ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អសន្តិសុខ​ស្បៀង និង​ភាព​ក្រីក្រ​បង្ខំ​ឲ្យ​ក្មេងស្រី​កេនយ៉ា​រកស៊ី​ផ្លូវភេទ​ដើម្បី​ចិញ្ចឹម​ជីវិត


រូបឯកសារ
រូបឯកសារ

ស្ត្រី​និង​ក្មេង​ស្រី​អាយុ​យ៉ាង​តិច​១២​ឆ្នាំ​ នៅ​តាម​តំបន់​ជនបទ​ក្នុង​ប្រទេស​កេនយ៉ា​ កំពុង​ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រកប​របរ​ផ្លូវ​ភេទ​ ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​ ដែល​រង​គ្រោះ​ពី​ការ​អូស​បន្លាយ​នៃ​គ្រោះ​រាំង​ស្ងួត។​ ពួកគេ​ទទួល​បាន​ការ​អប់រំ​តិច​តួច​ ឬ​គ្មាន​ការអប់រំ​សោះ​ ហើយ​ធ្វើ​ដំណើរ​យ៉ាង​តិច​៥០​គីឡូម៉ែត្រ​ ទៅ​កាន់​ទីប្រជុំជន​ ធ្វើការ​ក្នុង​លក្ខខណ្ឌ​គ្មាន​សុវត្ថិភាព​ ឆ្ងាយ​ពី​ផ្ទះ​សម្បែង។

ស្ត្រី​ជា​ម្តាយ​ម្នាក់​អាយុ​២៤​ឆ្នាំ បាន​ប្រាប់​គណៈកម្មាធិការ​ជួយ​សង្គ្រោះ​អន្តរជាតិ​ ហៅ​កាត់​ IRC ថា៖ «ចាប់​តាំង​ពី​ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​រំលោភ​មក​ ខ្ញុំ​ក៏​ប្រកប​របរ​ពេស្យាចារ​ ពីព្រោះ​ខ្ញុំ​មើល​ឃើញ​ថា​ វា​ជា​អ្វី​ដែល​គ្រួសារ​ខ្ញុំ​អាច​ពឹង​ពាក់​បាន។ វា​មិន​មែន​ជា​ការងារ​ល្អ​នោះ​ទេ​ ប៉ុន្តែ​តម្រូវការ​សម្រាប់​មើល​ថែទាំ​កូន​ទាំង​នេះ​ហើយ​ ដែល​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​ការងារ​នេះ ពីព្រោះ​ថា​ ខ្ញុំ​មិន​អាច​រត់​រក​អ្វី​ផ្សេង​មក​ជួយ​បាន​ឡើយ»។

អង្គការ​ IRCបាន​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​ Turkana ​ជា​តំបន់​មួយ​នៃ​ភូមិភាគពាយ័ព្យ​ប្រទេស​កេនយ៉ា​ ដែល​មាន​មនុស្ស​ចំនួន ២៧៦.០០០​នាក់​ កំពុង​ត្រូវ​ការ​ជំនួយ​ស្បៀង។ អ្នក​ស្រី​ Mercy Lwambi​ អ្នក​គ្រប់គ្រង​កម្មវិធី​ការពារ​និង​ផ្ដល់​អំណាច​ដល់​ស្ត្រី​នៃ​អង្គការ​ IRC បាន​ឲ្យ​ដឹង​ថា​ ស្រុក​ Turkana​ ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ូហ្គាន់ដា​ (Uganda) និង​ស៊ូដង់​ខាង​ត្បូង មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់​បំផុត​ទី​២ នៅ​ក្នុង​ប្រទេស​កេនយ៉ា។

ផល​ប៉ះពាល់​នៃ​គ្រោះ​រាំង​ស្ងួត​នៅ​តាម​សហគមន៍​ដាច់​ស្រយាល​ ដូច​ជា​ស្រុក​ Turnana អាច​នឹង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង។ បន្ថែម​ទៅ​លើ​ការ​ឡើង​ថ្លៃ​ម្ហូប​អាហារ​ គ្រួសារ​នៅ​តាម​ទី​ជនបទ​ ក៏​កំពុង​ជួប​នឹង​បញ្ហា​សត្វ​ចិញ្ចឹម​ងាប់ រួមទាំង​ការ​ថយ​ចុះ​នៃ​ទន្និផល​ដំណាំ​ផងដែរ។ ជាមួយ​នឹង​ការ​រំពឹង​ទុក​ដ៏​លំបាក​ដើម្បី​រស់រាន​មាន​ជីវិត​ និង​តម្រូវការ​ដ៏​ធ្ងន់​មួយ​ដើម្បី​រក​ប្រាក់​កម្រៃ ក្មេង​ស្រី​ជា​ច្រើន​នាក់ បាន​ធ្លាក់​ខ្លួន​រៀប​ការ​ទាំង​វ័យ​ក្មេង​ ធ្វើការ​ងារ​កម្លាំង​ពលកម្ម​ទាំង​នៅ​ក្មេង​ និង​ត្រូវបាន​បង្ខំ​ឲ្យ​បម្រើ​សេវា​ពេស្យាចារ។

ការ​រំលោភ​បំពាន​ពេញ​ទំហឹង

ខណៈ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​នេះ​នៅ​តែ​អូស​បន្លាយ​ របររក​ស៊ី​ផ្លូវ​ភេទ​ដើម្បី​តែ​បាន​រស់​ បាន​រីក​ដុះដាល។​ អ្នក​រក​ស៊ី​ផ្លូវ​ភេទ​វ័យ​ក្មេង​ នៅ​ស្រុក​ Turkana អាច​រក​ចំណូល​បាន​លុយ​ ៥០ shillings ឬ​ប្រហែល​ ២០០០​រៀល ​សម្រាប់​ការ​ផ្តល់​សេវា​ផ្លូវ​ភេទ​ឲ្យ​អតិថិជន​ម្នាក់។​ ប៉ុន្តែ​ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ ដែល​ពេល​ខ្លះ​គ្មាន​ការ​ឲ្យ​លុយ​ ឬ​ក៏​មាន​ការ​លួច​លុយ​ពី​ក្រុម​ក្មេង​ស្រី​ទាំង​នោះ។

អ្នកស្រី​ Lwambi និយាយ​ថា៖​ «ភាគច្រើន​ ក្រុម​ភ្ញៀវ​ទាំង​នោះ​បាន​លួច​លុយ​ដ៏​តិច​តួច​ ដែល​ភ្ញៀវ​ខ្លះ​ឲ្យ​ទៅ​ក្មេង​ស្រី​ទាំង​នោះ។ និយាយ​ទៅ ភ្ញៀវ​ឲ្យ​លុយ​សម្រាប់​សេវា​ តែ​ពួកគេ​ក៏​វាយ​ក្មេង​ស្រី ​ឬ​ក៏​យក​លុយ​វិញ​ដែរ ឬ​ពេល​ខ្លះ​បង្អក​គ្រឿង​ស្រវឹង​ដើម្បី​រួម​ភេទ​ដោយ​មិន​បាច់​ឲ្យ​លុយ​ក៏​មាន»។

ដោយ​គ្មាន​ប្រព័ន្ធ​ឧបត្ថម្ភ​គាំទ្រ​ ក្មេង​ស្រី​ទាំង​នោះ​ផុង​ខ្លួន​ក្នុង​របរ​រកស៊ី​ផ្លូវ​ភេទ​ ដោយ​ប្រឈម​ជា​ប្រចាំ​ នឹង​ការ​វាយ​តប់​ ការ​រំលោភ​បំពាន​ផ្លូវ​ចិត្ត​ និង​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ ជា​ពិសេស​គឺ​មេរោគ​ HIV។
ក្រៅ​ពី​បញ្ហា​ពេស្យាចារ​ អង្គការ​ IRC ក៏​បាន​កត់ត្រា​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ រំលោភ​កុមារ​ ដែល​ការណ៍​នេះ​គូស​បញ្ជាក់​ពី​វិបត្តិ​មនុស្សធម៌​បាន​ប៉ះពាល់​ដល់​ក្មេង​ស្រី​យ៉ាង​ដូចម្ដេច​ខ្លះ។

ការ​ជួយ​ដោយ​ការ​គាំទ្រ​ ផ្តល់​ព័ត៌មាន​ និង​ការ​ការពារ

រហូត​ទាល់​តែ​ឫស​គល់​នៃ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ ទើប​ IRC ទទួល​ស្គាល់​ថា​ ការ​កាត់​បន្ថយ​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ​នេះ​មិន​អាច​កើត​ឡើង​បាន​នោះ​ទេ។ ដូច្នេះ​អង្គការ​នេះ ធ្វើ​ការ​លើ​ការ​គាំទ្រ​ ផ្តល់​ព័ត៌មាន​ និង​ការ​ការពារ។ កម្មវិធី​ផ្សព្វផ្សាយ​ រួម​មាន​ការ​ពិនិត្យ​សុខភាព​ និង​ជំនួយ​ប្រឹក្សា​ផ្លូវ​ចិត្ត។

ការ​អប់រំ​អំពី​ការ​រួម​ភេទ​ដោយ​សុវត្ថិភាព​ គឺ​ជា​ចំណុច​ស្នូល​នៃ​ការងារ​របស់​អង្គការ​ IRC ហើយ​យុទ្ធសាស្ត្រ​សំខាន់​មួយ​ទៀត​ គឺ​ជួយ​ក្មេង​ស្រី​ឲ្យ​មើល​ថែ​ក្មេង​ស្រី​ម្នាក់​ទៀត។

អ្នក​ស្រី​ Lwambi និយាយ​ថា៖ «យើង​ប្រាប់​ពួកគេ​ឲ្យ​ធ្វើ​ការ​ជា​ក្រុម​ ប្រសិន​បើ​ពួកគេ​ចាំបាច់​ត្រូវ​ធ្វើ​កិច្ចការ​នោះ ហើយ​ប្រសិន​បើ​ពួកគេ​ធ្វើ​វា​បាន ដោយ​មាន​គ្នា​២​ទៅ​៣​នាក់​ ឱកាសដែល​ពួកគេ​ត្រូវ​ភ្ញៀវ​ទាំង​នោះ​កេង​ចំណេញ​ ក៏​ត្រូវ​បាន​កាត់​បន្ថយ​ដែរ»។

ការ​ឆ្លើយ​តប​ដ៏​យឺត​យ៉ាវ​របស់​រដ្ឋាភិបាល

រដ្ឋាភិបាល​កេនយ៉ា​ ត្រូវ​ធ្វើ​ការ​ច្រើន​ជាង​នេះ​ ដើម្បី​ការពារ​ក្មេង​ស្រី​ជា​ច្រើន​នាក់ ​ដែល​ធ្លាក់​ខ្លួន​ចូល​ក្នុង​ការ​ប្រកប​របរ​រកស៊ី​ផ្លូវ​ភេទ។

អ្នក​ស្រី​ Lwambi និយាយ​ថា​ ប្រាក់​ឧបត្ថម្ភ​អាច​ត្រូវការ​ក្នុង​រយៈពេល​យូរ​ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​កេនយ៉ា។ «សម្រាប់​អ្នក​រកស៊ី​ផ្លូវ​ភេទ​ ក្មេង​ស្រី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​របរ​ផ្លូវ​ភេទ​នេះ យើង​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ដើម្បី​ឲ្យ​ផ្គត់ផ្គង់​គ្រួសារ​របស់​ក្មេងស្រី​ទាំង​នេះ​ ឬ​ក៏​កម្មវិធី​បណ្តាញ​សុវត្ថិភាព​ ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ»។

យោង​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ Quartz រដ្ឋាភិបាល​កេនយ៉ា​ មាន​ប្រាក់​សម្រាប់​ចំណាយ​ ប៉ុន្តែ​មូលនិធិ​នោះ​ មិន​ចាំ​បាច់​បង្វែរ​ទៅ​កម្មវិធី​សង្គម​ទេ។ កេនយ៉ា​ទើប​តែ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដែល​ចំណាយ​លុយ​ច្រើន​បំផុត​ ហើយ​ការ​ចំណាយ​លើ​សេវា​សាធារណៈនិង​ឯកជន​ គឺ​ខ្ពស់​គ្រប់​ពេល​ទាំងអស់។

បញ្ហា​ចាស់

ពេស្យាចារ​កុមារ​ដែល​កើត​ឡើង​ដោយ​សារ​តែ​ភាព​ក្រីក្រ​ មិន​មែន​ជា​បញ្ហា​ថ្មី​នៅ​ក្នុង​ប្រទេស​កេនយ៉ា​នោះ​ទេ។

កាលពី​ឆ្នាំ​២០០៨​ មូលនិធិ​កុមារ​នៃ​អង្គការ​សហប្រជាជាតិ បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ក្មេង​ស្រី​៣០ភាគរយ​ នៅ​ភូមិភាគ​សមុទ្រ​នៃ​ប្រទេស​កេនយ៉ា​ ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​បម្រើ​សេវា​ពេស្យាចារ។ ថ្មីៗ​នេះ គឺ​នៅ​ឆ្នាំ​២០១៤ ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters បាន​រាយការណ៍​មក​ថា​ «នៅ​តំបន់​សំណង់​អានាធិបតេយ្យ​ដ៏​ចង្អៀត​នៅទីក្រុង Nairobi​ ក្មេងៗ​ដែល​អត់​ឃ្លាន​ ជា​រឿយៗ​បាន​ប្តូរ​ខ្លួន​ប្រាណ​ ដើម្បី​បាន​លុយ​កាក់​តិចតួច​ ឬ​ដើម្បី​ម្ហូប​អាហារ»។

យោង​តាម​របាយការណ៍​ស្តី​ពី​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​អាមេរិក​ឆ្នាំ​២០១៧​ បាន​ឲ្យ​ដឹង​ថា​ ការ​សម្រប​សម្រួល​ឲ្យ​មាន​ពេស្យាចារ​លើ​កុមារ​ និង​ទេសចរណ៍​ផ្លូវ​ភេទ​កុមារ​ នៅ​ប្រទេស​កេនយ៉ា​ មិន​ត្រូវ​បាន​ដាក់​ទោស​ទេ​ រហូត​ដល់​ឆ្នាំ​២០០៦។

របាយការណ៍​នេះ​បាន​បន្ត​ទៀត​ថា​ «ក្មេង​ស្រី​ និង​ក្មេងប្រុស​ ត្រូវ​បាន​កេង​ប្រវ័ញ្ច​នៅ​ក្នុង​អាជីវកម្ម​ផ្លូវ​ភេទ​ ពាស​ពេញ​ប្រទេស​កេនយ៉ា​ រួម​មាន​ទាំង​ទេសចរណ៍​ផ្លូវ​ភេទ​នៅ​ទីក្រុង Nairobi ទីក្រុង Kisumu និង​ភូមិភាគ​តាម​សមុទ្រ​ ជាពិសេស ​នៅ​តាម​សំណង់​អានាធិបតេយ្យ​ ហើយ​ពេល​ខ្លះ​ការ​កេង​ប្រវ័ញ្ច​នេះ​ ធ្វើ​ឡើង​ដោយ​សមាជិក​គ្រួសារ​របស់​ពួកគេ​តែ​ម្តង»។

ស្ថានភាព​គ្រោះ​រាំង​ស្ងួត​មាន​ភាព​ប្រសើរ​ឡើង​

ស្ថានភាព​រាំង​ស្ងួត​ បង្ហាញ​សញ្ញាណ​ប្រសើរ​ឡើង។ ព្រឹត្តិប័ត្រ​ព្រមាន​ទុក​មុន​ ដែល​ចេញ​នាពេល​ចុងក្រោយ​នេះ​ សម្រាប់​ស្រុក​ Turkana ដោយ​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត​ថ្នាក់​ជាតិ​នៃ​ប្រទេស​កេនយ៉ា​ រក​ឃើញ​ថា​ ការ​ធ្លាក់​ភ្លៀង​នា​ពេល​ថ្មីៗ​នេះ​ នឹង​បង្កើន​កម្ពស់​ទឹក​ទន្លេ ធ្វើ​ឲ្យ​ដំណាំ​មាន​ភាព​ប្រសើរ​ឡើង​ ហើយ​ផ្តល់​អំណោយ​ផល​សម្រាប់​ការ​ចិញ្ចឹម​សត្វ ហើយ​ជា​រួម ​ព្រមទាំង​ធ្វើ​ឲ្យ​សន្តិសុខ​ស្បៀង​ប្រសើរ​ឡើង។

បណ្ដាញ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​ព្រមាន​ជា​មុន​នូវ​គ្រោះ​ទុរភិក្ស​ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​ ស.រ.អា. ព្យាករណ៍​ថា​ ស្ថានភាព​នៅ​ក្នុង​ប្រទេស​កេនយ៉ា ​នឹង​ផ្លាស់​ប្តូរ​ទៅ​កម្រិត​អប្បរមា​ ហើយ​សង្កត់​ធ្ងន់​អំពី​កម្រិត​នៃ​អសន្តិសុខ​ស្បៀង​ ធ្លាក់​ចុះ​កម្រិត​ទាប​បំផុត​នៃ​រង្វាស់​ខ្នាត​នៃ​សន្តិសុខ​ស្បៀង​ ពី​ខែ​តុលា​ ដល់​ខែ​មករា។ ប៉ុន្តែ​ តំបន់​ភាគច្រើន​នៃ​ស្រុក​ Turkana នឹង​បន្ត​ជួប​ប្រទះ​នឹង​បញ្ហា​អសន្តិសុខ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ កង្វះ​ថវិកា​បាន​រាំង​ស្ទះ​កិច្ច​ការងារ​របស់​អង្គការ​មនុស្ស​ធម៌​ នៅ​ក្នុង​ប្រទេស​នីមួយៗ​ ដែល​រងគ្រោះ​ដោយ​គ្រោះ​រាំង​ស្ងួត​ដ៏​អូស​បន្លាយ​ និង​អសន្តិសុខ​ស្បៀង​ក្នុង​កម្រិត​ធ្ងន់ធ្ងរ។ សម្រាប់​អង្គការ IRC នេះ​មាន​ន័យ​ថា ពួកគេ​ត្រូវតែ​កាត់​បន្ថយ​គម្រោង​ឧបត្ថម្ភ​របស់​ពួកគេ និង​បញ្ឈប់​បុគ្គលិក​មួយ​ចំនួន។

លោក​ Conor Philipins នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ IRC ក្នុង​ប្រទេស​កេនយ៉ា​ និយាយ​ថា៖​ «ម្ចាស់​ជំនួយ​គួរ​តែ​ស្ដារ​មូលនិធិ​ឡើង​វិញ​នា​ពេល​នេះ​ ដើម្បី​ជួយ​ក្មេង​ស្រី​ទាំង​នោះ​ឲ្យ​ចេញ​ពី​ការ​ប្រកប​អាជីវកម្ម​រកស៊ី​ផ្លូវ​ភេទ​ ហើយ​ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​ឱកាស​ប្រសើរ​ជាង​មុន​ ហើយ​មាន​សុវត្ថិភាព​ជាង​មុន​ ក្នុង​ការ​ចិញ្ចឹម​គ្រួសារ​ និង​ខ្លួន​ឯង»៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG