ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្ត​ហោះ​ឌ្រូន គឺ​ជា​អាវុធ​ថ្មី​មួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ប្រទេស​តង់ហ្សានី


រូបឯកសារ៖ មូសដែក​គោល​ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ចាញ់។
រូបឯកសារ៖ មូសដែក​គោល​ដែល​ជា​ភ្នាក់​ងារ​ចម្លង​ជំងឺ​គ្រុន​ចាញ់។

យន្ត​ហោះ​ឌ្រូន​ត្រូវ​បាន​គេ​ប្រើជា​អាវុធ​ថ្មី​មួយ​សម្រាប់​ប្រឆាំង​នឹង​ជំងឺគ្រុនចាញ់​នៅ​លើ​កោះ ​Zanzibar។ នៅ​ក្នុង​ភូមិ ​Cheju ​ឌ្រូន​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រើដើម្បី​បាច​សាចសារធាតុ​រាវ​ទៅ​លើ​ថ្លុក​ទឹក​ធំៗ​ជាច្រើន​នៅ​តាម​វាល​ស្រែ កន្លែង​ដែល​មូស​ដែក​គោល​ពង។

ឌ្រូន​ទាំង​នេះ​កំពុង​បាច​សាច​សារធាតុ​ស៊ីលីកូន​ ទៅ​លើ​កន្លែង​ណា​ដែល​មាន​ទឹក ​ដែល​បង្កើត​ជា​ស្រទាប់​ស្ដើង​មួយ​ដែល​ររាំង​ពងមូស​មិន​ឲ្យ​ញាស់។
លោក​វេជ្ជបណ្ឌិត ​Bart Knols ​ជាអ្នក​សិក្សា​ស្រាវជ្រាវ​អំពី​សត្វ​ល្អិតតាម​បែប​វិទ្យាសាស្ត្រ និង​ជា​អ្នកដឹក​នាំក្រុម​អ្នក​ស្រាវ​ជ្រាវ​ក្នុង​កម្មវិធី​កម្ចាត់​ជំងឺ​គ្រុន​ចាញ់ ឬ​ Zanzibar Malaria Elimination Program។ លោក​បាន​និយាយ​ថា វិធី​នេះ​នឹង​កាត់​បន្ថយ​ចំនួន​មូស​ដែក​គោល​នៅ​ក្នុង​តំបន់។

លោកBart Knols បាន​និយាយ​ថា៖ «[ស្រទាប់]នេះ ​អាច​មាន​អាយុ​កាលប្រហែល​ពី​បី​ទៅ​បួន​សប្ដាហ៍ បន្ទាប់​មក​សារធាតុ​ជីវសាស្ត្រ​ដែល​ជា​ស្រទាប់​នេះ​នឹង​រលាយ​ខ្លួន​ឯង។ មួយ​ខែ​ក្រោយ​មក ​អ្នក​អាច​បាច​សាច​សារធាតុ​រាវ​នេះ​ទៅ​លើ​ផ្ទៃ​ទឹក​ម្ដង​ទៀត ដើម្បី​ការពារ​មូស​ឲ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន‍»។​

បើ​សិន​ជា​គ្មាន​ស្រទាប់​នេះ ដង្កូវ​ទឹក​នឹង​ក្លាយ​ខ្លួន​ជា​មូស​ពេញវ័យ​ ហើយ​មូស​ទាំង​នោះ​នឹង​ចេញ​ទៅ​រកចំណី [ឈាម]។​ នៅ​ពេល​មូស​ទាំង​នោះ​ខាំ​មនុស្ស ពួក​វា​នឹង​ចម្លង​មេរោគ​គ្រុន​ចាញ់​ដល់​ពួក​គេ ហើយ​មូស​ទាំង​នោះ​ក្លាយ​ខ្លួន​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​រហូត​ដល់​ស្លាប់។​

តាម​បណ្ដាយ​ឆ្នេរសមុទ្រ​ឥណ្ឌា​នៃ​ភាគ​ខាង​កើត​ទ្វីបអាហ្វ្រិក ​តំបន់ ​Zanzibar ​និង​តំបន់​ដី​គោក​ក្នុង​ប្រទេស​តង់ហ្សានី ​មាន​ប្រវត្តិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺគ្រុន​ចាញ់​ជា​យូរ​ណាស់​មក​ហើយ។ លោក Abdula Ally មកពី​កម្មវិធី​លុប​បំបាត់​ជំងឺ​គ្រុនចាញ់ Zanzibar បាន​ឲ្យដឹង​ថា ​ការ​ប្រើប្រាស់​ឌ្រូន​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ជំងឺ​គ្រុន​ចាញ់។
លោក Abdula បាននិយាយថា៖ «ការ​ប្រើ​វិធានការតាម​បែប​ប្រពៃណី អ្នក​មិន​អាច​គ្រប​ដណ្ដប់​ទំហំដី​បាន​ធំ​នោះទេ​ ប៉ុន្តែ​ការ​ប្រើ​ឌ្រូន​គឺ​ខុសគ្នា‍»។

មន្ត្រី​និយាយ​ថា ការ​បាច​សាច​ថ្នាំដោយ​ប្រើ​ឌ្រូនគឺ​ជា​មធ្យោបាយ​ដែល​មាន​តម្លៃ​ថោក ដើម្បី​លុប​បំបាត់​ការ​បន្ត​ពូជ​របស់​សត្វ​មូស។

Guido Welter ​ធ្វើ​ការ​ជា​មួយ​គម្រោងឌ្រូន​កម្ចាត់​ជំងឺគ្រុន​ចាញ់បាន​និយាយ​ថា៖ «ឌ្រូន​អាច​ហោះ​ជា​មួយ​ល្បឿន​ដែលយើង​កំណត់​មួយ​ហិតា ​ត្រូវ​ការ​ថ្នាំ​១០​លីត្រ និង​ចំណាយ​ពេល​បី​នាទី។ យើង​បាន​គណនា​រួច​ហើយ​ថាមួយ​ម៉ោង​យើង​អាច​គ្រប​ដណ្ដប់ ៨​ ហិតា‍»។

លោក ​Eduardo Rodriguez អ្នកគ្របគ្រង​ផលិតផល DJI ប្រចាំទ្វីបអឺរ៉ុប បាន​និយាយ​ថា៖ «យើង​ក៏​អាច​បង្ហោះ​ដោយ​ប្រើមធ្យោបាយ​ស្វ័យ​ប្រវត្តិ ​ដែល​អ្នក​បញ្ជា​ប្រើ GPS និង​ស្គាល់ទីតាំង​ដែល​ត្រូវ​បាចសាច​ថ្នាំ និង​អាច​ជ្រើស​រើស​របៀប​បាញ់ ​និង​របៀប​ហោះ ដោយ​ធ្វើ​ការ​ចុច​ប៊ុតុង​ពីរ។

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក WHO​ ផលិតផល​Aquatain AMF ​ដែល​គេ​ប្រើ​ដើម្បី​បាញ់ ​គឺ​មាន​សុវត្ថិភាព ​និង​មាន​ប្រសិទ្ធភាព​នៅ​ពេល​ប្រើ​តាម​ការ​ណែ​នាំ​ភ្ជាប់​ជាមួយ​ថ្នាំ៕

ប្រែសម្រួលដោយ សឿន​ វឌ្ឍនា

XS
SM
MD
LG