ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ប្រកាស​វិល​ចូល​ស្រុក​ជាថ្មី​នៅ​ដើម​ឆ្នាំ២០២១ ទោះជា​តុលាការ​កោះ​ហៅ


រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានម្នាក់នៃគណបក្សសង្គ្រោះជាតិ ចូលរួមការប្រមូលផ្តុំគ្នារបស់សមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីប្រារព្ធខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅបរិវេណសាលាក្រុងឡូវែល រដ្ឋ Massachusetts ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ (ពិន ស៊ីសុវណ្ណ/វីអូអេ)
រូបឯកសារ៖ អ្នកស្រី មូរ សុខហួរ អនុប្រធានម្នាក់នៃគណបក្សសង្គ្រោះជាតិ ចូលរួមការប្រមូលផ្តុំគ្នារបស់សមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីប្រារព្ធខួប ២៩ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅបរិវេណសាលាក្រុងឡូវែល រដ្ឋ Massachusetts ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួនដែលត្រូវ​តុលាការ​រំលាយ ​បាន​ប្រកាស​អំពី​ផែន​ការ​វិល​ចូល​ស្រុក ​នៅ​ដើម​ខែ​មករា​ ឆ្នាំ​២០២១ ​ដើម្បី​ឲ្យ​ទាន់​សវនាការ ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​«រួម​គំនិត​ក្បត់​»​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​បក្ស​ប្រឆាំងនៅ​ថ្ងៃ​អង្គារ​នេះ។

សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ឲ្យ​ដឹង​ថា​ អ្នកស្រី ​មូរ សុខ​ហួរ​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​អ្នក​ដឹក​នាំ​ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ ហើយ​ការ​សម្រេច​ត្រឡប់​មក​កម្ពុជា​នេះ​នៅ​ដើម​ឆ្នាំ​ក្រោយ​ អាស្រ័យ​តាម​ការ​វាយ​តម្លៃ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ និង​ស្រប​ពេល​ដែល​ថ្នាក់​ដឹកនាំ​និង​សកម្មជន​គណបក្ស​មាន​ឈ្មោះ​ក្នុង​ដីកា​កោះ​ហៅ​របស់​តុលាការ​រាជធានី​ភ្នំពេញ។

លោក អ៊ុំ សំអាន​ អតីត​តំណាងរាស្ត្រ​របស់​គណបក្សសង្រ្គោះ​ជាតិ ​ដែល​កំពុង​ស្នាក់​នៅ​អា​មេរិក​ បាន​ប្រាប់​វីអូអេ​ថា វត្ត​មាន​របស់​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​របស់​គណបក្ស​ជំទាស់​ មាន​សារៈសំខាន់​សម្រាប់​សវនាការ​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា។ លោក​អះអាង​ថា ​សកម្មជន​គណបក្ស​ជំទាស់​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត​ រួម​មាន​ម៉ាឡេស៊ី​ ថៃ​ កូរ៉េ​ខាង​ត្បូង​ ជប៉ុន​ និងអ្នកគាំ​ទ្រ​គណបក្ស​មកពី​សហរដ្ឋអាមេរិក​ និង​អូស្រ្តាលី​ បារាំង​ជា​ដើម​នោះ ​ក៏នឹង​ចូលរួម​ដំណើរ​វិល​ត្រឡប់នេះដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «សវនា​ការ​នឹង​បើក​នៅ​ចុង​ខែ​ ដូច្នេះ​យើង​ទៅ​ឲ្យ​ទាន់​សវនាការ​ហ្នឹង​។ ដូច្នេះ​យើង​ត្រូវ​ទៅ​មុន​ គឺ​ទៅ​ថ្ងៃ​៤ ​ខែ​មករា ​២០២១​ ដើម្បី​ចូល​រួម​សវនាការ​ដែល​នឹង​បើក​សវនាការ​ដោយ​តុលាការ​តេឡេ​របស់​របប​លោក​ហ៊ុន សែន​ ហ្នឹង»។

ក៏​ប៉ុន្តែ​ អ្វី​ដែល​ជា​ឧបសគ្គ​សម្រាប់​ការ​វិល​ត្រឡប់​របស់​ក្រុម​ថ្នាក់​ដឹកនាំគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវរំលាយ​មួយ​ចំនួន​នោះ​ គឺ​លិខិត​ឆ្លង​ដែននិង​ទិដ្ឋាការ​ដែល​ត្រូវ​បញ្ចប់​សុពលភាព និង​បម្រាម​លើ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដែល​ហាម​មិន​ឲ្យ​យន្ត​ហោះ​ដឹក​ពួកគេ​។

លោក​ អ៊ុំ​ សំអាន ដែល​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់​ព្រមាន​ចាប់​ខ្លួន​បើ​រស់​នៅ​កម្ពុជា ​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា ​រដ្ឋា​ភិបាល​នឹង​ពិចារណា​លើក​លែង​បម្រាម​នានា​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុម​ថ្នាក់​ដឹកនាំនិង​សកម្មជន ​បាន​វិល​ចូលប្រទេស​វិញ​ បើ​ទោះ​បី​ត្រូវប្រឈម​នឹង​ការ​ចាប់​ខ្លួន​ក៏​ដោយ​។

លោក​បន្ថែម​ថា៖ «វា​អាច​នឹង​មានការ​ប្រឈម​មុខ​ក្នុង​ការ​ចាប់​ខ្លួន​ហើយ​។ ក៏ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ បើ​សិន​ជា​យើង​ មិន​មាន​ការ​ប្រថុយ​ប្រថាន​ មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ​ ដូច្នេះ​យើង​ត្រូវ​តែធ្វើ​មាតុភូមិ​និវត្តន៍​ ដើម្បី​ចូលរួម​សវនា​ការ​ ហើយ​យើង​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​ ​ហើយ​យើង​ចង់​ឲ្យមាន​ដំណោះ​ស្រាយ​នយោ​បាយ​មួយ ​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ»។

វីអូអេ ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពីអ្នកស្រី មូរ សុខហួរ​ បានទេ​នៅថ្ងៃ​អង្គារ​នេះ​។ វីអូអេ​ ក៏មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​ដែរ។

លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ ក្រុម​ថ្នាក់​ដឹកនាំ​គណបក្ស​ជំទាស់​ទាំង​អស់​នៅ​ក្រៅ​ប្រទេស​ នៅ​តែ​អាច​ធ្វើ​ដំណើរ​ចូល​ប្រទេស​កម្ពុជា​ ត្រូវតែ​អនុវត្ត​កាតព្វកិច្ច​ដែល​តុលាការ​បាន​កំណត់។

លោក​មាន​ប្រសាសន៍​ថា៖ «ជន​ណាដែល​ជាប់​កាតព្វកិច្ច​ជាមួយ​តុលាការ​ ជន​នោះ​ ត្រូវ​តែ​នាំ​ខ្លួន​ទៅ​តុលាការ»។

អ្នក​នាំពាក្យ​រូប​នោះ​ មិន​មាន​ការ​អធិប្បាយ​លើ​បម្រាម​ហាម​ឃាត់​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឲ្យ​ដឹក​ថ្នាក់​ដឹកនាំ​គណបក្ស​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ។

អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច ​លោក​ សុខ ឥសាន មាន​ប្រសាសន៍​ថា​លោក​មិន​មានជំនឿ​ថា​ថ្នាក់​ដឹកនាំ​ និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ហ៊ាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ ដើម្បី​ទទួល​ការ​កាត់​ទោស​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «គ្មាន​អ្នក​ណា​បិទ​គាត់​ទេ​ មក​ពីគាត់​វាមិន​ហ៊ាន​មក​។ បើ​គាត់​ហ៊ាន​ដែរ​ គាត់​សុខ​ចិត្ត​ស្លាប់​ អាហ្នឹង​គាត់​មក​ហើយ​...គាត់​កំសាក​អត់​ហ៊ាន​មក។ អ៊ីចឹង​ខ្ញុំ​យល់​ថា​ វប្បធម៌​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​នេះ​ គឺ​ថា​គាត់​ជោគ​ជ័យ​នៅ​ក្នុង​អារម្មណ៍​។​ បើ​ជោគ​ជ័យ​នៅ​ក្នុង​អារម្មណ៍​ ការ​ដាក់​ផែន​ការ​ថា​មក​ ឬមិនមក​យ៉ាង​ណា​នោះ​ វា​អត់​មាន​ទេ​នៅ​ក្នុង​ការ​ជាក់​ស្តែង​»។

កាល​ពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​លើក​ពេល​សវនាការ​ពាក់ព័ន្ធ​នឹងរឿង«​ក្បត់»​ចំនួន៤​សំណុំ​រឿង ​ដែល​មាន​មនុស្ស​ជិត​១៤០នាក់ ទាក់​ទង​នឹង​ផែន​ការ​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី មេដឹក​នាំ​ក្រុម​ជំទាស់​កាល​ពី​ឆ្នាំ​មុន។ ដំណាល​គ្នា​នឹង​ការ​លើក​ពេល​សវនាការ​នោះ​ តុលា​ការបាន​សម្រេច​បញ្ចូល​សំណុំ​រឿង​ជា​ពីរ ហើយ​សវនាការ​ស្ដាប់​អង្គ​ហេតុ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែមករា ​និង​ថ្ងៃ​ទី​៤ ​ខែ​មីនា ឆ្នាំ​ក្រោយ។

លោក ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោ​បាយ​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា ភាគ​ច្រើន​នៃ​ក្រុម​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ជំទាស់​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេសមិន​មាន​លិខិត​ឆ្លង​ដែន​ សម្រាប់​ការ​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​ទេ លើក​លែង​តែ​អ្នកស្រី មូរ សុខហួរ​ ដែល​មាន​សញ្ជាតិ​អាមេរិកាំង។ បន្ថែម​លើ​នោះ​ វិបត្តិ​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ​១៩​ អាច​ជា​កត្តាមួយ​ផ្នែក​ទៀត​នៃ​ការ​បង្អាក់​ផែន​ការ​មាតុ​ភូមិ​និវត្តន៍​នេះ​។

អ្នក​វិភាគ​រូប​នោះ​បន្ត​ថា បើ​ទោះ​ក្រុម​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំងអាច​ចូល​មកកម្ពុជា​បាន​ដូច​ការ​គ្រោង​ទុក លោក​មិន​មាន​ជំនឿ​ថា​ បរិយា​កាស​នយោ​បាយ​អាប់អួ​ដែល​បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ បញ្ចប់​បាន​ទេ ប៉ុន្តែវា​អាច​ត្រឹមតែ​បន្ថែមសម្ពាធ​អន្តរ​ជាតិ​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «គ្រាន់​តែ​មក​ឲ្យទទួល ឬ​ក៏​ទទួល​យក​ការចោទ​ប្រកាន់​ ទទួល​យក​ការ​ឃុំ​ឃាំង​ហ្នឹង​ ដើម្បី​ជា​ទម្ងន់​នៃ​ការ​លើក​ឡើង​ទៅ​ឲ្យ​អន្តរជាតិ​ មើល​ឃើញ​ពី​បរិយាកាស​នយោបាយ និង​បរិយាកាស​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ហ្នឹង មាន​លក្ខណៈ​រឹត​ត្បិត តូច​ចង្អៀត​ រួម​តូច​ចង្អៀត​ហ្នឹង​ ​ធ្វើ​ឲ្យ​មាន​ការ​អន្តរាគមន៍​ពី​អន្តរ​ជាតិ​កាន់​តែ​ខ្លាំង កាន់​តែ​លឿន​»។

លោក​ សុខ ឥសាន​ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ​ មិន​បារម្ភ​ពី​សម្ពាធ​របស់សហគមន៍​អន្តរ​ជាតិ​ទេ។ លោក​បន្ថែម​ថា​ រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្មី​ ក៏​នឹង​មិន​គិតគូរ​ពី​ស្ថាន​ភាព​នៅ​កម្ពុជា​ ដោយ​លោក ​Joe Biden ​(ចូ បៃដិន)​ ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ឈ្នះ​ការ​បោះ​ឆ្នោត​នោះ​ នឹង​ផ្តោត​ជា​ចម្បង​លើ​កិច្ច​ការបង្រួប​បង្រួម​ជាតិ​នៅ​សហរដ្ឋ​អាមេរិក​ ក៏ដូច​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។

«​លោក​បៃដិន​មក​ អាហ្នឹង​ លោក​គិតគូរ​អំពី​បញ្ហា​បង្រួប​បង្រួម​ផ្ទៃក្នុង​អាមេរិក​ និង​បង្រួបបង្រួម​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក ដូច​ជា​គាត់​មិន​យក​រឿង​កំប៉ិក​កំប៉ុក​របស់​ខ្មែរ​ហ្នឹង​ទៅគិត​ទេ»។

នៅ​ក្នុង​សំណុំរឿង​ក្បត់​ជាតិ​ ដែល​មាន​ជាប់​ពាក់ព័ន្ធ​តាំង​ពី​មេដឹកនាំ​កំពូល​ៗ​របស់​គណបក្ស​ជំទាស់​ រហូត​ដល់​អ្នក​គាំទ្រ​បក្សនេះ​ តុលាការ​បាន​កោះ​ហៅ​ មនុស្ស​ជិត​១៤០​នាក់​ ដើម្បី​ចូលរួម​សវនាការ​ ដែលត្រូវ​លើក​ទៅ​ជំនុំ​ជម្រះ​នៅឆ្នាំ​ក្រោយ​។

លោក សម រង្ស៊ី ​ដែល​កំពុងនិរ​ទេស​ខ្លួន​នៅ​ប្រទេស​បារាំង បាន​ព្យាយាម​ចូល​ប្រទេស​កម្ពុជា ប៉ុន្តែ​ការ​ប៉ុនប៉ង​នេះ មិន​បាន​សម្រេចកាល​ពីឆ្នាំ​២០១៩ ដោយ​អាជ្ញាធរថៃ​បាន​ហាម​លោក​មិន​ឱ្យ​ឆ្លង​កាត់​តាម​ផ្លូវ​គោក ហើយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍ក៏​ត្រូវ​បាន​ហាម​មិន​ឱ្យ​ដឹក​លោក​ចូល​កម្ពុជា​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG