ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​មើល​ឃើញ​ថា​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​ធ្វើឲ្យ​មុខមាត់​ខ្លួន​ងើបឡើង​ ប៉ុន្តែ​អ្នក​ផ្សេង​មើល​ឃើញ​ថា​វា​ធ្វើ​ឲ្យ​ចិន​បាត់បង់​កាលានុវត្ត​ភាព​វិញ​ទេ


អ្នកចូល​រួម​ម្នាក់​ក្នុង​សន្និសីទ​ងើយមើល​រូបថត​ប្រធានាធិបតី​ Xi Jinping អម​ដោយ​ពាក្យ​ "Xi Jinping និង​ខ្សែក្រវាត់​មួយ​ វិថីមួយ​” និង​ "យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់មួយ​ វិថីមួយ​” ក្នុង​រដ្ឋធានី​ ប៉េកាំង​ ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ​២០១៧។
អ្នកចូល​រួម​ម្នាក់​ក្នុង​សន្និសីទ​ងើយមើល​រូបថត​ប្រធានាធិបតី​ Xi Jinping អម​ដោយ​ពាក្យ​ "Xi Jinping និង​ខ្សែក្រវាត់​មួយ​ វិថីមួយ​” និង​ "យុទ្ធសាស្រ្ត​ខ្សែ​ក្រវាត់មួយ​ វិថីមួយ​” ក្នុង​រដ្ឋធានី​ ប៉េកាំង​ ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ​២០១៧។

ស្រប​ពេល​ដែល​ប្រទេស​ចិន​សាទរ​នឹង​ភាព​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​គម្រោង​ខ្សែ​ក្រវាត់​ ​និង​វិថី​លើកទីមួយ​របស់​ខ្លួន​នោះ​ ប្រទេស​មហាអំណាច​ផ្សេងៗ​ទៀត​កំពុង​តែ​ស្រពេចស្រពិល​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ពាណិជ្ជកម្ម​ដែល​មាន​ទឹកប្រាក់​តម្លៃ​ ១ទ្រីលាន​ដុល្លារ​អាមេរិក​មួយ​នេះ។ ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ស្រប​ពេល​ដែល​ផែនការ​ដ៏​សម្បើម​មួយ​នេះ​កំពុង​បាន​ជួយ​ផ្ចុង​ផ្ដើម​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​នោះ​ ប្រទេស​ចិន​ភ្លេច​ទាញ​យក​ឱកាស​ក្នុង​ការ​នាំ​ប្រទេស​អភិវឌ្ឍន៍​នានា​មក​ចូល​រួម​ក្នុង​គម្រោង​នេះ​ដែរ។

លោក​ Ethan Cramer-Flood អនុប្រធាន​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​សន្និសីទ​ចិន​សម្រាប់សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ បាន​និយាយ​ថា​ ការណ៍​ដែល​ប្រទេស​ចិន​អាច​អញ្ជើញ​ថ្នាក់ដឹកនាំ​ធនាគារ​ពិភពលោក​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​ និង​ប្រមុខរដ្ឋ​ដឹកនាំ​ប្រទេស​ទាំង២៩​ ចុះហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​នេះ​បាន​ គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​ទីក្រុង​ប៉េកាំង។

លោក​បាន​បន្ត​ថា​ តាមរយៈ​ការ​ចុះ​ហត្ថលេខា​នេះ​ គឺ​មាន​ន័យ​ថា​ប្រទេស​ហត្ថលេខី​បាន​ទទួល​ស្គាល់​ជា​សាធារណៈ​លើ​ចក្ខុវិស័យ​របស់​ទីក្រុង​ប៉េកាំង។ ហើយ​ជោគជ័យ​នេះ​ គឺជា​និមិត្តរូប​ដ៏​មហិមា​មួយ។

លោក​ Cramer-Flood បាន​និយាយ​ថា៖ «តើ​នេះ​គឺជា​សញ្ញា​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ដ៏​ឆ្លាតវៃ​ ឬ​ក៏​វា​សំខាន់​ដូចការចរចា​ពាណិជ្ជ​កម្ម​សេរី​ដែល​គោល​នយោបាយ​ថ្មីៗ​នឹង​ត្រូវ​យក​មក​បញ្ចូល​រួមគ្នា​ឲ្យ​ស្របតាម​ឯកសារ​ដែល​ចុះហត្ថលេខា​នេះ​ដែរ​ឬ​ទេ?។ ចម្លើយ​ គឺ​វា​មិន​អញ្ចឹង​នោះ​ទេ​ វា​ច្បាស់​ណាស់​មិន​អញ្ចឹង​ទេ​ ឯកសារ​ដែល​ត្រូវ​បាន​គេ​ចុះហត្ថលេខា​នេះ​ គឺ​ជា​សេចក្តី​ថ្លែងការណ៍​សម្ដែង​ពី​បំណង​វិញ​ទេ»។

លោក​ បាន​បន្ថែម​ថា​ បំណង​របស់​វា​នោះ​ គឺ​កើត​ចេញ​ពី​ឃ្លា​នៃ​ពាក្យ​ដូចជា​ ការ​លើក​ទឹកចិត្ត​ ការ​បង្កើន​ និង​ការ​លើក​កម្ពស់​ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​រហូត​ដល់១៦​លើក​ក្នុង​អត្ថបទ។ ឯកសារ​សេចក្ដី​ថ្លែងការណ៍​នេះ​ ពោរពេញ​ដោយខ្លឹមសារ​ផ្អែក​លើ​ឯកសារ​ទាក់ទង​របស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​រៀបរាប់​តាំង​ពី​ភាព​ក្រីក្រ​ រហូត​ដល់​និរន្តរភាព​ និង​បាន​រំលេច​នូវ​ការ​ប្រើប្រាស់​ពាក្យពេចន៍​យ៉ាង​ច្បាស់ៗ​ថា​ «ភាព​តាន​តឹង​ និង​សង្កត់ធ្ងន់​លើ​ស្ថាន​ភាព​ដែល​អាច​ធ្វើឲ្យ​មានការ​ចូលរួម​គ្រប់​ជ្រុង​ជ្រោយ​ និង​ច្រើន​លើស​លុប​» ដើម្បី​កៀង​គរ​បុគ្គល​គ្រប់​រូប​ចូលរួម​កិច្ចការ​នេះ។

ឯកសារ​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នោះ​ មើល​ទៅ​ដូចជា​ត្រូវ​បាន​រៀប​ចំ​តាក់​តែង​ទុកជា​មុន​ស្រេច​ ហើយ​អ្នកចូលរួម​មានឱកាស​តិចតួច​ណាស់​ក្នុង​ការ​រួមចំណែក​ក្នុង​ការ​កំណត់​ពាក្យ​ប្រើប្រាស់​នោះ។

លោក​ Jan Gaspers អ្នក​វិភាគ​មួយ​រូប​ក្នុង​ប្រទេស​ចិន​នៃ​វិទ្យាស្ថាន​ Mercator សម្រាប់​ការសិក្សា​ប្រទេស​ចិន​ ឬ​អាច​ហៅ​កាត់​ថា​ MERICS បាន​និយាយ​ថា​៖ «នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​ម្យ៉ាង​គឺ​កិច្ច​ផ្ដួច​ផ្ដើម​បង្កើត​ស្ថាប័នភាវូបនីយកម្ម​ ដែល​ខ្ញុំ​គិត​ថា​ជា​មាន​សារៈ​សំខាន់​ណាស់​ ជាពិសេស​សម្រាប់​ប្រទេស​លោក​ខាងលិច​ និង​ម្យ៉ាងទៀត​ វា​ក៏​ជា​ឱកាស​ដើម្បី​ឲ្យ​មាន​ការ​ឯកភាព​យល់ព្រម​ពី​ភាគី​ពាក់ព័ន្ធ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត»។

សេចក្ដី​ថ្លែង​ការណ៍​ផ្លូវការ​នេះ​ គឺជា​ឱកាស​សម្រាប់​ប្រទេស​ក្នុង​គម្រោង​ខ្សែ​ក្រវាត់​ និង​វិថី​ រៀបចំ​ផ្ដួច​ផ្ដើម​សាជាថ្មី​នូវ​អ្វី​ដែល​មិន​ទាន់​បាន​ធ្វើ​ទៅ​តាម​ពាក្យ​ពេចន៍​ដែល​បាន​កំណត់​។

ប្រទេស​ចិន​ ក៏បាន​ខកខាន​ក្នុង​ការ​ទាញ​យក​ឱកាស​ផង​ដែរ ស្រប​ពេល​ដែល​ប្រទេស​នេះ​បរាជ័យ​ក្នុង​ការ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​អភិវឌ្ឍន៍​នានា​ក្នុង​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ដ៏​សំខាន់​មួយ​នេះ​ដើម្បី​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម​ផ្សេងៗ។ លោក​ Gaspers បាន​និយាយ​ថា​ ប្រទេស​ដែល​បដិសេធ​ចុះហត្ថលេខា​លើ​ឯកសារ​នេះ​ យល់ឃើញ​ថា​ការណ៍​នេះ​ ជា​ការ​ដើរ​ថយក្រោយ​មួយ​ជំហាន។

លោក​ Gaspers បាន​និយាយ​ថា៖​ «តាំង​ពីដើម​មក​ម្ល៉េះ​ ឯក​សារ​សេចក្ដី​ថ្លែងការណ៍​នេះ មិន​មាន​ឋានៈ​ស្មើ​នឹង​អ្វី​ដែល​ត្រូវ​បាន​យល់ព្រម​ឯកភាព​គ្នា​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​ប្រជុំ​កំពូលG២០​ កាល​ពី​ឆ្នាំ​មុន​ដែល​និយាយ​អំពីបញ្ហា​ពាណិជ្ជកម្ម​ ដែល​ទាម​ទារ​ឲ្យ​មានតម្លាភាព​ ការ​ពឹង ​និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​។ល។»

ក្រុម​អ្នក​វិភាគ​ បាន​និយាយ​ថា​ ប្រទេស​ដែល​បាន​ចូលរួម​ យល់​ឃើញ​ដូចគ្នា​លើ​បញ្ហា​នានា​តួយ៉ាង​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ឯកសារ​ស្តី​ពី​ពាណិជ្ជកម្ម​សេរី​គឺ​ជា​រឿង​មួយ​ដែល​ប្រឈម​នៅដើម​ដំបូង​បំផុត។

លោក​ Ethan Cramer-Flood នៃ​ក្រុមប្រឹក្សា​សន្និសីទ​ បាន​និយាយ​ថា​៖ «គោលការណ៍​ និង​គុណ​តម្លៃ​របស់​ប្រទេស​លោក​ខាង​លិច​ ដែល​ប្រទេស​ក្នុង​សហភាព​អ៊ឺរ៉ុប​មួយ​ចំនួន​ចង់​បញ្ចូល​ក្នុង​ឯកសារ​សេចក្ដី​ថ្លែងការណ៍​នោះ​ត្រូវ​បាន​ជំទាស់​ដោយ​ភាគី​ចិន។ ការ​ជំទាស់​នេះ​ មិនមែន​ត្រឹមតែ​ពី​ភាគី​ចិន​ទេ​ ខ្ញុំ​ក៏បាន​ឮ​ថា​មាន​មក​ពី​ប្រទេស​រុស្ស៊ី​ និង​ទួរគី​ដែរ។ ប្រទេស​ទាំងនេះ​ គឺ​មិនព្រម​លើ​ការ​ប្រើប្រាស់​ពាក្យពេចន៍”។

ក្រៅពី​ការប្រើប្រាស់​ពាក្យពេចន៍​ និង​គោលការណ៍​ រឿង​មួយ​ទៀត​គឺ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​ភាគហ៊ុន​នៃ​ពាណិជ្ជកម្ម​នោះ។

លោក​ Christopher Balding សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​ HSBC នៃ សាកល​វិទ្យាល័យ​ប៉េកាំង​ បាន​និយាយ​ថា​ ទីក្រុង​ប៉េកាំង​បាន​ធ្វើឲ្យ​ប្រាកដ​ច្បាស់​ថា​គម្រោង​ខ្សែ​ក្រវាត់ និង​វិថី​ នឹង​ក្លាយ​ជា​គម្រោង​ដែល​ចិន​ផ្ដោត​លើ​ ដែល​នឹង​អំណោយផល​ដល់​ក្រុមហ៊ុន​ចិន​ជា​លក្ខណៈ​ចំហ។

លោក​ Balding បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​គិត​ថា​ មាន​ប្រទេស​ណាមួយ​ (ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍)​ មានការ​រំពឹង​ច្បាស់​ថា​ពាណិជ្ជកម្ម​របស់​ពួក​គេ​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ពាណិជ្ជកម្ម​ខ្សែ​ក្រវ៉ាត់​មួយ​ វិថី​មួយ​ ក្នុង​ស្ថានភាព​ប្រាកដ​ប្រជា​នោះ​ទេ»។

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ប្រទេស​អភិវឌ្ឍន៍​ដឹង​ច្បាស់​ណាស់​ថា​គំនិត​ផ្តួច​ផ្តើម​នេះ​ មិន​ត្រឹម​តែ​ជា​ផ្នែក​ការ​ទូត​សាធារណ​មួយ​នោះ​ទេ​ វា​ក៏​ជា​ផ្នែក​នយោបាយ​ក្នុងស្រុក​សម្រាប់​ប្រទេស​ចិន​ផង​ដែរ។

នៅ​ចុង​ឆ្នាំនេះ​ ប្រទេស​ចិន​បាន​រៀបចំ​ការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំប្រាំ​ឆ្នាំ​ម្តង​ និង​ក៏បាន​លើក​មុខមាត់​ប្រទេស​ក្នុង​ឆាក​អន្តរជាតិ​ ដែល​ជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​ប្រធានាធិបតី​ Xi Jinping ស្រប​ពេល​ដែល​លោក​កំពុងតែ​ធ្វើការ​ពង្រឹង​អំណាច​នៅ​ក្នុង​បក្ស​ខ្លួន។

លោក​ Balding បាន​និយាយ​ថា៖​ «វា​ក៏​ជា​រឿង​ដ៏​មានប្រយោជន៍​ក្នុង​រដូវ​កាល​បោះឆ្នោត​ឆ្នាំនេះ​នៅ​ប្រទេស​ចិន​ដែរ។ វា​គឺ​ជា​រឿង​ដែល​មនុស្ស​ជាច្រើន​មើល​រំលង​ ថា​សារៈ​សំខាន់​នៃគម្រោង​នេះ​ នឹង​ជួយ​គាំទ្រ​ លោក​ Xi Jinping និង​មុខមាត់​គណបក្ស​(កុម្មុយនីស្ត)បាន​ដល់កម្រិត​ណា»។

លោក​ Gaspers បាន​និយាយ​ថា​ កិច្ច​ប្រជុំ​នេះ​ក៏​មាន​សារៈសំខាន់​ដែរ​ ពីព្រោះ​វា​បង្ហាញ​ពី​ការ​ផ្សារ​ភ្ជាប់​ផ្នែក​នយោបាយ​នៃ​កម្លាំង​របប​ផ្ដាច់​ការ​ដែល​កំពុង​ងើបឡើង​ តាម​រយៈ​ការ​កត់​សម្គាល់​ថា​វា​មិន​មែន​ជា​ការ​ចៃដន្យ​ទេ​ដែល​លោក​ប្រធានាធិបតី​ Xi Jinping និង​លោក​ប្រធានាធិបតី​ រុស្ស៊ី​ និង​ទួរគី​ ​បាន​ឈរ​ប្រកៀក​គ្នា​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​នានា។

លោក Gaspers បាន​និយាយ​ថា៖ «វា​បង្ហាញ​ពី​ការ​ប្រែប្រួល​ក្នុង​បរិបទ​នៃ​សម្ព័ន្ធ​មិត្ត​កម្រិត​សាកល​ និង​ទ្វេភាគី​ និង​ប្រាកដ​ណាស់​ពហុភាគី​។ ទាំងអស់​នេះ​ បាន​ស​បញ្ជាក់​យ៉ាង​ច្បាស់​តាមរយៈ​កិច្ច​ប្រជុំ​កំពូល​ និង​រូបភាពដ៏​ច្បាស់​ទាំង​នេះ ​ដែល​មាន​លក្ខណៈ​គួរឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង»៕

ប្រែ​សម្រួល​ដោយ​ កោះ ​សុគន្ធី

XS
SM
MD
LG