វិធីព្យាបាលដ៏ចំណាស់នេះដែលត្រូវបានគេប្រើប្រាស់ជាងមួយសតវត្សរ៍មកហើយនោះដើម្បីប្រឆាំងទៅនឹងជំងឺរាតត្បាតនានារួមទាំង ជំងឺផ្តាសាយធំដែលបានរាតត្បាតជាសាកលកាលពីឆ្នាំ១៩១៨ រោគកញ្ជ្រឹលក្នុងទសវត្សរ៍១៩៣០ និងជំងឺរាតត្បាតអេបូឡា (Ebola) កាលពីឆ្នាំ២០១៤។
នៅពេលអ្នកជំងឺម្នាក់ជាសះស្បើយពីជំងឺមួយ ឈាមរបស់ពួកគេមានផ្ទុកអង់ទីគ័រ (អង្គបដិបក្ខ) ដែលប្រឆាំងទៅនឹងមេរោគនៃជំងឺនោះ។ អង់ទីគ័រដើរតួដូចជាអ្នកឃ្លាំមើលឲ្យប្រព័ន្ធការពាររបស់រាងកាយមនុស្សយ៉ាងដូច្នេះ។ នៅពេលដែលមេរោគឆ្លងជាថ្មីទៅអ្នកជំងឺនោះ អង់ទីគ័រឃ្លាំមើលនេះរាយកាណ៍ទៅ ប្រព័ន្ធការពាររាងកាយដើម្បីត្រៀមប្រយុទ្ធនឹងមេរោគឈ្លានពាន។
ការចាក់សេរ៉ូមមានជាតិអង់ទីគ័រពីអ្នកបានសះស្បើយនេះ អាចផ្តល់ភាពស៊ាំការពារដល់អ្នកដទៃ។
លោកវេជ្ជបណ្ឌិត Shmuel Shoham សាស្ត្រាចារ្យរងខាងផ្នែកឱសថសាស្ត្រនៅមហាវិទ្យាល័យឱសថសាស្ត្រនៃសាកលវិទ្យាល័យ Johns Hopkins ថ្លែងថា៖ «បើយើងអាចប្រមូលអង់ទីគ័រទាំងនេះនិងផ្តល់ទៅឲ្យអ្នកដែលបានទៅប៉ះនឹងមេរោគនេះ និងងាយឆ្លងមេរោគ ឬអ្នកដែលបានកើតជំងឺនេះក្នុងដំណាក់កាលដំបូង ពេលនោះយើងប្រហែលមានឱកាសជួយបានច្រើន»។
ក៏ប៉ុន្តែវិធីសាស្ត្រមិនមានប្រសិទ្ធភាពគ្រប់ពេលនោះទេ។
លោក Shoham បានធ្វើការសិក្សាមើលថា តើជាតិប្លាស្មាពីអ្នកជាសះស្បើយពីជំងឺផ្តាសាយធំ អាចជួយអ្នកកើតផ្តាសាយកម្រិតស្រាលឬធ្ងន់ដែរឬទេ។
លទ្ធផលគឺមិនបានជួយទេ។
ប៉ន្តែលោក Shoham មិនបានបោះបង់ក្តីសង្ឃឹមទេថាការចាក់សេរ៉ូមមានអង់ទីគ័រអ្នកជាសះស្បើយអាចទប់ទល់នឹងជំងឺកូវីដ១៩ មួយផ្នែកដោយសារអ្នកជំងឺនៅក្នុងការសិក្សារបស់លោកទាក់ទងនឹងជំងឺផ្តាសាយធំទំនងបានធ្លាក់ខ្លួនឈឺមួយរយៈហើយ ដែលធ្វើឲ្យអង់ទីគ័រលែងមានប្រសិទ្ធភាព។
លោក Shoham ពន្យល់ថា៖ «នៅពេលយើងព្យាយាមព្យាបាលអ្នកជំងឺនៅដំណាក់កណ្តាលបន្ទាប់ហើយ នៅពេលមេរោគវាចូលជ្រៅទៅក្នុងកោសិកាហើយ ពេលនោះផ្នែកផ្សេងទៀតនៃប្រព័ន្ធការពាររាងកាយមានសារៈសំខាន់ជាង។ ដូច្នេះសម្រាប់អ្នកជំងឺផ្តាសាយធំដែលយើងខ្ញុំបានសិក្សា ប្រហែលជាចាក់អង់ទីគ័រយឺតពេក ព្រោះពួកគេបានកើតជំងឺផ្តាសាយធំក្នុងខ្លួនរួចទៅហើយ»។
លោក Shoham ថាវិធីសាស្ត្រចាក់អង់ទីគ័រអាចមានប្រសិទ្ធភាពសម្រាប់ការពារអ្នកដែលមានហានិភ័យខ្ពស់ចំពោះការឆ្លងជំងឺ ដូចជាបុគ្គលិកសុខាភិបាលជាដើម។ វ៉ាក់សាំងមានប្រសិទ្ធភាពដោយសារវាជំរុញឲ្យប្រព័ន្ធការពារក្នុងរាងកាយមនុស្សបង្កើតអង់ទីគ័រប្រឆាំងនឹងមេរោគដែលបានចុះខ្សោយឬងាប់។ ជាតិប្លាស្មាក្នុងឈាមអាចបង្កើតអង់ទីគ័រទាំងនោះ ប៉ុន្តែបានមួយរយៈប៉ុណ្ណោះ។ អ្នកជំងឺដែលដែលគេបានចាក់បញ្ចូលជាតិប្លាស្មា មិនអាចផលិតអង់ទីគ័រដោយខ្លួនឯងបានទេ ដូច្នេះមធ្យោបាយការពារបណ្តោះអាសន្ននេះនឹងបាត់ទៅវិញ។
គ្រូពេទ្យចិនបានព្យាបាលអ្នកជំងឺកូវីដ១៩ខ្លះដោយប្រើជាតិប្លាស្មាពីអ្នកជាសះស្បើយ ក៏ប៉ុន្តែការព្យាបាលនេះមិនបានធ្វើឡើងនៅក្នុងក្របខណ្ឌនៃការសិក្សាព្យាបាលសាកល្បងត្រឹមត្រូវ ដូច្នេះគេមិនដឹងថាលទ្ធផលពិតប្រាកដយ៉ាងណានោះទេ។
អាជ្ញាធរចិនបានអំពាវនាវឲ្យពលរដ្ឋដែលបានជាសះស្បើយពីជំងឺកូវីដ១៩ បរិច្ចាគជាតិបា្លស្មាក្នុងឈាមរបស់ពួកគេ។
លោក Xiong Fei អ្នកបើកបររថយន្តក្រុងម្នាក់នៅទីក្រុងវូហាន ប្រទេសចិន ដែលបានឆ្លងជំងឺកូវីដ១៩ ពេលថែទាំម្តាយដែលបានកើតនិងស្លាប់ដោយជំងឺនេះ ថ្លែងតាមទូរទស្សន៍រដ្ឋរបស់ចិន CCTV ថា៖ «ខ្ញុំសង្ឃឹមថា មនុស្សគ្រប់គ្នាអាចរួមចំណែកបន្តិចម្នាក់ដើម្បីជួយបញ្ឈប់ជំងឺរាតត្បាតនេះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។
មណ្ឌលស្តុកទុកឈាមបម្រុងតែងប្រមូលជាតិប្លាស្មាសម្រាប់ត្រៀមប្រើប្រាស់នៅក្នុងការវះកាត់និងបន្ទប់សង្គ្រោះបន្ទាន់។
ក្រុមហ៊ុនថែទាំសុខភាពមួយរបស់អេស្ប៉ាញឈ្មោះ Grifols បានចុះកិច្ចព្រមព្រៀងមួយជាមួយរដ្ឋាភិបាលអាមេរិកដើម្បីប្រមូលជាតិប្លាស្មាបម្រុងទុកនៅមណ្ឌលផ្តល់ឈាមជាច្រើនកន្លែងរបស់ក្រុមហ៊ុននេះនៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះក៏កំពុងរៀចំបន្សុទ្ធជាតិអង់ទីគ័រប្រឆាំងវីរុសកូរ៉ូណា ដែលមាននៅក្នុងប្លាស្មា សម្រាប់ប្រើក្នុងការសិក្សាព្យាបាលសាកល្បងជំងឺកូវីដ១៩។
រដ្ឋបាលស្បៀងអាហារ និងឱសថសហរដ្ឋអាមេរិក (US FDA) កាលពីចុងខែមីនា បានអនុញ្ញាតឲ្យវេជ្ជបណ្ឌិតប្រើជាតិប្លាស្មារបស់អ្នកជាសះស្បើយ ក្នុងលក្ខខណ្ឌការសង្គ្រោះបន្ទាន់។
លោក Stephen Hahn ប្រធានរដ្ឋបាលស្បៀងអាហារនិងឱសថសហរដ្ឋអាមេរិកថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ឥឡូវនេះ វាជាវិធីព្យាបាលមួយដែលយើងអាចប្រើបាន។ វាមិនទាន់ជាវិធីព្យាបាលដែលប្រាកដថាមានប្រសិទ្ធភាពនោះទេ។ ហើយខ្ញុំគ្រាន់តែចង់បញ្ជាក់ពីចំណុចនេះ។
គេត្រូវធ្វើការពិសោធន៍សាកល្បងច្រើនទៀតទម្រាំអាចកំណត់បានថា តើការព្យាបាលអ្នកជំងឺដោយប្រើជាតិប្លាស្មាពីអ្នកជាសះស្បើយ ជាវិធីព្យាបាលមានសុវត្ថិភាពនិងប្រសិទ្ធភាពដែរឬទេ៕
ប្រែសម្រួលដោយ សឹង សុផាត