ជនជាតិជ្វីសចំនួន៦លាននាក់ត្រូវបានសម្លាប់នៅក្នុងហាយនភាពនៃរបបណាហ្ស៊ី ក្នុងអំឡុងពេលនៃសង្រ្គាមលោកលើកទីពីរ។ ទន្ទឹមនឹងការរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ កាលពីចុងខែមុននេះ អង្គការសហប្រជាជាតិ បានព្រមានពីអំពើឃោរឃៅនៃការប្រល័យពូជសាសន៍ ថាអាចនឹងកើតឡើងម្តងទៀត។
មន្រ្តីអង្គការសហប្រជាជាតិ កំពុងជំរុញឲ្យបណ្តាប្រទេសនានាមានការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ការស្អប់ខ្ពើមនិងរើសអើងជនជាតិជ្វីស ភាពជ្រុលនិយម ការរើសអើងជនបរទេស ការប្រកាន់ពូជសាសន៍និងការស្អប់ខ្ពើមចំពោះអ្នកកាន់សាសនាឥស្លាម ដែលកំពុងតែកើនឡើង។
លោកRupert Colville អ្នកនាំពាក្យរបស់ឧត្តមស្នងការសិទ្ធិមនុស្ស បានឲ្យដឹងថា មានមានភស្តុតាងបង្ហាញឲ្យឃើញពីការកើនឡើងនូវឧក្រិដ្ឋកម្មបែបនេះ បន្ទាប់ពីការដកខ្លួនរបស់អង់គ្លេសចេញពីសហភាពអឺរ៉ុប (Brexit) ឬយុទ្ធនាការប្រឆាំងនឹងសហភាពអឺរ៉ុបនៅចក្រភពអង់គ្លេស និងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាមេរិក។
លោកបានប្រាប់វីអូអេថា មានការកញ្រ្ជោលឡើងដែលគួរឲ្យបារម្ភទាក់ទងនឹងសេចក្តីថ្លែងការណ៍ដែលពោរពេញដោយការស្អប់ខ្ពើមនិងការបែងចែកនៅក្នុងទ្វីបអឺរ៉ុប និងនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Colville បានមានប្រសាសន៍ថា «ភាពអត្តខាត់នៃការយល់ដឹងផ្នែកសង្គម និងភាពអត្តខាត់នៃការយល់ដឹងផ្នែកវប្បធម៌ទំនងជាមានការកើនឡើងយ៉ាងឆាប់រហ័ស ជាក់ស្តែងគឺនៅក្នុងទ្វីបអឺរ៉ុប ហើយអាចនិងនៅសហរដ្ឋអាមេរិកដែរ ក៏ដូចជាមាននៅតំបន់ផ្សេងទៀតក្នុងពិភពលោក។ យើងមិនគួរភ្លេចរឿងនេះទេ។ អ្នកដឹងថា មានការវាយប្រហារគ្នាដោយសារជាតិពន្ធុនិងសាសនានៅក្នុងប្រទេសមួយចំនួន ដែលនាំឲ្យមានការស្លាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។ ដូច្នេះ បញ្ហានេះនៅតែជារឿងដ៏គួរឲ្យបារម្ភមួយ ហើយបញ្ហានេះទំនងជាកាន់តែធ្ងន់ធ្ងរឡើងៗនៅក្នុងប្រទេសមួយចំនួន។
នៅរដ្ឋធានីវ៉ាស៊ីនតោន លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រារព្ធទិវាចងចាំអំពើប្រល័យពូជសាសន៍អន្តរជាតិនេះ តាមរយៈការចេញសេចក្តីថ្លែងការណ៍ថា «ពលរដ្ឋអាមេរិកចងចាំអ្នករួចជីវិតនិងជនរងគ្រោះពីហាយនភាពនេះ ដោយទឹកចិត្តក្រៀមក្រំនិងទុក្ខព្រួយ»។
លោក Trump បានសន្យាថានឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងពេលលោកកាន់តំណែង ដើម្បីធានាថា កម្លាំងអាក្រក់មិនអាចយកឈ្នះលើអំពើល្អម្តងទៀតបានឡើយ។ នៅពេលចាប់ផ្តើមចេញធ្វើយុទ្ធនាការវោហាសាស្រ្តមួយចំនួន លោកTrump បានលើកយកឈ្មោះក្រុមជាតិពន្ធុមួយចំនួនមករិះគន់។ លោកបាននិយាយថា រដ្ឋបាលរបស់លោក និងអ្នកផ្សេងទៀត នឹងធ្វើការដើម្បីបង្កើតជាក្តីស្រឡាញ់និងភាពអត់ឱនអធ្យាស្រ័យនៅទូទាំងពិភពលោក៕
ប្រែសម្រួលដោយ សើ សាយ្យាណា