ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​មិន​បញ្ជាក់​ថា​នឹង​​មាន​ការ​​ស៊ើប​អង្កេត​លោក​ហ៊ុន សែន​រឿង​លុយ​១​លាន​ដុល្លារ​ឬ​យ៉ាង​ណា

  • ហេង រស្មី

រូបឯកសារ៖ លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅក្នុង ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ឯ​រោង​​មហោស្រព​កោះពេជ្រ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​​។ (ហ៊ាន សុជាតា​/ VOA Khmer)

បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ដែល​ល្បី​សុះសាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កញ្ញា​ ធី សុវណ្ណថា​ ជា​ថ្នូរ​នឹង​សកម្មភាព​របស់​ខ្លួន​មក​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​រួច​មក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ទាន់​មាន​គោលការណ៍​បើក​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។​

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​ ឱម យ៉ិនទៀង​ ថា​មិន​ទាន់​មាន​គោលការណ៍​ស៊ើប​អង្កេត​ចំពោះ​ការ​ចោទ​ប្រកាន់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទាក់ទិន​នឹង​ទឹក​ប្រាក់​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ដែល​ល្បី​សុះសាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កញ្ញា​ ធី សុវណ្ណថា​ ជា​ថ្នូរ​នឹង​សកម្មភាព​របស់​ខ្លួន​មក​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​រួច​មក អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ទាន់​មាន​គោលការណ៍​បើក​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។​

លោក​ ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា៖

​«ខ្ញុំ​ថា​ ម្ចាស់​សំណួរ​គួរ​តែ​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ​តើ​ដែល​គួរ​ឲ្យ​លោក​ដេក​យល់​សប្តិ​មក​សួរ​ខ្ញុំ​ពី​រឿង​ហ្នឹង?»។​

សូម​ស្តាប់​បទសម្ភាសន៍​ទាំង​ស្រុង​ខាងក្រោម​នេះ៖

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កន្លង​មក​ធ្លាប់​បាន​បើ​ការ​ស៊ើប​អង្កេត​ទឹក​ប្រាក់​ចំនួន​៥០០​ដុល្លារ​អាមេរិក​នៅ​ក្នុង​រឿង​ក្តីប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​រហូត​ចាប់​ជន​សង្ស័យ​ដាក់​ក្នុង​ពន្ធនាគារ។ ក៏​ប៉ុន្តែ​ក្រោយ​មក​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​សុំ​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ។​

នៅ​ក្នុង​សំណុំរឿង​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​ផ្តល់​សំណូក​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កញ្ញា​ ធី សុវណ្ណថា ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក​ ឱម យ៉ិនទៀង​ មិន​ត្រឹម​តែ​មិន​បញ្ជាក់​ថា​នឹង​មាន​ការបើក​ធ្វើ​ការ​ស៊ើប​អង្កេតឬ​យ៉ាង​ណា​នោះប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ថែម​ទាំង​វាយ​បក​មក​វិញ​ថា ​មាន​មាត្រា​ប៉ុន្មាន​ដែល​នាំ​ឲ្យ​អ្នក​កាសែត​សួរ​សំណួរគាត់​អំពី​រឿង​នេះ។​

លោក ​ឱម យ៉ិនទៀង​ បញ្ជាក់​ថា៖ «ខ្ញុំ​មាន​សិទ្ធិ​ឆ្លើយ ​ហើយ​ខ្ញុំ​ក៏​មាន​សិទ្ធិ​មិន​ឆ្លើយ​ដែរ។ ​អូន​មិន​អាច​ចាប់​ជំរិត​ខ្ញុំ​មើល​តែ​ខ្ញុំ​ជា​ចំណាប់​ខ្មាំង​របស់​អូន​ទេ»។

​VOA សួរ​បន្ត​ថា៖ ​«អញ្ចឹង​បាន​ន័យ​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គ្មាន​វិធានការ​ណា​មួយ​ក្នុង​ការ​ស៊ើប​អង្កេត​រឿង​ហ្នឹង​ឬ​យ៉ាង​ណា?»។

​លោក​ ឱម យ៉ិនទៀង ​ឆ្លើយ​ថា៖ «អូន​ចង់​ប្លន់​ចម្លើយ​ពី​ខ្ញុំ​ ឬ​អូន​សួរ​សំណួរ​មក​ខ្ញុំ?»។​

លោក​ សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បរិហារ​រិះ​គន់​ជា​សារធារណៈ​ពី​ក្រៅ​ប្រទេស​មក​ថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កញ្ញា​ ធី សុវណ្ណថា​ ជា​ថ្នូរ​នឹង​បេសកកម្ម​របស់​ខ្លួន​មក​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ។​

ការ​ប្រកាស​របស់​លោក​ សម រង្ស៊ី​ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ លោក គី តិច​ មេធាវី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ពុធ​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។​

នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ ​លោក​ គី តិច​ បាន​បណ្តឹង​លោក​ សម រង្ស៊ី​ ពី​បទ​ «បរិហាកេរ្តិ៍​ជា​សារធារណៈ»​ និង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍​ប្រាប់ ​VOA​ ពី​ប្រទេស​បារាំង​ថា​ លោក​មិន​អើ​ពើ​នឹង​ពាក្យ​បណ្តឹង​របស់​លោក​ ហ៊ុន សែន ​ទេ ​ដោយ​លោក​ចាត់ទុក​ថា «ជា​ពាក្យ​បណ្តឹង​ខ្យល់» ​ហើយ​រលាយ​បាត់​ទៅ​វិញ​នៅ​ពេល​មាន​ដំណោះស្រាយ​នយោបាយ។​

លោក​ សំ សុគង់​ ធ្លាប់​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ សម រង្ស៊ី​ កន្លង​មក ​បាន​និយាយ​ថា ​លោក​មិន​ទាន់​ទទួល​បាន​លិខិត​ពឹង​ពាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ​ទាក់​ទិន​នឹង​សំណុំរឿង​ចុង​ក្រោយ​នេះ។​

លោក​ សំ សុគង់​ បញ្ជាក់​ប្រាប់ VOA ថា៖ «អត់​ទាន់​មាន​ការ​ពឹង​ពាក់​ជា​ផ្លូវការ​ទេ។ ចាំ​មើល​ក្នុង​អាទិត្យ​ក្រោយ»។​

លោក​ អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់និង​ជា​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា ​គណបក្ស​មិន​ចាប់​អារម្មណ៍​រឿង​បណ្តឹង​នោះ​ទេ។​

លោក ​ គឹម សុក​ អ្នក​វិភាគ​នយោបាយនិង​ការ​អភិវឌ្ឍន៍​សង្គម​បាន​ថ្លែង​ប្រាប់ VOA ​ថា ​ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​និង​តុលាការ​ គឺ​ជា​ស្ថាប័ន​ដែល​បង្កើត​ឡើង​ដើម្បី​ធ្វើ​បាប​អ្នក​ទាំង​ឡាយ​ណា​ដែល​ជា​គូ​ប្រជែង​អំណាច​របស់​អ្នក​ដឹក​នាំ​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍​ថា​ ការ​ដែល​មិន​បើក​ការ​ស៊ើប​របស់​អង្គភាព​ប្រឆាំង​និង​អំពើ​ពុក​រលួយ​ដែល​សង្ស័យ​ថា​ លោក ​ហ៊ុន សែន ​សូក​ប៉ាន់​កញ្ញា ធី សុវណ្ណថា​ ដោយ​សារ​អង្គភាព​នេះ​បម្រី​នយោបាយ​សុទ្ធ​សាធ។​

លោក​ គឹម សុក​ បាន​បញ្ជាក់​ថា៖

«វិធានការណ៍​ទាំង​ឡាយ​ណា​ដែល​ប៉ះ​ពាល់​ដល់​រដ្ឋាភិបាល​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ វា​ច្បាស់​ណាស់។ ​គេ​នឹង​ឆ្លើយ​យ៉ាង​ស្រួល​ថា ​គេ​នឹង​គ្មាន​សម្ថកិច្ច​ក្នុង​ការ​ចាត់​វិធាន​ការណ៍​ទេ។​ ប៉ុន្តែ​រឿង​ទាំង​ឡាយ​ណា​ដែល​ជា​ផល​ចំណេញ​ឬ​ក៏​ជា​សម្ពាធ​នយោបាយ​ដាក់​ទៅ​បក្ស​ដទៃ​ ឬ​ក៏​អ្នក​ដទៃ​ដែល​ធ្វើ​សកម្មភាព​បង្ហាញ​ការ​ពិត​អំពី​អសម្ថភាព​របស់​រដ្ឋាភិបាល​ គឺ​គេ​ធ្វើ​ភ្លាម»។​

លោក ​គឹម សុក ​ក៏​បាន​រិះគន់​ថា​ ពាក្យ​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​គឺ​ជា​ទម្លាប់​នៃ​របៀប​អប្សុក​របស់​មេដឹកនាំ​ឬ​ក៏​ក្រុម​មេដឹក​នាំ​រក​មិន​ឃើញ​គន្លឹះ​អ្វី​ផ្សេង​ដើម្បី​ជាន់​កម្ទេចគូ​ប្រជែង​របស់​ខ្លួន​តាម​រយៈ​ការ​ប្តឹង​ផ្តល់៕

XS
SM
MD
LG