ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋ​បញ្ឈប់​ការវាយដំ​ និង​ការចាប់ខ្លួន​អ្នកតវ៉ា​អហិង្សា


រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

ក្រុមអង្គការ​សង្គម​ស៊ីវិល​និង​សមាគម​បាន​ថ្លែង​ថ្កោល​ទោស​​ ចំពោះការ​ប្រើ​ប្រាស់​«អំពើ​ហិង្សា»​របស់​កងកម្លាំង​សន្ដិសុខ​ទៅលើ​អ្នកតវ៉ា​ដោយ​សន្តិវិធី​ និង​ការ​ចាប់ខ្លួន​សកម្មជន​ជាង​១០នាក់​ កាល​ពីពេល​ថ្មីៗ​នេះ​។

អង្គការសហប្រជាជាតិ និងក្រុម​អង្គការសមាគម​មាន​ចំនួន​ជិត​៨០ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់ ​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការ​វាយដំ​ និងការ​ចាប់ខ្លួន​អ្នកតវ៉ា​ដោយ​សន្តិវិធី នា​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗនេះ​។

ក្រុមអង្គការ​សង្គម​ស៊ីវិល​និង​សមាគម​បាន​ថ្លែង​ថ្កោល​ទោស ចំពោះការ​ប្រើ​ប្រាស់​«អំពើ​ហិង្សា»​របស់​កងកម្លាំង​សន្ដិសុខ​ទៅលើ​អ្នកតវ៉ា​ដោយ​សន្តិវិធី​ និង​ការ​ចាប់ខ្លួន​សកម្មជន​ជាង​១០នាក់​ កាល​ពីពេល​ថ្មីៗ​នេះ​។

ពួកគេ ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​មនុស្ស​ចំនួន​៦នាក់​ ក្នុង​ចំណោម​មនុស្ស​ជាង​១០នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ចេញ​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​លោក ​រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា។ មនុស្សទាំង​៦នាក់​នោះ​ ត្រូវបានបញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ។

​អង្គការសមាគម​ដែល​ភាគច្រើន​ជាគ្រឹះស្ថាន​ការពារសិទ្ធិមនុស្ស​ ដីធ្លី​ និងបរិស្ថាន បានពណ៌នាក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​មួយ​ថា​ អាជ្ញាធរ​ក៏បាន​ប្រើប្រាស់​អំពើ​ហិង្សា​ និង​ចាប់ខ្លួន​សាច់​ញាតិ​របស់​អតីត​សមាជិក​គណបក្ស​ជំទាស់ដែលត្រូវ​រំលាយ​ផងដែរ ខណៈ​ពួកគាត់​ភាគ​ច្រើន​ជា​ស្ត្រី​ កំពុងតវ៉ា​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គាត់​។

សេចក្តី​ថ្លែង​ការណ៍ចុះថ្ងៃទី​១៨ ខែសីហាបាន​បញ្ជាក់​ថា៖​ «ការ​អំពាវនាវ​ឲ្យ​សមាជិក​គ្រួសារ​របស់​អ្នក​មាន​សេរី​ភាពពី​ពន្ធនាគារ​មក​វិញ​នោះ​ មិន​មែន​ជា​បទ​ល្មើស​ទេ។ ការសំដែង​មតិជំទាស់​ទៅ​នឹងការ​ចាប់​ខ្លួន​មិត្តភក្តិ​របស់​អ្នក​នោះ​ មិន​មែន​ជា​បទ​ល្មើស​ទេ​។ ការ​ឈរប្រ​កៀក​ស្មាគ្នា​ជាមួយ​មនុស្ស​នៅក្នុង​សហគមន៍​របស់អ្នក​ និងការ​ទាម​ទារ​រក​យុត្តិធម៌​ ក៏​មិន​មែន​ជាបទ​ល្មើស​ដែរ​»។

សេចក្តី​ថ្លែង​ការណ៍​បន្ថែមថា៖​ «​ប្រជា​ពលរដ្ឋកម្ពុជា​គ្រប់រូប​មាន​សិទ្ធិក្នុង​ការតវ៉ា​ដោយ​អហិង្សា​ ដែល​មិន​គួរ​ត្រូវ​ប្រឈម​ជាមួយ​នឹង​ការ​រុញច្រាន​ ការប្រើប្រាស់​អំពើហិង្សា ឬ អូសទាញពី​សំណាក់​នគរបាល​ទេ។ យើង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ដោះលែង​ជា​បន្ទាន់​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ ទម្លាក់ចោល​ការ​ចោទប្រកាន់​ទាំងអស់​ទៅលើពួក​គាត់​ឲ្យបាន​ឆាប់​ និង​គោរព​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ និង​សិទ្ធិ​ក្នុងការ​ជួប​ជុំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន​ពេញ​លេញ»។

កា​រតវ៉ា​ដែល​ធ្វើ​ឡើងជាប់ៗគ្នាចាប់​តាំង​ពី​ដើម​ខែ​សីហា​នោះ​ គឺ​ផ្តើម​ចេញ​ពីក្រុម​យុវជន សកម្មជន និង​អ្នកគាំទ្រ​មួយ​ចំនួន​របស់​លោក រ៉ុង ឈុន​ ប្រធានសហភាពសហជីព​កម្ពុជា​ ដែល​ត្រូវ​បានចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១ ខែ​កក្កដា​ នៅ​ឯគេហដ្ឋាន​របស់លោក។

មេដឹនាំសហជីពរូបនេះ​ ត្រូវបាន​ចាប់ខ្លួន​ និង​បញ្ជូន​ទៅឃុំ​ក្នុងពន្ធនាគារ​ ក្រោយ​ពី​លោក ​បាន​ចុះ​ទៅ​ខេត្ត​ត្បូងឃ្មុំ ​ ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ ​ដែល​អះអាង​ថា ​ ដី​របស់​ពួកគេ​ ត្រូវ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​ បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ ​លោក ​រ៉ុង ឈុន​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​ផង​ដែរ​អំពី​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​ស្តីពី​បញ្ហា​វិវាទ​ដីធ្លី​នៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម។​

រូបឯកសារ៖ កងសន្តិសុខ​ខណ្ឌ​៧មករា រុញច្រាន​អ្នកតវ៉ា​មិន​ឲ្យ​ចូល​ទៅកាន់​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ កងសន្តិសុខ​ខណ្ឌ​៧មករា រុញច្រាន​អ្នកតវ៉ា​មិន​ឲ្យ​ចូល​ទៅកាន់​ខាងមុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)

ក្រុម​យុវជន​ និង​អ្នកគាំទ្រ​ទាំង​នោះ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​លោក ​រ៉ុង ឈុន ដោយ​ពួកគេយល់​ថា លោក រ៉ុង ឈុន​ ជាអ្នកការពារ​ទឹកដី និងជា​អ្នក«ស្នេហា​ជាតិ»​។

ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែក​មួយកាលពី​ថ្ងៃទី​១៤ ខែសីហា​ ការិយាល័យប្រចាំប្រទេសកម្ពុជានៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​បាន​ផ្តល់​ការ​កត់​សម្គាល់​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​៖ «ទោះបី​ជា​ការ​ជួបប្រជុំ​ទាំង​នោះ​មាន​លក្ខណៈ​សន្តិ​វិធី​ ក៏​យើង​បាន​ឃើញ​នូវ​ការ​ចាប់​ខ្លួន​និង​ឧប្បត្តិហេតុ​មួយ​ចំនួន​នៃការ​ប្រើប្រាស់​កម្លាំង​ហួស​ប្រមាណ​ ទប់​ទល់​នឹង​ក្រុម​បាតុករ​ដែល​ភាគច្រើន​ជា​ស្ត្រី​និង​យុវជន​កម្ពុជា»។

បន្ថែម​លើនោះ​ ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន ​«អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​គោរព​សិទ្ធិ​របស់​អ្នក​តវ៉ា ​ក្នុង​ការ​ជួប​ប្រជុំ​និង​សូម​ឲ្យ​ការពារ​អ្នក​ដែល​ប្រើ​សិទ្ធិ​ជួប​ប្រជុំ​នេះ​ផង»។​

ថ្លែង​ប្រាប់​វីអូអេ តាម​សារ​ឆ្លើយឆ្លង​អេឡិចត្រូនិក​មួយកាលពីថ្ងៃចន្ទ​ លោក ​ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិ​ធម៌​ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ ច្រាន​ចោលការ​អធិប្បាយ​របស់​គ្រឹះស្ថាន​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.។

«ការ​លើក​ឡើង​របស់​ឧត្តមស្នងការ​នេះ​ គឺ​ហាក់​បីដូច​ជា​កំពុង​តែ​ការ​ពារ​ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​ដែលមាន​និន្នា​ការ​ប្រឆាំង​ឲ្យ​កាន់​តែហ៊ាន​ធ្វើ​សកម្មភាព​ក្នុងការ​បំពាន​ច្បាប់​ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​នយោបាយ​របស់​គេ​ គឺ​ថា​ ធ្វើ​យ៉ាង​ម៉េច​ឲ្យមាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម​ ហើយ​ឈាន​ទៅ​ការ​សម្រេច​នូវ​មហិច្ឆតា​នយោបាយ​ ​របស់​អង្គការ​ចាត់​តាំង​ដែល​រៀបចំ​នៅ​ពីក្រោយ»។

លោក ​ជុំ ហួត​ ប្រធាន​សមាគម​អ្នក​ស្រលាញ់​បរិស្ថាន​និង​សង្គម​ ដែលស្ថិតក្នុងចំណោមអង្គការសមាគមទាំង​ជិត​៨០​ ប្រាប់​វីអូអេ​ថា​ ក្រុម​អ្នកតវ៉ា​មិន​មានផែនការ​សម្រេចមហិច្ឆតា​នយោបាយ​ តាមរយៈការ​ទាមទារ​ឲ្យដោះលែង​លោក ​រ៉ុង​ ឈុន ​ទេ។

«គាត់​អត់​បាន​លើក​ស្លាក​ គាត់​អត់​បាន​លើក​ទង់ជ័យ​បក្ស​ ហើយ​សារ...ដែល​គាត់​ទាម​ទារ​ហ្នឹង​ ក៏មិនបាន​លើក​យក​គណបក្ស​នយោបាយ​ណាដែរ»។

លោក​ Phil Robertson នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) ប្រចាំ​នៅ​តំបន់​អាស៊ី​ លើកឡើង​ថា​ មន្ត្រី​ការទូត​និង​មន្ត្រី​អង្គការសហប្រជាជាតិ ដែល​កំពុងបំពេញ​បេសកកម្មនៅ​កម្ពុជា​ គួរ​បង្ហាញ​ការ​គាំទ្រ​ខាង​សិទ្ធិមនុស្ស​ ដោយការ​ទៅអង្កេត​ដោយ​ផ្ទាល់​នៅទីតាំងនៃការ​ជួបប្រជុំ​ហើយ​ទាមទារ​ឲ្យ​រដ្ឋា​ភិបាល​ទីក្រុង​ភ្នំពេញ ​បញ្ឈប់​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​អហិង្សា។

មន្ត្រី​នៃស្ថាន​តំណាងសហភាព​អឺរ៉ុប​និង​ស្ថានទូត​អូស្ត្រាលី ​បាន​ជួបស្ត្រី​ជា​ភរិយា​សកម្មជន​តវ៉ា​កាល​ពីពេល​ថ្មីៗ​នេះ​។ ក្នុង​ជំនួប​មួយ​ជាមួយ​លោក​អគ្គស្នងការ​នគរបាល​ជាតិ​ នេត​ សាវឿន​ លោ​ក Pablo Kang​ ឯក​អគ្គ​រាជទូត​អូស្ត្រាលី​ ក៏​បាន​លើក​ឡើង​ អំពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​កម្លាំង​សន្ដិសុខ​និង​ក្រុម​អ្នក​តវ៉ា​ផងដែរ។

ក៏​ប៉ុន្តែ​លោក ​ជិន ម៉ាលីន​ អនុ​ប្រធានគណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បកស្រាយ​ថា​ ការ​តវ៉ា​កន្លង​មក​របស់​ក្រុម​យុវជន​ និង​អ្នកគាំទ្រលោក រ៉ុង​ ឈុន ​នោះ​ ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់​។

«ការជួបជុំ​ការសំដែង​មតិ​របស់​ក្រុម​ដែលមាន​និន្នាការ​ប្រឆាំង​ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ គឺថា​ មិនមែន​ជា​ការ​អនុវត្ត​នូវ​សិទ្ធិសេរីភាព​ តាម​ផ្លូវ​ច្បាប់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​គឺ​ជា​ធ្វើ​សកម្មភាព​ដែល​បំពាន​ច្បាប់​ បំពាន​ហ្នឹង​ គឺ​បំពាន​ទាំង​រដ្ឋធម្មនុញ្ញ​ បំពាន​ទាំង​បញ្ញតិ្តច្បាប់ជាតិ​របស់​កម្ពុជា​រួមមាន​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុ​កម្ម​ដោយ​សន្តិវិធី​ និង​បញ្ញត្តិនៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ពាក់​ព័ន្ធ​ដល់សន្តិសុខ​ជាតិ​ និង​សណ្តាប់​ធ្នាប់​សាធា​រណៈ​ជាដើម​»។ ​

ក្នុងការ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​ រ៉ុង​ ឈុន​ កាល​ពី​សប្តាហ៍​មុន​ មាន​យុវជន​ចំនួន​៦នាក់​ នៃក្រុម​យុវជន​ខ្មែរ​ថាវរៈ ​ត្រូវ​បាន​ចាប់​ខ្លួន​ ប៉ុន្តែ​៤នាក់ ​ត្រូវបានដោះលែង​មកវិញ​ បន្ទាប់​ពី​បានធ្វើកិច្ចសន្យា​ចំនួន​បី​សំខាន់ៗជាមួយ​មន្ត្រី​នគរបាល គឺ​ការ​មិន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​កាសែត ​មិន​បង្ហោះ​ ឬ ​ថ្លែង​សារ​ណា​មួយ​ទាក់​ទិន​បញ្ហា​នយោ​បាយ​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ (Facebook)​ ដែល​ប៉ះពាល់​រដ្ឋាភិបាល ​និង​មិន​ឲ្យ​ចូលរួម​សកម្ម​ភាព​ដែល​បង្ក​ឲ្យ​មាន​ការ​ផ្តួល​រំលំ​រដ្ឋា​ភិបាល។

​យុវជន​ពីររូប​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ គឺ​កញ្ញា​ ឈឿន ដារ៉ាវី ​និង​លោក​ ហ៊ុន វណ្ណៈ ត្រូវបានឃុំខ្លួនបន្ត ដោយ​សារ​សកម្មជន​ទាំងពីរ​ត្រូវបាន​ចោទ​ពីបទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។

​ចំណែក​លោក ​សួង សុភ័ណ្ឌ​ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ដែល​ចូលរួមតវ៉ា​កាលពី​សប្តាហ៍មុន​ផងដែរ​នោះ​ ត្រូវបាន​ចោទពី​បទ «ញុះញង់​បំភ្លៃ​ការណ៍​ពិត​លើ​បញ្ហា​ព្រំដែន​ និង​ការ​ចោទ​ប្រកាន់​មួល​បង្កាច់​ទម្លាក់​កំហុស ​មក​លើ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ថា​ ប្រព្រឹត្ត​បទ​ល្មើស​ក្បត់​ជាតិ​លើ​រឿង​ព្រំដែន​កម្ពុជា-វៀតណាម»។​

បើតាម​សេចក្តី​ថ្លែង​ការណ៍​រួមរបស់​អង្គការ​ និងសមាគមខាង​លើ​ បាន​ឲ្យដឹង​ថា​ កាលពី​សប្តាហ៍មុន​មួយ​ទៀត​ សកម្មជន​៤នាក់​ផ្សេង​ទៀត​ ដែលមាន​ទំនាក់​ទំនង​ជាមួយ​គណបក្សសង្គ្រោះជាតិ​ ត្រូវបាន​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់ពីពួកគាត់​បាន​ចូលរួមតវ៉ា​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក ​រ៉ុង ឈុន។ ក្នុងនោះ​មាន​លោក​ ឈួ ផេង និង​លោក ​ជុំ ពុទ្ធី​ ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ និង​កំពុងត្រូវបាន​ឃុំ​ខ្លួន​នៅពន្ធនាគារ។ សកម្ម​ជន​ម្នាក់​ទៀត​ គឺយុវតី ​ស កន្និកា​ ត្រូវបាន​ចាប់ខ្លួន​ និងចោទ​ប្រកាន់​ពីបទញុះញង់ដូចគ្នា បន្ទាប់​ពីបាន​ចូល​រួម​តវ៉ា​ឲ្យ​ដោះលែង​លោក​ រ៉ុង ឈុន​ កាលពី​ថ្ងៃទី​៧ខែសីហា​។

រូបឯកសារ៖ ព្រះសង្ឃ​៥អង្គ​ដែល​គង់​លើ​កម្រាលព្រំ​នៅ​វត្តថាន់ ស្ថិត​ក្នុងចំណោម​ ព្រះសង្ឃ​៨អង្គ ដែល​និមន្ត​មក​ពី​ខេត្តបាត់ដំបង។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​យុវជន​ខ្មែរថាវរៈ កញ្ញា​ឈឿន ដារ៉ាវី)
រូបឯកសារ៖ ព្រះសង្ឃ​៥អង្គ​ដែល​គង់​លើ​កម្រាលព្រំ​នៅ​វត្តថាន់ ស្ថិត​ក្នុងចំណោម​ ព្រះសង្ឃ​៨អង្គ ដែល​និមន្ត​មក​ពី​ខេត្តបាត់ដំបង។ (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុម​យុវជន​ខ្មែរថាវរៈ កញ្ញា​ឈឿន ដារ៉ាវី)

សេចក្តី​ថ្លែង​ការណ៍ដដែល​បញ្ជាក់​ទៀតថា​ ព្រះសង្ឃ​ចំនួន​៨អង្គ ​ដែលបាននិមន្ត​មក​ពីខេត្ត​បាត់ដំបង​ ត្រូវបាន​នគរបាល​ឃាត់​ព្រះកាយ​ និង​បង្ខំឲ្យនិមន្ត​ត្រឡប់​ទៅ​វត្ត​ដែល​ព្រះអង្គ​គង់នៅវិញ។

លោក ​ជិន ម៉ាលីន​ អនុ​ប្រធានគណៈ​កម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ ចាត់ទុកសេចក្តីថ្លែងការណ៍របស់​អង្គការ​ និង​សមាគម​ជិត​៨០នោះថា ធ្វើឡើងដោយ​មិនឆ្លុះបញ្ចាំង​ពីការណ៍ពិត​ ដោយ​ថា​ អាជ្ញាធរ«​មិន​បាន​ប្រើហិង្សា»​ទៅ​លើ​អ្នក​តវ៉ា​ទេ​ ប៉ុន្តែ​គ្រាន់​តែ​បាន​អនុវត្ត​ច្បាប់បង្ក្រាប​ការ​ជួបជុំ​ និង​បាតុកម្ម​ដែលបំពាន​ច្បាប់។ លោក​បន្ថែមថា​ សេចក្តីថ្លែងការណ៍នោះ​ ក៏គ្មានឥទ្ធិពល​លើ​ស្ថាប័នតុលាការ​ ដែល​ជា​ស្ថាប័ន​ឯក​រាជ្យ​នោះដែរ៕

អត្ថបទ​ទាក់ទង

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG