ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ​បង្កើន​ការ​កោះហៅ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ


រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិនិងថ្នាក់ដឹកនាំបក្សផ្សេងទៀតដែលនិរទេសខ្លួននៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័តមាន នៅខាងក្រៅរដ្ឋសភាម៉ាឡេស៊ី ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិនិងថ្នាក់ដឹកនាំបក្សផ្សេងទៀតដែលនិរទេសខ្លួននៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័តមាន នៅខាងក្រៅរដ្ឋសភាម៉ាឡេស៊ី ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុម​អតីត​តំណាង​រាស្ត្រ​និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ​ កាល​ពី​ឆ្នាំ​ ២០១៧​ បាន​ចាត់​ទុក​ការ​កោះ​ហៅ​ពួកគេ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ ជា​ចេតនា​គំរាម​កំហែងមិន​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ នៅពេល​ដែល​អតីត​មេ​ដឹក​នាំ​បក្ស​ប្រឆាំងលោក ​សម រង្ស៊ី​ បាន​ប្រកាស​ឲ្យ​ដឹង​ពី​គោលបំណង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ជាថ្មី​ទៀត។

តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះ​ហៅ​លោក​ សម រង្ស៊ី​ ដែល​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួនឯងនៅ​ប្រទេស​បារាំង​ និង​អតីត​ថ្នាក់​ដឹកនាំ ព្រមទាំង​សកម្មជនគណបក្ស​ប្រឆាំង​រាប់​សិប​នាក់ មក​ចូល​រួម​សវនា​ការ​ក្រោម​បទ​ចោទ​ «រួមគំនិត​ក្បត់​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍»។ លោក​ សម រង្ស៊ី​ ត្រូវ​បាន​ព្រះ​រាជអាជ្ញា​រង​លោក​ សេង ហៀង​ តម្រូវ​ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។

លោក ​អ៊ុំ សំអាន​ ដែល​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង និង​ដែល​ត្រូវបាន​តុលាការ​កោះ​ឲ្យ​ចូល​ខ្លួន​ក្រោម​បទ​ចោទ ​ដូចលោក​ សម រង្ស៊ី នោះ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ដីកា​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​លោក​ចាត់ទុកថា​ជា​ «តុលាការ​តេឡេ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន»​ មាន​គោល​ដៅ​បំភិតបំភ័យ​ មិន​ឲ្យ​សកម្មជន​របស់​គណបក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​ ក្រោក​តវ៉ា​ប្រឆាំង​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ។

​លោកបន្ថែម​ថា​ បើ​លោក ​ហ៊ុន សែន ​ចង់​ឲ្យ​លោក​ សម រង្ស៊ី​ និង​ថ្នាក់នាំ​របស់​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ វិល​ចូល​ប្រទេស​នោះ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​ គួរ​តែ​ទម្លាក់ចោល​រាល់​បម្រាម​ហាម​ឃាត់ ​និង​ការ​រឹតត្បិត​ទាំងឡាយ ​មិន​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​មក​កម្ពុជា​ ដើម្បី​ចូលរួម​សវនាការ​ និង​កុំ​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ដែល​មក​ស្វាគមន៍​ការ​វិលត្រឡប់​របស់​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​បាន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស។

«តាម​ពិត​លោក ​ហ៊ុន សែន ​គាត់​មិន​ចង់​ឲ្យ​លោក​ប្រធាន​ សម រង្ស៊ី​ ឬក៏​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ចូល​ទៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​សុចចិត្ត​នោះ​ទេ​ ព្រោះ​គាត់​ភ័យ​ខ្លាច​បាត់​អំណាច​របស់​គាត់​ ហើយ​និង​ជា​ពិសេស​គាត់​ខ្លាច​គាត់​អត់​បាន​ផ្ទេរ​អំណាច​របស់​គាត់​ ទៅ​ដល់​កូន​របស់​គាត់​គឺ​លោក​ ហ៊ុន​ ម៉ាណែត»។

អតីត​តំណាង​រាស្ត្រ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ ដោយសារ​ការអធិប្បាយ​រឿង​ព្រំដែន​កម្ពុជានិងវៀតណាម បាន​បន្ថែមថា​ លោក ​ហ៊ុន សែន បច្ចុប្បន្ន​ភ័យខ្លាច​ថា ​បើ​លោក​សម រង្ស៊ី​និងក្រុមមេដឹកនាំ​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត ​វិល​ត្រឡប់​ចូលក្នុង​ប្រទេស​ នោះ​ពលរដ្ឋ​គ្រប់​ច្រក​ល្ហក​នឹង​ចេញ​មក​គាំទ្រ ហើយ​ការ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន​ លា​លែង​ពី​តំណែង​ នឹង​អាច​កើតមាន​ឡើង។

លោក​ សម រង្ស៊ី​ បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាលពី​ចុង​ខែ​កញ្ញា​ថា ​លោក​គ្រោង​នឹង​វិល​មក​ប្រទេស​កម្ពុជា​ម្តង​ទៀត​ ប៉ុន្តែ​នៅ​លើក​នេះ​លោក​មិន​ជូន​ដំណឹង​ជាមុន​ អំពី​ថ្ងៃ​ខែ​ជាក់​លាក់​នោះ​ទេ។​ លោក សម រង្ស៊ី​ និង​អតីត​ក្រុម​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ផ្សេង​ទៀត ​ធ្លាប់​បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក​ថា​ ឲ្យ​ពួកគេ​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ដែល​រារាំង​ដល់​ការ​ធ្វើ​ដំណើរ។

រូបឯកសារ៖ លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានមន្រ្តីថ្នាក់ក្រោមគាំទ្រ ក្រោយចេញពីតុលាការបាត់ដំបង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)
រូបឯកសារ៖ លោក ជា ជីវ អតីតប្រធានប្រតិបត្តិគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តបាត់ដំបង ត្រូវបានមន្រ្តីថ្នាក់ក្រោមគាំទ្រ ក្រោយចេញពីតុលាការបាត់ដំបង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

ការ​ស្នើ​បែបនេះ​ធ្វើឡើង​ ក្រោយ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង ​៩ ​រូប​ក្នុង​នោះ​មាន​លោក ​សម រង្ស៊ី​ ផង​ដែរ ​ក្នុង​ករណី​ចោទ​ប្រកាន់​ដាច់​ដោយ​ឡែក​មួយ​ទៀត​ គឺ «បទ​ឧបឃាត» ​ឬ​ការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា។

លោក​ ជា ជីវ អតីត​ប្រធាន​ប្រតិបត្តិ​របស់​គណបក្សសង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តបាត់ដំបង​ ដែល​មាន​ឈ្មោះ​ក្នុង​ដីកា​ខាង​លើ​មិនដឹងថា តើ​ខ្លួន​លោក​ផ្ទាល់​បានរួម​គំនិត​ប្រព្រឹត្ត​កំហុស​អ្វី​ ជាមួយ​អតីត​មេដឹកនាំ​គណបក្ស​របស់​លោក​គឺ លោក​ សម រង្ស៊ី​។ លោក​យល់​ថា ចំណាត់ការ​តុលាការ​ចុង​ក្រោយ​នេះ​ ជា​ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​និង​រឹតត្បិត​សិទ្ធិ​សេរីភាព​អតីត​មន្ត្រី​ និង​សកម្ម​ជន​គណបក្ស​សង្គ្រោះជាតិ។​

​ក្នុង​ដីកា​កោះ​ហៅរបស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​កោះ​ហៅ​ក្រុម​មេដឹកនាំ​អតីត​មន្ត្រី​និង​អតីត​សកម្មជន​ជិត​ ៦០ ​នាក់​នោះ​ ក្រៅ​ពី​លោក ​សម រង្ស៊ី​ និង​លោក ​អ៊ុំ សំអាន​ មាន​អតីត​មេដឹកនាំ​កំពូលៗ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​គឺ​លោក អេង ឆៃអ៊ាង លោក​ស្រី​ មូរ សុខហួរ​ និង​អតីត​តំណាងរាស្ត្រ​លោក ហូរ វ៉ាន់ លោក ឡុង រី​ អ៊ូ ច័ន្ទ​ឬទ្ធិ​ និង​លោក​គង់ សភា ​ជា​ដើម។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​មាន​សកម្មជន​ថ្នាក់​ក្រោម​ដែលរួមមាន​អតីត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ផង​ដែរ។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន មិន​ផ្តល់​ការអធិប្បាយ​ពាក់​ព័ន្ធ​ការ​លើក​បម្រាម​ធ្វើ​ដំណើរ​អនុញ្ញាត​ឲ្យ​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​រំលាយ​បាន​ត្រឡប់​មក​មាតុ​ប្រទេស​នោះ​ទេ​ ក្រោម​ហេតុផល​ថា​ ការ​សម្រេច​នេះ​ជា​ភារកិច្ច​របស់​ស្ថាប័ន​តុលាការ។

«ខ្ញុំ​មិនមែន​ជា​បុគ្គល​ម្នាក់​ ដែល​មាន​ការសម្រេច​ឬផ្តល់​យោបល់​នោះ​ទេ ​អាហ្នឹង​មាន​តែ​សាមី​ខ្លួន​ផ្ទាល់​និយាយ​ជាមួយ​តុលាការ។ យើង​ដឹង​ហើយ​ស្ថាប័ន​ទាំង​បី​ហ្នឹង ​វា​ធ្វើ​កិច្ចការ​ខុស​ៗ​គ្នា​ ហើយ​ខាង​តុលាការ​គាត់​បង្គាប់​ឲ្យ​អ្នក​ទទួល​បន្ទុក​ហ្នឹង​បង្ហាញ​ខ្លួន​ ហើយ​សាមី​ជន​ហ្នឹង​ លោក​មាន​មេធាវី​ លោក​មាន​អី​ហ្នឹង ​អាហ្នឹង​អី​គេ​គេ​ចេះ​ចាត់​ចែង​ក្នុង​សាច់​ក្នុងរឿង​ហ្នឹង​ហើយ។ យើង​រាជរដ្ឋាភិបាល យើង​មិន​លូក​ដៃ​លូក​ជើង​ជាមួយទេ​បាទ»។​

លោក​ គុជ គឹមឡុង អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​អ្នកនាំពាក្យ​តុលាការ​ក្រុង​មួយ​ទៀត​គឺ​លោក ​អ៊ី រិន ដែល​មិន​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ដែរ​ នៅ​ថ្ងៃពុធ​នេះ។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​លោក​ មាស នី លើកឡើង​ថា​ ការ​ចោទប្រកាន់​របស់​តុលាការ​មក​លើ​ក្រុម​អតីត​ថ្នាក់​ដឹកនាំ និង​មន្ត្រី​គណបក្ស​ប្រឆាំង​កន្លង​មក​នេះ ជា​រឿង​នយោបាយច្រើន​ជាង​រឿង​ដែល​ត្រូវ​យក​មក​កាត់​ក្តី​ក្នុង​តុលាការ។ លោក​មាន​ប្រសាសន៍​ថា ​វត្ត​មាន​របស់​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ជាពិសេស​លោក ​សម រង្ស៊ី​ នៅ​ប្រទេស​កម្ពុជា​អាច​ជា​ការគំរាម​កំហែង​ដល់ «ស្ថិរភាព​នៃ​ការ​គ្រប់គ្រង​អំណាច»​ របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​។

«បាន​ន័យ​ថា ​វត្តមាន​របស់​គាត់​នៅ​ក្នុង​ស្រុក​ខ្មែរ​ហ្នឹង ​វា​នៅ​តែ​ជាការ​គំរាម​ទៅ​ដល់​ស្ថិរភាព​នៃ​ការ​គ្រប់​គ្រង​អំណាច​របស់​គណបក្ស​កាន់​អំណាច​ដែរ​បាទ​។ អា​នេះ​ យើង​មើល​ជាទូទៅ»។

ក្នុង​ការ​ប៉ុនប៉ងចូល​ប្រទេស​កម្ពុជា​តាម​ប្រទេស​ថៃ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៩​ លោក ​សម រង្ស៊ី ​ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​ទីក្រុងប៉ារីស​ ប្រទេស​បារាំង បាន​ឲ្យ​ដឹង​ថា​ បុគ្គលិក​ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ​ បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ មិន​អនុញ្ញាត​ឲ្យ​លោក​ឡើង​ជិះ​យន្ត​ហោះ​ពី​ប្រទេស​បារាំង​ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដើម្បី​ធ្វើ​ដំណើរ​ឆ្លងចូល​មក​ប្រទេស​កម្ពុជា​ទេ៕

XS
SM
MD
LG