ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ប៉ះទង្គិច​គ្នា​រវាងអ្នក​​​ប្រកាន់​នយោបាយ​ផ្លូវ​កណ្តាល​និង​កំណែទម្រង់


បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ស្ថិត​ក្នុង​ការ​ប្រកួត​តស៊ូមតិ​ឆ្នាំ​២០២០។

​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​១០​រូប ​ក៏​បាន​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​នៅពេល​នោះ​ដែរ​ហើយ​បាន​បង្ហាញ​នូវ​ការតានតឹង​កើន​ឡើង​ខ្លះ​រវាង​បេក្ខជន​និយម​ផ្លូវ​កណ្តាល​និង​កំណែទម្រង់។

គូ​ប្រកួត​ប្រជែង​បេក្ខជនខាង​គណបក្ស​ប្រជាធិបតេយ្យ ​បាន​បើកការ​ជជែក​ដេញ​ដោល​លើកទី២​នៅ​ក្នុង​ទីក្រុង Detroit រដ្ឋ Michiganកាល​ពី​ថ្ងៃ​អង្គារ​ដោយ​មានការ​រិះគន់​គ្នា​កើត​មាន​ឡើង​ភ្លាម​ៗលើ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ដូណាល់ ​ត្រាំ។ ក៏​ប៉ុន្តែគណបក្ស​ប្រជាធិបតេយ្យ​ទាំង​១០​រូប ​ក៏​បាន​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​នៅពេល​នោះ​ដែរ​ហើយ​បាន​បង្ហាញ​នូវ​ការតានតឹង​កើន​ឡើង​ខ្លះ​រវាង​បេក្ខជន​និយម​ផ្លូវ​កណ្តាល​និង​កំណែទម្រង់។

នៅ​យប់​ទី​មួយ​នៃ​ការ​ពិភាក្សា​ការតែងតាំង​បេក្ខជន​ប្រធានា​ធិបតី​ជុំ​ទី​២​របស់​គណ​បក្ស​ប្រជាធិបតេយ្យ ​គូ​ប្រកួត​ប្រជែង ​បាន​ប៉ះទង្គិច​គ្នា​អំពីការ​ថែទាំ​សុខ​ភាព ​អន្តោប្រវេសន៍​និង​ថាតើ​នរណា ​មាន​ឱកាស​ដ៏​ល្អបំផុត​ដើម្បី​ផ្តួល​ប្រធានា​ធិបតី​ត្រាំ​នៅ​ឆ្នាំ​ក្រោយ។

បេក្ខជន​និយម​ផ្លូវកណ្តាល​ខ្លះ ​បាន​ដាក់​បេក្ខជន​ធ្វើ​កំណែ​ទម្រង់ដូចជា លោក​សមា​ជិក​ព្រឹទ្ធសភា Bernie Sandersនិង​លោកស្រី Elizabeth Warrenស្ថិត​ក្នុង​ការការពារ​ខ្លួន ​ដោយ​បាន​រិះគន់​ផែនការ​របស់​អស់លោក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវការ​ថែទាំ​សុខភាពនិង​ការប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាស​ធាតុ។

លោក John Hickenlooper អតីត​អភិបាល​រដ្ឋ​កូឡូ​រ៉ាដូ ​បាន​ថ្លែង​ថា៖ «នេះ​ជា​មហន្ត​រាយ​ចំពោះ​ការ​បោះឆ្នោត។ អស់​លោក​អ្នក ​ប្រហែល​បើក​ដៃ​ឲ្យ​លោក​ដូណាល់ ​ត្រាំ ឈ្នះ​ឆ្នោត»។

លោក​សមាជិកព្រឹទ្ធ​សភា Sandersបាន​ការពារ​សំណើរ​ថែទាំ​សុខភាព​ទាំង​ស្រុង​របស់​លោក​ហើយ​បាន​មាន​ប្រសាសន៍​ថា ការ​ស្ទង់​មតិការ​បោះឆ្នោត​បង្ហាញ​ថា ​លោក​ អាច​ឈ្នះ​ប្រ​ធានា​ធិបតីត្រាំ​នៅ​ឆ្នាំ​ក្រោយ។ សមាជិក​ព្រឹទ្ធសភា Benie Sander ​បេក្ខជន​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ថ្លែងថា៖ «មូលហេតុ​ដែល​យើង ​នឹង​ផ្តួល​ប្រធានា​ធិបតី​ត្រាំ​និង​ឈ្នះ​យ៉ាង​ខ្លាំង​លើ​លោក​គឺ​ថា លោក​ប្រធានា​ធិបតី មិនមែន​ជាមនុស្ស​សុចរិតនិងក្លែង​បន្លំ ​ហើយ​យើង​នឹង​លាត​ត្រដាង​លោក​ចំពោះ​អ្វី​ដែលលោក​បាន​ធ្វើ»។

លោក Tim Ryanសមាជិក​សភា​រដ្ឋ Ohio ជា​បេក្ខជន​និយម​ផ្លូវកណ្តាល បាន​ព្រ​មាន​ថា ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ ​អាច​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ ប្រសិនបើ​ពួកគេ​ស្នើ​គោល​នយោបាយ​ដែល​ងាក​ទៅ​ខាង​ឆ្វេង​ខ្លាំង​ពេក​លើ​ការ​ថែទាំ​សុខ​ភាព ​សេដ្ឋ​កិច្ច​និង​បរិដ្ឋាន​នោះ។ លោក Tim Ryan បេក្ខជន​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យ បាន​ថ្លែងថា៖ «​ខ្ញុំ មិន​គិត​ទាល់​តែ​សោះ​ថា ​នេះ​ជា​របៀប​វារៈ​ដែល​យើង ​អាច​ធ្វើ​ឲ្យ​ទៅ​មុខ​និង​ឈ្នះ​នោះ​ទេ។ យើង​ត្រូវតែជជែក​អំពី​បញ្ហា​វណ្ណៈ​កម្ម​ករ»។

ក៏ប៉ុន្តែ លោកស្រី​សមាជិក​ព្រឹទ្ធសភា​ Elizabeth Warren បាន​ព្រមាន​ថា ​ពួក​គណ​បក្ស​ប្រជា​ធិបតេយ្យ ​ចាំបាច់ស្នើគោល​នយោបាយ​ដ៏​ល្អមួយ ប្រសិន​បើ ពួកគេ ​សង្ឃឹម​ថា ​នឹង​ផ្តួល​ប្រធានា​ធិបតី​ត្រាំ​នៅ​ឆ្នាំ​ក្រោយ​នោះ។ សមាជិក​ព្រឹទ្ធ​សភា Warren ​បាន​ថ្លែង​ថា៖ «ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ ​នឹង​ឈ្នះ ​នៅពេល​ដែល​យើង គិតគូ​ពី​អ្វី​ដែល​ត្រូវ ​ហើយយើងចេញ​ទៅ​ប្រកួត​យកឈ្នះ។​ ខ្ញុំ​មិន​ខ្លាច​ទេ។ ហើយ​ពួក​គណបក្សប្រជាធិប តេយ្យ​នឹង​ឈ្នះ។ លោកអ្នក ក៏​មិនត្រូវ​ខ្លាច​ដែរ»។

ទោះបី ពួក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ធ្វើ​ឲ្យ​មានការរកាំ​ចិត្ត​គ្នា​ជាច្រើន ​ពួក​គេ ​ជារឿយ​ៗ ​បាន​ធ្វើ​ការ​ជជែល​ដេញ​ដោល​ផ្តោត​លើ​ប្រធានា​ធិបតី​ដូណាល់ ត្រាំ។ ក្នុង​នោះ ​រួមមាន​លោក Beto O’Rourke ​អតីត​សមាជិក​សភា​រដ្ឋ​តិចសាស។ លោក​ Beto O’Rourke បាន​ថ្លែងថា៖ «ក្នុង​ការប្រឈម​ភាពគ្មាន​មេត្តា​និង​ភាព​ភ័យ​ខ្លាច​មកពី​ប្រធា នា​ធិបតី​មិនយល់ច្បាប់​ទម្លាប់នេះ ​យើង ​នឹង​ជ្រើសរើស​ប្រធានា​ធិបតី​មួយ​ដែលការពារ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​របស់​ពលរដ្ឋ​គ្រប់​រូប»។

ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ​ជាង​១០​រូប ​បាន​ជជែក​ដេញ​ដោលកាល​ពី​ថ្ងៃ​ពុធ ​រួមមាន​លោក Bidenបេក្ខជន​នាំ​មុខ​គេ​នៅ​ពេល​បច្ចុប្បន្ននេះ​និង​លោកស្រី Kamala Harris សមាជិកព្រឹទ្ធសភាសហរដ្ឋ​អាមេរិក​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា ​លោក Cory Booker សមា ជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មក​ពី​រដ្ឋ New Jerseyនិង​លោកJulia Castroអតីត​រដ្ឋមន្រ្តី​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ទីក្រុង៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG