ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ថា វិបត្តិ​ជំងឺ COVID-19 នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​នៅ​ចិន និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​កើត


បុរស​ម្នាក់​ដែល​ពាក់​ម៉ាស់​ដើរ​កាត់​ក្តារ​ព័ត៌មាន​អេឡិចត្រូនិក​របស់​ធនាគារ​ នៅ​ទីផ្សារ​ភាគហ៊ុន​ហុងកុង កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

ធនាគារ​ពិភពលោក​បញ្ជាក់​ថា ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ COVID-19 នឹង​បង្អាក់​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ប្រទេស​ចិន និង​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​កើត។

ធនាគារ​ពិភពលោក​បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​បាន​ព្យាករណ៍​អត្រា​រីក​ចម្រើន​សេដ្ឋកិច្ច​តែ ២,១ ភាគរយ ប៉ុណ្ណោះ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាង​កើត​នៅ​ក្នុង​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន ៥,៨ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០១៩ នៅ​ក្រោម​ការ​ព្យាការណ៍​ដែល​សន្មត់​អំពី​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ COVID-19។

ប៉ុន្តែ របាយការណ៍​ដដែល​នេះ​បាន​ព្យាករណ៍​ថា នៅ​ក្នុង​សេនារីយ៉ូ​អាក្រក់​បំផុត​ដែល​សន្មត​ថា ការ​ឆ្លង​រាតត្បាត​ជំងឺ COVID-19 នេះ នឹង​បន្ត​រហូត​ដល់​ឆ្នាំ ២០២១ អត្រា​រីក​ចម្រើន​សេដ្ឋកិច្ច​នឹង​មាន​ចំនួន -០,៥ ភាគរយ។

ធនាគារ​នេះ​បាន​ព្យាករណ៍​ថា ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​ធ្លាក់​ចុះ​ពី ៦,១ ភាគរយ​កាល​ពី​ឆ្នាំ​មុន មក​នៅ​ត្រឹម ២, ៣ ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ នៅ​ក្រោម​សេនារីយ៉ូ​ល្អ​បំផុត។

ធនាគារ​ពិភពលោក​ធ្លាប់​បាន​ព្យាករណ៍​ថា មនុស្ស​ជិត ៣៥ លាន​នាក់​នៅ​ក្នុង​តំបន់​នេះ​អាច​រួច​ផុត​ពី​ភាព​ក្រីក្រ​នៅ​ឆ្នាំ ២០២០ នេះ ប៉ុន្តែ​ឥឡូវ​បាន​ទស្សន៍​ទាយ​ថា មនុស្ស ១១ លាន​នាក់​បន្ថែម​ទៀត អាច​ត្រូវ​បង្ខំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ ប្រសិនបើ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ COVID-19 នេះ​នៅ​បន្ត៕

XS
SM
MD
LG