«មនុស្សគ្រប់គ្នានិយាយថា អូហេតុដូចម្តេចជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារមិនចាកចេញពីផ្ទះ? ពួកគេប្រហែល'ចង់'លាក់ការធ្វើបាបពួកគេនេះ។ ការពិតគឺថាអំពើហិង្សាក្នុងគ្រួសារជាហេតុការណ៍កើតមានឡើងដដែលៗ»។
ស្ត្រីនេះរួចជីវិតពីអំពើហិង្សាក្នុងគ្រួសារហើយដែលមិនចង់ឱ្យបញ្ចេញឈ្មោះដោយសារហេតុផលសុវត្ថិភាពបាននិយាយថាវាដូចរស់នៅជាមួយគ្រាប់បែកមួយគ្រាប់ដែលជិតផ្ទុះ។
«ទីបំផុតខ្ញុំបានទៅដល់ចំណុចមួយដែលខ្ញុំមានអារម្មណ៍ថាប្រសិនបើខ្ញុំមិនលែងលះប្តីខ្ញុំទេ ខ្ញុំអាចស្លាប់ក្នុងពេលមួយឆ្នាំទៀតដោយសារគាត់អាចសម្លាប់ខ្ញុំឬខ្ញុំប្រហែលធ្វើអត្តឃាតឬមួយភាពតានតឹងដោយរស់នៅក្នុងស្ថានភាពបែបនេះនាំឱ្យខ្ញុំមានជំងឺមហារីកឬជំងឺធ្ងន់ធ្ងរណាមួយ»។
ស្ថានភាពនេះកើតមានមុនការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។ការងារពេញម៉ោងរបស់អ្នកស្រីក្នុងការិយាល័យនិងការទៅជួបមិត្តភ័ក្តិនិងញាតិសន្តានបានជួយអ្នកស្រីឱ្យចេញពីគ្រោះថ្នាក់បាន។
នៅពេលនេះពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារមានការពិបាកជាងមុនក្នុងការចាកចេញពីប្តីដោយសេរី។ អ្នកស្រី Amanda Katz នៃអង្គការក្រុមចម្រុះជ្វីហ្វប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារនិយាយថា៖
«យើងឃើញមានអ្នករំលោភច្រើនជាងមុនបានប្រើជំងឺកូវីដជាមធ្យោបាយក្នុងការក្តាប់អំណាចនិងគ្រប់គ្រងជនរងគ្រោះ។ ដូច្នេះបុរសទាំងនេះមិនបើកឱ្យនរណាចាកចេញពីផ្ទះទេហើយគំរាមកំហែងពួកគេថា'បើអ្នកឯងចាកចេញពីផ្ទះអ្នកឯងមិនអាចត្រឡប់មកវិញបានទេពីព្រោះអ្នកឯងនឹងមានជំងឺកូវីដឬពួកគេមិនអនុញាតឲ្យស្ត្រីរងគ្រោះចាកចេញពីផ្ទះដាច់ខាត»។
លោក Thomas Manion ដែលជានាយកនៃមជ្ឈមណ្ឌលយុត្តិធ៌មក្នុងគ្រួសារនៃសង្កាត់ Montgomery និយាយថា៖
«អ្វីដែលយើងបានកត់សម្គាល់គឺថាយើងផ្តល់សេវាឲ្យចំនួនមនុស្សដដែលតែស្ថានភាពមានគ្រោះថ្នាក់ច្រើនជាងមុន។មានករណីទាក់ទិននឹងការច្របាច់ក ករណីទាក់ទិននឹងកាំភ្លើងករណីទាក់ទិនជាមួយអាវុធឯទៀតៗ។យើងឃើញមានការកើនឡើងនៃករណីបែបនេះ»។
បើតាមអ្នកសា្រវជ្រាវថាមានទីក្រុងយ៉ាងតិចណាស់១៤មានកំណើនរបាយការណ៍អំពីហិង្សាក្នុងគ្រួសារ។អ្នកស្រី Emily Leslie ដែលជាអ្នកសេដ្ឋសាស្ត្រនៅឯសាកលវិទ្យាល័យ Brigham Young និយាយថា៖
«យើងបានហៅទូរស័ព្ទទៅពួកប៉ូលិសក្នុងឆ្នាំ២០២០ ហើយយើងប្រៀបធៀបជាមួយការហៅទូរស័ព្ទក្នុងឆ្នាំ២០១៩ យើងឃើញថាមានកំណើនប្រមាណ៧,៥%កាលពីខែមីនា មេសានិងខែឧសភា។ យើងបានរកឃើញថា តំបន់ភាគច្រើននិងក្រុមជាតិសាសន៍ភាគច្រើននិងក្រុមមានប្រាក់ចំណូលរងផលប៉ះពាល់មានទំហំស្រដៀងគ្នា។ហើយយើងបានរកឃើញភស្តុតាងនៃការកើនច្រើនឡើងនៃគ្រួសារថ្មីៗផងដែរ»។
អ្វីដែលធ្វើឱ្យរដ្ឋអាជ្ញាបារម្ភជាងមុនគឺថាជនរងគ្រោះជាពិសេសយុវជនអាយុតិចជាង១៨ឆ្នាំមិនអាចស្វែងរកជំនួយបានទេ។ អ្នកស្រី Debbie Feinstein នៃផ្នែកពិសេសខាងជនរងគ្រោះនៅក្នុងសង្កាត់ Montgomery រដ្ឋ Maryland និយាយថា៖
«បើគ្មានការរាតត្បាតនៃវីរុសកូរ៉ូណាពួកកុមារអាចទៅសាលារៀនហើយប្រហែលជាអាចរាយការណ៍អំពីអ្វីដែលកើតមានក្នុងផ្ទះពួកគេ។ប៉ុន្តែនៅពេលនេះពួកគេរៀនពីផ្ទះតាមបណ្តាញអ៊ីនធឺណិតដូច្នេះពួកគេគ្មានឱកាសនិយាយទៅកាន់មនុស្សពេញវ័យដែលពួកគេទុកចិត្តនៅក្នុងសាលារៀនពួកគេដើម្បីប្រាប់ឱ្យមនុស្សពេញវ័យទាំងនះដឹងអំពីអ្វីដែលកើតមានក្នុងផ្ទះពួកគេទេ»។
ក៏ប៉ុន្តែពួកគេនៅតែអាចរកជំនួយបានក្នុងករណីនេះ។
ជនរងគ្រោះអាចហៅទូរស័ព្ទគ្រាមានអាសន្ន។ ពួកគេអាចស្វះស្វែងរកការការពារពីអាជ្ញាធរ។ហើយអ្នករងគ្រោះអាចទាក់ទងអ្នកព្យាបាលតាមបណ្តាញអ៊ីនធឺណិតផងដែរ។ អ្នកស្រី Natalie Wade នៃអង្គការ Doorway for Women and Families ថ្លែងថា៖
«យើងធ្វើការបង្កើតផែនការសុវត្ថិភាពដើម្បីសម្គាល់អ្វីដែលនាំឱ្យមានបញ្ហាធ្ងន់ធ្ងរលោកអ្នកដឹងហើយគឺកន្លែងមិនមានសុវត្ថិភាព។ ប្រសិនបើជនរងគ្រោះឃើញប្តីពួកគេបង្កើនកំហឹង ពួកគេត្រូវដើរចេញពីផ្ទះបាយពីព្រោះនៅទីនោះមានអាវុធដែលជនហិង្សាអាចប្រើ»។
ស្ត្រីដែលរួចជីវិតពីអំពើហិង្សាក្នុងគ្រួសារនិយាយថាការផ្សះផ្សាគ្នាអាចធ្វើបាន តែពួកគេត្រូវតែមានសេចក្តីក្លាហាននិងការអត់ធន់ដើម្បីចេញពីការកើតមានឡើងដដែលនៃការរំលោភបំពាន។ស្ត្រីម្នាក់ដែលរួចជីវិតពីអំពើហិង្សាក្នុងគ្រួសារនិយាយថា៖
«ស្ថានភាពទាំងនេះបំផ្លាញព្រលឹងអ្នក។ បញ្ហានេះធ្វើឱ្យអ្នកចេះតែសង្ស័យគ្រប់បែបយ៉ាងអំពីខ្លួនឯង។ ដូច្នេះអ្វីដែលខ្ញុំចង់និយាយគឺធ្វើល្អសម្រាប់ខ្លួនឯង។ ចូរកុំគិតថាខ្លួនអ្នកមានបញ្ហាបើអ្នកបានចាកចេញពីផ្ទះកាលពីបីខែមុន ហើយអ្នកមិនត្រូវសប្បាយបែបរវើរវាយទេ។ វាត្រូវការពេលវេលាច្រើនណាស់ដោះស្រាយបញ្ហានេះ។ខ្ញុំកំពុងតែសម្រួលចិត្តដូចយើងទាំងអស់គ្នានៅទីនេះដែរ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ