ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ​ជាប់លាប់​ជា​គន្លឹះ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់


រូបភាព​ឯកសារ៖ បុគ្គលិក​សុខាភិបាល​សាធារណៈ​ម្នាក់​បូម​យក​ឈាម​ពី​ស្ត្រី​ម្នាក់​ដើម្បី​ធ្វើ​ការ​ពិសោធ​រក​មេរោគ​ជំងឺ​គ្រុន​ចាញ់ នៅ​ក្នុង​ស្រុក Bo Rai ខេត្ត Trat ប្រទេស​ថៃ។
រូបភាព​ឯកសារ៖ បុគ្គលិក​សុខាភិបាល​សាធារណៈ​ម្នាក់​បូម​យក​ឈាម​ពី​ស្ត្រី​ម្នាក់​ដើម្បី​ធ្វើ​ការ​ពិសោធ​រក​មេរោគ​ជំងឺ​គ្រុន​ចាញ់ នៅ​ក្នុង​ស្រុក Bo Rai ខេត្ត Trat ប្រទេស​ថៃ។

មុង​ជ្រលក់​ថ្នាំ​ជា​វិធីសាស្រ្ត​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​ លុះត្រា​តែ​គេ​ប្រើប្រាស់​វា​ជាប់លាប់។ ប្រព័ន្ធត្រួតពិនិត្យ​ថ្មី​មួយដើម្បី​តាមដាន​ការ​ប្រើប្រាស់​មុងបាន​រកឃើញ​ថា​ មនុស្ស​ជាច្រើន​មិន​បាន​ប្រើ​មុង​នេះតាម​ការ​ណែនាំ​នោះ​ទេ។

ជំងឺ​គ្រុនចាញ់​សម្លាប់​មនុស្ស​ជាង​៤០០.០០០នាក់​ ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ Paul Krezanoski ដែល​ជា​អ្នក​ជំនាញ​បង្ការ​ជំងឺ​គ្រុនចាញ់​នេះ​បាន​និយាយ​ថា មុង​ជ្រលក់​ថ្នាំ​អាច​ជួយ​កាត់​បន្ថយ​ចំនួន​មនុស្ស​ស្លាប់​បាន។ លោក វេជ្ជបណ្ឌិត ​Krezanoski បានថ្លែងថា៖

«ក្នុង​រយៈពេល​១៥ឆ្នាំ​មុន រហូត​ដល់​ឆ្នាំ២០១៥ មានការ​ប៉ាន់ស្មាន​ថា ការ​ឆ្លង​ជំងឺ​គ្រុនចាញ់​បាន​ថយចុះ​ប្រមាណ​ជា​ពាក់កណ្តាល ហើយ​៦០%​នៃ​ការ​ធ្លាក់ចុះ​នេះ​គឺ​ដោយសារ​តែ​ការ​ប្រើប្រាស់​មុង​ជ្រលក់ថ្នាំ»។

ទោះ​ជា​យ៉ាង​ណា​ក្តី ​អង្គការ​សុខភាព​ពិភពលោក WHO​ បាន​របាយការណ៍​ថា កិច្ចប្រឹងប្រែង​ដើម្បី​បញ្ឈប់​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុនចាញ់​ត្រូវ​បាន​ជាប់គាំង​ តាំង​ពី​ឆ្នាំ២០១៥​មក។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​យល់​ថា​ មុង​អាច​គ្មាន​ប្រសិទ្ធភាព​ដូច​កាលពី​មុន​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត Krezanoski ចង់ដឹង​ថា​តើ​មនុស្សម្នា​ពិត​ជា​ប្រើប្រាស់​មុង​ជ្រលក់ថ្នាំ​តាម​ការ​ណែនាំ​ដែរ​ឬទេ។ លោក​បាន​សហការ​ជាមួយ​នឹង​សហគមន៍​សម្រាប់​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​មាន​តម្លៃ​សមរម្យ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Consortium for Affordable Medical Technologies ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​ ដើម្បី​បង្កើត​ឧបករណ៍​ឈ្មោះ SmartNet ដែល​បើប្រាស់​សរសៃ​មុង​ ដើម្បី​តាមដាន​ថា​តើ​មុង​ត្រូវ​បាន​គេ​ប្រើប្រាស់​ដែរ​ឬ​ទេ។ លោក​បាន​ស្នើ​ឲ្យ​គ្រួសារ​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​ប្រើប្រាស់​ឧបករណ៍​នោះ ដូច​ពួកគេ​ប្រើប្រាស់​មុង​ធម្មតា។

លោក​បាន​និយាយ​ថា៖ «អ្នក​អាច​យល់ហើយថា ប្រសិន​បើ​ពួកគេ​ដឹង​ថា មាន​ការ​តាមដាន​ទៅលើ​ការប្រើមុង​របស់​ពួកគេ​ នោះ​ពួកគេ​នឹង​ប្រើ​វា​ជាប់លាប់​ ហើយ​នេះ​ជា​អ្វី​ដែល​អ្នក​ស្រាវជ្រាវ​ចង់​បាន​ ប៉ុន្តែ​រឿង​នេះ​មិន​បាន​កើត​ឡើង​អីចឹង​ទេ​ ហើយ​វា​បាន​ប្រាប់​ខ្ញុំ​ថា ការ​ប្រើប្រាស់​មុង​មាន​ភាព​ខុស​គ្នា​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ដឹង​ទៅ​ទៀត»។

លោកស្រី Kate Zinszer ដែល​ជា​អ្នក​ជំនាញ​នៃ​រោគ​រាតត្បាតនៅឯ​សាកលវិទ្យាល័យ​ Montreal បាន​និយាយ​ថា ការ​រកឃើញ​នេះ​ជួយ​ពន្យល់​ពី​ការ​ធ្លាក់ចុះមួយ​ចំនួន​នៅ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​គ្រុន​ចាញ់។

លោក​ស្រី ZINSZER បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា វា​ជា​គំនិត​ច្នៃប្រឌិត​មួយ។ ខ្ញុំ​គិត​ថា​ការវិនិយោគ​លើ​មុង​នេះ​ សំខាន់បំផុត​គឺត្រូវដឹងថា​មុង​ទាំង​នោះ​ពិតជា​ត្រូវ​បាន​គេ​ប្រើប្រាស់​ពិត​មែន​ឬទេ។ ដូច្នេះខ្ញុំ​គិត​ថា នេះ​ជា​ការ​រីកចម្រើន​មួយ​ដ៏​សំខាន់»។

លោក​វេជ្ជបណ្ឌិត Krezanoski សង្ឃឹម​ថា នៅ​ទីបំផុត​លោក​អាច​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​រយៈពេល​ដែល​ក្មេង​ប្រើប្រាស់​មុង និង​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​គ្រុនចាញ់។

លោកវេជ្ជបណ្ឌិត​ KREZANOSKI បាន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា ឧបករណ៍​នេះ​នឹង​ជួយ​ដល់​សហគមន៍ប្រយុទ្ធប្រឆាំងជំងឺ​គ្រុនចាញ់​អន្តរជាតិ​កំណត់​បាន​ច្បាស់​ពីថវិកា​វិនិយោគ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ចែកចាយ​មុង និង​ជួយ​កំណត់​ពី​ឥរិយាបថ​របស់​មនុស្ស​ក្នុង​ការ​ប្រើប្រាស់​មុង និង​ជួយ​យើង​ឲ្យ​ស្វែងយល់​ពី​វិធី​ល្អ​បំផុត​ក្នុង​ការ​កាត់បន្ថយ​ជំងឺ​គ្រុន​ចាញ់​នៅ​ពេល​អនាគត»។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក ប្រទេស​ចំនួន​២១​មាន​សក្តានុពល​ក្នុង​ការ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​នៅ​ត្រឹម​ឆ្នាំ២០២០ ហើយ​ការ​ប្រើប្រាស់​មុង​ត្រឹមត្រូវ​អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​នេះ៕

XS
SM
MD
LG