ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​លម្អិត​អំពី​ជន​រត់គេច​ដែល​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​ដែល​សង្ស័យ​ថា​មាន​ជំងឺ​កូវីដ១៩


និស្សិត​កូរ៉េ​ខាង​ជើង​ប្រមូលផ្តុំ​គ្នា​ដើម្បី​រិះគន់​កូរ៉េ​ខាង​ត្បូង​ នៅ​មហោស្រព Pyongyang Youth Park Open-air Theatre ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។
និស្សិត​កូរ៉េ​ខាង​ជើង​ប្រមូលផ្តុំ​គ្នា​ដើម្បី​រិះគន់​កូរ៉េ​ខាង​ត្បូង​ នៅ​មហោស្រព Pyongyang Youth Park Open-air Theatre ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ទទួល​ស្គាល់​ថា អ្នក​ផ្ដាច់​ខ្លួន​ជនជាតិ​កូរ៉េខាងជើង​ម្នាក់ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​នារី​ម្នាក់​នៅ​ក្នុង​ទឹកដី​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រហែល​ជា​អាច​លួច​រត់​គេច​ផុត​ពី​ឆ្មាំ​ការពារ​ព្រំដែន មុន​នឹង​ហែល​ឆ្លងទឹក​ទន្លេ​ទៅ​កាន់ប្រទេស​កូរ៉េខាង​ជើង​ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។

នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ទី ២៧ ខែ​កក្កដា មន្ត្រី​យោធា​កូរ៉េខាងត្បូង​បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​រក​ឃើញ​កាបូប​របស់​បុរស​នោះ​នៅ​ក្បែរ​ប្រឡាយ​បង្ហូរ​ទឹក ដែល​បុរស​នោះ​បាន​ប្រើ​ដើម្បី​លូន​ក្រោម​របង​លួស​បន្លា​នៅ​លើ​កោះ Ganghwa ភាគ​ឦសាន​ប្រទេស​កូរ៉េខាងត្បូង ដែល​ខណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ​ដោយ​ផ្នែក​មួយ​នៃ​ទន្លេ Han។

បុរស​អាយុ ២៤ ឆ្នាំ រូប​នោះ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កូរ៉េខាងជើង​កាល​ពី​ឆ្នាំ ២០១៧ កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ចាប់​រំលោភ​អ្នក​ផ្ដាច់ខ្លួន​ពី​កូរ៉េ​ខាង​ជើង​ម្នាក់ ហើយ​ត្រូវ​បាន​អាជ្ញាធរ​កូរ៉េខាងត្បូង​តាម​ចាប់​ខ្លួន។ នេះ​បើ​យោងតាម​សេចក្ដីរាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង។ សេចក្ដី​រាយការណ៍​នោះ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា បុរស​នោះ​ទើបតែ​បាត់បង់​ការងារ​ធ្វើ​ផង​ដែរ។

ប៉ុន្តែ​មន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង​បាន​ឱ្យ​ដឹង​ថា ជន​ដែល​បាន​រត់​ទៅ​ប្រទេសកូរ៉េខាង​ជើង​វិញ​នោះ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​មាន​ជំងឺ​កូវីដ១៩ ឬ​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​អ្នក​ជំងឺ​កូវីដ១៩ នោះ​ឡើយ។

ការ​លើក​ឡើង​បែប​នេះ បាន​បង្អាក់​ដល់​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​កូរ៉េខាងជើង​ដែល​ថា បុរស​នោះ​ប្រហែលជា​បាន​នាំ​ជំងឺ​កូវីដ១៩ ចូល​ក្នុង​ប្រទេស​កូរ៉េខាងជើង​នោះ។

ដោយ​សំដៅ​ទៅ​លើ​មនុស្ស​តែ​មួយ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី២៦ ខែ​កក្កដា បាន​ឱ្យ​ដឹងថា បុរស​ដែល​គេ​សង្ស័យ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​រូប​នេះ បាន​ត្រឡប់​មក​ប្រទេស​កូរ៉េខាង​ជើង​វិញ​កាល​ពី​ថ្ងៃទី១៩ ខែ​កក្កដា ក្រោយ​ពី​បាន​ឆ្លង​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ដោយ​ខុស​ច្បាប់​មក។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​ទទួល​ស្គាល់ថា​អាច​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន និង​បិទ​តំបន់​ជុំវិញ​ទីក្រុង Kaesong ដែល​ជា​ទីក្រុង​ជាប់​ព្រំដែន​ដែល​បុរស​រូប​នោះ​ត្រូវ​បាន​គេ​រក​ឃើញ។

ហេតុអ្វី​ទទួល​ស្គាល់​នៅ​ពេល​នេះ?

ទោះបីជា​ការ​ឆ្លង​វីរុស​កូរ៉ូណា​ប្រមាណ​ជាង ១៧ លាន​ករណី​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​គិត​ត្រឹម​ថ្ងៃ​ទី ២ ខែ​សីហា​ក៏ដោយ ក៏​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ទទូច​ជា​យូរ​មក​ហើយ​ថា ប្រទេស​របស់​ខ្លួន​មិន​មាន​ករណី​ឆ្លង​វីរុស​នេះ​ឡើយ ដែល​នេះ​ជា​ការ​លើក​ឡើង​ដែល​អ្នក​តាមដាន​ស្ថានការណ៍​ពី​ខាង​ក្រៅ​អះអាង​ថា​មិន​អាច​ទៅ​រួច​នោះ​ទេ។

ប្រទេស​កូរ៉េ​ខាងជើង​មាន​ព្រំប្រទល់​ប្រវែង ១.៤០០ គីឡូម៉ែត្រ ជាប់​ប្រទេស​ចិន ដែល​ប្រទេស​ចិន​នេះ​គឺ​ជា​កន្លែង​ដែល​វីរុស​កូរ៉ូណា​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង។ ទោះបីជា​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បិទ​ជា​ផ្លូវការ​នូវ​ព្រំដែន​ទាំង​អស់​កាល​ពី​ខែ​កុម្ភៈ​ក៏​ដោយ ក៏​ភាគ​ច្រើន​នៃ​ពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង​ជាមួយ​នឹង​ចិន​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រៅ​ផ្លូវការ និង​ពិបាក​គ្រប់គ្រង។

អ្នក​វិភាគ​ជា​ច្រើន​បាន​និយាយ​ថា ប្រទេស​កូរ៉េខាងជើង​ប្រហែលជា​ប្រើ​ឧប្បទ្ទវហេតុ​នេះ​ដើម្បី​នៅ​ទីបំផុត​ទទួល​ស្គាល់​ថា​មាន​ការ​ឆ្លង​វីរុស​កូរ៉ូណា និង​ដើម្បី​ទម្លាក់​កំហុស​លើ​ប្រទេស​កូរ៉េខាងត្បូង។

លោក Benjamin Katzeff Silberstein អ្នកជំនាញ​ផ្នែក​ប្រទេស​កូរ៉េ​ខាងជើង​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ការបរទេស (Foreign Policy Research Institute) បាន​សរសេរ​ថា៖ «ករណី​នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​បំផុត​ដល់​រដ្ឋាភិបាល​កូរ៉េខាងជើង​ក្នុង​ការ​ទទួល​ស្គាល់​ថា​មាន​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន»។

លោក Benjamin Katzeff Silberstein បញ្ជាក់​ថា៖ «កូរ៉េខាងជើង​អាច​អះអាង​ថា វិធានការ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ របស់​ខ្លួន ដូចជា​ការ​បិទ​ព្រំដែន​ភាគ​ខាង​ជើង​ជា​ដើម​គឺ​ល្អ​ឥត​ខ្ចោះ។ ប៉ុន្តែ​នៅ​តែ​មាន​ករណី​មួយ​ឆ្លង​ចូល​មក​ខាង​ក្នុង​ទាល់​តែ​បាន»។ លោក​បាន​បន្ថែម​ថា៖ «ការណ៍​ដែល​អះអាង​ថា​មាន​ករណី​ឆ្លង​ដំបូង​មក​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​នេះ គឺ​អាច​ជួយ​បញ្ចៀស​ភាព​ថ្នាំងថ្នាក់​រវាង​ប្រទេស កូរ៉េខាងជើង និង​ប្រទេស​ចិន​បាន»។

លោក Go Myong Hyun អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន Asan សម្រាប់​ការ​សិក្សា​គោល​នយោបាយ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល បាន​និយាយ​ថា វិធានការ​របស់​កូរ៉េខាងជើង​បែប​នេះ​ក៏​អាច​ជា​សារ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​នៅ​ក្នុង​ប្រទេស​ផង​ដែរ។

លោក​និយាយ​ដូច្នេះ​ថា៖ «ពួកគេ​កំពុង​ព្យាយាម​ចង់​បញ្ជាក់​ថា ប្រទេស​កូរ៉េខាងជើង​កំពុង​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ ដែល​ថា​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ជា​ច្រើន​កំពុង​កើត​ឡើង​នៅ​ខាង​ក្រៅ​ប្រទេស​កូរ៉េខាងជើង ហើយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​តែ​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ខ្លួន​គ្មាន​ការ​ឆ្លង​ជំងឺ​នេះ»។

នៅ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ប្រទេស​កូរ៉េខាងជើង​បាន​បោះ​សម្តី​ខ្លាំងៗ​ទៅ​លើ​ប្រទេស​កូរ៉េខាងត្បូង ដោយ​ចោទ​កូរ៉េខាងត្បូង​ថា​បាន​ផ្ដល់​អាទិភាព​ដល់​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ជាង​ដល់​ទំនាក់ទំនង​ជាមួយ​នឹង​ខ្លួន។

លោក Go Myong Hyun បាន​និយាយ​ថា៖ «[វោហាសាស្ត្រ​នយោយ​នោះ] ក៏​ចង់​បង្ហាញ​ផង​ដែរ​ថា ប្រទេស​កូរ៉េខាងត្បូង​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ឡើយ។ កូរ៉េខាងជើង​ព្យាយាម​ភ្ជាប់​រូបភាព​អវិជ្ជមាន​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នេះ ជាមួយ​នឹង​ប្រទេស​កូរ៉េខាងត្បូង និង​ជន​រត់គេច​ខ្លួន​ក្នុង​ពេល​ជាមួយ​គ្នា»។

ចន្លោះ​ប្រហោង​សន្តិសុខ​តាម​ព្រំដែន

ហេតុការណ៍​របស់​ជន​ផ្ដាច់​ខ្លួន​នេះ​ក៏​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ចន្លោះ​ប្រហោង​នៅ​តាម​ព្រំដែន​ប្រវែង​ប្រមាណ ២៥០ គីឡូម៉ែត្រ​ដែល​ខណ្ឌ​ចែក​ប្រទស​កូរ៉េ​ទាំង​ពីរ​ផង​ដែរ។ ការ​ប្រជុំ​នយោបាយ​មួយ​ដែល​បាន​រៀបចំ​ឡើង​ដោយ​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ចំពោះ «ការ​យាមកាម​ធូរ​រលុង​របស់​ឆ្មាំ​ព្រំដែន​នៅ​ជួរ​មុខ» ដែល​ជា​កន្លែង​ដែល​ការ​លួច​រត់​ឆ្លង​ដែន​ខុស​ច្បាប់​នេះ​បាន​កើត​ឡើង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េខាងជើង។

នៅ​ពេល​ដែល​ពលរដ្ឋ​កូរ៉េខាង​ជើង​រត់គេច​ពី​ប្រទេស​របស់​ពួកគេ ពួកគេ​តែងតែ​ឆ្លង​តាម​ព្រំដែន​ដែល​ជាប់​នឹង​ប្រទេស​ចិន ព្រោះ​ថា​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាងត្បូង​គឺ​ជា​តំបន់​ដែល​មាន​ការ​យាមកាម​តឹងតែង​បំផុត​មួយ​ក្នុង​ពិភពលោក។

ប៉ុន្តែ​ទោះជាយ៉ាងនេះ​ក្ដី ជន​ផ្ដាច់ខ្លួន​ដែល​កូរ៉េខាង​ជើង​អះអាង​ថា​អាច​មាន​ជំងឺ​កូវីដ១៩ នេះ បាន​ឆ្លង​ព្រំដែន​កូរ៉េ​ទាំង​ពីរ​នេះ​ពីរ​ដង​រួច​មក​ហើយ។

ជន​ដែល​មាន​ត្រកូល Kim នេះ បាន​រៀបរាប់​លម្អិត​អំពី​ការ​រត់​ចេញ​ពី​ប្រទេស​កូរ៉េខាង​ជើង​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០១៧ នៅ​ក្នុង​បទ​សម្ភាសន៍​ចំនួន​ពីរ​តាម YouTube កាល​ពី​ខែ​មុន ជាមួយ​នឹង​ជនរត់​គេច​ចេញ​ពី​កូរ៉េខាងជើង​ម្នាក់​ទៀត។

លោក​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ដែល​បាន​លេច​ឡើង​ជា​ថ្មី​កាល​ពេល​ថ្មីៗ​នេះ​ថា៖ «ខ្ញុំ​បាន​សម្រេច​រត់​ចេញ​ដោយ​សារ​តែ​ភាព​ក្រីក្រ»។

លោក Kim បាន​និយាយ​ថា លោក​ចំណាយ​ពេល​ជាង ៧ ម៉ោង ដើម្បី​បាន​មក​ដល់​ប្រទេស​កូរ៉េខាងត្បូង។ លោក​បាន​បន្ថែម​ថា ការ​ធ្វើ​ដំណើរ​នោះ​គឺ​ត្រូវ​ឆ្លងកាត់​ចំការ​មីន របង​លួស​បន្លា របង​ខ្សែភ្លើង និង​ការ​ហែល​ទឹក​ឆ្លង​ទន្លេ Han ផង​ដែរ។

ចំនួន​ជន​រត់គេច​ពី​ប្រទេស​កូរ៉េខាងជើង​ទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង​បាន​ធ្លាក់ចុះ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារតែ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាងជើង​បាន​រឹត​បន្តឹង​ការ​គ្រប់គ្រង​ព្រំដែន។ វីរុស​កូរ៉ូណា​ក៏​បាន​ធ្វើ​ឱ្យ​ការ​ចង់​រត់គេច​នេះ​កាន់តែ​ពិបាក​ជាង​មុន​ផង​ដែរ។ នៅ​ក្នុង​ត្រីមាស​ទី ២ នៃ​ឆ្នាំ​នេះ ចំនួន​ជន​រត់​គេច​ពី​ប្រទេស​កូរ៉េខាងជើង​ដែល​បាន​ទៅ​ដល់​ប្រទេស​កូរ៉េខាងត្បូង​មាន​ត្រឹម​តែ ១២ នាក់​ប៉ុណ្ណោះ។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ទាំង​ពីរ​នៃ​ប្រទេស​កូរ៉េខាងត្បូង​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃចន្ទ ​ទី ២៧ ខែ​កក្កដា ថា ប្រជាជន​កូរ៉េខាងជើង ដែល​បាន​រត់គេច​ទៅ​ដល់​កូរ៉េខាងត្បូង កម្រ​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ​ណាស់។ ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក មាន​អ្នក​រត់គេច​ពី​កូរ៉េខាងជើង​តែ ១១ នាក់​ប៉ុណ្ណោះ ដែល​បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​វិញ៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG