ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ អំពាវនាវ​សុំថវិកា​ជាង​មួយពាន់​លានដុល្លា សម្រាប់សេចក្តី​ត្រូវ​ការក្នុង​ឆ្នាំ​២០១៣


ថវិកា​របស់ទីភ្នាក់ងារ​នេះមួយ​ផ្នែក​ធំ​បំផុត​ ត្រូវផ្តល់ទៅឱ្យទ្វីប​អាហ្រ្វិក។
ថវិកា​របស់ទីភ្នាក់ងារ​នេះមួយ​ផ្នែក​ធំ​បំផុត​ ត្រូវផ្តល់ទៅឱ្យទ្វីប​អាហ្រ្វិក។
ប្រែសម្រួលដោយ ឌី ខាំបូលី
គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (International Committee of the Red Cross) ឬ​ហៅកាត់​ថា ICRC កំពុង​អំពាវនាវ​សុំ​ជំនួយ​ថវិការ​ជិត​១,២៥​ពាន់លាន​ដុល្លា ដើម្បី​ថែរក្សា​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​ជាប់​នៅក្នុង​ជម្លោះ​ប្រដាប់​អាវុធ និង​ស្ថានភាព​នៃ​អំពើ​ហិង្សា​ផ្សេងៗ​ទៀត នៅជុំវិញ​ពិភពលោក​ នៅក្នុង​ឆ្នាំ​ខាងមុខ​នេះ។ ប្រតិបត្តិការ​ធំ​បំផុត​ទាក់ទងនឹង​ការចំណាយ​នៅក្នុង​ឆ្នាំ​២០១៣ គឺ​ប្រជាពលរដ្ឋ​អាហ្វកានីស្ថាន ហើយ​ដូចកាល​ពីឆ្នាំ​មុនៗដែរ ទ្វីប​អាហ្រ្វិក​នឹង​ត្រូវចំណាយ​ជាង​៤០​ភាគរយ​នៃ​ថវិកា​របស់ ICRC។
គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ថ្លែងថា ខ្លួន​មើលឃើញ​លទ្ធភាព​តិចតួច​ណាស់ សម្រាប់​ភាពប្រសើរឡើងជា​ចម្បងៗនៅក្នុង​ជីវិតរស់​នៅប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋ​រាប់លាន​នាក់ ដែល​ជាប់​នៅក្នុងជម្លោះ​ប្រដាប់​អាវុធ​ដ៏ស្មុគស្មាញ​ដែល​កំពុងតែ​កើនឡើង។
លោក ភីតធឺ មូរ័រ (Peter Maurer) ប្រធាន ICRC មាន​ប្រសាសន៍​ថា លោក​មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​អត្រានៃ​ការ​ស្លាប់​របស់​ជនស៊ីវិល​នៃ​ជម្លោះ​ដែល​កំពុងតែ​កើនឡើង​នៅក្នុង​ប្រទេស ស៊ីរ៉ី (Syria) ក៏ដូចជា​ការប្រយុទ្ធសារជាថ្មី និង​ការរំលោភបំពាន​ជាច្រើន ដែល​បាន​កើតមានឡើង​នៅភាគ​ខាងកើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo)។
លោក​ថ្លែងថា ការខ្វះខាត​ម្ហូបអាហារ​និងការបាត់បង់​សេវាកម្ម​មូលដ្ឋាន​នៅ​ភាគខាងជើង​នៃ​ប្រទេស ម៉ាលី កំពុង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​នៅទីនោះ ទទួលរង​គ្រោះ​កាន់តែខ្លាំង​ឡើង។
ខណៈដែល​ការចាប់អារម្មណ៍​ជាសាធារណ ត្រូវបាន​ផ្តោតទៅលើ​ចំណុច​ដ៏ក្តៅ​គគុក​ទាំងនេះ ដែល​បាន​ក្លាយ​ជា​ចំណងជើង​ធំៗ​របស់​កាសែត លោក មូរ័រ និយាយ​ថា ICRC ក៏កំពុងតែ​ធ្វើការឆ្ពោះ​ទៅ​រក​ការកាត់​បន្ថយ​ការឈឺចាប់ ​នៅតាម​ទីកន្លែងដែល​ត្រូវបាន​បំភ្លេចចោល​ដូចជាប្រទេស​ហ្វីលីពីន (the Philippines) ម៉ាដាហ្គាស្ការ៍ (Madagascar) និង​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល (Central African Republic)ជា​ដើម។
លោក​ថ្លែងថា ការខ្វះខាត​លទ្ធភាពនិងភាពអសន្តិសុខកាន់​តែ​ខ្លាំង​ឡើង​ គឺជាឧបសគ្គយ៉ាង​ធំ​ធេងចំពោះ​លទ្ធភាព​របស់ទី​ភ្នាក់ងារ​នេះ​ក្នុង​ការផ្តល់ជំនួយ។ លោក​និយាយថា លទ្ធភាព​ក្នុងការទទួល​បាន​របស់ប្រជាពលរដ្ឋដែល​កំពុង​ត្រូវការ​ជំនួយ​នៅលើ​ពិភពលោក កំពុង​តែ​រួញតូចទៅៗ។
លោក​និយាយ​ថា ករណី​ជាក់ស្តែង​មួយ​គឺ​ប្រទេស ស៊ីរ៉ី ដែល​នៅទីនោះ ជម្លោះ​កំពុងតែ​រីកសាយ ហើយ​លទ្ធភាព​ក្នុងការចូលទៅដល់​ប្រជាពលរដ្ឋ គឺ​មិនវិវឌ្ឍ​ទៅមុខ​នោះទេ។
«ការព្រួយបារម្ភជា​ចម្បង​របស់​យើងនៅស៊ីរ៉ី ​នាពេល​បច្ចុប្បន្ន​នេះ គឺ​លទ្ធភាព​ក្នុងការចូលទៅ​ដល់ប្រជាពលរដ្ឋ ដែល​កំពុង​ទទួល​រងគ្រោះ​ពី​ផលប៉ះពាល់​នៃ​សង្រ្គាម។ ប៉ុន្តែ ទោះជាមាន​ការលំបាក​ទាំងនេះ​ក៏​ដោយ​ យើង​នៅតែ​រក្សា​បាន​នូវ​សកម្មភាព​មនុស្ស​ធម៌​សំខាន់ៗ​នៅក្នុង​ប្រទេសស៊ីរ៉ីដដែល។ វា​ជា​ឧទាហរណ៍​មួយ​សម្រាប់​អ្នក កាល​ពីខែ​វិច្ឆិកា​ឆ្នាំមុន យើង​នៅតែបន្ត​ចែកចាយគ្រឿ​បរិក្ខា​ប្រចាំ​គ្រួសារ​ចំនួន២ម៉ឺន​៤ពាន់​ ទាក់ទង​ទៅនឹង​កញ្ចប់​ម្ហូបអាហារ​សម្រាប់​ក្រុម​គ្រួសារ ដែលមាន​សមាជិក​៥​ឬ៦​នាក់ ដែល​អាច​ផ្តល់​អាហារ​ដល់​ក្រុម​គ្រួសារ​ទាំងនោះ សម្រាប់រយៈពេល​មួយខែ»។
លោក មូរ័រ និយាយថា កិច្ច​ខិត​ប្រឹងប្រែង​របស់ ICRC ដើម្បី​ទស្សនកិច្ចពន្ធនាគារធំៗ​ចំនួន​២៥​និង​កន្លែង​ឃុំឃាំង​ដ៏ទៃ​ទៀត នៅ​ស៊ីរ៉ី ត្រូវបាន​ផ្អាក។ ប្រធាន​កាកបាទ​ក្រហម​បាន​ទស្សនកិច្ច​ ទី​ក្រុង​ដាម៉ាស់ (Damascus) នៅក្នុង​ខែ​កញ្ញា ដើម្បី​ស្នើសុំ​ឱ្យ​បង្កើន​លទ្ធភាព​ក្នុង​ការចូលទៅមើល​អ្នក​ជាប់ឃុំឃាំង។ ទោះបីជា​មាន​ការធានាអះអាងបែបនោះក្តី លោក​និយាយ​ថា ការចរចារ​ទាំងឡាយ​ស្តីពី​ការទស្សនា​គុក​នេះ​កំពុង​ត្រូវបាន​អូសបន្លាយ ហើយ ICRC នៅតែ​រង់ចាំលទ្ធភាព​នេះ។
ថវិកា​របស់ទីភ្នាក់ងារ​នេះមួយ​ផ្នែក​ធំ​បំផុត​ ត្រូវផ្តល់ទៅឱ្យទ្វីប​អាហ្រ្វិក។ សូម៉ាលី (Somali) សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ស៊ូដង់​ខាងត្បូង (South Sudan) ស៊ូដង់ (Sudan) និង ម៉ាលី/នីហ្គឺ (Mali/Niger) គឺស្ថិត​នៅក្នុង​ចំណោមបណ្តាប្រទេស ដែល​ប្រតិបត្តិការ​មាន​ទំហំ​ធំធេង​បំផុត​ ​និងចំណាយសោហ៊ុយច្រើន​បំផុត ដែលទី​ភ្នាក់​ងារ​នេះ​ធ្វើ​ការ៕
XS
SM
MD
LG