ប្រទេសឥណ្ឌាគឺជាប្រទេសធំតែមួយគត់ ដែលធ្វើពហិការមិនចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ នៃរដ្ឋាភិបាលក្រុងប៉េកាំង កាលពីខែឧសភា។ ខណៈពេលដែលប្រទេសដទៃជាច្រើនទៀត បានចូលរួមការប្រជុំ ក្នុងអំឡុងពេលជាង២សប្ដាហ៍ ខ្សែភាពយន្តឥណ្ឌាមួយដែលសាច់រឿងរៀបរាប់អំពីបញ្ហាសង្គម និងសម្ដែងដោយតារាឈ្មោះ Amir Kahn បានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជននៅក្នុងប្រទេសចិន។
ភាពផ្ទុយស្រឡះ និងការចំអកអំពីការអភិវឌ្ឍពីរបែប បានទាក់ទាញអារម្មណ៍អ្នកទស្សនាជនជាតិចិនជាច្រើនលាននាក់ ហើយបានធ្វើឲ្យរឿងដែលនិយាយជាភាសាហិណ្ឌូមួយនេះ ស្ថិតនៅលើកំពូលនៃតារាងភាពយន្តដែលកំពុងចាក់បញ្ចាំង ទាំងដែលរឿងនេះមិនមានការបញ្ចូលសំឡេងឡើយ ហើយប្រើតែអក្សររត់ពីក្រោមជាជំនួយប៉ុណ្ណោះ។
ក្រុមអ្នកវិភាគ អ្នកវាយតម្លៃភាពយន្ត និងអ្នកជំនាញនៅតាមបណ្ដាញសង្គម កំពុងពិភាក្សាថា តើកត្តាអ្វីដែលទាក់ទាញអ្នកទស្សនាចិនឲ្យមើលខ្សែភាពយន្តមួយនេះ ដែលរឿងមួយនេះមិនបានពេញលក្ខណៈដូចរឿងបូលីវូដទូទៅ ដូចជាការបញ្ចូលឈុតឆាកចម្រៀង រាំរែក និងការវាយតប់បង្ហូរឈាមដូចរាល់ដងផងនោះ។
ការបំបែកកំណត់ត្រាថ្មី
ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មខ្សែភាពយន្តនិយាយថា នេះជាលើកទីមួយហើយ ដែលខ្សែភាពយន្តមួយមិនមានការប្រើប្រាស់ភាសាចិន ឬអង់គ្លេស អាចក្លាយជាខ្សែភាពយន្តដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងទីផ្សារដ៏ធំបំផុតទីពីរក្នុងពិភពលោក។ ប្រទេសចិននាំចូលភាពយន្តបរទេសតិចបំផុតក្នុងមួយឆ្នាំៗ ហើយភាពយន្តដែលមិនមែនបែបហូលីវូដ រឹតតែមានចំនួនតិចតួច។
មានហេតុផលលើកឡើងជាច្រើន ដែលព្យាយាមពន្យល់អំពីភាពជោគជ័យរបស់ខ្សែភាពយន្ត ដែលមានចំណងជើងថា Dangal។ រឿងនេះរកបានចំណូលជាង ១២៤ លានដុល្លារ ចាប់តាំងពីចាប់ផ្ដើមចាក់បញ្ចាំងនៅតាមរោងភាពយន្តជាង ៩០០០ កន្លែង ទូទាំងប្រទេសចិន ចាប់ពីថ្ងៃទី៥ ខែឧសភា។ កាលពីថ្ងៃសុក្រ គឺត្រឹមរយៈពេល៣សប្ដាហ៍គត់ដែលរឿងនេះត្រូវបានគេដាក់បញ្ចាំងរឿងនេះក៏បានធ្លាក់ចេញពីតំណែងនៃរឿងដែលរកចំណូលបានច្រើនបំផុត។ រឿងផ្សេងដែលបានយកឈ្នះតំណែងកំពូលនេះ គឺរឿងរបស់ស្ទូឌីយោ Marvel ដែលមានចំណងជើងថា Guardians of the Galaxy 2 គឺអាចរកចំណូលបាន ៩៨ លានដុល្លារ ក្នុងរយៈពេលបញ្ចាំងដូចគ្នា។
មូលហេតុសំខាន់មួយ នៃភាពជោគជ័យរបស់ខ្សែភាពយន្ត Dangal គឺភាពល្បីល្បាញរបស់តារាសម្ដែង Amir Kahn។ លោកគឺជាកម្លាំងជំរុញភាពជោគជ័យពីក្រោយរឿងនេះ។ លោកទទួលបានការគាំទ្រនៅប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈរឿង PK និង 3 Idiots ដែលរឿងទាំងនេះក៏ល្បីនៅប្រទេសចិន។ លោក Kahn មានប្រិយមិត្តគាំទ្រតាមបណ្ដាញសង្គមចិន Sina Weibo ច្រើនជាងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi តាំងពីមុនរឿង Dangal បញ្ចាំងនៅប្រទេសចិនមកម្ល៉េះ។ លោកមានអ្នកគាំទ្រចំនួន ៦០០.០០០ នាក់ នៅពេលដែលលោក Modi មានតែ ១៦៥.០០០ នាក់ប៉ុណ្ណោះ។
ការធ្វើទីផ្សារដ៏ស្ទាត់ជំនាញ ដើម្បីផ្សព្វផ្សាយខ្សែភាពយន្ត រួមមានការមកផ្សព្វផ្សាយដោយលោក Kahn ផ្ទាល់ នៅតាមទីក្រុងជាច្រើនរបស់ចិន ក៏បានរួមចំណែកក្នុងការធ្វើឲ្យរឿងនេះជោគជ័យផងដែរ។
ប៉ុន្តែក្រុមអ្នករិះគន់និងអ្នកវិភាគបណ្ដាញសង្គមនៅប្រទេសចិន បានមើលឃើញតាមរយៈមូលហេតុផ្សេង។ អ្នកសរសេរបញ្ចេញមតិយោបល់ អត្ថបទព័ត៌មាន និងការបង្ហោះសារលើបណ្ដាញសង្គម បានផ្ដោតទៅលើទំនាក់ទំនងដ៏ចម្លែកមួយ នៃសង្គមដែលគ្រប់គ្រងដោយបុរស រវាងចិននិងឥណ្ឌា។
បុរសធិបតេយ្យ និងស្រ្តីនិយម
ខ្សែភាពយន្តនេះ និយាយអំពី ឪពុកម្នាក់ដែលជាអ្នកបោកចំបាប់ បានបង្ខំឲ្យកូនស្រីដែលគ្មានឆន្ទៈទាំងពីររបស់ខ្លួនឲ្យចាប់អាជីពក្នុងវិស័យកីឡានេះ។
លោក Edward Chan សាស្ត្រាចារ្យផ្នែកសង្គមវិទ្យានៃសាកលវិទ្យាល័យ Hong Kong Polytechnic និយាយថា អំពើផ្ដាច់ការនិងភាពតឹងរឹងរបស់ឪពុកម្ដាយ គឺជាហេតុផលម៉្យាងដែលអ្នកទស្សនាចិនងាយនឹងផ្សារភ្ជាប់។
លោក Chan និយាយថា៖ «ខ្ញុំគិតថា តួនាទីឪពុកដែលបង្ហាញនៅក្នុងខ្សែភាពយន្តឥណ្ឌាមួយនេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងវប្បធម៌ ជាពិសេសគឺវប្បធម៌ប្រពៃណីនៅក្នុងប្រទេសចិន»។
លោក Tansen Sen សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនិងការសិក្សាអាស៊ី នៃសាកលវិទ្យាល័យ City University of New York បាននិយាយថា៖ «វាគឺជារឿងមួយដែលដិតជាប់នឹងជនជាតិចិន ទាំងទំនាក់ទំនងឪពុកម្ដាយ-កូន ក៏ដូចជាចំណាប់អារម្មណ៍នឹងវិស័យកីឡា»។
ខណៈពេលដែលក្រុមស្ត្រីនិយមមួយចំនួន មើលឃើញថាឥរិយាបថរបស់តួអង្គឪពុកថាជាឫសគល់នៃបញ្ហា ពួកគេក៏មើលឃើញចំណុចដែលគួរឲ្យសរសើរមួយចំនួនផងដែរ។ អ្នកសរសើរទាំងនោះ មើលឃើញខ្សែភាពយន្តនេះថា បានផ្ដល់អំណាចដល់ស្ត្រី។ ក្រុមស្ត្រីនិយមពីរ គឺ Jianjiao Buluo [Screaming Pepper Tribe] និង Cheng Yusan [ឆត្រពណ៌ទឹកក្រូច] បានចេញថ្លៃឲ្យសមាជិក១២០នាក់ បានទៅទស្សនាការបញ្ចាំងខ្សែភាពយន្ត នៅទីក្រុង Guangzhou។
អ្នកនាង Lu ក្នុងវ័យប្រហែល២០ឆ្នាំ ជាបុគ្គលិកធ្វើការក្នុងផ្នែកកម្សាន្ត និយាយថា ខ្សែភាពយន្តនេះបានទាក់ទាញចំណាប់អារម្មណ៍របស់នាង ឲ្យឆ្ងល់អំពីប្រទេសឥណ្ឌា ដែលជាប្រទេសមានចំនួនប្រជាជនច្រើន ប្រហែលនឹងចិន។ នាង Lu និយាយថា មានជនជាតិចិនវ័យក្មេងជាច្រើន ដូចនាង ចង់សម្រេចសុបិនរបស់ខ្លួនដោយមានការគាំទ្រពីឪពុកម្ដាយដែរ។
អ្នកនាង Lu និយាយថា៖ «ខ្ញុំមានអារម្មណ៍ថា ការគាំទ្ររបស់ឪពុកសម្រាប់កូនៗរបស់ខ្លួន គឺពិតជាគួរឲ្យរំភើប ហើយភាពតឹងរឹងរបស់ឪពុកម្ដាយចំពោះកូន គឺដើម្បីតែពួកគេល្អប៉ុណ្ណោះ» ។
សារព័ត៌មានគាំទ្រដោយគណបក្សកុម្មុយនិស្តចិន ឈ្មោះ Global Times បានរិះគន់ភាពយន្តនេះ ចំពោះការឲ្យតម្លៃទៅលើតួអង្គឪពុក ដែលប្រើអំណាចក្នុងការជំរុញឲ្យកូនស្រីគ្មានឆន្ទៈទាំងពីរ ឲ្យចាប់យកជំនាញចំបាប់ជាជម្រើសនៃអាជីព។ កាសែតនេះនិយាយថា ខ្សែភាពយន្តនេះបង្កឲ្យមានភាពចម្រូងចម្រាសជុំវិញទិដ្ឋភាពផ្សេងគ្នានៃស្ត្រីនិយម នៅក្នុងប្រទេសចិន និងទស្សនៈថាតើ ស្ត្រីនៅក្នុងសម័យទំនើបនេះ គួរបដិសេធទាំងស្រុង ចំពោះគុណតម្លៃនៃសង្គមដែលផ្ដោតលើបុរសជាអ្នកគ្រប់គ្រង ឬអត់។
ប៉ុន្តែកាសែតនេះក៏បានដកស្រង់សម្ដីអ្នកទស្សនា ដែលមានទស្សនៈផ្សេងផងដែរ។ កាសែតនោះបានដកស្រង់សំដីមនុស្សម្នាក់និយាយថា ៖ «វាធ្វើឲ្យខ្ញុំគិតអំពីឪពុករបស់ខ្ញុំ»។ «ការស្រឡាញ់របស់គាត់មិនដែលបង្ហាញចេញឲ្យពួកយើងឃើញទេ។ ខ្ញុំចង់ទូរស័ព្ទទៅរកគាត់ ដោយមិននិយាយអ្វីទាំងអស់ គឺគ្រាន់តែយំ ហើយយំឲ្យដូចទឹកទន្លេដើម្បីរំដោះខ្លួនខ្ញុំពីវិប្បដិសារីដ៏ធេងរបស់ខ្ញុំ»។
លោក Cao ជាអ្នកគាំទ្រម្នាក់ ដែលបានទស្សនាភាពយន្តរបស់តារាសម្ដែងឥណ្ឌា Amir Kahn អស់រយៈពេលជាច្រើនឆ្នាំ បាននិយាយថា រឿងបែប Dangal មិនមានច្រើននៅក្នុងទីផ្សាររបស់ចិនឡើយ។ លោកនិយាយថា លោកកោតសរសើរ លោក Kahn ដោយសារតាំងចិត្តលើអាជីពរបស់គាត់ (អំពីការណ៍ដែលសម្រកនិងដំឡើងទម្ងន់) និងការខិតខំប្រឹងប្រែងរបស់គាត់ អំពីការលើកយកបញ្ហាសង្គមមកបង្ហាញតាមរយៈភាពយន្ត។
លោក Cao និយាយថា៖ «ដូចមនុស្សគ្រប់គ្នានិយាយអំពីគាត់នៅតាមប្រព័ន្ធអ៊ីនធឺណិតអញ្ចឹង គាត់មានឥទ្ធិពលទាំងលើប្រទេសឥណ្ឌា ទាំងលើប្រជាជនឥណ្ឌាទាំងមូល។ ហើយ ខ្ញុំគិតថា គាត់ពិតជាអស្ចារ្យណាស់»។
ការផ្លាស់ប្ដូរបន្ទាប់
ខ្សែភាពយន្តហិណ្ឌូមួយទៀត ដែលមានចំណងជើងថា «Tubelight» កំពុងរង់ចាំចូលទីផ្សាររបស់ចិន។ រឿងនេះមានតួសម្ដែងចិន គឺនាង Zhu Zhu ហើយសាច់រឿងមានពាក់ព័ន្ធនឹងសង្គ្រាមឥណ្ឌា-ចិន កាលពីឆ្នាំ១៩៦២។ អ្នកវិភាគកំពុងតែពិភាក្សា ថាតើរដ្ឋាភិបាលក្រុងប៉េកាំងនឹងអនុញ្ញាតឲ្យរឿងនេះចាក់បញ្ចាំងដែរឬយ៉ាងណា ដោយសារតែប្រធានបទអំពីសង្គ្រាមនេះ មានការស្ទាក់ស្ទើរនឹងពិភាក្សាជាសាធារណៈ។
លោកសាស្ត្រាចារ្យ Sen និយាយថា៖ «រដ្ឋាភិបាលទាំងពីរ គួរតែឲ្យប្រជាជនស្គាល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្ដូរនិងការទាក់ទងដោយសេរី។ ជួនកាល វាអាចនឹងផ្តល់លទ្ធផល ជាការយល់ឃើញដោយអវិជ្ជមាននិងការយល់ច្រឡំ ប៉ុន្តែទីបំផុតវានឹងនាំទៅដល់លទ្ធផលចម្រុះនិងផ្ដល់លំនឹងនៃការយល់ឃើញពីគ្នាទៅវិញទៅមក ច្រើនជាងនេះ »៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា