ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គូ​ប្រកួត​ប្រជែង​ដើម្បី​បាន​ទទួល​ការតែងតាំង​ជា​បេក្ខជនប្រធានា​ធិបតី​ខាង​គណ​បក្ស​​ប្រជា​ធិបតេយ្យប្រញាប់ធ្វើ​ការ​ជជែក​ដេញ​ដោល​នៅខែ​កញ្ញា


បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យលោកស្រី Kamala Harris​ ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​មួយ​នៅ​ទីក្រុង Davenport រដ្ឋ Iowa កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៩។

ការជជែក​ដេញដោល​ឥឡូវ​នេះ ត្រូវ​​បាន​គេកំណត់​ពេល​នៅ​ថ្ងៃ​ទី​១២​និង​១៣ ​ខែ​កញ្ញា​នៅ​ក្នុង​ទីក្រុង Houston រដ្ឋ​តិចសាស។

គូ​ប្រកួត​ប្រជែង​ប្រកប​ដោយ​ក្តី​សង្ឃឹម​ដើម្បី​ទទួលបាន​ការតែង​តាំង​ជាបេក្ខ​ជន​ប្រ​ធា​នាធិបតី​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​ជាង​២០រូប ​កំ​ពុងប្រ​វេស​ប្រវាស​ដើម្បី​ទទួល​បាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខ​ជន​លើកក្រោយ​នៅ​ក្នុង​ខែកញ្ញា។

ការជជែក​ដេញដោល​ឥឡូវ​នេះ ត្រូវបាន​គេកំណត់​ពេល​នៅ​ថ្ងៃ​ទី​១២​និង​១៣ ​ខែ​កញ្ញា​នៅ​ក្នុង​ទីក្រុង Houston រដ្ឋ​តិចសាស។

លោកJulian Castro អតីត​រដ្ឋមន្រ្តី​ក្រសួង​លំនៅដ្ឋាន​និង​អភិវឌ្ឍន៍​ទីក្រុង​របស់​អតីត​រដ្ឋបាល​ប្រធានា​ធិបតី​អូបាម៉ា ​មាន​ព័ត៌មាន​ល្អខ្លះ​នៅ​ចុងខែសីហា ​នៅពេលលោក​ បាន​ក្លាយ​ជា​បេក្ខជន​ទី​១០​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ខាង​គណបក្ស​ប្រ​ជា​ធិបតេយ្យ​សម្រាប់​ការ​ជជែក​ដេញ​ដោល​នោះ ​ដែល​ជា​ព្រិត្តិការ​ណ៍​លើក​ទី៣។

ពួក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត ​ទំនង​នឹងមាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ជជែក​ដេញ​ដោល​លើក​ក្រោយ​ ប៉ុន្តែ ​ពួកគេ ​ជួបឧសគ្គ​ក្នុង​ការ​ទទួល​បាន​ការគាំទ្រ​បន្ត​ទៀតនិង​នៅ​ពេលការ​បោះឆ្នោត​បឋម​ដែលមានការ​ប្រកួត​ប្រជែង​ខ្លាំង។

ចំពោះ​លោក Castroយុទ្ធនាការ​ច្របូក​ច្របល់ អាច​បន្ត​ទៅ​ទៀត ​នៅពេលលោក​ទទួល​បាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់។

លោកCastroបាន​ប្រាប់​ពួក​អ្នកគាំទ្រ​កាល​ពីសប្តាហ៍​មុន​នៅរដ្ឋ New Hampshireថា «ខ្ញុំ​ជឿ​ជាក់​ថា​ យើង ​អាច​មានការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង​ៗ។យើង ​នៅមាន​ពេល​៥ខែ​ទៀតរហូតទាល់​តែ​ការ​ប្រជុំ Caucusនៅ​រដ្ឋ Iowa ហើយ​និង​ការបោះឆ្នោត​បឋម​នៅ​រដ្ឋ New Hampshire មក​ដល់។ហើយ នៅពេល​នោះ ​ប្រសិន​បើ យើង​ ខិត​ខំ ​ខ្ញុំ ​អាច​ក្លាយ​ជា​អ្នកនាំ​មុខ​គេ»។លោក ​និយាយ​សំដៅ​ដល់​ការជជែក​ដេញដោល​នៅ​រដ្ឋ២​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការជ្រើសរើស​គណៈប្រតិភូ​របស់​គណបក្ស​មុនពេល​សមាជជាតិ​របស់​គណបក្ស​នៅ​ក្នុង​ទីក្រុង Milwaukeeនៅ​ខែ​កក្កដា ឆ្នាំ​ក្រោយ​មក​ដល់។

វា​ជា​រឿង​មួយ​ខុសគ្នា​សម្រាប់​លោក Bill de Blasio អភិបាល​ក្រុង​យូញ៉ក។

លោកDe Blasioស្ថិត​នៅ​ក្នុង​ចំណោមបេក្ខជន​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​ដែល​ប្រវេស​ប្រវាស​ដើម្បី​ធ្វើ​ទៅ​តាម​ការ​ស្ទង់​មតិដែលកាន់​តែ​លំបាក​ឡើង​ហើយ​នឹង​លក្ខខណ្ឌនៃការរៃ​អង្គាស​ប្រាក់​ដើម្បី​ឲ្យ​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ជជែក​ដេញដោល​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក de Blasio បានប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋ New Hampshireថា «នេះ​ ​ជា​គោល​ដៅ​ដ៏​លំបាក​មួយ​សម្រាប់​យើង។យើង​បាន​ខិត​ខំ​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ហើយ​អ្វី​ដែល​ខ្ញុំ​ កំពុង​ពិនិត្យ​មើល​នោះ​ថាតើ​យើង​អាច​ទៅ​ដល់​ការជជែក​ដេញ​ដោល​មួយនៅ​ខែ​កញ្ញា​ ​និង​មួយ​ទៀត​នៅ​ខែ​តុលា​ដែរ​ឬទេ»។

ពួក​បេក្ខជន ​ត្រូវ​តែចុះ​ឈ្មោះ​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​តិច​ណាស់​ក៏​២ភាគ​រយ​ដែរនៅ​ក្នុងការ​ស្ទង់​មតិចំនួន៤​ហើយ​នឹង​ការ​ចុះ​ឈ្មោះ​អ្នករួម​វិភាគ​ទាន​ការ​បោះ​ឆ្នោត​១សែន ៣ម៉ឺន​នាក់​ដើម្បី​ឲ្យ​បាន​ទទួល​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការជជែក​ដេញ​ដោល​នៅ​ក្នុង​ទីក្រុងHouston នៅ​ខែ​កញ្ញា។

លោក John Delaneyអតីត​សមាជិក​សភា​រដ្ឋ​ម៉ារីលែន ​ស្ថិត​ក្នុង​ចំ​ណោមបេក្ខជន​ដែល​ទំនង​មិនទទួលបាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ជជែក​ដេញដោល​លើក​ក្រោយ ​ថ្វីបើ ​លោក​សង្ឃឹម​ថា លោក​នៅ​តែ​ស្ថិត​នៅ​ក្នុងការ​ប្រកួត​ប្រជែង​នៅ​ក្នុងការ​បោះឆ្នោត Caucuses និង​ការ​បោះឆ្នោត​បឋម​ដែល​ចាប់​ផ្តើម​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ​ក៏ដោយ។

លោកDelaney បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​ក្នុង​រដ្ឋNew Hampshireកាលពី​សប្តាហ៍​មុន​ថា «តួនាទី​របស់​រដ្ឋ Iowaនិង​រដ្ឋ New Hampshire គឺ​ត្រូវ​ស្វែងរក​បេក្ខជន​ផ្សេង​ទៀត​ដែល​ប្រហែល​បណ្តាញ​ព័ត៌មាន​ជាតិ ប្រហែល​ជា​មិន​បាន​យកចិត្ត​ទុក​ដាក់​ច្រើន។​ដូច្នេះ ​ការ​ទទួល​បាន​ការគាំទ្រ​ច្រើន​ក្នុង​រដ្ឋ​ណា​មួយ​ក្នុង​ចំណោម​រដ្ឋ​ទាំង​២​ដំបូង​នោះ​ ប្រាក​ដជាការ​សំ​ខាន់​»។

ចំនួន​អ្នក​ប្រកួត​ប្រជែង​ដ៏​ច្រើន​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ ​បាន​ចាប់​ផ្តើមរួញទៅ​ៗ​យ៉ាង​យឺត​ដោយ​មាន​លោក Jay Inslee អភិបាល​រដ្ឋ​វ៉ាស៊ីនតោន ​បាន​ចាក​ចេញ​ពីការ​ប្រកួត​ហើយ​និង​ការ​សម្រេច​របស់លោJohn Hickenlooperអតីត​អភិបាលរដ្ឋ​កូឡូរ៉ាដូ​នៅ​ពាក់​កណ្តាល​ខែ​សីហា​ក្នុង​ការដក​ខ្លួនចេញ​ពី​ការ​ប្រ​កួតប្រជែង​ជាបេក្ខជន​ប្រ​ធានាធិប​តី​ហើយ​ឈរ​ឈ្មោះ​ជា​សមាជិក​ព្រឹទ្ធសភា​ជំនួសវិញ។

លោក Hickenlooperបាន​និយាយ​នៅ​ក្នុងការ​ប្រកាស​អំពីការ​ឈរឈ្មោះសម្រាប់​ដំណែងនៅ​ក្នុង​ព្រឹទ្ធ​សភា​នៅ​ក្នុង​វីដេអូ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​ថា «​នេះ​មិន​មែន​ជា​ពេល​វេលា​ដែល​ត្រូវ​ដើរ​ចេញ​ពី​តុពិភាក្សា​នោះ​ទេ។​ខ្ញុំ ​ដឹងថា ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​រដ្ឋធា​នី​វ៉ាស៊ីន​តោ​ន ​ជាការ​លំបាក ​ក៏ប៉ុន្តែ ​ខ្ញុំ ​ចង់​ព្យាយាម»។

​ពួក​គណបក្ស​ប្រ​ជាធិបតេយ្យ​ផ្សេង​ទៀត នៅតែ​ស្ថិត​នៅ​ក្នុងការ​ប្រកួត​ប្រជែង ថ្វី​បើការ​ស្ទង់​មតិ​មាន​ការគាំទ្រតិច ​រួមមាន​លោក Cory Bookerសមាជិក​ព្រឹទ្ធ​សភា​រដ្ឋ New Jersey។

លោក Booker មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​ការ​ជជែក​ដេញដោល​នៅ​ខែ​កញ្ញា​ហើយ​កំពុងផ្អែក​លើ​លទ្ធផល​ដ៏​ខ្លាំង​ដើម្បី​ហក់ចូល​ក្នុង​ការប្រកួត​ប្រជែង។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​លោក ​រកការគាំទ្រ​ពី​ពួក​សកម្ម​ជន​ខាង​គណបក្ស​ប្រ​ជាធិប​តេយ្យ​នៅ​រដ្ឋ Iowaដើម្បី​ក្លាយ​ជា​អ្នកបាន​ទទួល​ការតែងតាំង​ដ៏​ខ្លាំង​ម្នាក់​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ប្រធានា​ធិបតី​ត្រាំ​នៅ​ឆ្នាំ​ក្រោយ។លោក​ Booker ជំរុញ​ឲ្យ​ពួកគេ​គាំទ្រនិង​ធ្វើការ​ជាមួយ​គ្នាហើយ​ស្រឡាញ់​គ្នា​ដើម្បី​យក​ឈ្នះ​លោកត្រាំ។

លោក​ស្រីAmy Klobucharសមាជិក​ព្រឹទ្ធសភា​រដ្ឋ​មីនី​សូតា ក៏​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់សម្រាប់​ការ​ជជែក​ដេញ​ដោល​នៅ​ក្នុង​ទីក្រុង Houstonដែរ​ហើយ​លោកស្រី ​បានប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​រដ្ឋNew Hampshireកាលពី​សប្តាហ៍​មុន​ថា ​លោក​ស្រី ​នឹងនៅតែ​អនុវត្ត​យុទ្ធសាស្រ្ត​របស់​លោកស្រី​ក្នុង​ប៉ុន្មានសប្តាហ៍​ខាង​មុខ​នេះ។

លោកស្រី បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​មាន​គម្រោងជជែក​បញ្ហា​នេះ​ជាមួយ​ប្រ​ធានាធិប តី​ដូណាល់ ត្រាំ។ខ្ញុំ មាន​គម្រោង​ធ្វើ​ឲ្យរបៀប​វារៈ​សេដ្ឋ​កិច្ច​មាន​សុទិដ្ឋិ​និយម​សម្រាប់​ប្រទេស​នេះ»។

លោកស្រី Susan Page អ្នក​យកព័ត៌មាន​និង​ជា​អ្នក​វិភាគ​ខាង​នយោបាយនៃ​កា​សែត​ USA Today បាន​និយាយ​ថា មាគ៌ា​យុទ្ធនាការ​នៃ​ការឃោសនា​បោះឆ្នោត ​នឹងកាន់​តែ​ពិបាក​ឡើងសម្រាប់​អ្នក​ដែល​បាត់​បង់ឱ​កាស​ជជែក​ដេញ​ដោល​នៅ​ខែ​កញ្ញា។

លោក​ស្រី បាន​ប្រាប់VOA ថា «យើង ​មាន​ការជជែក​ដេញដោល​លើក​ទី៣​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ដើមខែ​កញ្ញា ​ហើយវា​ជា​ការ​ពិបាកបន្តិច​ដើម្បី​ឲ្យ​ទទួល​បាន​លក្ខណៈ​សម្បត្តិ​គ្រាប់​គ្រាន់សម្រាប់​ការ​ជជែក​ដេញ​ដោលទាំង​នោះ។យើង ​គិតថា ​ចំនួនបេក្ខ​ជន ​នឹង​ធ្លាក់​ចុះ។​ហើយ ​នៅពេល​ដែល​បេក្ខជន​ណាម្នាក់ ​មិន​បាន​ជជែល​ដេញ​ដោល ​ការណ៍​នេះ​ធ្វើ​ឲ្យការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​បេក្ខជន​នោះ​ដើម្បី​រៃ​អង្គាស​ប្រាក់ឲ្យ​ពួក​អ្នកគាំទ្រ​ស្ថិត​នៅ​ជាមួយ​ខ្លួន»។

លោក Darrel Westអ្នក​វិភាគ​នៅ​វិទ្យាស្ថានBrookings និយាយ​ថា នៅ​មាន​អ្នក​ប្រកួត​ប្រជែង​ជា​ង​២០​នាក់​នៅឡើយ​នៅ​ក្នុងការ​ប្រកួត​ប្រជែង​នេះ ​ហើយ​នៅរយៈ​ពេលបី​បួន​ខែ​បន្ទាប់​ទៀត បេក្ខជន​ដែល​មិន​សូវ​ទទួល​បានការ​គាំទ្រ​នឹង​ត្រូវឈប់ឬ​បន្តដំណើរទៅ​មុខ​ទៀត។

លោក បាន​និយាយ​ទៀត​ថា «ខ្ញុំ ​ឃើញបេក្ខជន​មួយ​ចំនួន​ប្រហែល​ដក​ខ្លួន​ចេញ​នៅ​រយៈ​ពេល​មួយឬ​ពីរ​ខែ​បន្ទាប់​ទៀត ​ប្រាកដ​ណាស់ នរណា​ដែល​មិន​មាន​លក្ខ​ណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ជជែក​ដេញ​ដោល​នៅ​ខែ​កញ្ញា​ខាង​មុខ នឹង​ត្រូវ​រីង​ស្ងួត​ប្រាក់​កាស ហើយ​បណ្តាញ​ព័ត៌មានក៏លែង​ចុះផ្សាយ​អំពី​ពួកគេ ​ដូច្នេះ បេក្ខភាព​របស់​ពួកគេ ​នឹង​ចប់»។

ការជជែក​ដេញដោល​នៅ​ខែ​កញ្ញា គឺជា​កម្មវិធីដែល​មាន​រយៈ​ពេល​មួយ​យប់ ​បើ ​មិន​មាន​បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​ច្រើន​ទៀត​ទេ កម្មវិធី​នោះ អាច​បន្ត​ទៅ​យប់​ទី២ ក្នុង​ករណី​ដែល​បេក្ខជន​ផ្សេង​ទៀត មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់មុនថ្ងៃ​ទី២៨ ​ខែ​កញ្ញា។លោក Tom Steyerជា​មហា​សេដ្ឋី​និង​ជា​សកម្មជន​ប្តឹង​ចោទប្រកាន់​ប្រធានា​ធិបតី​ទម្លាក់​ពី​ដំណែង​និង​លោកស្រី Tulsi Gabbard សមាជិក​សភា​រដ្ឋ​ហាវ៉ៃ ​ជា​បេក្ខ ជន២នាក់​ដែល​ត្រូវបាន​គេ​មើល​ឃើញ​ថា​នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការជជែក​ដេញ​ដោល​លើក​ក្រោយ។

អតីត​អនុ​ប្រធានាធិបតី​លោក Joe Bidenបាន​បន្ត​នាំមុខ​គូ​ប្រជែង​ផ្សេង​ទៀត​ខាង​គណបក្ស​ប្រជាធិបតេយ្យ ​បន្ទាប់មក​គឺ​លោក​ស្រី Elizabeth Warrenសមាជិក​ព្រឹទ្ធ​សភា​រដ្ឋ Massachusetts លោក Bernie Sanders សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ Vermont លោកស្រី Kamala Harrisសមាជិក​ព្រឹទ្ធសភា​រដ្ឋ​កាលីហ្វ័រញ៉ា​និង​លោកPete Buttigieg អភិបាល​ក្រុង South Bend រដ្ឋ Indiana។

ពួក​គេទាំង​នោះ ​នឹង​ស្ថិត​នៅ​លើ​វេទិកាជជែក​ដេញ​ដោល​នៅ​ខែ​ក្រោយ។​

លោក Biden បាន​ទទួល​ព័ត៌មាន​ប្រកប​ដោយ​ការ​លើកទឹក​ចិត្ត​នៅ​ក្នុង​ការ​ស្ទង់​មតិនៅ​សប្តាហ៍​នេះ ​ដោយ​បាន​ទទួល​ការគាំទ្រ​វិញ​ដល់​ទៅលេខ​២ខ្ទង់​នាំមុខ​លោក Sanders ​និង​លោកស្រីWarren។លោកBiden មាន​ការគាំទ្រ​២៩​ភាគរយ ​ដោយ​បានកើន​ឡើង​ចំនួន​៧​ពិន្ទុ​នៅក្នុង​រយៈ​ពេល​ស្ទង់​មតិដូចគ្នា​កាល​ពី​ចុង​ខែ​មិថុនា​ឆ្នាំ​ទៅ។

លោកSandersបាន​ស្ថិត​នៅ​ពី​ក្រោយ​ដោយទទួល​បានការគាំទ្រ​១៥​ភាគរយ ប្រកៀក​ប្រកិត​បំផុត​ដោយ​លោក​ស្រីWarren បាន​ទទួល១៤​ភាគរយ។លោក​ស្រីHarrisនិង​លោកButtigieg បាន​ទទួល​៥ភាគរយ​នៅ​ក្នុង​ការ​ស្ទង់មតិ​ដូចគ្នា។

នៅ​លើវេទិកា​ជជែក​ដេញ​ដោល​នៅ​ខែ​ក្រោយនោះដែរ មាន​លោក Beto O’Rourke សមាជិក​សភា​រដ្ឋ​តិចសាស ​និង​លោកAndrew Wang ជា​សហគ្រិន​ដែល​បន្ត​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង​តាម​ប្រព័ន្ធInternet៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG