ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ILO ​រក​ឃើញ​ថា​កម្មករ​ជាង​៤០ភាគរយ​មាន​សុខភាព​មិន​ល្អ


កម្មករ​រោងចក្រ​កាត់ដេរ​បរិភោគ​អាហារ និង​រស់នៅ​ជាមួយគ្នា​ក្នុង​ផ្ទះ​ដ៏​តូច​ចង្អៀត​ ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្នុង​ការរស់នៅ។ (ថត​នៅ​ថ្ងៃ​ទី ២២ ខែមករា ឆ្នាំ២០១៤)
កម្មករ​រោងចក្រ​កាត់ដេរ​បរិភោគ​អាហារ និង​រស់នៅ​ជាមួយគ្នា​ក្នុង​ផ្ទះ​ដ៏​តូច​ចង្អៀត​ ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្នុង​ការរស់នៅ។ (ថត​នៅ​ថ្ងៃ​ទី ២២ ខែមករា ឆ្នាំ២០១៤)

អង្គការ​ពលកម្ម​អន្តរជាតិ​ដែល​ហៅ​កាត់​ថា​ (ILO)​ បាន​រក​ឃើញ​ថា​ មាន​កម្មករ​ជាង​៤០​ភាគរយ​មាន​ការ​ចុះ​ខ្សោយ​ជំងឺ​ឈាម​ ស្លេក​ស្លាំង​ និង​មាន​តែ​ប្រមាណ​តែ​៣ភាគ​រយ​តែ​ប៉ុណ្ណោះ​ដែល​មាន​អាហារ​មាន​ជីវជាតិ​បរិភោគ​គ្រប់គ្រាន់។

របាយការណ៍​ស្រាវជា្រវ​ដែល​បាន​ចេញ​ផ្សាយ​កាលពីថ្ងៃច័ន្ទ​បាន​ពិនិត្យ​លើ​កម្មករ​ចំនួន​៣.៩៨០​នាក់។

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​មាន​ប្រសាសន៍​ថា​មូល​ហេតុ​ដែល​កម្មករ​មាន​ជំងឺ​ចុះ​ខ្សោយ​ឈាម​ដោយ​សារ​តែ​បរិស្ថាន​នៅ​ក្នុង​រោង​ចក្រ​មិន​ល្អ​ ចំហាយ​គីមី​ភាយ​ចេញ​ពី​ក្រណាត់​ក្នុង​រោង​ចក្រ​ អាកាស​ធាតុ​ក្តៅ​ខ្លាំង​ហើយ​គួប​ផ្សំ​នឹង​កម្មករ​ទទួល​ទាន​មិន​គ្រប់​គ្រាន់​ជាហេតុ​ធ្វើ​ឱ្យ​ពួកគេ​ងាយ​រង​គ្រោះ​នឹង​ជំងឺផ្សេងៗ។​

លោក​ រ៉ុង ឈុន​ ព្យាករណ៍​ថា​នៅ​ថ្ងៃ​អនាគត​ក្រុម​កម្មករ​កាត់​ដេរ​សម្លៀក​បំពាក់​កម្ពុជា​នឹង​មាន​ជំងឺ​អាជីព​ជាប់​ខ្លួន​ដោយ​សារ​តែ​ពួក​គេ​បរិភោគ​អាហារ​មិន​គ្រប់​គ្រាន់​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ខាងផ្នែក​សេដ្ឋកិច្ច។​

លោក​និយាយ​ថា៖ ​«អនាគត​ទៅ​ប្រសិន​ជា​នយោជក​ ក៏​ដូច​ជា​រដ្ឋាភិបាល​មិន​គិត​គូ​ពី​បញ្ហា​ហ្នឹង​អនាគត​ទៅ​គាត់​នឹង​មាន​ជំងឺ​អាជីព​ ហើយ​បើ​មាន​ជំងឺ​អាជីព​ច្រើន​លើស​លប់​ទៅ​វា​នាំ​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​ចំណូល​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ផង​ដែរ»។​

នៅ​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​និយាយ​ថា​ក្នុង​ចំណោម​កម្មករ​ប្រមាណ​ជិត​៤០០០​នាក់​ក្នុង​រោង​ចក្រ​ចំនួន​១០​មាន​ប្រមាណ​ ១៥,៧ភាគ​រយ​ មាន​ទម្ងន់​មិន​គ្រប់គ្រាន់​ ប្រមាណ​២​ ភាគ​៣ មាន​អសន្តិសុខ​ស្បៀង​ មាន​ន័យ​ថា​ពួកគេ​ធ្វើ​ការ​ច្រើន​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​យកនូវសុវត្ថិភាព​និង​ជីវជាតិ​អាហារ​គ្រប់​គ្រាន់​ និង​ ៤៣,​ ២​ ភាគរយ​ទទួល​រង​ពី​ភាព​ស្លេកស្លាំង។​

កញ្ញា ឈាង ធីតា​ កម្មករ​រោង​ចក្រ​ជីន​តាយ​ដែល​មាន​ទីតាំង​នៅ​សង្កាត់​ចាក់​អង្រែក្រោម​បាន​និយាយ​ថា​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ដែល​បាន​ធ្វើ​ការ​ក្នុង​រោង​ចក្រ​បាន​ធ្វើ​ឱ្យ​សុខភាព​ចុះ​ខ្សោយ។​កញ្ញា​បាន​និយាយ​ថា​បរិស្ថាន​ ជាតិពុល​ដែល​ភាយ​ចេញ​ពី​ក្រណាត់​ និង​ បរិស្ថាន​ខ្សល់​ចេញ​ ចូល​មិន​គ្រប់​គ្រាន់​នៅ​ក្នុង​រោង​ចក្រ​បាន​ធ្វើ​ឱ្យ​កម្មករ​ដួល​សន្លប់​ជាញឹក​ញាប់​ មួយ​ថ្ងៃ​ប្រហែល​ពី​២​ទៅ​បី​នាក់។​

កញ្ញា​បាន​និយាយ​ថា​ក្រុម​កម្មករ​ចំណាយ​ប្រមាណ​ជាង​៣០០០​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​ការ​ទទួល​ទាន​អាហារ​ក្នុង​មួយ​ថ្ងៃ ​ដូច្នេះ​មាន​កម្មករ​សឹង​តែ​ទាំង​អស់​មាន​សភាព​ស្លេក​ស្លាំង​ខ្វះ​ឈាម​ក្រហម។​

កញ្ញា​និយាយ​ថា៖​ «បើ​និយាយ​ពី​សុខភាព​វិញ​កាល​ពី​ខ្ញុំ​មិន​ទាន់​ចូល​ធ្វើ​ការ​រោង​ចក្រ​ សុខភាព​ខ្ញុំ​និយាយ​ថា​១០០​%​គឺ​ខ្ញុំ​អត់ដែល​ឈឺ​អ្វីទេ។​ប៉ុន្តែ​មក​ដល់​ពេល​នេះ​ជំងឺ​ខ្ញុំ​១០០​មុខ។ ​១០​ឆ្នាំ​ជាង​អ្វី​ដែល​ខ្ញុំ​សល់​ពី​វិស័យ​កាត់​ដេរ​គឺជំងឺ​ហ្នឹង​ឯង»។​

វីអូអេ​មិន​អាច​ស្នើ​សុំ​លោក​ ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ដើម្បី​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ដោយទូរស័ព្ទ​របស់​លោកបាន​បិទ។​

លោក​ ខែន លូ​ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា​បាន​ទទួល​ស្គាល់​ថា​ការ​វាយ​តម្លៃ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ពិត​ជាត្រឹម​ត្រូវ។​

លោក​និយាយ​ថា​តាម​ការ​សិក្សា​កន្លង​មក​បាន​រក​ឃើញ​ថា​សុខភាព​របស់​ក្រុម​កម្មករ​មិន​រឹង​មាំទេ​ដោយ​សារ​ទទួល​ទាន​មិន​គ្រប់​គ្រាន់​និង​ធ្វើ​ការ​នៅ​កន្លែងដែល​មានលក្ខខណ្ឌមិន​ល្អ។​

របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែកញ្ញា​ដោយ​ក្រុម​តស៊ូមតិ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​អង់គ្លេស​បាន​ឱ្យ​ដឹង​ថា​មាន​៣៣%​នៃ​កម្មករ​រោង​ចក្រ​ មាន​កង្វះ​អាហា​រូបត្ថម្ភ​វេជ្ជសាស្ត្រ​ដែល​ចាំ​បាច់​ក្នុង​កម្មករ​ម្នាក់​ត្រូវ​ចំណាយ​២,៥ ដុលា្លរ​ ទៅ​លើ​ម្ហូប​អារហារ​ដើម្បី​បំប៉ន​សុខភាព​កម្មករ​ឱ្យ​ល្អ​ប្រសើរ​ឡើងវិញ៕

XS
SM
MD
LG