ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះជាតិ​១១រូប ដាក់សំណើ​សុំ​លិខិត​ឆ្លង​ដែន​ចូលស្រុក​វិញ


អ្នកស្រី ​មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ដែល​ជា​អនុប្រធាន​គណបក្សសង្គ្រោះជាតិ និយាយ​ជាមួយ​អ្នកយកព៍ត៌មាន។ (ម៉ែន គឹមសេង/វីអូអេ)

ការប៉ុនប៉ង​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ដើម្បី​ដាក់​សំណើ​សុំ​សុពលភាព​លិខិត​ឆ្លងដែន​សម្រាប់​ធ្វើដំណើរ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ប្រឈមនឹង​ការប្តឹង​ផ្តល់​នៅ​តុលាការ​ ហាក់​មាន​ភាព​មិនច្បាស់លាស់នៅថ្ងៃអង្គារ​នេះ ដោយសារតែស្ថានទូត​កម្ពុជា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​បិទទ្វារ​ដោយ​មិន​បាន​បញ្ជាក់មូលហេតុ។

នៅក្នុង​សំណើ១ច្បាប់​ដែល​ត្រូវបញ្ជូន​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ហើយត្រូវបាន​ចែកចាយ​ដល់​អ្នកសារព័ត៌មាន​ គឺ​មាន​ឈ្មោះ​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​គណបក្ស​ចំនួន១១រូប ​ដែល​ត្រូវការ​លិខិត​ឆ្លងដែន​ឡើងវិញដោយសារតែក្រសួង​ការបរទេស​បាន​បញ្ចប់​សុពលភាព​កាលពី​ថ្ងៃទី៦ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៩ ​ដែលធ្វើឲ្យ​ពួកគេ​ មិនអាចធ្វើ​ដំណើរ​ឆ្លង​ប្រទេស​បាន។ ក្នុងចំណោម​នេះ​ មាន​លោក អេង ឆៃអ៊ាង ​និង​អ្នកស្រី ​មូរ សុខហួរ ​ដែល​ជា​អនុប្រធាន​គណបក្ស។​

លោក អេង ឆៃអ៊ាង ​ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដាក់ញត្តិ​ទៅក្នុង​ប្រអប់សំបុត្រ ដោយមាន​លោក ឡុង រី សមាជិក​រដ្ឋសភានៃគណបក្សសង្គ្រោះជាតិ ឈរមើល​នៅ​ក្បែរនោះ។ (ម៉ែន គឹមសេង/វីអូអេ)
លោក អេង ឆៃអ៊ាង ​ដែល​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដាក់ញត្តិ​ទៅក្នុង​ប្រអប់សំបុត្រ ដោយមាន​លោក ឡុង រី សមាជិក​រដ្ឋសភានៃគណបក្សសង្គ្រោះជាតិ ឈរមើល​នៅ​ក្បែរនោះ។ (ម៉ែន គឹមសេង/វីអូអេ)

លោក អេង ឆៃអ៊ាង ​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅមុខ​ស្ថានទូត​ថា៖

«ពួកយើង​ខ្ញុំ​ទាំងអស់គ្នា​ដែល​ត្រូវការ​លិខិត​ឆ្លងដែន​ដើម្បី​ធ្វើដំណើរ​ព្រោះ​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មាន​លិខិត​ឆ្លងដែន​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ ​ប៉ុន្តែ​លិខិត​ឆ្លងដែន​របស់​យើង​ត្រូវ​បាន​ក្រសួង​ការបរទេស​ជូនដំណឹងថា ​ត្រូវ​មោឃភាព​កាលពីឆ្នាំទៅ។ អីចឹង​ឥឡូវ​នេះ​ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ដំណើរ​ទៅបាន​ទាល់តែ​លិខិត​ឆ្លងដែន​របស់យើង​មាន​សុពលភាព​ឡើងវិញ​។ អីចឹង​ពួកយើងខ្ញុំ​ នឹង​យក​លិខិត​នេះ​ដើម្បី​ផ្ញើ​ទៅរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​សម្តេចស ខេង​ដើម្បី ឲ្យ​លោក​ផ្តល់​សុពលភាព​ឡើង​វិញ ​ហើយ​យើងផ្ញើ​តាម​រយៈ​ឯកអគ្គរាជទូតខ្មែរប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី»។ ​

ការព្យាយាម​វិលត្រឡប់​ទៅ​កម្ពុជា​លើកនេះ​ គឺ​ដោយសារសាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​ឧបឃាត​របស់​ថ្នាក់​ដឹក​នាំគណបក្សសង្គ្រោះ​ជាតិ​ចំនួន ៩រូប ក្នុង​នោះ​ក៏​មានលោក សម រង្ស៊ី ផង​ដែរ នៅ​ថ្ងៃ​ទី១១ វិច្ឆិកានេះ។ តុលាការក៏​កោះ​ហៅថ្នាក់ដឹកនាំ​និងអតីត​សកម្មជនចំនួន​៥៩នាក់​ដែល​ភាគច្រើន​ នៅក្រៅប្រទេសនោះ ឲ្យ​ចូលរួម​ក្នុងសវនាការ ដែល​នឹង​ធ្វើឡើង​នៅថ្ងៃទី​ ២៦​ខែវិច្ឆិកា​ខាងមុខ ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ «រួមគំនិត​ក្បត់»​ និង​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍»។

ក្រុមមេដឹកនាំ​បក្ស​សង្គ្រោះជាតិ ដើរ​នៅ​ខាងមុខ​ស្ថានទូតខ្មែរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)
ក្រុមមេដឹកនាំ​បក្ស​សង្គ្រោះជាតិ ដើរ​នៅ​ខាងមុខ​ស្ថានទូតខ្មែរនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)

ប៉ុន្តែ​ស្ថានទូត​មិន​បើក​ដំណើរការ​ទេ​ដោយ​ដាក់​ស្លាក​ថា​«បិទ»​នៅពេល​ដែល​ក្រុមមន្ត្រី​ទាំងនោះ​មកដល់​ស្ថានទូត​នៅម៉ោង​១០:៣០​ព្រឹកនិង​រង់ចាំ​រហូតដល់​ជិតម៉ោង​១២​ថ្ងៃត្រង់។

យោង​តាម​គេហទំព័រ​របស់​ស្ថានទូត​គឺ​ត្រូវ​បើកដំណើរការ​ធម្មតា​នៅថ្ងៃអង្គារ​នេះ​លើកលែង​តែ​ថ្ងៃច័ន្ទ​ទី៩ ខែ​វិច្ឆិកា​ដែល​ជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​និង​ថ្ងៃពុធ​ទី១១​ដែល​ជា​ទិវា​អតីត​យុទ្ធជន​នៅ​សហរដ្ឋ​អាមេរិក។

វីអូអេ​ បាន​ទាក់ទង​លោក ជុំ សុន្ទរី ​ឯកអគ្គរាជទូត​កម្ពុជា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោ​ន​ប៉ុន្តែលោក​មិន​ទាន់​ឆ្លើយតប។

យោងតាម​មន្ត្រី​ប៉ូលិស​នៃ​អង្គភាព​ការពារ​ថ្នាក់ដឹកនាំ​ (Secret Service) របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​មក​សួរនាំ​ក្រុមថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ហើយ​វីអូអេ​បាន​ឮ​ការឆ្លើយឆ្លងគ្នា​ដោយ​ផ្ទាល់គឺ​ភ្នាក់ងារ​ប៉ូលិស​ម្នាក់​បាន​ប្រាប់ថា​ខាង​ស្ថានទូត​បានរាយការណ៍​ឲ្យ​ពួកគេ​ជាមុន​ថា​មានបាតុកម្ម​នៅ​ខាងមុខ​ស្ថានទូត។

អ្នកស្រី មូរ សុខហួរ​ បាន​បញ្ជាក់​ថា​គ្មាន​បាតុកម្ម​អ្វីទេ​ក្រៅតែ​ពី​ការដាក់​លិខិត​សំណើ​ប៉ុណ្ណោះ៖

«យើង​ឆ្ងល់​ថា​ថ្ងៃនេះ​អត់​មានអ្វី​ដែល​ត្រូវបិទទ្វារ​ទេ​ហេតុអ្វី​ អីចឹង​វាគួរតែ​ក្រសួង​កិច្ចការ​បរទេស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មកសួរ​ខាង​វ៉ាស៊ីនតោន​ឌីស៊ី​វិញ​ថា​ថ្ងៃហ្នឹង​បិទទ្វារ​ មាន​ហេតុមាន​ផលអី?​បើសិនជា​រដ្ឋាភិបាល​លោក​ហ៊ុនសែន​ថា​យើង​មានសិទ្ធិស្មើគ្នា​ជាពលរដ្ឋ​ខ្មែរ​អត់មាន​ត្រូវការ​រើសអើង​ទេ​ហើយ​អត់មាន​ត្រូវការ​ខ្លាច​ពលរដ្ឋ​ខ្លួន​ឯង​ទេ​។ តើ​នេះ​ជា​ការ​ខ្លាច​ពលរដ្ឋ​ខ្លួនឯង​ឬ​យ៉ាងម៉េច ឬ​ក៏មាន​ការរើសអើង​ខាងផ្លូវ​នយោបាយ»។

បើទោះបីជា​មិនបាន​ដាក់​លិខិត​ស្នើសុំ​ដោយ​ផ្ទាល់​ប៉ុន្តែ​ពួកគេ​បាន​ដាក់​ចូលក្នុង​ប្រអប់​សំបុត្រ​របស់​ស្ថានទូត​មុន​ចាក​ចេញ​មក​វិញ។

អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក ឡុង រី និងលោកអេង ឆៃអ៊ាង ​ដែល​ជា​អនុប្រធាន​គណបក្ស កាន់ញត្តិនៅក្បែរស្ថានទូតខ្មែរ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)
អ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ លោក ឡុង រី និងលោកអេង ឆៃអ៊ាង ​ដែល​ជា​អនុប្រធាន​គណបក្ស កាន់ញត្តិនៅក្បែរស្ថានទូតខ្មែរ​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)

លោក ឡុង រី ​អ្នកតំណាងរាស្ត្រ​បាន​បញ្ជាក់​ថ្លែង​ថា​ការស្វះស្វែង​រកវិធី​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នឹង​បន្ត​ទៀត​ដើម្បី​ចូលរួម​សវនាការ​ដោយ​ផ្ទាល់៖

«យើង​មាន​បំណង​ចង់​ចូលរួម​ ចង់តទល់​ក៏​ប៉ុន្តែ​បើបិទ​យើង​គ្រប់​ច្រកល្ហក​ កប៉ាលហោះ​ជិះ​មិន​បាន​ដី​គោក​ក៏​ទៅ​មិន​កើត​ ដើរ​ក៏ដើរ​មិន​ដល់​យើង​ត្រូវ​ធ្វើ​ម៉េច? សូម​ទាំងអស់គ្នា​ជួយធ្វើ​សាក្សី។ ពួកខ្ញុំ​ស្វាមី​ភក្តិ​ចំពោះ​បញ្ហា​នេះ​ហើយ​ក៏ប៉ុន្តែ​ត្រូវគិត​កុំយក​មធ្យោបាយ​នយោបាយ​មក​ប្រើប្រាស់​ច្របូកច្របល់​ឲ្យ​គេ​ពិបាក​តាមដាន។ ដូច្នេះ​ពួកយើង​នឹង​ខិតខំ​រក​មធ្យោបាយ​ធ្វើ​ម៉េច​ទៅតទល់​នឹង​តុលាការ​ទោះបី​យើង​ដឹង​ថា​តុលាការ​ធ្វើ​អ្វី មិន​ត្រឹមត្រូវ​ក៏ដោយ​ក៏ប៉ុន្តែ​ពួកយើង​មាន​សិទ្ធិ​ក្នុង​ការតវ៉ា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា»។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​នៅ​ក្រៅ​ប្រទេស​បាន​ប៉ុនប៉ង​មិន​បាន​ជោគជ័យ​ម្តង​ហើយកាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដើម្បី​វិល​ចូល​ប្រទេស​វិញ​ដោយ​អ្នកខ្លះ​បាន​ចូល​ដល់​ត្រឹមតែ​ប្រទេស​ថៃ​និង​ខ្លះទៀត​រួម​ទាំង​លោកសម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​បានទៅដល់​ប្រទេស​ម៉ាឡេស៊ី។

មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​នេះ​បាន​រត់ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស​ជាបន្ត​បន្ទាប់​នៅ​មុន​និង​ក្រោយពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ​គឺមុន​ពេល​រៀបចំ​ការបោះឆ្នោត​ជាតិ​ដែល​គណបក្ស​នេះបានកើន​ប្រជាប្រិយ៍ភាព​យ៉ាង​រហ័យ​ក្រោយពី​ការបញ្ចូលគ្នា​រវាងគណបក្ស​សិទ្ធិ​មនុស្ស​និង​គណបក្ស​សមរង្ស៊ី៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG