ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោកនាយក​រដ្ឋមន្រ្តីកាណាដា Justin Trudeau នឹងជួបពិភាក្សា​ជាលើកដំបូង


លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump និង​នាយក​រដ្ឋមន្រ្តីកាណាដា Justin Trudeau។
លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump និង​នាយក​រដ្ឋមន្រ្តីកាណាដា Justin Trudeau។

ប្រធានាធិបតី​ស.រ.អា. Donald Trump ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​លោកនាយករដ្ឋមន្ត្រី​កាណាដា​ Justin Trudeau នៅ​ឯសេតវិមាន​ដើម្បី​ធ្វើការ​ចរចា​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែល​គេ​រំពឹង​ថា​នឹង​មាន​រួម​បញ្ចូល​ការ​ផ្តើម​គំនិត​រួម​គ្នាមួយ​សម្រាប់​ស្ត្រី​មេដឹកនាំ​ខាង​ជំនួញ​និងសហគ្រាស។​

លោក Trump និង​លោក Trudeau នឹង​ធ្វើការប្រជុំ​គ្នា​មួយ​ចំនួន​ដោយមាន​រួម​បញ្ចូល​អ្វី​ដែល​សេតវិមានហៅ​ថា​ការ​ប្រជុំតុមូល​មួយ «អំពី​ការ​ជឿនលឿន​ទៅមុខ​នៃពួក​ស្ត្រី​មេដឹកនាំសហគ្រាស​និង​ខាង​ជំនួញ»។

កាល​វិភាគ​របស់លោក​ Trudeau សម្រាប់​ទស្សនកិច្ច​មួយ​ថ្ងៃ​នេះ​ក៏​មាន​រួម​បញ្ចូល​ដែរ​នូវ​កិច្ចចរចា​ជាមួយ​លោក Paul Ryan ប្រធាន​សភា​តំណាង​រាស្ត្រអាមេរិកាំង​និង​លោក Mitch McConnell មេដឹកនាំ​ក្រុមភាគ​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​ស.រ​.អា.។

បញ្ហា​ដែល​មិន​បាន​បង្ហាញជា​ពិសេស​នៅ​ក្នុងរបៀប​វារៈ​សាធារណៈ​ ក៏​ប៉ុន្តែ​ទំនង​ជានឹង​លើក​យក​មកនិយាយ​នៅ​ក្នុង​ការ​ប្រជុំ​គ្នា​នៅ​ថ្ងៃចន្ទ​នេះ​ មានដូចជាបញ្ហា​សេដ្ឋកិច្ច​ ជាពិសេសពាណិជ្ជកម្ម។​

លោក Trump បាន​និយាយ​ច្បាស់​លាស់ថា​លោកចង់ធ្វើការ​ចរចា​ជា​ថ្មី​ឬ​មួយ​លុប​ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ក្នុង​ទ្វី​បអាមេរិក​ខាង​ជើង​ដែលមានរួម​បញ្ចូល​ស.រ.អា. ប្រទេសកាណាដា​និង​ប្រទេស​ម៉ិកស៊ិក។​ គាត់​ចង់​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មដែល​អនុគ្រោះ​ច្រើន​ដល់​ស.រ.អា. ចំណែក​ឯលោក Trudeau វិញ​ជាអ្នកគាំទ្រ​ដល់ពាណិជ្ជកម្មសេរី។​

ប្រទេសកាណាដា​ពឹង​ពាក់ច្រើន​លើ​ទីផ្សារ​ស.រ.អា.ដែល​មាន៧៥ភាគ​រយ​នៃ​ទំនិញ​ខ្លួននាំចេញទៅ​លក់ក្នុង​ប្រទេសក្រៅ។ លោក​ Trump និង​លោក Trudeau ក៏​មាន​ទស្សនៈផ្សេងគ្នា​ដែរអំពី​អន្តោប្រវេសន៍៕

XS
SM
MD
LG