ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ដាឡៃ​ឡាម៉ា​​ថា​​អ្នកនយោបាយ​តឹងរ៉ឹង​រារាំង​ប្រធានាធិបតី​ចិន​លើ​បញ្ហា​ស្វ័យភាព​នៅ​ទីបេ


សម្តេច​ ដាឡៃ​ ឡាម៉ា ​បួងសួង​នៅក្នុង​ពិធី​គម្រប់ខួប​នៃ​ការសុគត​របស់​សង្ឃ​ Lama Tsongkhapa ​ដែល​ពិធីនោះ​ធ្វើ​នៅ​ទីក្រុង​ ញូវ ​ដេលី ​(New Delhi) ​ប្រទេស​ឥណ្ឌា ​កាលពី​ថ្ងៃទី​១៦ ​ខែធ្នូ​ ឆ្នាំ២០១៤។
សម្តេច​ ដាឡៃ​ ឡាម៉ា ​បួងសួង​នៅក្នុង​ពិធី​គម្រប់ខួប​នៃ​ការសុគត​របស់​សង្ឃ​ Lama Tsongkhapa ​ដែល​ពិធីនោះ​ធ្វើ​នៅ​ទីក្រុង​ ញូវ ​ដេលី ​(New Delhi) ​ប្រទេស​ឥណ្ឌា ​កាលពី​ថ្ងៃទី​១៦ ​ខែធ្នូ​ ឆ្នាំ២០១៤។

សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា មាន​សង្ឃ​ដីកា​ថា​ មាន​តម្រុយ​មួយ​ចំនួន​ ដែល​ថា​ លោកប្រធានាធិបតី​ចិន ​ស៊ី ជីនពីង ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ពិភាក្សាអំពី​ការ​ស្នើ​សុំរបស់​ព្រះអង្គ​ ឲ្យ​ផ្តល់ស្វ័យ​ភាព​ដ៏​ជាក់លាក់​ដល់​ទីបេ ប៉ុន្តែ​ ព្រះអង្គមាន​សង្ឃ​ដីកា​ថា​ អ្នក​នយោបាយ​តឹង​រ៉ឹង​កំពុង​រារាំង​មិន​ឲ្យ​មានការ​ចរចារវាងប្រទេស​ ចិន​ និង​ព្រះអង្គ​ផ្ទាល់។ ការ​លើក​ឡើង​របស់​ព្រះ​អង្គ​ បានបង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដ៏​ខ្លាំង​ពី​ក្រសួង​ការ​បរទេស​ចិន។

លោក ​ Qin Gang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​និយាយ​ថា​ សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា​ ត្រូវ​តែ​ឈប់បំបែក​សាមគ្គី​ភាព​របស់​ចិន។ សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា ត្រូវ​ការ​ចាត់​វិធាន​ការ​ឲ្យ​បាន​ច្បាស់​លាស់​ និង​បង្កើត​ជា​លក្ខខ័ណ្ឌសម្រាប់​ទំនាក់​ទំនង​រវាង​សម្តេច​សង្ឃ​ និង​រដ្ឋា​ភិបាល​ចិន។ ទាក់​ទង​នឹង​បញ្ហា​ទីបេ លោក​ Gang ថា​ គ្មានអ្នក​នយោបាយ​តឹង​រ៉ឹង​ ឬការ​អ្នក​គាំ​ទ្រ​បែប​នោះ​ទេ​ ទាំង​ក្នុង​ជួរ​បក្ស​ ឬ​ជួរ​រដ្ឋា​ភិបាលចិន​ក្តី។ លោក ​ក៏​ឲ្យ​ដឹង​ដែរថា​ ការ​ការពារ​សាមគ្គីភាព​ជាតិ​ ហើយ​សាមគ្គីភាព​របស់​ចិន​ គឺជា​ស្មារតី​រួម​មួយ​របស់​ប្រជាពលរដ្ឋ​ចិនគ្រប់​គ្នា។

សម្តេច​សង្ឃ ​ ដាឡៃ ឡាម៉ា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់របស់​រដ្ឋា​ភិបាល​ចិន​ពី​បទ​បំបែក​រដ្ឋ​ ហើយថា ​ព្រះ​អង្គ​គ្រាន់​តែ​ចង់​បាន​ស្វ័យ​ភាពឲ្យទីបេ ដែល​ជា​ទី​កន្លែង​កំណើត​របស់ព្រះ​អង្គ​ ដែលព្រះ​អង្គ​បាន​រត់​គេច​ខ្លួន​កាល​ពី​ឆ្នាំ១៩៥៩​ នៅ​ពេល​ដែល​កង​ទ័ពកុម្មុយនីស្ត​ចិន​បានបង្ក្រាប​ការ​បះ​បោរ​នៅ​ទីបេ។

លោកស្រី ​ Isabel Hilton ប្រធានការ​ចរចា​ជាមួយ​ចិន​ ឲ្យ​ដឹង​ថា​ ការ​លើក​ឡើង​របស់​សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា​ មិន​ឆ្លុះ​បង្ហាញ​ពី​ឆន្ទៈ​របស់​ចិន​ ក្នុង​ការ​ផ្តល់​ស្វ័យ​ភាព​ដល់​ទីបេ​ទេ​ ប៉ុន្តែ​ បាន​បង្ហាញ​ជា​សញ្ញាណ​នៃ​គោល​បំណងបង្កើត​ឲ្យ​ការ​ចរចា​សារ​ជា​ថ្មី។

« ​សម្តេច​សង្ឃ​ ផ្ញើ​សារ​ថា​ ប្រជាពលរដ្ឋ​ទីបេ​ កំពុង​បើក​ចំហរ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​ចិន។ តែ​ការ​ចរចា​នេះ​ មិន​មាន​លទ្ធផល​អ្វី​ ហើយ​មិន​បាន​ធ្វើឡើង​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

មេដឹកនាំ​ ចិន និង​អ្នក​តំណាង​ឲ្យ​សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា​ បាន​ចរចា​គ្នា​រហូត​មក​ដល់​ឆ្នាំ​២០១០​ ហើយ​បាន​ផ្អាក​ ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​នៅ​ទីបេ​ និង​ដោយសារ​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់​ដោយ​រដ្ឋា​ភិបាល​ចិន។ ម្តាយ​របស់​លោក​ប្រធានាធិបតី​ ស៊ី ជីន​ពីង គឺជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ ហើយ​សម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា​ ថា​ ព្រះ​អង្គ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ ដោយ​សារ​តែ​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី​ចិន​ អំពី​សាសនា​ព្រះ​ពុទ្ធកាល​ពី​ពេល​ថ្មីៗ​នេះ។ លោកស្រី​ Hilton បាន​និយាយ​ថា​ ប្រវត្តិ​គ្រួសារ​របស់​លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​ ដែល​ឪពុក​របស់​លោក​ធ្លាប់​មាន​ទំនាក់​ទំនង​ដ៏​ល្អជាមួយ​នឹងសម្តេច​សង្ឃ​ ដាឡៃ ឡាម៉ា​ អាច​បង្កើត​ជា​ក្តីសង្ឃឹម​ដើម្បី​សម្ព័ន្ធ​ភាពដ៏​ប្រសើរ។

​ «ខ្ញុំ​យល់​ថា​ សម្តេច​សង្ឃ​កំពុង​តែ​ផ្តល់​ជា​សញ្ញា​ថា​ ស្ថាន​ភាព​នៅ​តែ​បន្ត​យ៉ាប់​យ៉ឺន​ ហើយ​ក្រោម​មេដឹកនាំ​ថ្មី​ ក្តី​សង្ឃឹម​អាច​ចាប់​ផ្តើម​ម្តង​ទៀត​ ជាជាង​ការ​រំពឹង​ទុក»។

នៅ​ទីបេ ​វិញ​ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល​ចិននៅតែ​បន្ត ​កើត​មាន​ឡើង។ នៅ​សប្តាហ៍​នេះ​ បុរស​ម្នាក់​បាន​ដុតសម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​ខេត្ត​ Gansu។ បុរស​នេះ​ គឺជាមនុស្សទី​១៣៤​ហើយ​ ដែល​បាន​ដុត​សម្លាប់​ខ្លួនក្នុង​រូបភាព​នៃ​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន។

ប្រែ​សម្រួល​ដោយ​ ទែន សុខស្រីនិត

XS
SM
MD
LG