បដិមាទាហាន Confederate គឺសម្ព័ន្ធរដ្ឋភាគខាងត្បូងសម័យសង្គ្រាមម្នាក់ ធ្វើពីលង្ហិនបានឈរមើលទៅលើផ្លូវធំមួយក្នុងក្រុង Alexandria រដ្ឋ Virginia នៅក្រៅរដ្ឋធានីវ៉ាស៊ីនតោន ១៣១ ឆ្នាំមកហើយ។បដិមាមានរឿងចម្រូងចម្រាសនេះបានត្រូវដកចេញជាបន្ទាន់ នៅក្រោយមានបាតុកម្មក្នុងសហរដ្ឋអាមេរិក ក្រោយលោក George Floyd បុរសស្បែកខ្មៅ ដែលបានស្លាប់ក្នុងការចាប់ខ្លួនដោយពួកប៉ូលិសនៅក្នុងក្រុង Minneapolis រដ្ឋ Minnesota។
បាតុកម្មប្រឆាំងអំពើហិង្សារបស់ពួកប៉ូលិសបានបណ្តាលឱ្យមានការជជែកដេញដោលគ្នា អំពីការដកចេញបដិមា និងកន្លែងអនុស្សាវរីយ៍ Confederate ដែលជានិមិត្តរូបនៃសម្អប់ និងទាសភាពសម្រាប់មនុស្សខ្លះ និងជាកេរដំណែលខាងវប្បធ៌មនៃផ្នែកខាងត្បូងសហរដ្ឋអាមេរិក សម្រាប់មនុស្សឯទៀត។
ពីឆ្នាំ ១៨៦១ ដល់ឆ្នាំ ១៨៦៥ សម្ព័ន្ធនៃរដ្ឋខាងត្បូងដែលភាសាអង់គ្លេសហៅថា Confederacy និងសហភាពនៃពួករដ្ឋខាងជើង ដែលភាសាអង់គ្លេសហៅថា Union បានប្រយុទ្ធគ្នាក្នុងសង្គ្រាមស៊ីវិលនៅក្រោយប៉ែកខាងត្បូងប្រទេស បានផ្តាច់ខ្លួនពីផ្នែកនៅសេសសល់របស់ប្រទេសអំពីសិទ្ធិរបស់រដ្ឋដោយមានរួមបញ្ចូលការមានទាសករផងដែរ។
ពីរបីឆ្នាំក្រោយសម្ព័ន្ធខាងត្បូងបានចាញ់សង្គ្រាមបដិមានិងកន្លែងអនុស្សាវរីយ៍នៃ Confederate គឺសម្ព័ន្ធរដ្ឋភាគខាងត្បូងសម័យសង្គ្រាម បានត្រូវកសាងនៅក្នុងផ្នែកខាងត្បូងប្រទេសអាមេរិក។ បដិមាពីរមានប្រជាប្រិយភាពបំផុត គឺបដិមារបស់លោក Robert E. Lee អគ្គមេបញ្ជាការនៃកងទ័ពConfederate សម្ព័ន្ធរដ្ឋភាគខាងត្បូងសម័យសង្គ្រាម និងលោក Jefferson Davis ប្រធានាធិបតីសម្ព័ន្ធ Confederate នេះ។
អ្នកស្រី Carol Anderson ជាសាស្ត្រាចារ្យខាងការសិក្សាអំពីជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក នៅឯសាកលវិទ្យាល័យ Emory ក្នុងក្រុង Atlanta។
អ្នកស្រីបាននិយាយថា៖ «បដិមាទាំងនេះបានចាប់ផ្តើមដាក់តាំងនៅឆ្នាំ ១៨៩០ នៅពេលមានការកើនឡើងនៃការអនុវត្តច្បាប់ Jim Crow។ ច្បាប់ទាំងនេះបានពង្រឹងការបំបែកឱ្យដាច់ពីគ្នាខាងពូជសាសន៍និងការរើសអើងប្រឆាំងនឹងពួកជនស្បែកខ្មៅ នៅក្នុងប៉ែកខាងត្បូងប្រទេស ដោយមានរួមបញ្ចូលទាំងសិទ្ធិបោះឆ្នោតផងដែរ។
នៅពេលនេះក្រុមបាតុករដែលស្រែកខ្ទរខ្ទារនៅទូទាំងសហរដ្ឋអាមេរិកថា «ជីវិតពួកជនស្បែកខ្មៅសំខាន់» នោះបានទាមទារឱ្យមានការដកចេញនូវបដិមា និងកន្លែងអនុស្សាវីយ៍របស់ Confederate សម្ព័ន្ធរដ្ឋភាគខាងត្បូងសម័យសង្គ្រាម។
នៅក្នុងធានីនៃរដ្ឋ Kentucky បដិមាមួយរបស់លោក Davis បានត្រូវដកចេញ ហើយត្រូវដាក់តាំងនៅក្នុងកន្លែង ដែលលោកបានកើត។ បដិមាមួយទៀតរបស់លោក Davis បានត្រូវទាញទម្លាក់ដោយពួកបាតុករនៅក្នុងក្រុង Richmond រដ្ឋ Virginia។ នៅក្នុងក្រុង Montgomery រដ្ឋ Alabama ក្រុមបាតុការបានវាយរំលំបដិមាមួយរបស់លោក Lee នៅក្នុងវិទ្យាល័យមួយ។
អ្នកស្រី Anderson បាននិយាយប្រាប់វីអូអេថា៖ «ខ្ញុំយល់ថា ផ្នែកមួយនៃអ្វីដែលយើងកំពុងឃើញប្រជារាស្ត្ររំលំបដិមាទាំងនេះ គឺថា នៅពេលដែលស្ថាប័នមិនទទួលខុសត្រូវឆន្ទៈរបស់ប្រជារាស្ត្រ ពេលនោះប្រជារាស្ត្រនឹងចាត់វិធានការ»។
មជ្ឈមណ្ឌលច្បាប់សម្រាប់ជនក្រីក្រនៅប៉ែកខាងត្បូងប្រទេស ដែលភាសាអង់គ្លេសហៅថា Southern Poverty Law Center ឲ្យដឹងថា មាននិមិត្តរូបនៃសម្ព័ន្ធរដ្ឋភាគខាងត្បូងជាង ១ពាន់ ៧រយ នៅលើផ្ទៃដីសាធារណៈ។ និមិត្តរូបទាំងនេះភាគច្រើនមាននៅក្នុងរដ្ឋ Georgia រដ្ឋ Virginia និងរដ្ឋ North Carolina ដែលជារដ្ឋបីក្នុងបណ្តារដ្ឋទាំងអស់ ១១ នៃសម្ព័ន្ធរដ្ឋភាគខាងត្បូង។
អ្នកស្រី Anderson បាននិយាយអះអាងថា៖ «មានបដិរូបច្រើននៃឧត្តមភាពរបស់ពួកជនស្បែកស នៅក្នុងទីលានសាធារណៈឧទ្យានទីធ្លានៃសាលាកាត់ក្តីអគារនីតិបញ្ញត្តិរបស់រដ្ឋ និងគេហដ្ឋានអភិបាលរដ្ឋ ហើយបញ្ហានេះហាក់ដូចជាចាត់ទុកពួកជនស្បែកខ្មៅ មានឋានៈដូចមុនវិញ»។
លោក Michael Jeffries ជាសាស្ត្រាចារ្យខាងការសិក្សាអំពីប្រទេសអាមេរិកនៅឯមហាវិទ្យាល័យWellesley រដ្ឋ Massachusetts។
លោកបាននិយាយថា៖ «ចំណុចសំខាន់គឺបដិមា និងកន្លែងអនុស្សាវរីយ៍ទាំងនេះបានត្រូវកសាងនៅក្រោយសង្គ្រាមស៊ីវិលជាផ្នែកមួយនៃការអះអាងជាថ្មីអំពីឧត្តមភាពរបស់ពួកជនស្បែកស»។
ក៏ប៉ុន្តែ មនុស្សឯទៀតមិនយល់ស្របទេ ហើយអះអាងថា គោលការណ៍នៃសម្ព័ន្ធរដ្ឋភាគខាងត្បូងជាការត្រឹមត្រូវ និងប្រកបដោយវីរភាពថែមទៀតផង។
លោក Ben Jones ជាអតីតសមាជិកសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋ Georgia ហើយលោកក៏ជាតួសម្តែងម្នាក់នៅក្នុងរឿងកំប្លែងតាមទូរទស្សន៍មួយមានឈ្មោះថា The Dukes of Hazzard។
លោកជាអ្នកគាំទ្រឱ្យរក្សាទុកបដិមាកន្លែងអនុស្សាវរីយ៍ ព្រមទាំងទង់ជាតិរបស់ Confederate សម្ព័ន្ធរដ្ឋភាគខាងត្បូងនៅលើផ្ទៃដីសាធារណៈ។
លោក Jones បាននិយាយថា៖ «បដិមាទាំងនេះផ្តល់កិត្តិយសឱ្យពួកបុរសដែលបានបម្រើប្រទេសរបស់ពួកគេ នៅក្នុងវិស័យយោធា និងវិស័យនយោបាយ។ ចំពោះខ្ញុំការណ៍នេះជាការទទួលស្គាល់អតីតកាល ដែលមានរួមបញ្ចូលទាសភាពដែរ ដែលជារបៀបរស់នៅរបស់ពួកគេនៅពេលនោះ»។
នៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយវីអូអេលោក Jones បានថ្លែងថាពួកបុព្វបុរសខ្លះរបស់លោកបានប្រយុទ្ធនៅខាង Confederate សម្ព័ន្ធរដ្ឋភាគខាងត្បូង។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបំផ្លាញអតីតកាលរបស់យើងដោយ «ការលុបបំបាត់វប្បធម៌»។
លោក Jim Grossman ជានាយកប្រតិបត្តិនៃសមាគមប្រវត្តិសាស្ត្រអាមេរិកាំង។ លោកបានហៅការណ៍នេះថាជារឿងមិនពិតដែលគេនិយមជឿតទៅទៀត។ លោក Grossman បាននិយាយថា៖«បដិមាទាំងនោះនៅទីនោះដើម្បីផ្តល់កិត្តិយសដល់កេរ្តិ៍ដំណែលវប្បធម៌ផ្នែកខាងត្បូងស.រ.អា.ក៏ប៉ុន្តែកេរ្តិ៍ដំណែលវប្បធម៌ដែលពួកគេផ្តល់កិត្តិយសឱ្យនោះជាសម័យមានទាសភាព»។
លោក Jones ដែលនិយាយថាលោកមិនមែនជាអ្នករើសអើងខាងពូជសាសន៍ និងបានចូលរួមក្នុងចលនាសិទ្ធិពលរដ្ឋស.រ.អា. ក្នុងទសវត្សរ៍១៩៦០ បានហៅការដកបដិមាទាំងនេះថាជា «ភាពឆ្កួតវង្វេង»ដែលនាំឱ្យមានការបែកបាក់គ្នានៅក្នុងប្រទេស។
លោកបាននិយាយថា៖ «នេះមិនមែនជាការគោរពបូជាដល់ការរើសអើងខាងពូជសាសន៍ទេ»។ បដិមាទាំងនេះគួរ «ត្រូវដាក់នៅក្នុងបរិបទប្រវត្តិសាស្ត្រ» ហើយគួរស្ថិតនៅកន្លែងដើមតទៅទៀត។
លោក Jeffries បានថ្លែងថា៖ «នេះជាមេរៀនដែលត្រូវរៀនដោយរក្សាឈ្មោះពួកជនទាំងនេះក៏ប៉ុន្តែរក្សានៅកន្លែងផ្សេងវិញដូចជានៅសារមន្ទីរនិងបណ្ណាល័យជាជាងដាក់បដិមាជនទាំងនេះនៅខាងក្រៅដែលធ្វើឱ្យជនទាំងនេះល្បីឈ្មោះ»។
លោក Grossman យល់ស្របនឹងការទស្សនៈនេះ។
លោកបាននិយាយថា៖ «យើងមិនអាចលុបចោលប្រវត្តិសាស្ត្របានទេ។យើងមិនចង់បំភ្លេចប្រវត្តិសាស្ត្ររបស់យើងរួមបញ្ចូលការដាក់តាំងបដិមាដែលរំឭកនិងរំឭកដល់ឧត្តមភាពនៃពួកជនស្បែកសទេ»។
ប្រែសម្រួលដោយលោកឈឹម សុមេធ