ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ផលិត​ភាពយន្ត​មួយ​រូប​បាន​នាំ​​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ​​ឡើង «សវនាការ»


Milo Rau ផលិតករ​ជនជាតិ​ស្វីស​និយាយ​ទៅ​កាន់​សារព័ត៌មាន​ បន្ទាប់​ពី​សម្ដែង​ «សវនាការ​មូស្គូ» នៅ​ក្នុង​មជ្ឈមណ្ឌល​ Sakharov ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣។
Milo Rau ផលិតករ​ជនជាតិ​ស្វីស​និយាយ​ទៅ​កាន់​សារព័ត៌មាន​ បន្ទាប់​ពី​សម្ដែង​ «សវនាការ​មូស្គូ» នៅ​ក្នុង​មជ្ឈមណ្ឌល​ Sakharov ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣។

ក្រុមហ៊ុន​ជីក​រ៉ែ​មួយ​ចំនួន​ត្រូវ​បាន​គេ​យក​មក​វិនិច្ឆ័យ​ទោស​កំហុស​ជា​លក្ខណៈ​និមិត្តរូប​ ហើយ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ភាព​យន្តឯកសារ​មួយ​ ដែល​ត្រូវ​បាន​ថត​នៅ​ភាគ​ខាង​កើត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។ នៅ​ក្នុង«សវនាការ»​ ​រៀបចំ​ដោយ​ លោក Milo Rau ផលិតករ​ជនជាតិ​ស្វីស​ គេ​បាន​ស្តាប់​ការ​ធ្វើ​សក្ខីកម្ម​ ដែល​គាំទ្រ​និង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ទាំង​នោះ។ ក៏ប៉ុន្តែ​ភាគច្រើន​នៃ​សក្ខីកម្ម​ក្នុង​សវនាការ​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ប្រឆាំង​ទៅនឹង​ក្រុមហ៊ុន​រ៉ែ​ទាំង​នោះ។

លោក ​Milo Rau គឺ​ជាផលិតករ​ភាពយន្ត​វ័យ​៣៨ឆ្នាំ ​ដែល​មាន​ក្រុមហ៊ុន​ផលិតកម្ម​មួយ​ផ្ទាល់​ខ្លួន​ ​ឈ្មោះ​ថា វិទ្យាស្ថាន​ឃាតកម្ម​នយោបាយ (Institute of Political Murder)។ លោក​ត្រូវ​បាន​កាសែត​អាល្លឺម៉ង់​មួយ​ពិពណ៌នា​ថា​ ជា​ផលិតករ​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ជាង​គេ បើ​ប្រៀប​ធៀប​ទៅ​នឹង​ផលិតករ​ផ្សេង​ទៀត​ដែល​មាន​វ័យ​ស្របាល​នឹង​លោក។

ភាពយន្ត​របស់​លោក​អំពី​ប្រទេស​កុងហ្គោ​នឹង​ផ្តោត​សំខាន់​លើ​ «សវនាការ​ប្រជាជន»​ ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ ហើយ​សវនាការ​នេះលោកបាន​រៀបចំ​ឡើង​នៅ​ទីក្រុង Bukavu ​ភាគ​ខាង​កើត​នៃ​ប្រទេស​កុងហ្គោ។​ ព្រឹត្តិការណ៍​នៃ​ការ​រៀបចំ​សវនាការ​នេះ​មិន​មាន​អំណាច​ផ្លូវ​ច្បាប់​ជាក់​ស្តែង​ទេ ក៏ប៉ុន្តែ​លោក​បាន​បញ្ចុះ​បញ្ចូល​មេធាវី​អាជីព​ឲ្យ​មក​ចូលរួម​ ដែល​រួមមាន​មេធាវី​ធ្លាប់​បម្រើការ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិផងដែរ។

ពួកគេ​ធ្វើ​តាម​នីតិវិធី​ដែល​មាន​គណៈវិនិច្ឆ័យជា​អ្នក​ជំនាញ​ខាង​រ៉ែ និង​ខាង​ផ្នែក​នយោបាយ​សញ្ជាតិ​កុងហ្គោ​នៅ​ពី​មុខ​សាធារណជន​ជាច្រើន​នាក់​ ដែល​រួម​មាន​ទាំង​អភិបាល​ខេត្ត South Kivu ផងដែរ។

ថ្ងៃ​ទី​១​នៃ​សវនាការ​នោះ​បាន​សង្កត់​ធ្ងន់ទៅ​លើ​ជម្លោះ​ជុំវិញ​ការ​ធ្វើ​សម្បទាន​រ៉ែ​ពីរ​កន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ពហុ​ជាតិ​ចំនួន​ពីរ គឺ​ក្រុមហ៊ុន Alphamin Resources និង​ក្រុមហ៊ុន​ Banro។ ក្រុមហ៊ុន Alphamin ទើប​តែ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្មរ៉ែ​នៅ​ក្នុង​ប្រទេស​កុងហ្គោ​កាលពី​ឆ្នាំ​ទៅមិញ ក៏ប៉ុន្តែ​ក្រុមហ៊ុន ​Banro​ បាន​ធ្វើ​អាជីវកម្ម​រ៉ែ​នេះ​ នៅ​ក្នុង​ខេត្ត​ South Kivu ​តាំង​ពី​ឆ្នាំ២០១១​មក​ម៉្លេះ។

មាន​សាក្សី​ចំនួន​បី​នាក់​ដែល​បាន​អះអាង​ថា​ ក្រុមហ៊ុន​ Banro មិន​បាន​ផ្តល់​ប្រាក់​សំណង​គ្រប់គ្រាន់​ទៅ​ឲ្យ​ពួក​គេ​សម្រាប់​ការ​បណ្តេញ​ចេញ​ពី​ដីដែល​ក្រុមហ៊ុន​គ្រប់​គ្រង​សព្វ​ថ្ងៃ។

សាក្សី​ម្នាក់បាន​ប្រាប់​សវនាការ​ថា ​នៅ​មុន​ពេល​គេ​បណ្តេញ​ចេញ​ នាង​និង​គ្រួសារ​របស់​នាង​មាន​ផ្ទះ​ចំនួន​បី​កន្លែង​នៅ​តំបន់​ Luwhindja​ ដែល​ជា​តំបន់​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន ​Banro។ នាង​និយាយ​ថា ក្រុមហ៊ុន​បាន​សាងសង់​ផ្ទះ​ចំនួនពីរនៅ​កន្លែង​ថ្មី ​ដោយ​មួយ​សម្រាប់​រូប​នាង​ និង​មួយ​ទៀត​សម្រាប់​កូនៗ​របស់​នាង ក៏ប៉ុន្តែ​ផ្ទះ​មួយ​ទៀត​ដែល​គេ​សាង​សង់​សម្រាប់​កូន​ម្នាក់​ទៀត​របស់​នាង​មិន​ត្រូវ​បាន​គេ​ប្រគល់ឲ្យទេ។ ការ​ប្តឹងផ្ដល់​សំខាន់​មួយ​ទៀត​ដែល​នាង​បាន​លើក​ឡើងនោះ​គឺ​ថា ក្រុមហ៊ុន Banro បាន​ផ្តល់​កន្លែង​ថ្មី​ដែល​មិន​អាច​ចិញ្ចឹម​សត្វ​បាន។

លោក Sylvestre Bisimwa បាន​សម្តែង​ជា​អ្នក​ស៊ើបអង្កេត​នាំមុខ​គេ​នៅ​ក្នុង​សវនាការ​នោះ​ ហើយ​លោក​បានបម្រើការ​ជា​ប្រចាំ​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។

លោក Bisimwa បាន​សួរ​សាក្សី​ម្នាក់​ទៀត​ គឺ​ Peter Mugisho ​ដែល​ជា​សកម្មជន​មកពី​តំបន់​ Luwhindja អំពី​មូលហេតុ​ដែល​ក្រុមហ៊ុន Banro ​សម្រេច​ចិត្ត​ផ្តល់​ជម្រក​រស់​នៅ​មិន​សមរម្យឲ្យ​ដល់​គ្រួសារ​ដែល​ត្រូវ​បណ្តេញ​ចេញ​នេះ។

សាក្សី​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​គិត​ថា ​ក្រុមហ៊ុន​ Banro ​មិន​បាន​ជ្រើសរើស​យក​កន្លែង​នោះ​ទេ។ វា​មាន​ដំណើរ​ការ​មួយ​ដែល​សមាជិក​សហគមន៍​នេះ​មួយ​ចំនួនត្រូវ​បានគេ​សុំ​យោបល់​ដែរ​ ក៏ប៉ុន្តែ​ពួកគេ​មិន​បាន​ប្រឹក្សា​យោបល់​ជាមួយ​នឹង​មនុស្ស​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នោះ​ទេ»។

សាក្សី​ផ្សេង​ទៀត​បាន​ពាក់​ស្រោម​មុខ និង​និយាយ​តាម​ម៉ាស៊ីន​បំភ័ន្ត​សំឡេង​ដើម្បី​បិទ​បាំងអត្តសញ្ញាណ​របស់​ពួកគេ។ សាក្សី​អនាមិក​ម្នាក់​បាន​អះអាង​ថា​ គាត់​ធ្លាប់​ជា​សមាជិក​នៃ​ក្រុម​បះបោរ​មួយ​ ហើយ​និយាយ​ថា​ ក្រុម​របស់​គាត់​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​អ្នក​ជីក​រ៉ែ​ក្នុង​ទ្រង់ទ្រាយ​តូច​នៅ​កន្លែង​ជីក​រ៉ែ Bisie។

សាក្សី​និង​អ្នកចូល​រួម​ដទៃ​ទៀត​និយាយ​ថា​ ការ​ជីក​រ៉ែ​គឺ ​មិន​មែន​ជា​រឿង​ល្អ​ទេ​ សម្រាប់​អ្នក​ជីក​រ៉ែ​ជាច្រើន​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​បានបណ្តេញ​ចេញ​ និង​សម្រាប់​អ្នក​ដែល​ជីក​រ៉ែ​ដោយ​កម្លាំង​បាយ​ប្រមាណ​២លាន​នាក់​ ឬ​ច្រើន​ជាង​នេះ​ដែល​កំពុងធ្វើ​ការ​នៅ​ក្នុង​ប្រទេស ពីព្រោះ​ពួកគេ​ទំនង​ជា​នឹង​ត្រូវ​ពុះពារ​ដើម្បី​ឲ្យ​មាន​ជីវភាព​ល្អ​ដូច​អ្នក​ដែល​មាន​ការងារ​ផ្សេង​ទៀត។

គណៈវិនិច្ឆ័យ​ជំនាញ​បាន​ឈាន​ដល់​សម្រេច​ចិត្ត​មួយ​ប្រហាក់​ប្រហែល​គ្នា។ អ្នក​ស្រី​ Venantie Bisimwa Nabintu ដែល​ជា​សមាជិក​ម្នាក់​នៃ​គណៈវិនិច្ឆ័យ​នោះ​ធ្វើ​ការ​សង្ខេប​អំពី​ទស្សនៈ​របស់​ពួកគេ។

អ្នក​ស្រី​និយាយ​ថា៖ «នៅ​ដំណាក់​កាល​នេះ ការ​សម្រេច​ចិត្ត​របស់​យើង​គឺ​ថា ​ប្រតិបត្តិការ​ឧស្សាហកម្មរ៉ែ​នៅ​ក្នុង​តំបន់​នេះ​ មិនត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​វិនិយោគ​គ្រប់គ្រាន់​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ​ការ​បង្កើត​ការងារ​ ឬ​ការ​ជួយ​ជ្រោមជ្រែង​ដល់​សហគមន៍​ក្នុង​តំបន់​ទាំង​នេះ​ទេ»។

អ្នក​ស្រី​បន្ថែម​ទៀត​ថា៖ «ប្រសិន​បើ​ពួកគេ​ធ្វើ​ការ​វិនិយោគ​ដោយ​ផ្អែក​លើ​ចំណុច​ទាំង​នេះ​ ក្រុមហ៊ុន​ជីក​រ៉ែ​ទាំង​នោះ​អាច​ចូល​រួម​ចំណែក​កសាង​សន្តិភាព ​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ»។

អ្នក​ស្រី​ក៏​បាន​និយាយ​ផង​ដែរ​ថា ​ក្រុមហ៊ុន​ជីក​រ៉ែ​ទាំង​នោះ​បាន​កេង​ចំណេញ​ពី​អស្ថិរភាព​របស់​ប្រទេស​នេះ​ ​ដើម្បី​ទទួល​បាន​ការ​សម្បទាន​ទាំង​ឡាយ​ ក្នុង​លក្ខខណ្ឌ​ដែលមិន​មាន​ផល​ចំណេញ​សម្រាប់​សហគមន៍​ក្នុង​តំបន់។ គណៈវិនិច្ឆ័យ​យល់​ថា​ការ​ធ្វើអាជីវកម្ម​បែប​នេះ គឺ​ជា​ការ​ឆក់​ឱកាស។

តំណាង​ក្រុមហ៊ុន​ Banro បដិសេធ​មិន​ចូល​រួម​ក្នុង​សវនាការ​នោះ​ទេ។ នៅ​ក្នុង​ឆ្នាំ២០១៤​ ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ថា​ ចាប់​តាំងពី​ដំណើរការ​អាជីវកម្មជាង​១០ឆ្នាំ​មក ​ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​ចំនួន​៧៦៦លាន​ដុល្លារ​នៅ​ទីតាំង​ចំនួន​ពីររបស់​ខ្លួន​ក្នុង​ប្រទេស​កុងហ្គោ ដែល​រួម​មាន​ថវិកា​ចំនួន​៤០លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ការ​សាងសង់​ផ្លូវ​ក្នុង​តំបន់​នោះ ​និង​អគារ​ផ្សេងៗ​ និង​ទឹក​ប្រាក់​ប្រមាណ​ជា​៤,៥លាន​ដុល្លារ​ទៅ​លើ​គម្រោង​សង្គម​នានា។

គេ​គ្រោង​នឹង​បញ្ចាំង​ភាពយន្ត​ឯកសារ​របស់​លោក​ Rau ស្តីអំពី​បញ្ហា​ជីក​រ៉ែ​ និង​ការ​ធ្វើ​សវនាការ​នេះ​ ​នៅ​ចុង​ឆ្នាំ២០១៦៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG