ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការខ្វែង​គំនិត​គ្នា ​និង​បញ្ហា​ភស្តុភារ​អាច​ធ្វើ​ឲ្យ​កាលបរិចេ្ឆទថ្ងៃ​បោះ​ឆ្នោត​ថ្មី​ក្នុង​ប្រទេស​កេនយ៉ា​នៅ​ស្រពេចស្រពិល​


រូបភាព​បញ្ចូល​គ្នា​នៃ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​Raila Odinga​ បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតីនៃ​គណបក្ស​ National Super Alliance (NASA) និង​ប្រធានាធិបតី​កេនយ៉ា​បច្ចុប្បន្ន​ Uhuru Kenyatta កំពុង​បោះ​ឆ្នោត​ក្នុង​ប្រទេស​កេនយ៉ា​កាលពី​ថ្ងៃទី​០៨ សីហា ២០១៧។

ប្រទេស​កេនយ៉ា​បាន​កំណត់​កាលបរិចេ្ឆទ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ ខែតុលាខាង​មុខនេះ។ ប៉ុន្តែ​​ការ​ពន្យាពេល​អាច​នឹង​កើត​មាន​ដោយសារ​បញ្ហា​បច្ចេកទេស​​និង​ជម្លោះ​ខ្វែង​គំនិត​គ្នា​រវាងគណកម្មការ​រៀបចំ​ការ​បោះឆ្នោត នៅ​ស្រប​ពេល​ដែល​តុលាការ​កំពូល​រងការរិះគន់​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​កំពុង​កាន់​អំណាច។

រឿង​រ៉ាវ​មុន​ពេល​បោះ​ឆ្នោត​កំពុង​បន្តកើត​មាន​នៅ​ក្នុងប្រទេស​កេនយ៉ា។

កាលពី​ថ្ងៃទី​១៩ ខែកញ្ញាកន្លងទៅនេះ ក្រុម​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​គាំទ្រ​ខាង​គណបក្ស​ Juilee ដែល​ក្រុម​នេះ​បាន​ធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​តុលាការ​កំពូល​ទាមទារ​ឲ្យ​បណ្តេញ​ចៅ​ក្រម​ពីរ​នាក់ចេញ​ពី​តំណែង។ ក្រុម​បាតុករ​ទាំង​នោះ​និយាយថា​ចៅក្រម​ទាំង​ពីរ​នោះ​បាន​ជួប​ជាមួយ​នឹង​មេធាវី​ក្រុម​ប្រឆាំង​មុន​នឹង​តុលាការ​កំពូលសម្រេច​ចិត្ត​ច្រានចោល​ជ័យ​ជម្នះបេក្ខជន​របស់​ពួកគេ​នោះ​គឺ​លោក​ Uhuru Kenyatta កាលពី​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅថ្ងៃទី​០៨ ខែ​សីហា​កន្លង​ទៅ​នេះ។

រដ្ឋអាជ្ញា លោក Maraga បាន​និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន​ថា តុលាការ​នឹង​ត្រូវរងការបំភិតបំភ័យឡើយ។ លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ ​

«ប្រព័ន្ធ​តុលាការ​ដែល​ទើប​តែ​បង្កើត​ហើយ​ថ្មី​ៗ​នេះ​មិនអាច​ធានាពី​លទ្ធផល​ចំពោះ​បុគ្គល​ណាម្នាក់​ឡើយ។ យើង​សូម​អំពាវនាវ​ដល់ពលរដ្ឋ​កេនយ៉ាដែល​មាន​សុឆន្ទៈក្រោក​ឈរ​ឡើង​ដើម្បី​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​និងនីតិរដ្ឋ។ ពួកយើង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​គោរពឲ្យ​តម្លៃ ការពារ​រដ្ឋធម្មនុញ្ញ​និង​នីតិរដ្ឋ​របស់​យើង»។

លោករដ្ឋអាជ្ញាបាន​ប្រកាស​កាលពី​ថ្ងៃទី​០១ ខែកញ្ញា​ថា ការ​បោះ​ឆ្នោត​ជាថ្មី​មួយ​ទៀត​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​៦០​ថ្ងៃ​ខាងមុខ​នេះ។ ការ​ពន្យា​ពេល​នេះ​ដោយ​សារ​តែ​មូលហេតុ​មួយ​ដែល​លោក​ហៅ​ថា «ភាព​មិនប្រក្រតី​និង​មិន​ស្រប​ច្បាប់» បង្ក​ឡើង​ដោយ​គណកម្មការ​រៀបចំ​ការ​បោះឆ្នោតក្នុងដំណើរ​ការ​បញ្ជូន​លទ្ធផល​ឆ្នោត។

កាលពី​ថ្មីៗ​នេះ​តុលាការ​កំពូល​បាន​បង្ហាញសេចក្តី​លម្អិតបន្ថែម​អំពី​អ្វី​ដែល​កើត​មាន​ខុស​ធម្មតា​កាលពី​ខែ​សីហា។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឬ​ហៅ​កាត់​ថា IEBCមានពេល​តិចជាង​មួយ​ខែ​ដើម្បី​កែ​តម្រូវ​បញ្ហា​ដែល​កើត​មាន​មុន​ការ​បោះឆ្នោត​ម្តង​ទៀត​ដែល​ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧ ខែតុលា​ខាង​មុខ​នេះ។ ការពន្យាពេល​នៃ​ការ​បោះ​ឆ្នោត​នេះ​កំពុង​ត្រូវ​បាន​គេ​ពិភាក្សា។

សាស្រ្តាចារ្យ​នៃ​សាកលវិទ្យាល័យ​ណៃរ៉ូប៊ី​លោក​ Herman Manyora បាន​និយាយ​ថា​ការ​បោះ​ឆ្នោតអាច​រៀប​ចំ​បាន​តាម​ការ​កំណត់​ពេល​វេលា​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

លោក​សាស្រ្តាចារ្យ​បាន​និយាយ​ថា៖

«វា​មិនចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៧ ខែតុលានោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​យល់ស្រប​ជាមួយ​នឹងរយៈពេល​៦០​ថ្ងៃដែល​បាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ យើង​គួរ​តែ​អាច​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន។ វា​ប្រហែល​ជាអាចត្រូវ​ពន្យា​រ​ពេល​មួយ​សប្តាហ៍ គឺដល់​ថ្ងៃទី​២៤ ឬ​ថ្ងៃ​ទី៣១ ប៉ុន្តែ​វាត្រូវ​តែស្ថិត​ក្នុង​អំឡុង​ពេល៦០​ថ្ងៃ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ Raila Odinga ​និងសម្ព័ន្ធ​នយោបាយ​របស់​លោក​បាន​គំរាមកំហែងធ្វើ​ពហិការ​ការ​មិន​ចូលរួម​បោះ​ឆ្នោត​បើសិន​ជា​ការ​ទាមទារ​ទាំងឡាយ​ដូច​ជា​ការទាមទារឲ្យ​ដកមន្រ្តី​សំខាន់ៗ​របស់ IEBC​ចេញ​ពី​តំណែង​ មិន​ត្រូវ​បាន​កើត​ឡើង​នោះ។​

លើស​ពី​លើ​នេះ​ទៅ​ទៀត ក្រុម​ហ៊ុន​បច្ចេក​វិទ្យាពត៌មាន​បារាំង​ដែល​ផ្គត់ផ្គង់ប្រព័ន្ធ​បោះ​ឆ្នោត​កាលពី​ខែ​សីហា បាន​ប្រាប់ IEBC ថា​ប្រព័ន្ធ​នោះ​ត្រូវ​ការ​តម្លើង​ម្តងទៀត ហើយ​វា​នឹង​មិន​អាច​រួចរាល់​ទាន់​ពេល​សម្រា​ប់ការ​បោះឆ្នោត​នៅ​ថ្ងៃទី​១៧ ខែតុលា​ឡើយ។​

លោក Barrack Muluka អ្នក​វិភាគ​នយោបាយ​ម្នាក់​បាន​ចោទ​ជា​សំណួរ​ថា​តើ​ការ​បោះឆ្នោត​នឹង​កើត​មាន​ដែរ​ឬ​ទេ​រហូត​ដល់​ចុងខែ​តុលា​នេះ។ប្រសិន​បើ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​នោះ​មែន ហើយ​គណបក្សប្រឆាំងធ្វើ​ពហិការ​មិន​ចូល​រួម​បោះឆ្នោត​នោះ​ វា​នឹង​មាន​បញ្ហា​ធំ​កើត​ឡើង។

លោក Mulukaថ្លែងថា៖

«​ខ្ញុំ​មិនគិត​ថា​គណបក្ស​ប្រឆាំង​នឹងបណ្តោយឲ្យរៀបចំការបោះឆ្នោតនោះទេ។​ដោយសារ តែគេ​គិត​ថា​ហេតុផល​នៅ​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ។ ខ្ញុំ​គិត​ថា​ពួកគេ​នឹង​មិន​អង្គុយ​ស្ងៀម​ហើយ​និយាយ​ថា​ពួកគេ​ចាញ់ ហើយ​ព្រម​ទទួល​ស្គាល់​លទ្ធផល​នោះ​ទេ។ ខ្ញុំនៅមានមន្ទិល​សង្ស័យ​ថា​នឹងមានរឿងថ្មី​មួយ​កើត​ឡើង ហើយប្រហែល​ជា​មិន​មែន​ជារឿង​ដែល​ល្អនោះទេ»។ ​

យោងតាមគណបក្ស​កាន់អំណាច Jubilee ​បាន​ឲ្យដឹង​ថា​ការ​បោះ​ឆ្នោត​ឡើង​វិញ​គួរ​តែ​ធ្វើតាម​ពេល​វេលា​ដែល​បាន​កំណត់​រួចគឺនៅ​ថ្ងៃទី​១៧ ខែតុលាខាងមុខនេះ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG