ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ព្រះ​រាជ​អាជ្ញា​ជាតិ និង​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម ខ្វែង​គំនិត​គ្នា​ក្នុង​សំណុំ​រឿង​លោក មាស មុត


លោក មាស មុត អតីត​មេ​បញ្ជាការ​យោធា​ជើងទឹក​សម័យ​ខ្មែរក្រហម នៅ​គេហដ្ឋាន​របស់​លោក​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)
លោក មាស មុត អតីត​មេ​បញ្ជាការ​យោធា​ជើងទឹក​សម័យ​ខ្មែរក្រហម នៅ​គេហដ្ឋាន​របស់​លោក​នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០១៥។ (សុខ ខេមរា/VOA Khmer)

សហ​ព្រះរាជ​អាជ្ញា​ជាតិ​បាន​បញ្ជាក់​ថា ការ​នាំ​ខ្លួន​លោក​មាស មុត មក​ជំនុំ​ជម្រះ «នឹង​មិន​បម្រើ​ជា​ប្រយោជន៍​ដល់​អំពើ​យុត្តិធម៌​នោះ​ទេ។ ប្រសិន​បើ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់ នឹង​មាន​ការ​បែកបាក់​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស និង​អាច​កើត​មាន​ចលាចល​សង្គម​ធ្ងន់ធ្ងរ»។

សហ​ព្រះរាជ​អាជ្ញា​ជាតិ និង​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម មាន​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​សំណុំ​រឿង ០០៣ ពាក់ព័ន្ធ​នឹង​ករណី​លោក មាស មុត។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​សាលាក្ដី​ខ្មែរ​ក្រហម​អំពី​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​របស់​សហ​ព្រះរាជ​អាជ្ញា​ជាតិ និង​អន្តរជាតិ ចេញ​ផ្សាយ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា​នេះ ដែល VOA ទទួល​បាន។

សេចក្ដី​ប្រកាស​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​បញ្ជាក់​ថា សហ​ព្រះរាជ​អាជ្ញា​ជាតិ និង​អន្តរជាតិ បាន​ដាក់​ដីកា​សន្និដ្ឋាន​ស្ថាពរ​រៀងៗ​ខ្លួន​អំពី​សំណុំ​រឿង ០០៣ ពាក់ព័ន្ធ​នឹង​កិច្ច​ស៊ើប​អង្កេត​លើ​លោក មាស មុត កាល​ពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ដោយ​ស្នើ​ឲ្យ​សហ​ចៅក្រម​ស៊ើប​អង្កេត​ពិចារណា​ថា​តើ​គួរ​បញ្ជូន​ជន​ត្រូវ​ចោទ​ទៅ​ជំនុំ​ជម្រះ ឬ​ក៏​យ៉ាង​ណា​នោះ។

សហ​ព្រះរាជ​អាជ្ញា​ជាតិ​នៅតែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ដដែល​ថា «មាន​តែ​ជន​ជាប់​ចោទ​ដែល​សាលាក្ដី​ខ្មែរ​ក្រហម​បាន​កាត់​ទោស​កន្លង​មក​តែ​ប៉ុណ្ណោះ ដែល​ជា​មេដឹកនាំ​ជាន់​ខ្ពស់ និង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​សម្រាប់​ឧក្រិដ្ឋកម្ម​នានា​ដែល​ប្រព្រឹត្តិ​ឡើង​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​បុគ្គល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សហ​ព្រះ​រាជអាជ្ញា​ជាតិ។

ប៉ុន្តែ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​អះអាង​ថា លោក​មាស មុត ‍«គឺ​ជា​បុគ្គល​ម្នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​បុគ្គល​នៃ «ជន​ទាំង​ឡាយ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត» ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្តិ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ» និង «ស្ថិត​ក្រោម​យុត្តាធិការ​បុគ្គល​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា»។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នីមួយៗ​របស់​សហ​ព្រះរាជអាជ្ញា​ទាំង​ពីរ សហ​ព្រះរាជ​អាជ្ញា​ជាតិ​បាន​បញ្ជាក់​ថា ការ​នាំ​ខ្លួន​លោក​មាស មុត មក​ជំនុំ​ជម្រះ «នឹង​មិន​បម្រើ​ជា​ប្រយោជន៍​ដល់​អំពើ​យុត្តិធម៌​នោះ​ទេ។ ប្រសិន​បើ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់ នឹង​មាន​ការ​បែកបាក់​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស និង​អាច​កើត​មាន​ចលាចល​សង្គម​ធ្ងន់ធ្ងរ»។

ផ្ទុយ​មកវិញ សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បាន​អះអាង​ថា ការ​កាត់​ទោស​លោក មាស មុត «នឹង​មិន​ប៉ះពាល់​ដល់​ការ​ផ្សះផ្សា​ជាតិ ស្ថិរភាព សន្តិភាព ឬ​សន្តិសុខ​ជាតិ​នៅ​កម្ពុជា​ឡើយ» ដោយ «កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​ឲ្យ​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​រង្គាល​ចំពោះ​សកម្មភាព​របស់​ពួកគេ នឹង​បង្កើន​ទំនុក​ចិត្ត​សាធារណជន​ឲ្យ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា បុគ្គល​ដ៏​មាន​ឥទ្ធិពល​មិន​អាច​គេចវេះ​ជា​រៀង​រហូត​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​នានា​ឡើយ និង​ថា​យុត្តិធម៌​នឹង​ត្រូវ​សម្រេច​បាន»។

សាលាក្ដី​ខ្មែរ​ក្រហម​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា៖ «ដូច​គ្នា​ទៅ​នឹង​ជន​ត្រូវ​ចោទ និង​ជន​ជាប់​ចោទ​ទាំង​អស់​នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ដែរ [លោក] មាស មុត នៅតែ​រក្សា​ការ​សន្មត​ថា ​គ្មាន​ទោស​ដដែល ដែល​វា​នឹង​ត្រូវ​អស់ តែ​នៅ​ពេល​ណា​ដែល​ពិរុទ្ធភាព​របស់​គាត់​ត្រូវ​បាន​រក​ឃើញ​នៅ​ពេល​សវនាការ និង​ត្រូវ​បាន​តម្កល់​តាម​រយៈ​បណ្ដឹង​សារទុក្ខ​ណា​មួយ​ប៉ុណ្ណោះ‍»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG