ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​​​ ត្រាំ​​ និង​លោក ​Trudeau នៃ​ប្រទេស​កាណា​ដា​​ខ្វែង​គំនិត​លើ​បញ្ហា​ពាណិជ្ជកម្មនិង​អន្តោ​ប្រវេសន៍


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (ស្តាំ) និង​លោក​នាយក​រដ្ឋ​មន្ត្រី​កាណាដា Justin Trudeau ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សេតវិមាន កាលពី​ថ្ងៃ​ចន្ទ។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​ និង​លោក​ Justin Trudeau​ នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កាណាដា ​មាន​ការ​ខ្វែង​គំនិត​គ្នា​ពី​ទស្សនៈ​របស់អស់​លោក​ស្តីពី​ពាណិជ្ជកម្ម​និង​អន្តោ​ប្រវេសន៍​ នៅ​ពេល​ដែលមេដឹកនាំ​ទាំង​២​បាន​ជួប​គ្នា​ជា​លើក​ទី​មួយកាល​ពី​ថ្ងៃ​ចន្ទ​នៅ​សេតវិមាន។

ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិត​ខាង​ទាំង​២​ត្រូវ​គេ​រំពឹង​នឹង​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​កំពូល​របស់​អស់​លោក ​ដោយ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ស្វះ​ស្វែង​ធ្វើ​ការ​ចរចា​ឡើង​វិញ​ឬ​បោះ​បង់​ចោល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រាប់​តំបន់​អាមេរិក​ខាង​ជើង​ឆ្នាំ​១៩៩៤​ ដែល​រួម​មាន​សហរដ្ឋ​អាមេរិក ​ប្រទេស​កាណាដា​និង​ម៉ិកស៊ិក ​ដើម្បី​បង្កើត​លក្ខខណ្ឌ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សហរដ្ឋ​អាមេរិក។

ទំនាក់​ទំនង​ពាណិជ្ជកម្ម​មាន​សារៈ​សំខាន់​សម្រាប់​រដ្ឋាភិបាល​កាណាដា​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ដោយ​ការ​នាំ​ចេញ​ទំនិញ​របស់​កាណាដា​ចំនួន​ ៧៥​ ភាគរយ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​ហើយ​ការនាំ​ទំនិញ​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​អាមេរិក​មាន​ ១៨​ភាគរយ​ទៅ​កាន់​ប្រទេស​កាណាដា។

គម្រោង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​Trudeau សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​មួយ​ថ្ងៃនៅ​សហរដ្ឋ​អាមេរិក ​រួមមាន​ការ​ចរចាជាមួយ​លោក ​Paul Ryan ​ប្រធាន​សភា តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ហើយ​នឹង​លោក​ Mitch McConnell មេដឹកនាំ​សំឡេង​ភាគ​ច្រើន​របស់​ព្រឹទ្ធសភា។

លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា Trudeau ​និង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​មានការ​ខ្វែង​គំនិត​យ៉ាង​ខ្លាំង​លើ​បញ្ហា​អន្តោប្រវេសន៍ ​ដោយ​មេ​ដឹក​នាំ​កាណាដា​ស្វាគមន៍​ជន​ភៀស​ខ្លួន​ស៊ីរី​៤​ម៉ឺន​នាក់ ​ខណៈ​ដែល​ប្រធានា​ធិបតី​ត្រាំ ​បាន​ទាក់​ទិ​ន​នៅ​ក្នុង​ការ​ប្តឹងផ្តល់​នៅ​តុលាការ​លើ​បញ្ហា​ការ​ប៉ុន​ប៉ង​របស់​លោក​ដើម្បី​បញ្ឈប់​ជា​បណ្តោះ​អាសន្ន​ដល់​ការ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​កាន់​សាសនា​ឥស្លាម​ចំនួន​ ៧ ​ដែល​មាន​ប្រវត្តិ​វាយ​ប្រហារ​ភេរកម្ម​ហើយ​បាន​ព្យួរ​កម្មវិធី​ជន​ភៀស​ខ្លួន​របស់​ប្រទេស​នោះ៕

XS
SM
MD
LG