ការស្ទង់មតិបង្ហាញថា លោក Joe Biden អតីតអនុប្រធានាធិបតីបន្តនាំមុខគូប្រកួតប្រជែងតំណែងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យសម្រាប់ឆ្នាំ២០២០។ ក៏ប៉ុន្តែការព្រួយកង្វល់អំពីអាយុរបស់លោក Biden និងទម្លាប់របស់លោកអំពីការនិយាយផ្តេសផ្តាស បានធ្វើឲ្យអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យខ្លះចោទសួរថាតើលោកនឹងក្លាយជាបេក្ខជនដ៏ល្អបំផុតដើម្បីតទល់ប្រធានាធិបតីត្រាំនៅការបោះឆ្នោតឆ្នាំក្រោយដែរឬយ៉ាងណា។
នៅរដ្ឋ Iowa លោក Joe Biden ហាក់ដូចជាធ្វើឲ្យបេក្ខភាពភាពរបស់លោកកាន់តែខ្លាំងឡើងក្នុងនាមជាបេក្ខជននាំមុខខាងគណបក្សប្រជាធិបតេយ្យដោយរិះគន់លើប្រធានាធិបតីដូណាល់ ត្រាំ។
លោក Joe Biden បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងថា៖ «បើយើងឲ្យប្រធានាធិបតីត្រាំកាន់តំណែង ៨ឆ្នាំ ខ្ញុំជឿអស់ពីចិត្តថ្លើមថា លោកត្រាំនឹងផ្លាស់ប្តូរជារៀងរហូតលើលក្ខណៈថាតើយើងជានរណានោះ។ ដោយហេតុនេះហើយ យើងត្រូវតែផ្តួលលោក ដូណាល់ ត្រាំ នៅឆ្នាំ២០២០»។
ឥឡូវនេះ លោក Biden នៅតែស្ថិតលើគេនៅក្នុងការស្ទង់មតិថ្នាក់ជាតិនិងថ្នាក់រដ្ឋសំ ខាន់ៗ។ ក៏ប៉ុន្តែលោកក៏ប្រឈមការប្រណាំងប្រជែងយ៉ាងខ្លាំងពីគូប្រកួតប្រជែងជាច្រើននាក់ រួមមានលោកស្រី Elizabeth Warren សមាជិកាព្រឹទ្ធសភារដ្ឋ Massachusetts ផងដែរ។
លោកស្រី Elizabeth Warren បានថ្លែងថា៖ «ឆ្នាំ២០២០ជាឱកាសរបស់យើង។ យើង អាចធ្វើឲ្យរដ្ឋាភិបាលនេះធ្វើការដើម្បីពលរដ្ឋអាមេរិកាំងទាំងអស់។ ចូរធ្វើកិច្ចការនេះរួមគ្នា។ ជយោ! គណបក្សប្រជាធិបតេយ្យ! យើងត្រូវមានក្តីសុបិន្តធំ! ប្រយុទ្ធឲ្យខ្លាំងដើម្បីទទួលបានជ័យជម្នះ»។
ថ្វីបើលោក Biden មានអាយុ ៧៦ឆ្នាំ លោកនៅតែជាអ្នកធ្វើយុទ្ធនាការប្រកបដោយភាពស្វាហាប់។
ក៏ប៉ុន្តែលោកក៏បានធ្វើឲ្យមានការពិនិត្យពិច្ច័យជាបន្តបន្ទាប់អំពីការនិយាយផ្តេសផ្តាសកាលពីពេលថ្មីៗនេះ រួមទាំងការអត្ថាធិប្បាយស្តីពីការជួយជនក្រីក្រផង។
លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានថ្លែងថា៖ «កូនក្មេងក្រីក្រ មានបញ្ញាឈ្លាសវៃនិងទេពកោសល្យដូចជា កូនក្មេងស្បែកស កូនក្មេងអ្នកមាន កូនក្មេងស្បែកខ្មៅ និងកូនក្មេងអាស៊ីដែរ»។
លោក Biden ក៏បានក្លាយជាគោលដៅនៃការវាយប្រហារជាប្រចាំរបស់គូប្រជែងរបស់លោកគឺ ប្រធានាធិបតីដូណាល់ ត្រាំ។ ប្រធានាធិបតីត្រាំថ្លែងថា៖ «លោក Joe មិនមែនជាមនុស្សឆ្លាតឈ្លាសវៃទេ។ លោកមិនមែនជាមនុស្សម្នាក់ដែលអ្នក អាចមាន ដើម្បីធ្វើជាប្រធានាធិបតីរបស់អ្នកនោះទេ។ក៏ប៉ុន្តែ ប្រសិនបើ លោក បានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតី ខ្ញុំមានការរំភើបបំផុត»។
លោកស្រី Vanessa Beasley ជាអ្នកវិភាគបាននិយាយថា លោក Biden ក៏បានទទួលរងការរិះគន់ខ្លះនៅក្នុងការជជែកដេញដោល ២លើកដំបូង ក៏ប៉ុន្តែក៏បានបង្ហាញពីការងើបឡើងវិញដែរ។
លោកស្រី Vanessa Beasley នៃសាកលវិទ្យាល័យ Vanderbilt បាននិយាយថា៖ «មានភស្តតាងល្អខ្លះដែលមនុស្សនៅក្នុងគណបក្សប្រជាធិបតេយ្យ គិតថា លោក Biden ជាមនុស្សម្នាក់ដែលមានឱកាសដ៏ល្អបំផុតដើម្បីផ្តួលប្រធានាធិបតីត្រាំ។ ខ្ញុំគិតថា មានការអត់ឱនយ៉ាងច្រើននៅក្នុងមនុស្សទាំងនោះនៅពេលឥឡូវនេះ ពីព្រោះតែ ពួកគេចង់ឲ្យលោករក្សាឈ្មោះដែលគេទទួលស្គាល់ភាគច្រើន ហើយដែលលោកមានឱកាសខ្លាំងបំផុតក្នុងការផ្តួលប្រធានាធិបតីត្រាំ»។
លោក Kyle Kondik និយាយថា ការបោះឆ្នោតលើកដំបូងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យចាប់ផ្តើមនៅខែកុម្ភៈ ហើយការណ៍នេះធ្វើឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់គូប្រកួតដើម្បីដណ្តើមជ័យជម្នះលើលោក Biden។
លោក Kyle Kondik នៃសាកលវិទ្យាល័យ Virginia និយាយថា៖ «ខ្ញុំគិតថា បើ លោកBiden នៅតែនាំមុខនៅពេលដែលយើងចូលទៅដល់ខែកញ្ញានិងខែតុលាបន្ទាប់ពីការជជែកដេញដោលបីបួនលើកទៀត ការណ៍នេះនឹងបង្ហាញថា លោកនៅតែជាអ្នកនាំមុខកាន់តែខ្លាំងឡើង។ ក៏ប៉ុន្តែ វាក៏អាចមានលទ្ធភាពដែរថា លោក ស្ថិតនៅក្រោមការពិនិត្យពិច្ច័យយ៉ាងខ្លាំង ដែលអ្នកគាំទ្ររបស់លោកខ្លះអាចទៅគាំទ្របេក្ខជនខ្លះនៃបេក្ខជនទាំងអស់នោះ ហើយបន្ទាប់មកប្រហែលជាមានជាការប្រកួតប្រជែងកាន់តែខ្លាំងឡើង»។
លោក Darrel West ជាអ្នកវិភាគនិយាយថា គណបក្សប្រជាធិបតេយ្យក៏នៅតែមានការខ្វែងគំនិតគ្នាអំពីថាតើគួរផ្តោតភាគច្រើនលើការផ្តួលលោកប្រធានាធិបតីត្រាំឬជំរុញឲ្យមានការធ្វើកំណែទម្រង់យ៉ាងខ្លាំងលើគោលនយោបាយសេដ្ឋកិច្ចនិងសង្គម។ឮ
លោក Darrel West នៃវិទ្យាស្ថាន Brookings និយាយថា៖ «ដូច្នេះ ការជជែកដេញដោលនៅពេលបច្ចុប្បន្ននេះក្នុងចំណោមបេក្ខជនគណបក្សប្រជាធិបតេយ្យគឺ៖ «តើយើងចាំបាច់ធ្វើការផ្លាស់ប្តូរតិចតួចនិងធ្វើឲ្យសហរដ្ឋអាមេរិកត្រឡប់ទៅកាន់ដូចកាលពីមុនលោកត្រាំកាន់តំណែង ឬយើងចាំបាច់ធ្វើការផ្លាស់ប្តូរកាន់តែខ្លាំងឡើងថែមទៀត?»។
ឧបសគ្គនេះនឹងបង្ហាញឲ្យឃើញម្តងទៀតនៅពេលដែលបេក្ខជនគណបក្សប្រជាធិប តេយ្យជួបគ្នាដើម្បីជជែកដេញដោលលើកទី៣នៅក្នុងទីក្រុង Houston នៅខែក្រោយនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន