ទាហាន និងនគរបាល លន់ នល់ នៅពាក់កណ្ដាលឆ្នាំ១៩៧៥»។
របបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមបានបង្កឲ្យប្រជាពលរដ្ឋកម្ពុជាស្លាប់អស់យ៉ាងតិច១លាន៧សែននាក់ ចន្លោះពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករា ឆ្នាំ១៩៧៩។ ពលរដ្ឋខ្មែរមួយចំនួនត្រូវយកទៅសម្លាប់ចោល ពលរដ្ឋមួយចំនួនទៀតត្រូវចាប់ខ្លួនយកទៅដាក់គុកដោយចោទថា ជាខ្មាំងរបស់អង្គការខ្មែរក្រហម ហើយទទួលរងទារុណកម្មយ៉ាងឃោរឃៅមុននឹងត្រូវសម្លាប់ចោល។ រីឯពលរដ្ឋមួយចំនួនទៀតបានស្លាប់ដោយការអត់អាហារនិងការបង្ខំឲ្យធ្វើការលើសកម្លាំង។
នៅក្នុងសវនាការនៅថ្ងៃនេះ តំណាងសហព្រះរាជអាជ្ញាក៏បានលើកឡើងថា មានការដោះដូរជនជាតិវៀតណាមជាមួយអាជ្ញាធរវៀតណាមនិងមានការចាប់ខ្លួនប្រជាពលរដ្ឋខ្មែរដែលប៉ុនប៉ងរត់គេចខ្លួនពីរបបខ្មែរក្រហមផងដែរ។ បន្ថែមពីនោះទៀត មានការចាប់ខ្លួនប្រជាពលរដ្ឋដែលបានធ្វើឲ្យខូចខាតសម្ភារៈតូចតាច ដូចជាស្លាបព្រា ឬ ប្រជាពលរដ្ឋដែលត្អូញត្អែរពីការហូបចុកមិនគ្រប់គ្រាន់ជាដើម។
ការចាប់ខ្លួនក្នុងរបបខ្មែរក្រហមភាគច្រើនត្រូវយកទៅដាក់ឃុំឃាំង ឬយកទៅសម្លាប់ចោល៕