ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិប​តេយ្យ​​ដេញ​ដោល​គ្នា​រឿង​នយោបាយ និង​វាយ​ប្រហារ​ធ្ងន់ៗ​លើ​លោក​ ត្រាំ


បេក្ខជន​ប្រធានាធិបតី​ ពីគណបក្ស​ប្រជាធិបតេយ្យ​ ថត​រូប​នៅ​មុន​ការ​ចាប់​ផ្ដើម​កិច្ច​ជជែក​ដេញ​ដោល​គ្នា​នៅ​ទីក្រុង Houston រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា ២០១៩។

បេក្ខជន​ប្រធានាធិបតី​ខាង​នាំ​មុខ​គេ​ទាំង​១០​រូប​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឡើង​ជជែក​ដេញ​ដោល​គ្នា​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​ដេញ​ដោល​គ្នា​សួរ​សំណួរ​អំពី​បញ្ហា​នយោបាយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​ជាច្រើន។

បេក្ខជន​ទាំង​១០​រូប​នោះ​ក៏​បាន​វាយ​ប្រហារ​ទៅ​លើ​គូ​ប្រជែង​របស់​ខ្លួន​ ធ្វើ​យ៉ាង​ណា​ដណ្តើម​ការ​គ្រប់​គ្រង​សេតវិមាន​ពី​គូ​ប្រជែង​គឺ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

សមាជិកា​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​កាលីហ្វញ៉ា​ លោក​ស្រី ​Kamala Harris​ ដែល​ជា​អតីត​អាជ្ញា​ម្នាក់​ បាន​ចោទ​ប្រកាន់​លោក ត្រាំ​ ថា​ បាន​ញ៉ុះ​ញង់​ឲ្យ​មាន​ការ ​«ស្អប់ខ្ពើម បំភិត​បំភ័យ»​ និង​បាន​និយាយ​កុហក​ចំនួន​១២,០០០​ដង​ នៅ​អំឡុង​ពេល​កាន់​តំណែង​ជា​ប្រធានាធិបតី​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​នេះ។

លោកស្រី​បាន​និយាយ​ថា​ ហេតុផល​តែ​មួយ​គត់​ដែល​លោក ត្រាំ មិន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ជាប់​ពាក់​ព័ន្ធ​រវាង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​កាល​ពី​ឆ្នាំ​២០១៦ និង​ប្រទេស​រុស្ស៊ី ​គឺ​ដោយសារ​តែ​គោល​នយោបាយ​របស់​ក្រសួង​យុត្តិធម៌​ ដែល​បាន​ចែង​ថា​ ច្បាប់​មិន​អាច​ចោទ​ប្រកាន់ ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​ពី​បទ​ព្រហ្មទណ្ឌ​បាន​ទេ។

អតីត​សភា​តំណាងរាស្រ្ត​ប្រចាំរដ្ឋ ​Texas ​លោក ​Beto O'Rourke​ បាន​និយាយ​ថា​ ខ្មាន់​កាំភ្លើង​នៅ​ក្នុង​ទីក្រុង ​El Paso​ រដ្ឋ​ Texas​ ស្អប់​ជនជាតិ​ម៉ិកស៊ិក​ និង​បាន​បាញ់​សម្លាប់​មនុស្ស​២២​នាក់​កាល​ពី​ដើម​ខែ​សីហា «ត្រូវ​បាន​ជំរុញ​ទឹក​ចិត្ត​ដោយ​ប្រធានាធិបតី​ឲ្យ​សម្លាប់​មនុស្ស»។ នេះ​ក៏​ដោយសារ​តែ​យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី​ប្រឆាំង​នឹង​ជន​ចំណាក​ស្រុក​ដែល​ព្យាយាម​ចូល​មក​សហរដ្ឋ​អាមេរិក​តាម​ព្រំដែន​ភាគ​ខាង​ត្បូង​ជាមួយ​នឹង​ម៉ិកស៊ិក។

សមាជិកា​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Minnesota ​លោកស្រី​ Amy Klobuchar​ បាន​និយាយ​ថា លោក ត្រាំ​ និយាយ​កុហក​ច្រើន​ជាង​ដឹកនាំ​ប្រទេស។

បេក្ខជន​ឈាន​មុខ​ទាំង​បី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការស្ទង់​មតិ​មាន​ដូច​ជា អតីត​អនុ​ប្រធានាធិបតី​លោក​ Joe Biden​ សមាជិកា​ព្រឹទ្ធសភា​លោក​ស្រី Elizabeth Warren ​និង​លោក​ Bernie Sanders ​សមាជិក​ព្រឹទ្ធសភា។ បេក្ខជន​ទាំង​បីនាក់​នេះ​ក៏​បាន​រិះគន់​ខ្លាំងៗ​លើ​លោក ត្រាំ​ ផង​ដែរ៕

អត្ថបទ​ទាក់ទង

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG