ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានកំណត់នឹងធ្វើការចរចាបន្ទាន់នៅថ្ងៃចន្ទនេះអំពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងកាលពីពេលថ្មីៗបំផុតនេះដោយប្រទេសកូរ៉េខាងជើង។
សហរដ្ឋអាមេរិក ប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូងបានសុំឱ្យមានការប្រជុំនេះដែលកំណត់នឹងធ្វើនៅរសៀលថ្ងៃចន្ទនេះតាមពេលវេលានៃបូរីញូវយ៉ក។
ប្រទេសកូរ៉េខាងជើងបានបង្ហោះកាំជ្រួចមីស៊ីល នេះកាលពីព្រឹកថ្ងៃអាទិត្យហើយពួកមន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថាកាំជ្រួចនេះហោះបានចម្ងាយប្រមាណ៥០០គ.ម.នៅមុនពេលវាធ្លាក់ក្នុងសមុទ្រជប៉ុន។
នៅក្នុងប្រទេសកូរ៉េខាងជើង ទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋបានអបអរសាទរការបាញ់ពិសោធន៍អ្វីដែលទីភ្នាក់ងារនេះហៅថា «ប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មីមួយបែបកូរ៉េ» ហើយបានអួតអាងថាមេដឹកនាំ Kim Jong Un បានមើលខុសត្រូវនៅពេលបាញ់បង្ហោះកាំជ្រួចនេះផងដែរ។
លោក Geng Shuang អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃចន្ទនេះថាប្រទេសចិនជំទាស់នឹងការបាញ់បង្ហោះកាំជ្រួចនេះដែលរំលោភលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.។ លោកបាននិយាយបន្ថែមថាប្រទេសចិនដែលជាសមាជិកមួយនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.សុំដល់ភាគីទាំងអស់ឱ្យទប់ចិត្តកុំធ្វើសកម្មភាពបង្ករឿងហេតុហើយថាចិនមានជំនឿថាការសន្ទនាគ្នាជាមាគ៌ាទៅកាន់ដំណោះស្រាយមួយ។
ក្រសួងការបរទេសរុស្សីក៏បានសម្តែងកង្វល់ដែរនៅថ្ងៃចន្ទនេះអំពីការបង្ហោះកាំជ្រួចនេះ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានហៅសកម្មភាពទាំងនេះរបស់កូរ៉េខាងជើងថាជា «សកម្មភាពមិនអាចអត់ឱនឱ្យបានជាដាច់ខាត»។
អត្ថាធិប្បាយរបស់លោក Abe មានឡើងនៅក្នុងសន្និសីទកាសែតមួយជាមួយប្រធានាធិបតីស.រ.អា. Donald Trump នៅក្នុងឱកាសទស្សកិច្ចមួយក្នុងរដ្ឋ Florida។
មេដឹកនាំជប៉ុនរូបនេះបាននិយាយថា«ប្រទេសកូរ៉េខាងជើងត្រូវតែគោរពពេញលេញតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ដែលមាន
ពាក់ព័ន្ធនឹងបញ្ហានេះ។ នៅក្នុងជំនួបកំពូលដែលខ្ញុំបានធ្វើជាមួយលោកប្រធានាធិបតី Trump លោកបានធានារ៉ាប់រងដល់ខ្ញុំថាស.រ.អា.នឹងនៅជាមួយប្រទេសជប៉ុន ១០០ភាគរយជានិច្ច ហើយដើម្បីបង្ហាញការប្តេជ្ញារបស់លោក លោកនៅទីនេះជាមួយខ្ញុំក្នុងសន្និសីទសារព័ត៌មាននេះ»។