ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណោះស្រាយ​បញ្ហា​កូវីដ​១៩​ត្រូវ​ការ​វិធានការ​ម៉ឹងម៉ាត់​ក្នុង​គ្រា​លំបាក


ស្លាក​សញ្ញា​នៅ​អាកាសយានដ្ឋាន Heathrow ព្រមាន​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ស្លាក​សញ្ញា​នៅ​អាកាសយានដ្ឋាន Heathrow ព្រមាន​ពី​ការ​ឆ្លង​មេរោគ​កូរ៉ូណា នៅ​ក្នុង​ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

ខណៈ​ដែល​ប្រទេស​ជាច្រើន​លើ​ពិភពលោក​កំពុង​ស្វះស្វែង​រក​មធ្យោបាយ​ដ៏​ល្អបំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​កូវីដ​១៩ ប្រទេស​ខ្លះ​បាន​ចាត់​វិធានការ​ម៉ឹងម៉ាត់​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ។

ទោះបី​ជា​ជំងឺ​កូវីដ១៩ (COVID-១៩) នៅ​តែ​ដដែល​ពេល​ឆ្លង​ព្រំដែន​ពោល​គឺ​វា​រាលដាល​យ៉ាង​ឆាប់រហ័ស​ និង​ជា​ញឹកញយ​បង្ក​ឲ្យ​ស្លាប់​ក៏ដោយ ក៏​របៀប​ដែល​ប្រទេស​នានា​ឆ្លើយតប​នឹង​មេរោគ​នេះ​ អាច​មាន​ន័យ​ស្មើ​នឹង​ការ​ផ្លាស់ប្តូរ​លទ្ធផល​សម្រាប់​ប្រជាជន​របស់​ខ្លួន។

ប្រទេសចិន​បាន​ដាក់​ចេញ​វិធានការ​តឹងរ៉ឹង​ដែល​បាន​គ្រប់គ្រង​ការរីក​រាលដាល​នៃ​វីរុស​នេះ។

ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ងាក​ទៅ​រក​ការ​ធ្វើ​តេស្ត​តាមដាន​ និង​ព្យាបាល​មនុស្ស​ដើម្បី​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​នេះ។

នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​ គ្រា​លំបាក​បាន​ញ៉ាំង​ឱ្យ​មាន​វិធានការ​យ៉ាង​ម៉ឹងម៉ាត់។

ទីក្រុង​ប៉េកាំង​បាន​រាយការណ៍​មុន​គេ​អំពី​ជំងឺ​រលាកសួត​ថ្មី​មួយ​ដែល​បាន​លេច​ឡើង​នៅ​ទីក្រុង​វូហាន​ទៅ​កាន់​អង្គការ​សុខភាព​ពិភព​លោក​នៅ​ថ្ងៃទី៣១ ​ខែធ្នូ​ ឆ្នាំ​២០១៩។ នៅ​ថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២០​ ប្រទេស​ចិន​បាន​រាយការណ៍​ថា គ្មាន​ករណី​ឆ្លង​ថ្មី​ក្នុង​ប្រទេស​ទៀត​ទេ។ នៅ​ចន្លោះ​ពេល​នេះ ប្រទេស​ចិន​បាន​បូក​សរុប​ចំនួន​អ្នក​ឆ្លង​មេរោគ​នេះ​ដែល​ត្រូវ​បាន​បញ្ជាក់​ត្រឹមត្រូវ​ប្រមាណ​៨០.០០០ ករណីហើយ​មាន​អ្នកស្លាប់​ជាង ៣.០០០ នាក់។

បន្ទាប់ពី​ការ​បិទបាំង​ពី​ដំបូង​ ប្រទេស​ចិន​បាន​ដាក់​ការ​គ្រប់គ្រង​សង្គម​តឹងរ៉ឹង​ដែល​រឹតត្បិត​ការ​ធ្វើ​ដំណើរ ​តាមដាន​បុគ្គល​ និង​ថែម​ទាំង​ប្រើ​យន្តហោះ​ដ្រូន​ដើម្បី​បង្ខំ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់។

លោក ចិន ស៊ី (Chen Xi ) សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​សុខភាព​សាធារណៈ​ និង​សេដ្ឋកិច្ច​នៃ​សាលា​សុខាភិបាល​សាធារណៈ​នៃ​សាកលវិទ្យាល័យ Yale បាន​ប្រាប់ ​VOA ផ្សាយ​ជា​ភាសា​ចិន​កុកងឺ​ថា៖

«កាល​ដើម​ឡើយ ខ្វះ​ព័ត៌មាន។ ហេតុដូច្នេះ​ហើយ​នៅពេល​ដែល​វា​ហួស​ពី​សមត្ថភាព​របស់ខេត្ត​ហ៊ូប៉ី​ ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​រដ្ឋាភិបាល​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ទប់ស្កាត់​ជំងឺ​ដ៏​ម៉ឺងមាត់​ដែល​ជា​ការ​បិទ​សេដ្ឋកិច្ទ​ទូទៅ​ដើម្បី​បង្ការ​ករណី​ឆ្លង​ថ្មី​ណា​មួយ។

អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ពាក់​ឈុត​ការពារ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ក្នុង​ក្រុង Wuhan ខេត្ត Hubei កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ពាក់​ឈុត​ការពារ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ផ្សារ​ទំនើប​មួយ​នៅ​ក្នុង​ក្រុង Wuhan ខេត្ត Hubei កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

វិធានការ​ទាំង​នេះ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ក្រោយ​ថ្ងៃទី២៣​ ខែមករា​ រួមមាន​ការ​បិទ​ទាំងស្រុង​នូវទីក្រុង​ជាច្រើន​ទូទាំង​ខេត្ត​ហ៊ូប៉ី​រួម​ទាំង​ក្រុង​វូហាន​ផង​ ការ​សាងសង់​មន្ទីរពេទ្យ​ដែល​បត់បែន​តាម​ស្ថានការណ៍​ និង​មន្ទីរពេទ្យ​ក្នុង​តំបន់​ចំនួន​២ ដើម្បី​ព្យាបាល​ប្រជាជន​ដែល​មាន​ចំនួន​ច្រើន​លើសលប់។

រដ្ឋាភិបាល​ ក៏​បាន​ដាក់ទណ្ឌកម្ម​និង​ផ្តល់រង្វាន់​ដើម្បី​លើក​ទឹកចិត្ត​ដល់​ការ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​នេះ។

ដោយ​ប្រើ​វិធានការ​បិទ​នេះ ប្រទេស​ចិន​ចង់​ធានា​ថា​ប្រជាជន​ភាគច្រើន​មិន​បាន​ប៉ះពាល់​វីរុស​នេះ​ទេ។ ការ​អនុញ្ញាត​ឱ្យ​ដើរ​ហើរ​សេរី ​«នឹង​នាំ​ឱ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​ជុំ​ទី​ពីរ​ក្នុង​ប្រទេស​ចិន ​ប្រសិន​បើ​លំហូរ​ប្រជាជន​មិន​ត្រូវ​បាន​គ្រប់គ្រង​យ៉ាងល្អ​ទេ​នោះ»។

គន្លឹះ​ក្នុង​ការ​ឆ្លើយតប​របស់​កូរ៉េ​ខាងត្បូង​គឺ​ការ​ធ្វើ​តេស្ត​ និង​ការ​ស្កែន​រក​វីរុស​នេះ។ កូរ៉េខាងត្បូង​ធ្វើ​តេស្ត​លើ​មនុស្ស​ចំនួន​១៥.០០០នាក់​ជា​រៀងរាល់​ថ្ងៃ។ មន្ត្រី​សុខាភិបាល​បាន​ធ្វើ​តេស្ត​មនុស្ស​២៥០.០០០នាក់​ ឬ​ម្នាក់​ក្នុង​ចំណោម​ប្រជាជន​កូរ៉េខាង​ត្បូង​២០០​នាក់ ចាប់តាំង​ពី​ករណី​ឆ្លង​ដំបូង​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ឃើញ​កាលពី​ថ្ងៃទី២០ ខែមករា។ ករណី​ឆ្លង​ខ្លះ​ ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ស្ថានីយ៍​ធ្វើ​តេស្ត​ពេលប្រជាជន​គ្រាន់តែ​បើក​ឡាន​កាត់​ម៉ាស៊ីន​ស្កែន។

អង្គការ​សុខភាព​ពិភពលោក​បាន​ប៉ាន់​ប្រមាណ​ថា​អត្រា​មរណភាព​ក្នុង​សកលលោកដោយសារ​ជំងឺ​កូវីដ១៩​នេះ គឺ​មាន​៣,៤ ភាគរយ។ គិត​ត្រឹម​ថ្ងៃទី១៧ ខែ​មីនា​ការស្លាប់​នៅ​កូរ៉េខាងត្បូង​សរុប​ទាំង​អស់មាន​៨២​នាក់​ ដែល​អត្រា​មរណភាព​នេះ ស្មើ​ត្រឹម​តែ ០,៩៩% ប៉ុណ្ណោះ​គឺ​ទាប​ជាង​មធ្យមភាគ​សាកលលោក។

អាជ្ញាធរ​កូរ៉េខាងត្បូង​ បាន​ប្រើប្រាស់​កំណត់ត្រា​ធនាគារ ​ទិន្នន័យ​ GPS តាម​ទូរស័ព្ទ​ដៃ និង​វីដេអូ​ឃ្លាំមើល​ក្នុង​កិច្ចប្រឹងប្រែង​របស់ពួកគេ​ដើម្បី​រក​ទីតាំង​ក្រុម​មនុស្ស​ដែលមាន​ផ្ទុក​វីរុស​នេះ​ ស៊ើបអង្កេត​របៀប​នៃ​ការ​ឆ្លង​មេរោគ ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ភ្លាមៗ​នូវ​អ្នក​ដែលពាក់ព័ន្ធ ​និង​ផ្តល់​សារ​ព្រមាន​ដល់​សាធារណជន។

លោក Chen បាន​និយាយ​ថា៖ ​

«នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ​មន្ត្រីសុខាភិបាល​នឹង​ធ្វើ​តេស្ត​មិន​ថា​អ្នកបង្ហាញ​រោគសញ្ញា​ ឬ​អត់​ទេ» ។

មនុស្សម្នា​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដើរ​នៅ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
មនុស្សម្នា​ពាក់​ម៉ាស់​ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ដើរ​នៅ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។

លោក​បន្ត​ថា​បុគ្គលិក​ថែទាំសុខភាព​ធ្វើតេស្ត​រក​វីរុស​នេះនៅ​តាម​គេហដ្ឋាន​របស់​ប្រជាជន​ដោយ​ឥត​កំណត់​ផ្ទះ​ណា​មួយជាក់​លាក់​ និង​នៅ​តាម​ផ្លូវ​ប្រសព្វ​ចរាចរណ៍»។

លោក​បន្ថែម​ថា៖

«នេះ​ពិត​ជា​ឆ្លុះ​បញ្ចាំង​ពី​គំរូ​នៃ​តំបន់​អាស៊ីបូព៌ា​ដែល​មាន​ន័យ​ថា​រដ្ឋាភិបាល​មាន​សិទ្ធិ​អំណាច​ច្រើន។ នៅ​ពេល​មនុស្ស​ម្នាក់​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ឆ្លង​ អ្នក​នោះ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​គេ​យ៉ាង​ម៉ត់ចត់​ ហើយ​ខ្សែសង្វាក់​ចម្លង​រោគ​នឹង​ត្រូវ​បាន​ត្រួត​ពិនិត្យ» ។

ការ​ធ្វើ​តេស្ត​មិន​គិត​ថ្លៃ​សម្រាប់​អ្នកជំងឺ​ដែល​មាន​ចំណារ​ពី​វេជ្ជបណ្ឌិត​ និង​អ្នក​ដែលទើប​នឹង​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន ​ឬ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ណា​ម្នាក់​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ឆ្លង​មេរោគ​នេះ។ ប្រសិន​បើ​ពលរដ្ឋ​កូរ៉េខាងត្បូង​ណា​ម្នាក់​គ្រាន់តែ​ចង់​បញ្ជាក់​ឲ្យ​អស់​ចិត្ត​ថា​ខ្លួន​ពិត​ជា​គ្មាន​មេរោគ​នេះ អ្នក​នោះ​អាច​ចំណាយ​ប្រាក់​ថ្លៃ​ធ្វើ​តេស្ត​មួយ​ដែល​មាន​តម្លៃ ១៣៥ ដុល្លារ។

អ្នកជំនាញ​គ្រប់គ្រង​វិបត្តិ​សុខភាព​សាធារណៈ​គឺ​លោក​វេជ្ជបណ្ឌិត Randall Hyer គឺ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​វេជ្ជបណ្ឌិត​សុខភាព​ពិភពលោក​ដែល​បាន​ឆ្លើយតប​នឹង​ការ​ផ្ទុះ​ជំងឺ ​SARS កាល​ពី​ឆ្នាំ២០០៣ ។ លោក​បាន​ប្រាប់ VOA ​ថា​ នៅ​ប្រទេស​កូរ៉េខាងត្បូង​ប្រជាជន​មាន​ការ​លើក​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​តេស្ត។

សូម្បី​តែ​នៅ​ដំណាក់​កាល​កើនឡើង​ខ្ពស់​បំផុត​នៃ​ការ​ផ្ទុះឡើង​មេរោគ​នេះ​ក៏​ដោយ​ ក៏​រដ្ឋាភិបាល​បាន​ធ្វើ​ឱ្យ​ប្រាកដ​ថា​នៅ​តែ​មាន​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត។​ ការ​ធ្វើ​តេស្ត​នេះ សំខាន់​ខ្លាំង​ណាស់។ នេះ​បើយោង​តាម​លោក​វេជ្ជបណ្ឌិត Randall Hyer ដែល​បាន​និយាយ​ថា​ «បើ​គ្មានការ​ធ្វើ​តេស្ត​ទេ​ វា​ស្មើ​នឹង​ការ​រត់​ឆ្ពោះ​ទៅ​រក​ព្រៃ​ដែល​ពោរពេញ​ទៅ​ដោយ​ដើម​ឈើ​ដោយ​បិទភ្នែក។ អ្នក​នឹង​បុក​ដើម​ឈើ​មិន​ខាន»។

កូរ៉េខាងត្បូង​អាច​ជៀសវាង​ការ​បិទ​សេដ្ឋកិច្ច​របស់​ខ្លួន​បានហើយ​ក៏​អាច​ជៀសវាង​ការ​ដាក់​កំហិត​លើ​ការ​គ្រប់គ្រង​សង្គម​ដូច​ដែល​ចិន​បាន​ដាក់​ដែរ។

លោក​វេជ្ជបណ្ឌិត​ Hyer បាន​ប្រដូច​ប្រទេស​កូរ៉េ​ខាងត្បូង​ទៅនឹង​កោះតៃវ៉ាន់​សិង្ហបុរី​និង​ហុងកុង ​ដែល​ប្រទេស​ឬ​ដែន​ដី​ទាំង​នេះ​សុទ្ធតែ​មាន​គំនិត​ប្រហាក់ប្រហែល​គ្នា។

លោក​បន្ថែម​ថា៖

«គំនិត​មួយ​ក្នុង​ចំណោម​នោះ​គឺ​ការ​រក្សា​គម្លាត​ឲ្យ​ឆ្ងាយ​ពី​គ្នា​តាំង​ពី​ដំបូង​ដើម្បី​បន្ថយ​អត្រា​នៃ​ការ​ឆ្លង​រាលដាល​ហើយ​បន្ទាប់មក​គឺ​ការ​ធ្វើតេស្ត​ និង​ការស្កែន​រក​វីរុស​នេះ ព្យាបាលអ្នក​ដែល​បាន​ឆ្លង ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ​និង​តាមដាន​ទំនាក់ទំនង​របស់​ពួកគេ។ នេះ​ហើយ​គឺ​ជា​វិធី​ដែល​យើង​នឹង​អាច​ពន្យឺត​ការ​ឆ្លង​ហើយ​ទីបំផុត​នឹង​បញ្ឈប់​ជំងឺ​នេះ​បាន»៕

XS
SM
MD
LG