ភាពយន្តឯកសារដែលមានចំណងជើងថា “Daze of Justice” ឬជាភាសាខ្មែរហៅថា «ភាពវិលវល់នៃយុត្តិធម៌» ដែលមានរយៈពេល៦៩នាទី ត្រូវបានគេរំពឹងថា នឹងនាំមកនូវការយល់ដឹងកាន់តែទូលំទូលាយទៅលើការឈឺចាប់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម។ នេះបើយោងតាមសម្តីរបស់លោក Terrence Graham ព្រឹទ្ធបុរសរង និងជានាយកប្រតិបត្តិនៃកម្មវិធីអន្តរជាតិនៅសាកលវិទ្យាល័យ California State។
ភាពយន្តឯកសារនេះគ្រោងនឹងដាក់បញ្ចាំងនៅថ្ងៃទី២ ខែកុម្ភៈខាងមុខនេះ នៅឯសាកលវិទ្យាល័យ California State ក្នុងទីក្រុង Long Beach។ នៅទីនោះ មានពលរដ្ឋចម្រុះជាតិសាសន៍ជាច្រើន ជាពិសេសសំបូរទៅដោយពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ។
លោក Graham បានមានប្រសាសន៍ថា៖
«ការនាំយកខ្សែភាពយន្តនេះមកចាក់បញ្ចាំងនៅក្នុងសាកលវិទ្យាល័យ គឺជាឱកាសដ៏ល្អមួយក្នុងការលើកកម្ពស់ការយល់ដឹងនៅក្នុងសាកលវិទ្យាល័យរបស់យើង ហើយក៏ជាឱកាសអប់រំដ៏ល្អមួយសម្រាប់និស្សិតរបស់យើងផងដែរ»។
ខ្សែភាពយន្តនេះមានបំណងចង់ស្វែងរកអត្ថន័យនៃ«យុត្តិធម៌តាមរយៈការយល់ឃើញរបស់អ្នកនៅរស់រានមានជីវិត» ពីរបបខ្មែរក្រហម។ នេះបើយោងតាមលោក Michael Siv ដែលជាផលិតករខ្សែភាពយន្តនេះ ដែលបានថ្លែងប្រាប់ VOA កាលពីឆ្នាំ២០១៦។
លោកបានឲ្យដឹងថា៖ «តើអ្វីទៅជាយុត្តិធម៌? នៅពេលដែលខ្ញុំបានចាប់ផ្តើមតាមដានដំណើរស្វែងរកយុត្តិធម៌របស់ជនរងគ្រោះ ខ្ញុំមិនដឹងថា យុត្តិធម៌ជាអ្វីនោះទេ?»
សំណួររបស់លោក Siv នៅមិនទាន់ទទួលបានចម្លើយនៅឡើយទេ ហើយប្រហែលជាអាចគ្មានចម្លើយរហូត។
លោកបានបន្ថែមថា៖ «ហេតុដូច្នេះហើយបានជាខ្ញុំប្រើពាក្យ«ភាពវិលវល់នៃយុត្តិធម៌» ដោយសារតែការស្វែងរកយុត្តិធម៌នេះ នឹងបន្តរហូត នៅក្នុងដំណើរជីវិតរបស់មនុស្សភាគច្រើន»។
ខ្សែភាពយន្តនេះបង្ហាញពីស្រ្តីជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរបីនាក់ ដែលនៅរស់រានជីវិតពីរបបខ្មែរក្រហម។ ពួកគេបានធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ កាលពីឆ្នាំ២០១១ ដើម្បីផ្តល់សក្ខីកម្មលើករណី០០២ នៅក្នុងសាលាក្តីខ្មែរក្រហម។
ក្នុងចំណោមពួកគេទាំងបីនាក់ ម្នាក់គឺអ្នកស្រី នៅ សារីម វ័យ៧៧ឆ្នាំ ដែលបានបាត់បង់ស្វាមី និងកូនទាំងពីរនៅក្នុងរបបខ្មែរក្រហម។
អ្នកស្រីបានថ្លែងប្រាប់ VOA តាមទូរស័ព្ទពីគេហដ្ឋានរបស់អ្នកស្រីក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិកថា៖ «ហេតុអី្វបានជាស្រុកខ្មែរ របបខ្មែរក្រហម ធ្វើឲ្យមនុស្សស្លាប់ច្រើនម្ល៉េះ? យើងចង់ដឹងរឿង។ យើងចង់ដឹងការពិត»។
ពីដំបូងឡើយ អ្នកស្រី សារីម តម្រូវឲ្យផ្តល់សក្ខីកម្មទៅលើករណី អៀង សារី ដែលជាមេដឹកនាំខ្មែរក្រហមម្នាក់ ប៉ុន្តែអ្នកស្រីមិនមានឱកាសផ្តល់សក្ខីកម្មនោះទេ ដោយសារតែ អៀង សារី បានស្លាប់បាត់ទៅ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីនៅតែចង់ឃើញមេដឹកនាំខ្មែរក្រហមទាំងអស់ទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ។
អ្នកស្រីបានឲ្យដឹងថា៖
«ខ្លួនខ្ញុំផ្ទាល់យល់ថា មិនសូវបានរកយុត្តិធម៌ឲ្យជនរងគ្រោះបានត្រឹមត្រូវប៉ុន្មានទេ ពីព្រោះមនុស្សដែលជាខ្មែរក្រហមខ្លះមិនព្រមមកឆ្លើយ ទោះជាតុលាការហៅមកក៏មិនព្រមមកឆ្លើយ។ ហើយនៅកាន់អំណាច»។
លោកស្រី នូ លក្ខិណា សាស្ត្រាចារ្យនៃដេប៉ាតឺម៉ង់សង្គមវិទ្យានៅសាកលវិទ្យាល័យ California State បានមានប្រសាសន៍ថា ការបញ្ចាំងភាពយន្តនេះគឺជាឱកាសមួយសម្រាប់ឲ្យអ្នកនៅក្នុងសហគមន៍អាចបញ្ចេញមតិយោបល់ និងចែករំឡែកបទពិសោធន៍«តក់ស្លុត» «ភាពខ្លាំង» និង«ការជាសះស្បើយឡើងវិញ»បាន។
លោកស្រី លក្ខិណា ក៏ជាអ្នកជួយសម្របសម្រួលដល់ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ឲ្យចូលរួមក្នុងដំណើរការកាត់ក្តីខ្មែរក្រហមផងដែរ។
លោកស្រីបានថ្លែងថា៖ «ភាពយន្តគឺជាយន្តការដ៏មានអានុភាពមួយ ដែលអនុញ្ញាតឲ្យមនុស្សអាចឃើញរូបភាព ដែលពួកគេជួបប្រទះដោយផ្ទាល់បាន។
លោកស្រីក៏បានបន្ថែមទៀតថា៖ «ក្នុងនាមជាជនជាតិខ្មែរម្នាក់ ខ្ញុំយល់ថា ប្រជាជនខ្មែរគ្រប់រូបគួរតែទស្សនាខ្សែភាពយន្តនេះ»៕