លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងពួកមេដឹកនាំរដ្ឋនៃតំបន់ឈូងសមុទ្រ បានជួបគ្នានៅក្នុងរាជធានីរីយ៉ាដដើម្បីស្វែងរកមធ្យោបាយដែលពួកអស់លោកអាចធ្វើការជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធឡើងដើម្បីធ្វើឲ្យមានស្ថេរភាពនៅតំបន់មជ្ឈឹមបូព៌ា ផ្តួលក្រុមរដ្ឋឥស្លាមនិងក្រុមអាល់កៃដាហើយនិងដោះស្រាយសកម្មភាពដែលធ្វើឲ្យមានអស្ថេរភាពរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
លោកប្រធានាធិបតីអូបាម៉ា ហើយនិងសមាជិក៦ប្រទេសនៃមេដឹកនាំនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្រ ឬ GCC បានបើកសន្និសីទកំពូលដែលមានរយៈពេលមួយថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះដោយផ្តោតលើភាពចលាចលខាងនយោបាយហើយនិងការប្រយុទ្ធនៅក្នុងប្រទេសស៊ីរី យេម៉ែន អ៊ីរ៉ាក់ និងប្រទេសលីប៊ី។
សហរដ្ឋអាមេរិកកំពុងដាក់គំនាបឲ្យផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើដំណោះស្រាយខាងនយោបាយហើយនិងផ្តោតការយកចិត្តទុកដាក់តិចទៅលើការប្រយុទ្ធខាងសាសនា។ ទោះជាយ៉ាងនោះក៏ដោយ ពួកមេដឹកនាំទាំងនោះ នៅមានការបែកបាក់គ្នា។
ក៏ប៉ុន្តែ រដ្ឋខ្លះនៅក្នុងតំបន់ឈូងសមុទ្រ ដូចជាប្រទេសអារ៉ាប៊ីសាអូឌីត ចាត់ទុកអំពើហិង្សាខាងសាសនាថាជាការគំរាមកំហែងខាងសន្តិសុខដ៏ខ្លាំង។ ក្រៅពីប្រទេសអារ៉ាប៊ី សាអូឌីត សម្ព័ន្ធមិត្តក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្ររួមមានប្រទេសគូវ៉ែត អាមីរ៉ាតអារ៉ាប់រួម កាតា បារ៉ែន និងប្រទេសអូម៉ង់។
បន្ទាប់ពីសន្និសីទកំពូលស្តីពីហិង្សាក្នុងតំបន់ ក្រុមមេដឹកនាំ បានពិភាក្សាពីមធ្យោបាយដើម្បីធ្វើឲ្យប្រសើរឡើងនូវការប្រយុទ្ធប្រឆាំងក្រុមរដ្ឋឥស្លាមនិងក្រុមអាល់កៃដា។
សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចជាច្រើនទៀត ចាត់ទុកក្រុមភេរវកម្មថាជាការគំរាមកំហែងដ៏ខ្លាំងដល់សន្តិសុខសាកលហើយកំពុងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការខ្លាំងឡើងពីបណ្តាប្រទេសអារ៉ាប់នៅក្នុងការខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងក្រុមភេរវកម្មនោះ។
សម័យប្រជុំចុងក្រោយ រួមមានការចរចាស្តីពីប្រទេសអ៊ីរ៉ង់ហើយនិងការធ្វើឲ្យមានអស្ថេរភាពរបស់អ៊ីរ៉ង់នៅក្នុងតំបន់។
រដ្ឋាភិបាលអ៊ីរ៉ង់បានគាំទ្រក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែន ដែលនៅទីនោះប្រទេសអារ៉ាប៊ី សាអូឌីត បានធ្វើយុទ្ធនាការខាងយោធាយ៉ាងខ្លាំងប្រឆាំងនឹងពួកឧទ្ទាមហ៊ូទីនៅទីនោះ៕