ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សូម៉ាលី​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​ «មនុស្ស​ម្នាក់​ សំឡេង​ឆ្នោត​មួយ» ​នៅ​ឆ្នាំ​២០២០


រូបឯកសារ៖ តំណាងរាស្រ្ត​សូម៉ាលី​ម្នាក់​ចូលរួម​បោះឆ្នោត​នៅ​ឯ​ប្រលានយន្តហោះ​ក្រុង មូហ្គាឌីស្យូ កាល​ពី​ថ្ងៃ​ទី០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧។

​ជំនឿ​ទុក​ចិត្ត គឺ​ជា​ចំណុច​មួយ​ ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា ការ​បោះឆ្នោត​ពីរ​លើក​ចុង​ក្រោយ​នៅ​សូម៉ាលី​ខ្វះខាត។ ការ​បោះឆ្នោត​ឆ្នាំ​ ២០១៧ បាន​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​ការ​ទិញ​សន្លឹក​ឆ្នោត និង​ភាព​មិន​ប្រក្រតី ហើយ​​ការ​បោះឆ្នោត​នៅ​មណ្ឌល​មួយ​ចំនួន​ត្រូវ​ធ្វើ​ឡើង​វិញ។

ឆ្នាំ​ ២០០៤ បាន​កំណត់​នូវ​ការ​ចាប់​ផ្តើម​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ និង​ភាព​អានាធិបតេយ្យ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ នៅ​ប្រទេស​សូម៉ាលី។ សមាជិក​សភា​បណ្តោះ​អាសន្នសូម៉ាលី​បាន​ជួបជុំ​នៅ​រដ្ឋធានី​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​មួយ​រូប។ សមាជិក​សភា​បណ្តោះ​អាសន្នទាំង​នេះ​បាន​ជួប​ប្រជុំ​នៅ​ប្រទេស​កេនយ៉ា ដោយសារ​តែ​រដ្ឋធានី​ម៉ូហ្គាឌីស្យូ​ នៃ​ប្រទេស​សូម៉ាលី នៅ​តែប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង​នៅ​ឡើយ។

តាំង​ពី​ពេល​នោះ​មក ប្រទេស​សូម៉ាលី​បាន​ធ្វើ​ការ​បោះឆ្នោត​បី​ដង​រួច​មក​ហើយ។ ប៉ុន្តែ​ជន​សាមញ្ញ​សូម៉ាលីមិន​ទាន់​បាន​ចូលរួម​បោះឆ្នោត​នៅ​ឡើយ​ទេ។ ប្រទេស​សូម៉ាលី​បាន​ពឹងផ្អែក​លើ​ប្រព័ន្ធ​បោះឆ្នោត​ តាម​រូបមន្ត​ផ្អែក​តាម​កុលសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស។ តាមរយៈ​រូបមន្ត​នេះ ក្រុម​តំណាងរាស្រ្ត​ត្រូវ​បាន​ជ្រើសរើស​ដោយមេ​កន្ទ្រាញ​កុលសម្ព័ន្ធ ហើយ​បន្ទាប់​មក​ក្រុម​តំណាងរាស្រ្ត​ទាំង​នោះ​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី។

​កាល​ពី​ឆ្នាំ​មុន មេដឹកនាំ​នយោបាយ​នៅ​សូម៉ាលី​បាន​ព្រមព្រៀង​ក្នុង​ការ​លុប​ចោល​រូបមន្ត​បោះឆ្នោត​ផ្អែក​តាម​កុលសម្ព័ន្ធ ដើម្បី​ងាក​មក​ប្រកាន់​យក​ប្រព័ន្ធ​បោះឆ្នោត «មនុស្ស​ម្នាក់ សំឡេង​ឆ្នោត​មួយ»។ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​នៅ​សូម៉ាលី ក្រោម​ឈ្មោះ​ថា គណៈកម្មការ​ឯករាជ្យ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (NIEC) សង្ឃឹម​ថា នឹង​ធ្វើការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​នេះ​សម្រាប់​ការ​បោះឆ្នោត​បន្ទាប់​ក្នុង​ឆ្នាំ ២០២០។

ក្រុម​អ្នក​ជំនាញ​ពី​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​តំបន់​អារ៉ាប់ និង​ពី​ជុំវិញ​ទ្វីប​អាហ្វ្រិក​ បាន​ជួបប្រជុំ​នៅ​រដ្ឋធានី​ណៃរ៉ូប៊ី នា​សប្តាហ៍​នេះ ដើម្បី​ផ្តល់​យោបល់​ដល់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​សូម៉ាលី។ ទី​ប្រឹក្សា​ផ្នែក​បោះឆ្នោត​ លោក Gerald Mitchell គឺ​ជា​ នាយក​ក្រុម​ជំនួយការ​ផ្នែក​បោះឆ្នោត​របស់​អង្គការ​សហប្រជាជាតិ។

លោក Mitchell បាន​មាន​ប្រសាសន៍​ថា៖

«កិច្ច​ជំនួប​នេះ គឺ​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​មធ្យោបាយដទៃ​ទៀត​ ដើម្បី​ជួយ​ទៅ​ដល់​គណៈកម្មការ​ឯករាជ្យ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ខាង​ផ្នែក​បទពិសោធន៍​មួយ​ចំនួន ដែល​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​បង្កើត​នីតិវិធី ហើយ​ក៏​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ផង​ដែរ សម្រាប់មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​បែប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»។

​ក្រុម​អ្នក​ជំនាញ​ បាន​យល់​ស្រប​ថា ជំហាន​ដំបូង​ ដែល​ត្រូវ​ចាត់​ឡើង​នោះ​គឺ ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ។

លោក​ Idris Aminu Kasimu ធ្វើការ​ជាមួយ​នឹង​គណៈកម្មការ​ឯករាជ្យ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ប្រទេស​នីហ្សេរីយ៉ា។

លោក​ Kasimu បាន​ថ្លែង​ថា៖

«ប្រសិន​បើ​អ្នក​មិន​ចាប់​ផ្តើម​ដោយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ជួរ​គណបក្ស​នយោបាយ​ទេ​នោះ អ្នក​នឹង​ជួប​ប្រទះ​បញ្ហា​ប្រឈម​នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស ដោយសារ​តែ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ជួរ​គណបក្ស​នយោបាយ បេក្ខជន​ឈរ​ឈ្មោះ ដែល​មាន​បំណង​ចង់​ប្រជែង​ក្នុង​ការ​បោះឆ្នោត នឹង​ចេញ​មុខតាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។ ហើយបេក្ខជន​ទាំង​នោះ​នឹង​ចេញ​មុខ​តាម​ជម្រើស​សំឡេង​ភាគច្រើន​នៅ​ក្នុង​ជួរ​គណបក្ស ពីព្រោះ តាម​ពិត​ទៅ​ ​ជំនឿទុក​ចិត្ត​ទៅ​លើ​ការ​បោះឆ្នោត​ជាតិ​ គឺ​ចាប់​ផ្តើម​ពី​ជំនឿ​ទុកចិត្ត​ទៅលើ​គណបក្ស​នយោបាយ និង​របៀប​ដែល​បេក្ខជន​ទាំងនោះ​ចេញ​មុខ»។

​ជំនឿ​ទុក​ចិត្ត គឺ​ជា​ចំណុច​មួយ​ ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា ការ​បោះឆ្នោត​ពីរ​លើក​ចុង​ក្រោយ​នៅ​សូម៉ាលី​ខ្វះខាត។ ការ​បោះឆ្នោត​ឆ្នាំ​ ២០១៧ បាន​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​ការ​ទិញ​សន្លឹក​ឆ្នោត និង​ភាព​មិន​ប្រក្រតី ហើយការ​បោះឆ្នោត​នៅ​មណ្ឌល​មួយ​ចំនួន​ត្រូវ​ធ្វើ​ឡើង​វិញ។

សន្តិសុខ ប្រហែល​ជា​ឧបសគ្គ​មួយ​ទៀត​ សម្រាប់​ប្រព័ន្ធ​បោះឆ្នោត «មនុស្ស​ម្នាក់ សំឡេង​ឆ្នោត​មួយ» ក្នុង​ឆ្នាំ ២០២០។

ដោយ​មាន​ជំនួយ​ពី​កងកម្លាំង​យោធា​ពី​សហភាព​អាហ្វ្រិក រដ្ឋាភិបាល​សូម៉ាលី​បាន​ដណ្តើម​យក​ដែនដី​មក​វិញ​ពី​ក្រុម​សកម្មប្រយុទ្ធ al-Shabab ប៉ុន្តែ​ក្រុម​សកម្មប្រយុទ្ធ​នេះ​នៅ​តែ​បន្ត​ការ​ឈ្លប​វាយប្រហារ។ ពលរដ្ឋ​សូម៉ាលី​មួយ​ចំនួន​ មិន​ច្បាស់​ថា ពួកគេ​មាន​ឱកាស​បោះឆ្នោត​ឬ​ទេ។

អ្នកស្រី Halima Ismail Ibrahim គឺ​ជា​ប្រធាន​គណៈកម្មការ​ឯករាជ្យ​ជាតិរៀបចំ​ការ​បោះឆ្នោតសូម៉ាលី។

​អ្នកស្រី​បាន​និយាយ​ថា៖

«ខ្ញុំ​ដឹង​ថា ពលរដ្ឋ​សូម៉ាលី​មួយ​ចំនួន​កំពុង​តែ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​វិបត្តិ​នា​ពេល​បច្ចុប្បន្ន និង​ពី​ការណ៍​ដែល​ប្រព័ន្ធ​បោះឆ្នោតមនុស្ស​ម្នាក់​ សំឡេង​ឆ្នោត​មួយ​អាច​សម្រេច​ទៅ​បាន។ ប៉ុន្តែ​យើង​ជឿថា ប្រសិន​បើ​យើង​ខិតខំ​ធ្វើការ​ដើម្បី​សម្រេច​វា​ឲ្យ​បាន​ ប្រព័ន្ធ​បោះឆ្នោត​នេះ​នឹង​អាច​ដំណើរការ​ទៅ​មុខ​បាន។ ក្នុង​ឋានៈ​ជា​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត យើង​ក៏​ជឿ​ថា យើង​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ ហើយ​យើង​ដឹង​ថា យើងអាច​គ្រប់គ្រង​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​ដូច​នេះ​បាន។ វា​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ចាប់​ផ្តើម​ធ្វើការ​លើ​ដំណើរការ​បោះឆ្នោត​នេះ​ឲ្យ​កាន់​តែ​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

កិច្ចប្រជុំ​ស្តី​ពី​ប្រព័ន្ធបោះឆ្នោត​ថ្មី​នៅ​សូម៉ាលី​នឹង​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ៕

ប្រែសម្រួលដោយ​ ណឹម សុភ័ក្រ្តបញ្ញា​

XS
SM
MD
LG