ប៉ុន្តែរហូតមកដល់ពេលឥឡូវនេះ ទាំងផ្លូវថ្នល់ ផ្លូវរថភ្លើង បំពង់បង្ហូរទឹក កំពង់ផែ ប្រព័ន្ធអគ្គិសនី បណ្តាញគមនាគមន៍ និងគម្រោងផ្សេងៗទៀត បានផ្តល់ឱកាសជាច្រើនដល់ក្រុមហ៊ុនចិន ប៉ុន្តែមិនបានផ្តល់ឱកាសច្រើនដល់ក្រុមហ៊ុននៅខាងក្រៅប្រទេសនោះទេ។
លោក Derek Scissors ជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានសហគ្រាសអាមេរិកាំងនិយាយថា ក្រុមហ៊ុនចិននឹងទទួលបាន «គម្រោងធំៗច្រើនជាងគេ»។
លោក Tom Miller គឺជាអ្នកនិពន្ធសៀវភៅ «ក្តីសុបិន្តនៅអាស៊ីរបស់ចិន៖ ការកសាងអាណាចក្រមួយតាមផ្លូវសូត្រថ្មី ឬជាភាសាអង់គ្លេសថា China's Asian Dream: Empire Building Along The New Silk Road » បាននិយាយថា ធនាគារចិនកំពុងផ្តល់ហិរញ្ញប្បទានដល់គម្រោងជាច្រើន ក្នុងគោលបំណងនាំចេញបច្ចេកវិទ្យាចិន និងបង្កើតតម្រូវការថ្មីសម្រាប់ផលិតផលចិន។ លោក Miller និយាយថា ប្រទេសដែលប្រើប្រាស់បច្ចេកវិទ្យាចិន ទំនងនឹងទិញផលិតផលចិនក្នុងពេលអនាគត ហើយនឹងធ្វើការងារនានាដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅក្រៅប្រទេស។
លោកស្រី Lourdes Casanova អ្នកជំនាញផ្នែកទីផ្សាររីកចម្រើន Emerging Market នៃសាកលវិទ្យាល័យ Cornell និយាយថា ប្រទេសចិនកំពុងប្រើប្រាស់ការវិនិយោគទាំងនេះដើម្បី «ទទួលបានអំណាចផ្នែកយុទ្ធសាស្ត្រ»។
លោកស្រី Casanova និយាយថា ក្រុមហ៊ុន៥ក្នុងចំណោមក្រុមហ៊ុនសំណង់ និងវិស្វកម្មធំៗនៅក្នុងពិភពលោក (វាស់តាមរយៈប្រាក់ចំណូល) បូករួមទាំងធនាគារចំនួន៤ក្នុងចំណោមធនាគារធំបង្អស់ទាំង៥ (វាស់តាមរយៈទ្រព្យសកម្ម) គឺជារបស់ចិន។ អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ Cornell រូបនេះនិយាយបន្តទៀតថា ក្រុមហ៊ុនចិនទទួលបានបទពិសោធន៍សាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេសរបស់ខ្លួន។ ការណ៍នេះនឹងជួយពួកគេ ក្នុងការសាងសង់គម្រោងធំៗផ្សេងទៀតនៅក្រៅប្រទេស។
លោក Scissors បាននិយាយថា ក្រុមហ៊ុនវិស្វកម្មចិនអាចធ្វើការក្នុងស្ថានភាពពិបាកបានល្អជាងក្រុមហ៊ុនផ្សេងៗទៀតក្នុងពិភពលោក។ លោកបន្តថា ក្រុមហ៊ុនចិនមិនចាំបាច់បង្ហាញពីប្រាក់ចំណេញនោះទេ ហើយនៅក្នុងឆ្នាំថ្មីៗនេះ ពួកគេមានបទពិសោធន៍កាន់តែច្រើននៅក្នុងប្រទេសប៉ាគីស្ថាន នីហ្សេរីយ៉ា អេក្វាឌ័រ និងកន្លែងផ្សេងៗទៀត។
លោកស្រី Casanova និយាយថា វាអាចមានការលំបាកក្នុងការបំពេញការងារក្នុងប្រទេសមួយចំនួននៅក្នុងគម្រោង «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ប៉ុន្តែពួកគេនឹងនៅតែអាចទាក់ទាញការវិនិយោគ ដោយសារតែពួកគេត្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងចំនួនដ៏ «ច្រើន»។
ឱកាសថ្មីៗ
ក្រុមហ៊ុនបរទេសមួយចំនួនប្រាប់ក្រុមអ្នកស្រាវជ្រាវថា បរិយាកាសជំនួញនៅក្នុងប្រទេសចិនកំពុងធ្លាក់ចុះ ហើយពួកគេកំពុងពិចារណាឡើងវិញលើការវិនិយោគ ដែលអាចនឹងប៉ះពាល់ដល់គម្រោងថ្មីៗដូចជា គម្រោង «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ ការស្ទង់មតិមួយដែលធ្វើឡើងដោយ សភាពាណិជ្ជកម្មអាមេរិកាំងក្នុងប្រទេសចិនបានរកឃើញថា ក្រុមហ៊ុនមួយចំនួនកំពុងបន្ថយល្បឿននៃការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន ឬផ្លាស់ប្តូរប្រតិបត្តិការខ្លះទៅកាន់ប្រទេសផ្សេង។ សមាជិកនៃសភាពាណិជ្ជកម្មនេះបានត្អូញត្អែរថា ការអនុវត្តច្បាប់ «មិនបានល្អ» បានធ្វើឲ្យក្រុមហ៊ុនបរទេសរងគ្រោះ ខណៈដែលការធ្លាក់ចុះកំណើនសេដ្ឋកិច្ចកំពុងធ្វើឲ្យបាត់បង់ឱកាសទាំងនេះ។
ប៉ុន្តែក្រុមហ៊ុនអាមេរិកាំងធំៗដូចជាក្រុមហ៊ុន GE ក្រុមហ៊ុន Honeywell និងក្រុមហ៊ុន Caterpillar បានធ្វើជំនួញជាច្រើននៅក្នុងប្រទេសចិន និងមើលឃើញនូវឱកាសនានាក្នុងគម្រោងផ្លូវសូត្រនេះ។
ប្រាក់ចំណេញរបស់ក្រុមហ៊ុន Caterpillar បានកើនឡើងតាមរយៈការលក់ដែលមានលក្ខណៈល្អប្រសើរនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុននេះនិយាយថា ខ្លួនបាន «ចូលរួមយ៉ាងខ្លាំង» នៅក្នុងការផ្តួចផ្តើមផ្លូវសូត្រថ្មីនេះ ដែលខ្លួនមើលឃើញថា ជា «ឱកាសរយៈពេលវែងមួយ»។
បុគ្គលិករបស់ក្រុមហ៊ុន Caterpillar និយាយថា ក្រុមហ៊ុនប្រើប្រាស់ធនធានសាកល ដើម្បីផ្តោតលើការដោះស្រាយបញ្ហាសម្រាប់អតិថិជននៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសចំនួន២០ផ្សេងទៀត នៅតាមបណ្តោយផ្លូវសូត្រថ្មីនេះ។ ក្នុងរយៈពេល៤០ឆ្នាំ ដែលខ្លួនបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន ក្រុមហ៊ុន Caterpillar បានវិវត្តពីការនាំចូលគ្រឿងម៉ាស៊ីនចូលក្នុងប្រទេសចិន ហើយបានប្រែក្លាយទៅជាដៃគូក្នុងស្រុកក្នុងការចែកចាយបច្ចេកវិទ្យា ហើយឥឡូវនេះយើងបានសាងសង់រោងចក្រ និងមជ្ឈមណ្ឌលនានាកំពុងប្រតិបត្តិការនៅក្នុងប្រទេសចិន។
ក្រុមហ៊ុន Honeywell មានបុគ្គលិកចំនួន១៣.០០០នាក់នៅក្នុងប្រទេសចិន និងរកចំណូលបានរាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០១៦។ អ្នកនាំពាក្យរបស់ក្រុមហ៊ុននេះនិយាយថា បុគ្គលិករបស់ពួកគេ រួមមានអ្នកវិទ្យាសាស្ត្រ និងវិស្វករចិនរាប់ពាន់នាក់ ដែលកំពុងជួយធ្វើឲ្យក្រុមហ៊ុន Honeywell ក្លាយជាក្រុមហ៊ុនចិនក្នុងស្រុកមួយ អាចផ្គត់ផ្គង់រាល់តម្រូវការរបស់ជំនួញ និងអតិថិជនក្នុងស្រុកបាន។ ក្រុមហ៊ុននេះលក់ផលិតផលដែលផលិតក្នុងប្រទេសចិនជាច្រើនដើម្បីគាំទ្រដល់ប្រតិបត្តិការរុករកប្រេង និងឧស្ម័ន ប្រតិបត្តិការនៅព្រលានយន្តហោះ មន្ទីរសុខាភិបាល និងសកម្មភាពផ្សេងៗទៀត។
លោក Jeff Immelt ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន General Electric បាននិយាយនៅក្នុងសុន្ទរកថានាពេលថ្មីៗនេះថា ក្រុមហ៊ុនរបស់លោកទទួលបានជោគជ័យនៅក្នុងប្រទេសចិន ជាងនៅក្នុងប្រទេសផ្សេងទៀត ដោយមាន «ធនធានក្នុងស្រុកក្នុងបរិបទសាកល»។ លោកបាននិយាយថា ក្រុមហ៊ុន GE មានបុគ្គលិកចំនួន២០.០០០នាក់នៅ ក្នុងប្រទេសចិន ធ្វើការនៅក្នុង «រោងចក្រ និងមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន»ទៀត។ លោកនិយាយថា ក្រុមហ៊ុនលោកបានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនសំណង់ចិន ហើយក្រុមហ៊ុនលោកបាននាំមុខគេក្នុងវិស័យថាមពល សុខាភិបាល អាកាសចរណ៍ និងប្រេង។
សិទ្ធិមនុស្ស
អ្នកជំនាញផ្នែកសិទ្ធិមនុស្សនិយាយថា នៅមានក្តីបារម្ភមួយទៀតគឺភាពចាំបាច់ក្នុងការបណ្តេញមនុស្សមួយចំនួនចេញពីផ្លូវនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនេះ។ លោកស្រី Sophie Richardson ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំប្រទេសចិនបានប្រាប់ VOA ថា មិនទាន់មានភាពច្បាស់លាស់ទេថា តើគម្រោងដ៏មហិមានិងធំៗទាំងនេះ នឹងប៉ះពាល់មកលើបញ្ហាសិទ្ធិមនុស្សយ៉ាងដូម្តេច ប៉ុន្តែលោកស្រីបាននិយាយថា មានមូលហេតុដែលត្រូវបារម្ភ ដោយសារតែប្រទេសមួយចំនួននៅតាមផ្លូវសូត្រ «បានកាន់អំណាចដោយសារតែការរំលោភបំពាននានា»។
លោកស្រី Richardson និយាយថា ប្រទេសចិន «បានរឹតបន្តឹងការឃ្លាំមើល និងការបង្ក្រាប» ដើម្បីការពារកុំឲ្យមានការបះបោរ ដែលអាចនឹងធ្វើឲ្យខូចគម្រោង «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នៅក្នុងខេត្ត Xinjiang។ តំបន់ភាគខាងលិចនៃប្រទេសចិន ជាផ្នែកដ៏សំខាន់មួយនៃផ្លូវសូត្រ និងជាជម្រករបស់ជនជាតិ អ៊ុយហ្គ័រ (Uighurs) កាន់សាសនាមូស្លីម ១០លាននាក់ ដែលមានវប្បធម៌ ភាសា និងជំនឿខុសគ្នាពីជនជាតិចិន ។ ខេត្ត Xinjiang បានក្លាយជាតំបន់ជនជាតិភាគតិច និងមានភាពតានតឹងផ្នែកនយោបាយ ហើយត្រូវបានប៉ូលិស និងយោធាចិនដើរត្បាតយ៉ាងខ្លាំង។
លោកស្រី Richardson និយាយថា ក្រុមហ៊ុនឯកជនមានការទទួលខុសត្រូវក្នុងការគោរពសិទ្ធិមនុស្ស ហើយត្រូវចាត់វិធានាការដើម្បីកាត់បន្ថយ ឬចៀសវាងហានិភ័យ។ លោកស្រីនិយាយថា កាតព្វកិច្ចទាំងនេះមានចែងនៅក្នុងសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិដែលបានទទួលស្គាល់ដោយអង្គភាពពាណិជ្ជកម្មធំៗរបស់ចិន។ ក្រុមហ៊ុនទាំងនេះគួរតែត្រូវបានវាយតម្លៃតាមរយៈការដោះស្រាយបាតុកម្មដោយសន្តិវិធី៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ