គណៈកម្មការបោះឆ្នោតដែលហៅថា CENI បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីមួយរូប ដែលបាននិយាយថា CENI មានថវិកាគ្រប់គ្រាន់សម្រាប់ធ្វើការរៀបចំការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ខេត្ត និងតាមតំបន់ ចាប់ពីពេលនេះទៅដល់ចុងឆ្នាំក្រោយ។
អ្នកវិភាគរបស់អង្គការស្រាវជ្រាវវិបត្តិអន្តរជាតិ លោក Hans Hoebeke បានតាមដានដំណើរការបោះឆ្នោតរបស់សាធារណរដ្ឋប្រធិបតេយ្យកុងហ្គោ។
លោកបានឲ្យដឹងថាគណៈកម្មការ CENI បានសរសេរលិខិតមួយទៅឲ្យរដ្ឋាភិបាល ដោយនិយាយថា ចាប់តាំងពីឆ្នាំ២០១៣មក គណៈកម្មការនេះទទួលបានថវិកាតែ១៧ភាគរយនៃចំណែកថវិកាសម្រាប់រៀបចំការបោះឆ្នោតនេះប៉ុណ្ណោះ។
លោក Lambert Mende អ្នកនាំពាក្យរបស់រដ្ឋាភិបាល បដិសេធមិនផ្តល់យោបល់ទៅលើចំនួនតួលេខនេះ។
ប៉ុន្តែលោក Mende បានឲ្យដឹងថាថវិកាដែលរដ្ឋសភាយល់ព្រមផ្តល់ឲ្យ CENI មានចំនួនជាង១ពាន់លានដុល្លារនោះហាក់ដូចជាលើសលប់ទៅហើយសម្រាប់ប្រទេសដែលមានថវិកាសរុបត្រឹមតែ៨ពាន់លានដុល្លារ និងរំពឹងលើអ្នកផ្តល់ជំនួយពីខាងក្រៅ ដែលពេលនេះពួកគេដូចជាទើសទាល់នឹងផ្តល់ឲ្យ។
លោក Hoebeke បានរៀបរាប់ថា ថវិកានេះជាចំនួនមួយយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកបាននិយាយថា គណៈកម្មការអាចរៀបចំធ្វើកិច្ចការបោះឆ្នោតបានដោយចំណាយថវិកាតិចជាងនេះយ៉ាងច្រើន។ ហើយទាំងការបែងចែកថវិកា និងដំណើរការបោះឆ្នោតទាំងមូល សុទ្ធតែមិនមានតម្លាភាពច្បាស់លាស់ទាល់តែសោះ។
លោក Hoebeke បានប្រាប់ VOA ថាថ្មីៗនេះ លោកបានទៅធ្វើទស្សនកិច្ចនៅការិយាល័យគណៈកម្មការបោះឆ្នោត CENI នៅខេត្ត Katanga និងបានមើលឃើញហានិភ័យនៃភាពខ្ជះខ្ជាយជាច្រើន។
លោកឃើញមានឧបករណ៍ និងសម្ភារៈដែលទុកឲ្យខូចទ្រុឌទ្រោម និងមានយានយន្តដែលមិនត្រូវបានប្រើប្រាស់តាំងពីឆ្នាំ២០១១។ លោកបានឮថា ប្រអប់ឆ្នោតដែលប្រើពីមុន ឥឡូវនេះត្រូវបានយកធ្វើជាធុងសំរាមជាច្រើនកន្លែង។
លិខិតពីបុគ្គលិកគណៈកម្មការបោះឆ្នោតបង្ហាញនូវមន្ទិលសង្ស័យកាន់តែច្រើនអំពីដំណើរការបោះឆ្នោតរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ដំណើរការនេះ បានរងវិបត្តិមួយរួចទៅហើយនៅសប្តាហ៍នេះ នៅពេលដែលប្រធានគណៈកម្មការនេះបានលាលែងពីមុខងារ ដោយលើកឡើងពីមូលហេតុសុខភាព។
ក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតី Joseph Kabila បានបង្ហាញការបារម្ភថា លោកចង់ពន្យារពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយនេះ ដោយចង់នៅកាន់តំណែងយូរជាងអាណត្តិទី២របស់លោក៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា