ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ជំរុញ​ឲ្យ​អ្នក​ផលិត​ចំណី​អាហារ​កាត់​បន្ថយ​បរិមាណ​អំបិល​១​ភាគ​៣​នៅ​ក្នុង​ចំណី​អាហារ


អាជ្ញាធរ​សហ​រដ្ឋ​អាមេរិក​ស្នើ​សុំ​ឲ្យ​កាត់​បន្ថយ​បរិមាណ​អំបិល​​ឲ្យ​បាន​១​ភាគ​៣​ក្នុង​ចំណី​អាហារផលិត​ក្នុង​សហរដ្ឋ​អាមេរិក​​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ។
អាជ្ញាធរ​សហ​រដ្ឋ​អាមេរិក​ស្នើ​សុំ​ឲ្យ​កាត់​បន្ថយ​បរិមាណ​អំបិល​​ឲ្យ​បាន​១​ភាគ​៣​ក្នុង​ចំណី​អាហារផលិត​ក្នុង​សហរដ្ឋ​អាមេរិក​​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ។

អាជ្ញាធរ​ចំណី​អាហារ​ និង​ឱសថ​របស់​សហ​រដ្ឋ​អាមេរិក​ ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ចំណី​អាហារ​ និង​ភោជនីយ​ដ្ឋាន​នានា​កាត់​បន្ថយ​បរិមាណ​អំបិល​​ឲ្យ​បាន​១​ភាគ​៣​ក្នុង​ចំណី​អាហារ​របស់​ពួក​គេ នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ។

អាជ្ញាធរ​ចំណី​អាហារ​ និង​ឱសថ​របស់​សហ​រដ្ឋ​អាមេរិក​ ស្នើ​សុំ​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ចំណី​អាហារ​ និង​ភោជនីយ​ដ្ឋាន​នានា​កាត់​បន្ថយ​បរិមាណ​អំបិលឲ្យ​បាន​១​ភាគ​៣​ក្នុង​ចំណី​អាហារ​របស់​ពួក​គេ នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ។

ឯកសារ​ព្រាង​នៃ​គោលការណ៍​ណែនាំ​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​សហ​រដ្ឋ​អាមេរិក​កាល​ពីថ្ងៃ​ទី​១​ខែ​មិថុនា គឺ​ស្ថិត​ក្នុង​លក្ខណៈ​ជា​ការ​អនុវត្ត​ស្ម័គ្រ​ដោយ​ចិត្ត​នៅ​ឡើយ​ ប៉ុន្តែ​អាជ្ញាធរ​ចំណី​អាហារ​និង​ឱសថ​សង្ឃឹម​ថា​ ការ​កាត់​បន្ថយ​បរិមាណ​អំបិល​សូ​ដ្យូម​នៅ​ក្នុង​ចំណី​អាហារ​របស់​ជន​ជាតិ​អាមេរិក​ នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ការ​លើស​ឈាម​ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​បាន​ឆក់​យក​ជីវិត​មនុស្ស​១.០០០​នាក់​ ជា​រៀងរាល់​ថ្ងៃ​នៅ​សហ​រដ្ឋ​អាមេរិក។​

តាម​ព័ត៌មាន​ដែល​បាន​បង្ហោះ​លើ​គេហ​ទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​ចំណី​អាហារ​និង​ឱសថ​ បាន​សរសេរ​ថា៖​ «ការ​ប្រើ​ប្រាស់​អំបិល​សូដ្យូម​ និង​សម្ពាធ​ឈាម​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ខ្លាំង​ និង​ត្រូវ​បាន​គេ​រក​ឃើញ​យ៉ាង​ជាក់​ច្បាស់។​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ជា​កត្តា​នៃ​គ្រោះថ្នាក់​ដ៏​ខ្ពស់​សម្រាប់​ជំងឺ​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ ការ​រក​ឃើញ​បែប​នេះ​ ក៏​មាន​ការ​ឯកភាព​ពី​ស្ថាប័ន​ជំនាញ​នានា​ផងដែរ​ ដូចជា​វិទ្យា​ស្ថានសុខា​ភិបាល​ ដោយ​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​អំបិល​សូដ្យូម​ឲ្យ​តិច​ជាង​២.៣០០​មីលី​ក្រាម​ក្នុងមួយ​ថ្ងៃ»។

បច្ចុប្បន្ន​នេះ ​ប្រជាជន​អាមេរិកាំង​ជា​មធ្យម​ ប្រើ​ប្រាស់​អំបិល​សូដ្យូម​៣.៤០០​ មីលី​ក្រាម​ក្នុងមួយ​ថ្ងៃ។​

បញ្ហា​នេះ​មិន​មែន​ដោយសារ​ប្រជាជន​ប្រើ​ប្រាស់​បរិមាណ​អំបិល​ច្រើន​នៅ​ពេល​បង់​ទៅ​លើ​ម្ហូប​អាហារ​របស់​ពួក​គាត់​ទេ។​ ប៉ុន្តែ​បញ្ហា​គឺ​ដោយសារ​ចំណី​អាហារ​ដែល​ផលិត​ចេញ​ពី​រោង​ចក្រ​នោះ​មាន​ផ្ទុក​បរិមាណ​អំបិល​ច្រើន​រួច​ស្រេច​ទៅ​ហើយ។​

លោក​វេជ្ជ​បណ្ឌិត​ Thomas Frieden ដែល​ជា​មន្រ្តី​ជំនាញ​សុខភាព​សាធារណៈ​ដ៏​ឆ្នើម​បំផុត​មួយ​រូប​នៃ​មជ្ឈ​មណ្ឌល​សម្រាប់​ការ​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​របស់​រដ្ឋ​ ក៏​បាន​យល់​ស្រប​ទៅ​នឹង​ការ​កម្រិត​ការ​ប្រើ​ប្រាស់​បរិមាណ​អំបិល​សូដ្យូម​នេះ​ដែរ​ ដូច​ដែល​លោក​បាន​ផ្សព្វផ្សាយ​ក្នុង​អត្ថបទ​ដែល​ចុះ​នៅ​លើ​គេហ​ទំព័រ​នៃ​ព្រឹត្តិបត្រ​របស់​សមាគម​សុខា​ភិបាល​អាមេរិកាំង។​

លោក​ Frieden និយាយ​ថា​ ការ​កាត់​បន្ថយ​បរិមាណ​អំបិល​សូដ្យូម​១២​ភាគរយ​ជា​ប្រចាំ​ក្នុង​ចំណី​អាហារ​ នឹង​អាច​បង្ការ​ជំងឺ​គាំង​បេះដូង​ចំនួន​៣២.០០០​ករណី​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ចំនួន​២០.០០០​ករណី ​ជារៀង​រាល់​ឆ្នាំ។

លោក​ស្រី​ Sylvia Burwell រដ្ឋមន្រ្តី​ក្រសួង​សុខា​ភិបាល​ និង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ បាន​និយាយ​ថា៖ «ប្រជាជន​អាមេរិកាំង​ជាច្រើន​ ចង់​កាត់​បន្ថយ​បរិមាណ​អំបិល​សូដ្យូម​ក្នុង​របប​អាហារ​របស់​ពួកគេ​ ប៉ុន្តែ​ វា​ពិបាក​នឹង​កាត់​បន្ថយ​ណាស់​ ​នៅពេល​ដែល​ចំណី​អាហារ​ដែល​ពួកគេ​ទិញ​ពី​ហាង​ និង​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ មាន​ផ្ទុក​បរិមាណ​អំបិល​សូដ្យូម​ច្រើន​រួច​ស្រាប់​ទៅ​ហើយ។​ ការ​ប្រកាស​ព័ត៌មាន​នៅ​ពេល​នេះ​ គឺ​ចង់​ផ្តល់​សិទ្ធិ​អំណាច​ដល់​អ្នក​ប្រើប្រាស់​វិញ​ទេ​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​គ្រប់​គ្រង​លើ​បរិមាណ​អំបិលក្នុង​ចំណី​អាហារ​ដែល​ពួក​គាត់​បរិភោគ​ និង​ជួយ​លើក​កម្ពស់​សុខភាព​របស់​ពួក​គេ»។​

បើទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ អ្នក​វិទ្យាសាស្រ្ត​មួយ​ចំនួន​ បាន​អះអាង​ថា​ ទំនាក់​ទំនង​ខ្លាំង​រវាង​ការ​ប្រើ​ប្រាស់​អំបិល​សូដ្យូម​ជាមួយ​នឹង​ជំងឺ​បេះដូង​ មិន​ទាន់​បាន​រក​ឃើញ​ច្បាស់​នៅ​ឡើយ។

លោក​ Steven Nissen ដែល​ជា​ប្រធាន​នៃ​ក្រុម​ព្យាបាល​សរសៃ​ឈាម​បេះដូង​ នៅ​គ្លីនិក​ Cleveland បាន​ថ្លែង​ក្នុងបទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ USA Today ​ថា៖ «វិទ្យា​សាស្ត្រ​មិន​ទាន់​រក​ឃើញ​បញ្ហា​នេះ​ជាក់​លាក់​ទេ​ ដូច្នេះ​ ប្រសិន​បើ​យើង​និយាយ​ជាទូទៅ​ ខ្ញុំ​មិន​អាចគាំទ្រ​អនុសាសន៍​ឲ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​បរិមាណ​អំបិល​សូដ្យូម​ ដែល​មិន​មាន​ការ​រក​ឃើញ​តាម​បែប​វិទ្យា​សាស្រ្ត​ឲ្យ​ប្រាកដ​ប្រជា​នោះ​ទេ»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ចំណី​អាហារ​ និង​ឱសថ​ លោកស្រី​ Susan Mayne និយាយ​ថា ​អនុសាសន៍​របស់​អ្នក​រៀបចំ​គោល​នយោបាយ ​គឺ​ធ្វើ​ឡើង​យ៉ាង​ប្រយ័ត្ន​ប្រយែង។​ លោក​ស្រី​បាន​សរសេរ​នៅ​លើ​គេហ​ទំព័រ​របស់​អាជ្ញាធរ​ចំណី​អាហារ​ និង​ឱសថ​ថា៖​ «យើង​ទាំង​អស់​គ្នា​ដឹង​ថា​ អំបិល​សូដ្យូម​មាន​មុខងារ​សំខាន់​ជាច្រើន​សម្រាប់​ចំណី​អាហារ​ ដូចជា​ឱជារស​ កម្រិត​រសជាតិ​ខ្លាំង​ឬស្រាល​ និង​សុវត្ថិភាព​គ្មាន​មីក្រុប​ក្នុង​ចំណី​អាហារ។ ហើយ​យើង​មិន​អាច​ចេះ​តែ​ដក​បរិមាណ​អំបិល​សូដ្យូម​ដោយ​មិន​បាន​គិត​គូរ​ពី​មុខងារ​សំខាន់​ទាំង​អស់​នេះ​បាន​ឡើយ»៕​

ប្រែសម្រួល​ដោយ​ កោះ សុគន្ធី

អត្ថបទ​ទាក់ទង

XS
SM
MD
LG