ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

DC Cam ស្នើ​តុលាការ​ខ្មែរ​ក្រហម​ឲ្យ​ពន្យល់​មូលហេតុ​មិន​បញ្ចូល​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ជា​ផ្នែក​មួយ​នៃ​សំណង


ទីតាំង​មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ស្ថិត​នៅ​លើ​ភ្នំដងរែក (ស៊ុន ណារិន/VOA)
ទីតាំង​មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ស្ថិត​នៅ​លើ​ភ្នំដងរែក (ស៊ុន ណារិន/VOA)

លោក ឆាំង យុ បាន​ឲ្យ​ដឹង​ថា​ មាន​ការ​ពន្យល់​ថា​ការ​សម្រេច​មិន​បញ្ចូល​មជ្ឈមណ្ឌល​នេះ​គឺ ដោយ​សារ​អន្លង់វែង ជា​តំបន់​ដែល​អតីត​ខ្មែរក្រហម​កំពុង​រស់​នៅ។​ លោក​ចាត់​ទុក​ថា​នេះ​ជា​ការរើសអើង និង​បែងចែក​មួយ​ដែល​នាំ​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍។

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​(DC-Cam) លោក ​ឆាំង យុ ដែល​បាន​ចំណាយ​ពេល​ជាង​៣០ឆ្នាំ​ ​ដើម្បី​ស្រាវជ្រាវ​ឯកសារ​ទាក់ទង​នឹងរបប​ខ្មែរក្រហម បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅមេធាវី​នាំ​មុខ​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​តុលាការ​ខ្មែរក្រហម ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​មិនដាក់​បញ្ចូល​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ជា​ផ្នែក​មួយ​នៃ​សំណង​ដែល​ត្រូវ​ផ្ដល់​ដល់ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ជន​រងគ្រោះ​ដោយសារ​របប​ដ៏​ខ្មៅ​ងងឹត។

មជ្ឈមណ្ឌល​សន្តិភាពអន្លង់វែង ស្ថិត​នៅ​លើ​ទីតាំង​មួយ​នៅ​ក្នុង​សហគមន៍​អន្លង់វែង​នៅ​លើ​ភ្នំ​ដងរែក ពយ​តាម៉ុក​ ដែល​ធ្លាប់​ជា​ផ្ទះ​ប្រជុំ​របស់​តាម៉ុក អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ម្នាក់។ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​កាលពី​ឆ្នាំ​២០១៥ ហើយ​ក្លាយ​ជា​កន្លែង​សម្រាប់​ដំណើរ​កម្ម​សិក្សា​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ជាពិសេស​សិស្ស និស្សិត ដើម្បី​យល់ដឹង​ពី​របប​ខ្មែរក្រហម។​

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​មេសា ដែល​លោក ឆាំង យុ បាន​ផ្ញើ​តាម​រយៈ​សារ​អេឡិចត្រូនិក​ទៅ​ភាគី​ពាក់ព័ន្ធ​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក​បាន​ស្នើ​សុំ​ឲ្យ​ផ្ដល់​ចម្លើយ​ផ្លូវការ​ពី​សហ​មេធាវី​នាំ​មុខ​អន្តរជាតិ​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី ចំពោះ​ការ​មិន​ដាក់បញ្ចូល​មជ្ឈមណ្ឌល​សន្តិភាព ​ជា​ផ្នែក​មួយ​នៃ​សំណង។

លោក ឆាំង យុ បាន​ឲ្យ​ដឹង​ថា​ មាន​ការ​ពន្យល់​ថា​ការ​សម្រេច​មិន​បញ្ចូល​មជ្ឈមណ្ឌល​នេះ​គឺ ដោយ​សារ​អន្លង់វែង ជា​តំបន់​ដែល​អតីត​ខ្មែរក្រហម​កំពុង​រស់​នៅ។​ លោក​ចាត់​ទុក​ថា​នេះ​ជា​ការរើសអើង និង​បែងចែក​មួយ​ដែល​នាំ​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖

«ក្រុម​មេធាវី​គាត់​ហ្នឹង ពួក​បរទេសគិត​ថា​កន្លែង​ហ្នឹង​ កន្លែង​ជន​ដៃ​ដល់ មិន​ធ្វើ​ទេ កន្លែង​ហ្នឹង គ្មានCivil Party [​ដើម​បណ្ដឹង​រដ្ឋប្បវេណី​] រស់នៅ​ហ្នឹង​ទេ ប៉ុន្តែ​មាន​១៧នាក់។ ហើយ​កន្លែង​ហ្នឹង ​យើង​មិន​អាច​ចាត់​ទុក​កន្លែង​ហ្នឹង​ដែល​រស់​នៅ​ទីនោះ​ គឺ​ជា​ជន​ដៃ​ដល់​ទេ ព្រោះ​យើង​អត់​ទាន់​មាន​តុលាការ​កាត់​សេចក្ដី​ថា​នរណា​មួយ​ជា​ជន​ដៃ​ដល់ នរណា​មួយ​ជា​ជនរងគ្រោះ ហើយ​ក៏​មិនមែន​តួនាទី​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី​ជា​អ្នក​សម្រេច​ដែរ»។

រូបឯកសារ៖ លោក​ឆាំង យុ ​នា​យក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ផ្តល់បទសម្ភាសន៍ដល់​VOA​ អំពី​ការ​បង្រួបបង្រួមជាតិ នា​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ នាថ្ងៃទី០៨​ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក​ឆាំង យុ ​នា​យក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ផ្តល់បទសម្ភាសន៍ដល់​VOA​ អំពី​ការ​បង្រួបបង្រួមជាតិ នា​ការិយាល័យ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ នាថ្ងៃទី០៨​ខែ​សីហា​ឆ្នាំ​២០១៦។ (នៅ វណ្ណារិន/VOA)

លោក ឆាំង យុ ​មាន​ប្រសាសន៍​បន្ថែម​ថា ​មេធាវី​នាំ​មុខ​នៃ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ​មិន​ដែល​ទៅ​ជួប​ដើមបណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ​ដើម្បី​សាកសួរ​អំពី​មជ្ឈមណ្ឌល​សន្តិភាព​នេះ តែ​បែរជា​បដិសេធ​លើ​គំនិត​ផ្ដួចផ្ដើម​នេះ។​

លោក​មានប្រសាសន៍ថា៖ «យើង​ត្រូវ​គាំទ្រ​ការ​ប្រឹងប្រែង ការ​ចង់​បាន​ទាំងអស់​របស់​ប្រជាជន បើ​គាត់​ចង់​បាន​មជ្ឈមណ្ឌល​សន្តិភាព ​ធ្វើ​ឲ្យ​គាត់។ បើ​គាត់​ចង់បាន​សារមន្ទីរ ប្រឹងប្រែង​ធ្វើ​គ្រប់​លទ្ធភាព។ ប្រសិន​បើ​អាច​ធ្វើ​បាន​ត្រូវ​តែ​ធ្វើ ជាជាង​បដិសេធ​សេចក្ដី​ប្រាថ្នា​របស់​ជនរងគ្រោះ និង​ដើមបណ្ដឹង​រដ្ឋប្បវេណី។ តែ​ផ្ទុយ​ទៅវិញ តុលាការ​ដែល​ប្រាប់​ប្រជាជន​ថា​មាន​សំណង តែ​គ្មាន​សំណង បែរ​ទៅ​ជា​ធ្វើការ​សម្រេចចិត្ត​អ្វី​ដែល​គួរ​ធ្វើ អ្វី​មិន​គួរ​ធ្វើ​សម្រាប់​ជនរងគ្រោះ​ទៅវិញ។ ហើយ​ទាំងអស់​នេះ​គឺ​ស្ថិត​ក្នុង​ដៃ​មេធាវី​ពីរបី​នាក់​មាន​ច្បាប់​តិចតួច មក​ធ្វើការ​សម្រេចចិត្ត»។

លោក ឆាំង យុ ​បាន​ថ្លែង​ប្រាប់VOAថា​ លោក​ចង់​ឲ្យ​មាន​មជ្ឈមណ្ឌល​សន្តិភាព​បែប​នេះ​បន្ថែម​ទៀត នៅ​ទូទាំង​ប្រទេស ដោយសារ​លោក​យល់ថា​ នេះ​អាច​ជា​ការចូលរួម​ចំណែក​ផ្សះផ្សា​មួយ​នៅ​កម្ពុជា។

ដើម​បណ្តឹង​រដ្ឋប្បវេណីនៅ​ខេត្ត​ឧត្តរមានជ័យ​ លោក មន ម៉ៅ អាយុ៦៤ឆ្នាំ មានប្រសាសន៍ថា​លោក​គាំទ្រ​ឲ្យ​មាន​មជ្ឈមណ្ឌល​សន្តិភាព​បែបនេះ បើ​ទោះ​ជា​ស្ថិតនៅ​តំបន់​ខ្មែរក្រហម​អន្លង់វែង​ក៏ដោយ។

លោក​មាន​ប្រសាសន៍​ថា៖ «ពិត​មែន​ដែល​ជា​អតីត​នៃ​កង​កម្លាំង​អតីត​ខ្មែរ​ក្រហម​ពិត​មែន ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា​ការ​ទាមទារ​ខ្ញុំ ខ្ញុំ​មិន​បាន​គិត​ថា​សងសឹក​នោះ​ទេ។ ខ្ញុំ​គិត​ថា​រក​យុត្តិធម៌ ដូច្នេះ​ដាក់​នៅ​កន្លែង​នោះ ខ្ញុំ​គិត​ឃើញ​ថា​វា​អាច​បំភ្លឺ​នូវ​ទស្សនៈ​របស់​ក្មេង​ជំនាន់​ក្រោយ ឲ្យ​ស្គាល់​កន្លែង​នេះ​ឯង​ជា​កន្លែង​មួយ​ដែល​ស្មុគស្មាញ​បំផុត ទាក់​ទង​នឹង​របបគ្រប់គ្រង​របស់​ខ្មែរ​ក្រហម»។

លោក​ចាត់​ទុក​ថា​មជ្ឈមណ្ឌល​បែប​នេះ​អាច​ជា​សំណង​បែប​ជា​ការផ្សះផ្សា​មួយ។ លោក​បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ដែល​បាន​សាកសួរ​ដើម​បណ្ដឹង ​ថា​តើ​ពួកគេ​ចង់​បាន​មជ្ឈមណ្ឌល​សន្តិភាព​បែបនេះ​ឬ​យ៉ាងណា​នោះ​ទេ។

ចំណែក​ ដើមបណ្ដឹង​រដ្ឋប្បវេណី​មួយ​ទៀត គឺ​លោក ហ៊ូវ តេង អាយុ៦២ឆ្នាំ បាន​ថ្លែង​ថា​លោក​បាន​បាត់បង់​បងប្អូន​សាច់​ញាតិ​ចំនួន២៣​នាក់ នៅ​ក្នុង​សម័យ​ ប៉ុល ពត។ លោក​ចង់​ឲ្យ​មាន​មជ្ឈមណ្ឌល​សន្តិភាព​បន្ថែម​ទៀត​នៅ​ទូទាំង​ប្រទេស និង​ជំរុញ​ឲ្យសាលា​ក្តី​ខ្មែរ​ក្រហម ​គាំទ្រ​មជ្ឈមណ្ឌល​នេះ។​

លោក​មានប្រសាសន៍ថា៖ «ខ្ញុំ​ចង់​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ ទទួល​ស្គាល់​ថា​មជ្ឈមណ្ឌល​ឯកសារ​នេះ ដូច​ថា​ពន្យល់​មនុស្ស​នៅ​ក្នុង​សង្គម​យើង​ឲ្យ​យល់ថា​របប​ខ្មែរ​ក្រហម​នោះ ឃោរឃៅ​ ព្រៃផ្សៃ កាប់​សម្លាប់​មនុស្ស ប្រើ​មនុស្ស​បង្អត់​អាហារ»។ លោក​បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​បាន​ជម្រាប​មុន​ហើយ​ថា​ទី​តាំង​នោះ​ល្អ ទន្ទឹម​នឹង​នោះ ខ្ញុំ​ចង់​ឲ្យ​បន្ថែម​ក្រៅ​ពី​ទី​តាំង​នោះ ឲ្យ​បាន​ច្រើន»។

បើ​តាម​លិខិត​ឆ្លើយ​តប​ចុះ​ថ្ងៃ​ទី​២៥ ខែ​មេសា អង្គភាព​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី បាន​លើក​ឡើង​ថា​ការ​សម្រេច​មិន​បញ្ចូល​នេះ ដោយសារ​មិន​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៅ​ក្នុង​តំបន់​អន្លង់វែង ហើយ​មិន​មាន​ទំនាក់ទំនង​គ្រប់គ្រាន់​រវាង​គម្រោង​នេះ និង​វិសាលភាព​នៃ​សំណុំរឿង​០០២​វគ្គ២។

រូបថត​មេដឹកនាំខ្មែរក្រហម ត្រូវបានដាក់តាំង​នៅ​ក្នុងមជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង (ស៊ុន ណារិន/VOA)
រូបថត​មេដឹកនាំខ្មែរក្រហម ត្រូវបានដាក់តាំង​នៅ​ក្នុងមជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង (ស៊ុន ណារិន/VOA)

អង្គភាពសហ​មេធាវី បាន​បញ្ជាក់​ថា​ហេតុ​ផល​មួយ​ទៀត គឺថា​មជ្ឈមណ្ឌល​សន្តិភាព​បែប​នេះ​ ត្រូវ​បាន​ស្នើ​ដោយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ផ្សេងទៀត។​

បើ​តាម​លិខិត​ដដែល​នោះ អង្គភាព​បាន​បន្ថែម​ថា​ខ្លួន​នឹង​កត់ត្រា​ទុក​ពី​ការ​ឯកភាព​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​៥​រូប នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ពេញចិត្ត​នឹង​មជ្ឈមណ្ឌល​មួយ​នេះ តាមរយៈ​ការ​សាកសួរ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។អង្គភាព​បាន​បញ្ជាក់​ថា​ អង្គភាព​នៅ​តែ​ពិចារណា​គម្រោង​នេះ និង​ស្នើ​ពិភាក្សា​បន្ត​លើ​មជ្ឈមណ្ឌល​នេះ។

លិខិត​ឆ្លើយ​តបបាន​បញ្ជាក់​ថា៖ «អង្គភាព​សហ​មេធាវី​នាំមុខ​តំណាង​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​អង្គភាព​គាំពារ​ជនរងគ្រោះ ​ទទួល​ស្គាល់​សារសំខាន់​នៃ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង»។

លោក​ ហុង គឹមសួន តំណាង​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ មាន​ប្រសាសន៍​ថា​មជ្ឈមណ្ឌល​នេះ មាន​ប្រយោជន៍​ដល់​ដំណើរ​ការ​នៃ​ការ​ផ្សះផ្សា​មួយ ដោយសារ​មណ្ឌល​នេះ​មាន​ទីតាំង​នៅ​តំបន់​ដែល​អតីត​ខ្មែរ​ក្រហម​រស់​នៅ​ច្រើន។ លោក​ចង់​ឃើញ​មាន​មជ្ឈមណ្ឌល​បែប​នេះ​បន្ថែម​ទៀត នៅ​ទូទាំង​ប្រទេស។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​គឺ​ដាស់​ស្មារតី​អ្នក​ដែល​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ហ្នឹង ឲ្យ​គាត់​ភ្ញាក់​រឭក​ថា​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជួប​រង​វេទនា​ក្នុង​សម័យ​ខ្មែរ​ក្រហម​កាន់​កាប់​ហ្នឹង គឺ​ឲ្យ​គេ​បាន​យល់​បាន​ដឹង និង​ដាក់​ចិត្ត ដាក់​កាយ កុំ​ឲ្យ​វា​មាន​ចិត្ត​សាហាវ​ឃោរឃៅ ដូច​សម័យ​ខ្លួន​ធ្លាប់​កាន់​កាប់​ប្រទេស»។

នៅ​ក្នុង​សំណុំ​រឿង​០០២វគ្គ២ សំណើ​គម្រោង​សំណង​ចំនួន​២៣ ត្រូវ​បាន​កំណត់ ក្នុង​នោះ​គម្រោង​ចំនួន​៥​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​កម្ពុជា។ ចំណែក​ឯ គម្រោង​ចំនួន១៨​ផ្សេង​ទៀត ត្រូវ​បាន​គេ​កំពុងស្វះ​ស្វែង​រក​ការ​ឧបត្ថម្ភ​ថវិកា​តាម​រយៈ​ប្រភព​ស្ថាប័ន​ខាង​ក្រៅ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG