ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ដាឡៃ​ឡាម៉ា​មាន​សង្ឃដីកា​ថា​សន្តិភាព​ក្នុង​ពិភពលោក​តម្រូវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងៀម​ផ្ទាល់​ខ្លួន​ជា​មុន​សិន


សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ (Dalai Lama)​ ជា​មេដឹកនាំ​សាសនា​និរទេស​ខ្លួន​ទីបេ​ បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃអង្គារ​ទី​១២ ខែកក្កដា​ ឆ្នាំ២០១១។​
សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា​ (Dalai Lama)​ ជា​មេដឹកនាំ​សាសនា​និរទេស​ខ្លួន​ទីបេ​ បាន​ផ្តល់​បទ​សម្ភាស​ជាមួយ​វីអូអេ​សំឡេង​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃអង្គារ​ទី​១២ ខែកក្កដា​ ឆ្នាំ២០១១។​

សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា (Dalai Lama) បាន​សង្ឃ​ដីកា​មួយ​ទៅ​កាន់​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ស្តីពី​សន្តិភាព​ពិភពលោក។ សារ​របស់​ព្រះអង្គ​មាន​លក្ខណៈ​សាមញ្ញ​បំផុត​ គឺ​ថា​ ដើម្បី​ទទួល​បាន​សន្តិភាព​ក្នុង​ពិភពលោក​ យើង​ត្រូវ​តែ​មាន​សន្តិភាព​នៅ​ក្នុង​ខ្លួន​យើង​ជា​មុន​សិន។

សារ​យ៉ាង​សាមញ្ញា​នេះ​របស់​សម្តេច​ដាឡៃ​ឡាម៉ា ​បាន​ទាក់ទាញ​មនុស្ស​ក្មេងចាស់​ប្រុសស្រី​រាប់​ម៉ឺន​នាក់​ មក​ពី​គ្រប់​មជ្ឈដ្ឋាន​ ជំនឿ​សាសនា​ និង​ទីកន្លែង​ មក​កាន់​វិមាន​កាពីតូល​ (វិមាន​សភា)​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

សម្តេច​ដាឡៃ​ឡាម៉ាសង្ឃ​ដីកា​ថា​ មនុស្ស​យើង​កើត​មក​មាន​លក្ខណៈ​ដូច​គ្នា​ទាំងអស់​ ទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​ តែ​ដល់​ធំ​ឡើង​ស្រាប់តែ​ខុស​គ្នា។

«បន្ទាប់​មក​ម្នាក់ៗ​នាំគ្នា​ចង់​សប្បាយ​ក្នុង​ជីវិត​ ចង់​បាន​ជោគជ័យ​ក្នុង​ឆាក​ជីវិត ដូច្នេះ​គឺ​យើង​ដូច​គ្នា​បេះបិត។​ យើង​ម្នាក់ៗ​មាន​សិទ្ធិ​នេះ​ដូចៗ​គ្នា​ពី​កំណើត។ ប៉ុន្តែ​បញ្ហា​គឺ​ ជួនកាល​យើង​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្វី​ដែល​នៅ​ក្នុង​បេះដូង​យើង។ យើង​នាំ​គ្នា​ស្វែងរក​ភាព​សប្បាយ​ ពី​ខាង​ក្រៅ​មក​វិញ។ នេះ​ជា​កំហុស​មួយ»។

កុមារី​ Tsering Yangzom ដែល​មក​ពី​ទី​ក្រុង Annadale រដ្ឋ Virginia។ នាង​ថ្លែង​ថា​ មនុស្ស​គ្រប់​រូប​មិន​ថា​មាន​ជំនឿ​សាសនា​អ្វី​ក៏ដោយ នឹង​អាច​ទទួល​ផល​ប្រយោជន៍​ពី​សុន្ទរកថា​របស់​សម្តេច​ឡាឡៃ​ឡាម៉ា​នៅ​ថ្ងៃនេះ​ដែរ។

«ជា​ការណ៍​សំខាន់​ណាស់​ដែល​សាធារណជន​បាន​ដឹង​និង​បាន​ឮ​ផ្ទាល់​ ដើម្បី​ឲ្យ​គេ​យល់​ថា​តើ​យើង​អាច​ទទួល​បាន​សន្តិភាព​ក្នុង​ពិភពលោក​ដោយ​វិធី​ណា​ ហើយ​ថា​ហេតុអ្វី​បាន​ជា​យើង​គួរ​មាន​សន្តិភាព​ក្នុង​ពិភពលោក»។

លោក Tsering Dorgee រស់​នៅ​ទីក្រុង​បុស្តុន (Boston) រដ្ឋ​ម៉ាស្សាឈូស៊ែត (Massachusetts)។ លោក​បើក​រថយន្ត​៩ម៉ោង​ដើម្បី​មក​ស្តាប់​សម្តេច​ដាឡៃ​ឡាម៉ា។

«យើង​រាល់​គ្នា​គួរ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ។ ​យើង​គ្រប់គ្នា​អាច​ធ្វើ​បាន។ យើង​គួរ​ព្យាយាម​ជួយ​គ្នា​ទៅ​វិញ​ទៅមក។ យើង​ទាំង​អស់​គ្នា​មាន​គុណភាព​នេះ​ក្នុង​ខ្លួន​យើង។ យើង​ទាំង​អស់​គ្នា​មាន​គ្រាប់​ពូជ​ក្នុង​ខ្លួន​គ្រប់គ្នា។ យើង​ត្រូវ​តែ​បណ្តុះបណ្តាល​ឲ្យ​វា​លូត​លាស់​ឡើង»។

នាង​ Dana Muntean ជា​និស្សិត​មក​ពី​ប្រទេស​ម៉ុលដាវី (Moldavia)។ នាង​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ Bart​ នៅ​រដ្ឋ​ញូវយ៉ក។ នាង​ថ្លែង​ថា​ នាង​រំភើប​យ៉ាង​ខ្លាំង​ដែល​មាន​ឱកាស​មក​ស្តាប់​និង​ឃើញ​មុខ​សម្តេច​ដាឡៃ​ឡាម៉ា​ផ្ទាល់​ជា​លើក​ទីមួយ។

«នេះ​ជា​ឱកាស​យ៉ាង​ប្រសើរ​មួយ​សម្រាប់​រូប​ខ្ញុំ ពីព្រោះ​នៅ​ម៉ុលដាវី ​យើង​គ្មាន​ឱកាស​បែប​នេះ​ទេ។ មិត្តភក្តិ​ខ្ញុំ​ច្រណែន​នឹង​ខ្ញុំ​ខ្លាំងណាស់ ដែល​ដឹង​ថា​ខ្ញុំ​មក​ទី​នេះ។ ខ្ញុំ​ចង់​ដឹង​ថា​ តើ​យើង​អាច​ស្វែងរក​សន្តិភាព​ក្នុង​ពិភពលោក​តាម​វិធី​ណា​និង​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​នៅ​ឋិតថេរ»។

នាង Tatiana Pushcashu ជា​និស្សិត​មក​ពី​ម៉ុលដាវី​ដែរ។​ នាងTatiana កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ Ohio ​នៅ​ទីក្រុង​ Athens​ រដ្ឋ​ Ohio។ នាង​ថ្លែងថា​នាង​ចូលចិត្ត​អ្វីៗ​ទាំងអស់​ដែល​សម្តេច​ដាឡៃ​ឡាម៉ា​មាន​សង្ឈដីកា។

«ខ្ញុំ​ពេញចិត្ត​ទ្រឹស្តី​របស់​ព្រះពុទ្ធ​ទាក់ទង​និង​ការ​រស់នៅ។ ខ្ញុំ​ធ្លាប់​បាន​ចូលរួម​នៅ​ក្នុង​សមាធិ​នៅ​រដ្ឋ​ Ohio។ ខ្ញុំ​ខកខាន​មិន​បាន​ទៅ​ចូលរួម​នៅ​ពេល​ដែល​សម្តេច​ដាឡៃ​ឡាម៉ា​និមន្ត​ទៅ​កាន់​រដ្ឋ​ Ohio។ ដូច្នេះ​នេះ​ជា​ឱកាស​របស់​ខ្ញុំ​ ដើម្បី​មក​ឃើញ​មុខ​របស់​ព្រះអង្គ​នៅ​ទីនេះ»។

លោក​ Montie Martin​ មក​ពី​ទីក្រុង​ Alexandria​ រដ្ឋ​ Virginia។ លោក​ថា​បើ​មាន​ឱកាស​ លោក​នឹង​សួរ​សម្តេច​ដាឡៃ​ឡាម៉ា​នូវ​សំណួរ​មួយ។

«តើ​សន្តិភាព​មាន​សារៈ​សំខាន់​ជាង​យុត្តិធម៌​ដែរ? ហើយ​តើ​យើង​អាច​មាន​សន្តិភាព​ដោយ​គ្មាន​យុត្តិធម៌​បាន​ដែរ?​ តាម​យោបល់​ខ្ញុំ នេះ​ជា​ឱកាស​យ៉ាង​ប្រពៃ​មួយ​ដើម្បី​សួរ​ព្រះអង្គ​នូវ​សំណួរ​នេះ​ដែល​ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ទទួល​បាន​នូវ​ចម្លើយ​មួយ​ពី​ព្រះអង្គ»។

លោកស្រី​ Margo Star Kernan អាយុ​៨៣​ឆ្នាំ ជា​អតីត​អ្នក​ថត​ភាពយន្ត​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​ប្រវត្តិសាស្ត្រ​នៃ​ខ្សែ​ភាពយន្ត។ លោកស្រី​ថ្លែង​ថា​ លោកស្រី​មក​ទីនេះ​ពីព្រោះ​លោកស្រី​ផ្តល់​តម្លៃ​ទៅ​លើ​កិច្ចការ​ទាំងឡាយ​ដែល​សម្តេច​ដាឡៃ​ឡាម៉ា​បំពេញ​សម្រាប់​សន្តិភាព។

«យើង​ទាំងអស់​គ្នា​ជា​បងប្អូន​តែ​មួយ។ ​បើ​យើង​ចាត់ទុក​គ្នា​ជា​បងប្អូន​បែបនេះ​ យើង​នឹង​មាន​សន្តិភាព។ ខ្ញុំ​មិនមែន​ជា​អ្នក​កាន់​ព្រះ​ពុទ្ធសាសនា​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ផ្តល់​តម្លៃ​លើ​ការ​បង្រៀន​របស់​ព្រះ​ពុទ្ធសាសនា»។

សង្ឃ​ដីកា​ស្តី​ពី​សន្តិភាព​ពិភពលោក​នេះ​ ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ដាឡៃ​ឡាម៉ា​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ចំនួន​១០ថ្ងៃ​ គឺ​ពី​ថ្ងៃ​៦​ដល់​ថ្ងៃ​១៦​កក្កដា៕

XS
SM
MD
LG