លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានចូលប្រឡូកក្នុងការជជែកដេញដោលគ្នាក្តៅគគុកមួយអំពីការបោះឆ្នោតប្រជាមតិនៅថ្ងៃទី២៣ខែមិថុនា ដែលនៅក្នុងនោះក្រុមអ្នកបោះឆ្នោតអង់គ្លេសនឹងសម្រេចចិត្តថាតើប្រទេសពួកគេនឹងឋិតនៅក្នុងសហភាពអឺរ៉ុបតទៅទៀតឬយ៉ាងណា។
មេដឹកនាំស.រ.អា. រូបនេះបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេស David Cameron នៅក្រោយជំនួបរបស់អស់លោកកាលពីថ្ងៃសុក្រថា៖ «ខ្ញុំគ្មានជំនឿថាសហភាពអឺរ៉ុបនឹងបន្ថយឥទ្ធិពលរបស់អង់គ្លេសនៅក្នុងពិភពលោកទេ វានឹងបង្កើនឥទ្ធិពលនេះទៅវិញទេ»។
ការថ្លែងដូច្នេះដោយមេដឹកនាំ ស.រ.អា. រូបនេះជាការលើកទឹកចិត្តមួយដល់លោក Cameron ដែលបានគាំទ្រឱ្យប្រទេសអង់គ្លេសឋិតនៅក្នុងសហភាពអឺរ៉ុបតទៅទៀត។
ក៏ប៉ុន្តែសេចក្តីថ្លែងទាំងនេះរបស់លោក អូបាម៉ា បាននាំឱ្យមានការខឹងសម្បារពីសំណាក់ពួកអ្នកមានការសង្ស័យអំពីអឺរ៉ុបដែលភាសាអង់គ្លេសហៅថាពួក Euroskeptics ដោយបានច្រានចោលអ្វីដែលពួកគេនិយាយថា ជាការជ្រៀតជ្រែករបស់មេដឹកនាំស.រ.អា. រូបនេះក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសអង់គ្លេស។
នៅក្នុងអត្ថបទមួយដែលបានត្រូវបោះពុម្ពផ្សាយដោយកាសែត The Telegraph ក្នុងរយៈពេលខ្លីក្រោយពីយន្តហោះ Air Force One របស់លោកប្រធានាធិបតីអាមេរិក ចុះចតនៅឯចំណតយន្តហោះ Stansted នៅខាងក្រៅក្រុង Londres កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក អូបាម៉ា បានសុំឱ្យប្រទេសអង់គ្លេសឋិតនៅក្នុងសហភាពអឺរ៉ុបតទៅទៀត។
លោក អូបាម៉ា បានសរសេរថា៖ «បញ្ហាអំពីថាតើប្រទេសអង់គ្លេសឋិតនៅជាផ្នែកមួយនៃសហភាពអឺរ៉ុបតទៅទៀតជាបញ្ហាមួយសម្រាប់ក្រុមអ្នកបោះឆ្នោតអង់គ្លេសសម្រេចចិត្តដោយខ្លួនឯង។ ទ្វីបអឺរ៉ុបមួយដែលខ្លាំងមិនមែនជាការគំរាមកំហែងមួយដល់ភាពជាមេដឹកនាំសាកលរបស់ប្រទេសអង់គ្លេសទេ តែវាពង្រឹង ភាពជាមេដឹកនាំសាកលរបស់ប្រទេសអង់គ្លេស»។
ស.រ.អា. និងប្រទេសអង់គ្លេសមានទំនាក់ទំនងមួយដែលដែលពួកមេដឹកនាំនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានព៌ណនាចាប់តាំងពីសម័យលោក Winston Churchill ថា ជា «ទំនាក់ទំនងពិសេសមួយ» ហើយស.រ.អា. យល់ឃើញថា សមាជិកភាពរបស់ប្រទេសអង់គ្លេសជាសំឡេងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅក្នុងសហភាពអឺរ៉ុប ដែលមានប្រទេសជាតិ២៨ជាសមាជិក៕