ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​គីមី​កម្ពុជា​ត្រូវ​បាន​បង្កើត​ខណៈ​មាន​ការ​ប្រើ​ប្រាស់​គីមី​ក្នុង​អាហារ​ច្រើន


ភ្នំពេញ៖ នៅពេល​ដែល​ម្ហូប​ចំណីអាហារ​ សាច់​ បន្លែ​ ផ្លែឈើ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​រក​ឃើញ​ថា ​សម្បូរ​ទៅ​ដោយ​ជាតិ​គីមី​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ សមាគម​គីមី​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង និង​ប្រកាស​ដំណើរការ​ជា​សាធារណៈ​កាលពី​ថ្ងៃព្រហស្បត្តិ៍​សប្តាហ៍នេះ​ ក្នុង​គោលដៅ​លើក​កំពស់​ការ​យល់ដឹង​ជាទូទៅ​លើ​ផ្នែក​វិទ្យាសាស្រ្ត និង​បច្ចេកទេស​ ការអនុវត្ត​ និង​ការ​អប់រំ​ទាក់ទង​នឹង​ផ្នែក​គីមី។

លោកស្រី​បណ្ឌិត សៀង ហ៊ុយ គឺ​ជា​ប្រធាន​ផ្នែក​គីមី និង​ចំណីអាហារ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​រាជបណ្ឌិត​កម្ពុជា និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​សមាគម​គីមី​កម្ពុជា។ លោក​ស្រី​ឲ្យ​ដឹងថា​ សមាគម​នេះបាន​ប្រមូល​ផ្តុំ​អ្នក​វិទ្យាសាស្រ្ត និង​បច្ចេកទេស​ទាំងឡាយ ជាពិសេស វិជ្ជាជីវៈ​គីមីពីស្ថាប័នរដ្ឋ និង​ឯកជន​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ចំណេះដឹង​គ្នា​ទៅវិញ​ទៅមក។ សមាគមនេះ​អាច​ជា​បណ្តាញ​វីជ្ជាជីវៈគីមី​មួយ​ដើម្បី​អភិវឌ្ឍ​ផ្នែក​អប់រំ និង​បច្ចេកទេស​គីមី​តទៅ​អនាគត និង​ដើម្បីជំរុញ​ការអប់រំ​ដែល​ជា​កត្តា​មួយ​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ជាតិ​គីមី​លើ​អាហារ។ លោក​ស្រី​បន្ត​ថា៖

«ការ​បង្កើត​សមាគម​គីមី​នេះ​ឡើង​ដើម្បី​ប្រមូលផ្តុំ​អ្នក​គីមី​ទាំងឡាយ​ ដែល​នៅ​រាយ​ប៉ាយគ្រប់​កន្លែង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍ​ខាង​ផ្នែក​វិទ្យាសាស្រ្ត​គីមី។ សមាគម​គីមី​កម្ពុជា​អាច​រួមចំណែក​មួយ​ដ៏ធំ​នៅក្នុង​ការ​ជួយ​ទប់ស្កាត់​ការប្រើប្រាស់​សារធាតុ​គីមី​ ដែល​មាន​គ្រោះថ្នាក់​ក៏​ដូចជាសារធាតុ​ទាំង​ឡាយ​ណា​ដែល​អាច​បង្ករ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព»។

ក្រុម​អាជីវករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ជាតិ​គីមី​ដើម្បី​រក្សា​បន្លែ​ និង​សាច់ឲ្យ​មាន​ពណ៌​សម្បុរ​ស្រស់​បាន​យូរ។ លទ្ធផល​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា សារធាតុ​គីមី​ ដែល​ក្រុម​អាជីវករ​ខ្មែរ​កំពុង​ប្រើប្រាស់​នោះ​កំពុង​បំផ្លាញ​សុខភាព​អ្នកប្រើ​ប្រាស់​ជាទូទៅ​យ៉ាង​ធ្ងន់ធ្ងរ។

លទ្ធផល​ស្រាវជា្រវ​ជំហាន​ដំបូង​ស្តីពី​វត្តមាន​នៃ​សារធាតុ​គីមី​ដែល​មាន​គ្រោះថ្នាក់​ក្នុង​ម្ហូប​អាហារ​របស់​លោក​ស្រីបណ្ឌិត ចេក សុថា​ បង្ហាញ​ឲ្យ​ដឹងថា ​អាជីវករ​កម្ពុជា​កំពុង​តែប្រើ​ប្រាស់​សារធាតុ​គីមី​ដាក់​ក្នុង​សាច់​ និង​បន្លែ។ ជាតិ​គីមី​ទាំង​នេះ​អាច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាមៗ ​ឬ​អាច​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​យូរ​អង្វែង​។

លោកស្រី ប៉ូអាន ស៊ីវុត្ថា ​អនុ​ប្រធាន​នាយកដ្ឋាន​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​សុខា​ភិបាល និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​គីមី​កម្ពុជា​ បាន​គ្រាំទ្រ​ការបង្កើត​សមាគម​នេះ​ ដោយ​លោកស្រី​ បាន​មាន​ប្រសាសន៍ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ផល​ប៉ះពាល់​នៃ​ជាតិ​គីមី​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​អាហារ​ អាចជា​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុងការ​យល់​ដឹង​ពី​ការប្រើប្រាស់​សារធាតុ​គីមី។ លោក​ស្រី​ថ្លែង​ដូច្នេះ​ថា៖

«ប្រជាពលរដ្ឋ​បាន​ស្តាប់​ដឹង​ដោយ​យល់ថា ​ជា​ក្រុម​សមាគម​គីមី​ ការ​ផ្សព្វផ្សាយ​ក្នុងន័យ​ជួយ​កាត់​បន្ថយ​ជាតិ​គីមី​ក្នុង​ចំណី​អាហារ​ប្រហែល​ជា​មាន​វិសាលភាព​មាន​ប្រយោជន៍»។

នេះ​គឺ​ជា​សមាគម​គីមី​ទី​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ ដោយស្រប​ពេល​ដែល​ផ្នែក​គីមី​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​កំរិត​នៅឡើយ។

លោក សិត សេង ​សាស្រ្តចារ្យ​គីមី​វិទ្យាវិទ្យាស្ថាន​ជាតិ​អប់រំ បាន​មាន​ប្រសាសន៍ថា ​គីមី​វិទ្យា​ មាន​សារៈសំខាន់​ជា​ខ្លាំងសម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា។ នៅក្នុង​អំឡុង​ពេល​នេះ អ្នក​ដែល​មានចំណេះ​ដឹង​ផ្នែក​គីមី​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​នៅឡើយ។ លោក​បាន​បន្ថែម​ថា សមាគម​គីមី​កម្ពុជា​នឹង​ជួយ​ពង្រឹង​ចំណេះដឹង​ផ្នែក​គីមី​ដល់​អ្នក​គីមីវិទ្យា​ទាំងអស់។ លោក​បន្តថា៖

«ជា​លើកទី​មួយហើយ​ ដែល​យើង​បង្កើត​សមាគម​នេះ​ឡើង​គឺ​គ្រប់​អ្នក​គីមី​ទាំងអស់​ដែល ជា​សមាជិក​ក្នុង​សមាគម យើង​អាច​ចែកចាយ​នូវ​បទពិសោធន៍​របស់​យើង​បាន។ ឧទារហរណ៍​ដូចជា ​យើង​មាន​បញ្ហា​ផ្នែក​គីមី​អាហារ ​អាហារ​មាន​ផល​ប៉ះពាល់​ដែល​មាន​ការប្រើប្រាស់​ជាតិ​គីមី ហើយ​បើសិន​ជា ​យើង​ជាអ្នក​គីមី​អត់ដឹង​ យើង​អាច​មាន​សមត្ថភាព​ក្នុងការ​ស្រាវជ្រាវ​បាន។ ដូច្នេះ​យើង​ក៏​មិន​អាច​ជួយ​អ្វី​ដល់​សង្គមជាតិ​ដែរ»។

មន្រ្តី​សមាគម​គីមី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា នៅ​មាន​ការខ្វះខាត​ច្រើន​លើ​ផ្នែក​ឧបករណ៍​ពិសោធន៍​ និង​ចំណេះដឹង​ថ្មីៗ​ ក៏ប៉ុន្តែ​សមាគម​គីមី​កម្ពុជានឹង​ពង្រឹង​ខ្លួន ដើម្បី​បាន​ចូល​ជា​សមាជិក​សមាគម​គីមី​អាស៊ាន​នៅពេល​អនាគត។

XS
SM
MD
LG